អត្ថបទខ្លីៗ

អ្នកតវ៉ា​រឿងជម្លោះ​ដីធ្លី​មកពី​ខេត្តកោះកុង​ បន្ត​ស្វែងរក​ដំណោះស្រាយ​នៅក្រសួង​រៀបចំ​ដែនដី

ចេញផ្សាយ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០១៨
F T M
សហគមន៍​មកពី​ខេត្តកោះកុង​ឡើងមក​តវ៉ានៅមុខ​ក្រសួងរៀបចំ​ដែនដី ​ដើម្បីស្វែងរក​ដំណោះស្រាយ​និងសំណង​ លើការបាត់បង់​ដីធ្លី ជាច្រើន​ឆ្នាំមកហើយ​នោះ។

ទោះបីជា​មានការ​រារាំង​អំឡុងពេល​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​ក៏ដោយ ​ប្រជាពលរដ្ឋ​ជាង២០០នាក់​ ដែលកំពុង​ស្វែងរក​ដំណោះស្រាយ​និង​សំណង​សមរម្យ​ ពីការ​បាត់បង់​ដីធ្លីជាច្រើនឆ្នាំ​មកហើយ​នោះ បានមក​ជួបជុំគ្នា​នៅខាងមុខ​ក្រសួង​រៀបចំ​ដែនដី​ នគររូប​នីយកម្ម​ និង​សំណង់ ​នាព្រឹក​ថ្ងៃអង្គារ​នេះ។

អភិបាលរង​ខេត្តកោះកុង​ ឯកឧត្ដម​ អន ភារៈ​ បានមក​ជួប​ជាមួយ​ពួកគាត់​ និងបាន​ស្នើឱ្យ​ពួកគាត់​ត្រឡប់​ទៅផ្ទះវិញ​ ដើម្បី​ពិភាក្សា​រកដំណោះ​ស្រាយ។​ អ្នកតវ៉ា​ទាំងនោះ​ក៏បានជួប​ជាមួយ​មន្ត្រី​របស់​ក្រសួង​រៀបចំ​ដែនដី​ផងដែរ។

នៅទីតាំង​មួយចំនួន​ អ្នកទាំងនោះ​ ត្រូវបង្ខំចិត្ត​ដើរថ្មើរ​ជើង​មកភ្នំពេញ​ ដោយសារ​ អាជ្ញាធរ​បាន​បញ្ឈប់​រថយន្ត​របស់​ពួកគាត់​ដែល​កំពុង​ធ្វើដំណើរ​ កាលពីព្រឹក​ព្រលឹម​ថ្ងៃច័ន្ទ​ ហើយ​បាន​មក​ដល់​ភ្នំពេញ​ពេលយប់​ជ្រៅថ្ងៃ​ដដែល។​ ដោយសារ​ខ្លាចមាន​ការរំខាន​ពីសំណាក់​អាជ្ញាធរ​ម្ដងទៀត​ ពួកគាត់​បានជួបជុំ​គ្នា តាំងពី​វេលា​ទៀបភ្លឺ​ថ្ងៃអង្គារនេះ​ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពីក្រសួង​រៀបចំ​ដែនដី។

កាលពីខែមុន ប្រជាពលរដ្ឋ​ទាំងនេះ​ក៏ត្រូវបាន​ប្រឈម​នឹងបញ្ហាបិទ​ផ្លូវនេះផងដែរ​ ហើយ​ត្រូវបាន​ប៉ះទង្គិចគ្នា​ និងរុញច្រាន​ពីសំណាក់​កងសន្តិសុខ​ភ្នំពេញ ​ខណៈពេល​ពួកគាត់​ព្យាយាមដើរ​ហែរក្បួន​ចេញពីវត្ត ដែល​ពួកគាត់​បានស្នាក់នៅ​មួយយប់ ឆ្ពោះទៅ​ក្រសួង​រៀបចំដែនដី​ នគររូបនីយកម្ម​ និងសំណង់។​

អស់រយៈពេល​ច្រើនឆ្នាំ​មកហើយ​ ប្រជាពលរដ្ឋដែល​មកពី ឃុំជីខលើ​ ឃុំជីខក្រោម​ ឃុំដងពែង​ និង​ឃុំកណ្ដោល​ ទាំងនេះ​ បាន​ដាក់ញាត្តិ​ជូនទៅ​អាជ្ញាធរ​ខេត្តនិង​ក្រសួងពាក់ព័ន្ធ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ និងសំណង​សមរម្យ​ ដោយសារ​ការបាត់បង់​ដីធ្លី ​ជុំវិញការ​ផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួនពីរ​ ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​ស្ករអំពៅថៃ​ KSL​ ក៏ដូចជាស​មាជិក​ព្រឹទ្ធសភា​នៃគណបក្ស​កាន់អំណាច​គឺ ​លោកឧកញ៉ា ​លី យ៉ុងផាត់។

ប្រជាពលរដ្ឋ​មួយចំនួន​នៃសហគមន៍​ទាំងនេះ ​បានទទួល​សំណង ​កាលពីខែមីនា​ កន្លងទៅ​ថ្មីៗនេះ​ ប៉ុន្តែនៅមាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារទៀត​ដែលពុំទាន់​ទទួលបាន​សំណង​សមរម្យ និងបន្ត​ធ្វើដំណើរ​មករាជធានី​ភ្នំពេញ​ម្ដងហើយ​ម្ដងទៀត​ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពីសំណាក់​រាជរដ្ឋាភិបាល។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា