លិខិតទៅកាន់រោងចក្រនៃម៉ាកអន្តរជាតិនានាដែលមាននៅក្នុងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិលនៅក្នុងទិវាពលកម្មអន្តរជាតិនេះ យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមអំពាវនាវទៅដល់រោងចក្រនៃម៉ាកអន្តរជាតិនានាដែលមាននៅក្នុងប្រទេសកម្ពុជា សូមមេត្តាធ្វើការមិនយល់ស្របជាឱឡារិកនូវសេចក្តីសម្រេចរបស់តុលាការដែលមិនសមហេតុផលចំនួនពីរ ទាក់ទងនឹងវិស័យឧស្សាហកម្មរោងចក្រនេះ។ ទីមួយ គឺការឃុំខ្លួនថ្មីៗនេះទៅលើលោក ប៊ន សំណាង និង សុក សំអឿន។ បុគ្គលទាំងពីររូបនេះ គឺជាឃាតករសប្បនិម្មិត និងត្រូវបានផ្តន្ទាទោសមិនត្រឹមត្រូវកាលពីឆ្នាំ ២០០៤ ទៅលើករណីឃាតកម្មលើមេដឹកនាំសហជីពកម្មករ លោក ជា វិជ្ជា។ ទីពីរ គឺការខកខានរបស់អាជ្ញាធររដ្ឋ ក្នុងការកាត់ទោសឲ្យបានសមរម្យទៅលើលោក ឈូក បណ្ឌិត ដែលជាអតីតអភិបាលក្រុងដែលមានខ្សែ ហើយដែលជាអ្នកបាញ់កម្មការិនីរោងចក្រសំលៀកបំពាក់ចំនួន ៣នាក់ ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។
លោក ប៊ន សំណាង និង សុក សំអឿន ត្រូវបានឃុំខ្លួនទាក់ទងនឹងករណីឃាតកម្មលើលោក ជា វិជ្ជា នៅឆ្នាំ២០០៤ ត្រូវបានផ្តន្ទាទោសនៅឆ្នាំ២០០៥ បន្ទាប់ពីជាប់ឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំបើកសវនាការអស់រយៈពេលមួយឆ្នាំកន្លះ ហើយត្រូវបានដោះលែងដោយតុលាការកំពូលកាលពីខែធ្នូ ឆ្នាំ២០០៨។ តុលាការកំពូលបានបង្គាប់ឲ្យធ្វើការស៊ើបអង្កេតបន្ថែមទៅលើការសម្លាប់នេះ នៅខណៈដែលមានភស្តុតាងជាច្រើនអំពីភាពគ្មានទោសរបស់អ្នកទាំងពីរ។ ប៉ុន្តែនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ចៅក្រមសាលាឧទ្ធរណ៍ លោកចៅក្រម ជួន ស៊ុនឡេង លោក សេង ស៊ីវុត្ថា និង លោក ឃុន លាងម៉េង បានធ្វើឲ្យអ្នកតាមដានសវនាការទាំងឡាយមានការតក់ស្លុតយ៉ាងខ្លាំង ដោយបានបង្គាប់ឲ្យធ្វើការរក្សានូវសេចក្តីសម្រេច ដែលអយុត្តិធម៌យ៉ាងខ្លាំងរបស់ខ្លួនពីមុន។
ជិត ៤ ឆ្នាំ បន្ទាប់ពីទទួលការបង្គាប់ពីតុលាការកំពូល សវនាការសាលាឧទ្ធរណ៍យ៉ាងខ្លី ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវបានធ្វើឡើងដោយមិនមានភស្តុតាងថ្មីស្តីពីពិរុទ្ធភាពរបស់លោក ប៊ន សំណាង និងសុក សំអឿននោះទេ ហើយក៏មិនបានបង្ហាញថាការស៊ើបអង្កេតថ្មីទៅលើករណីនេះ បានចប់សព្វគ្រប់តាមការបង្គាប់ពីតុលាការកំពូលហើយឬនៅនោះឡើយ។ ផ្ទុយទៅវិញ ចៅក្រមសាលាឧទ្ធរណ៍ទាំងអស់ បានលើកចោល និងបដិសេធនូវការបង្ហាញភស្តុតាង និងសាក្ខីកម្មជាច្រើន ដែលមានប្រយោជន៍ដល់អ្នកទាំងពីរនាក់ ហើយដែលត្រូវបានរៀបរាប់ជាច្រើនដងនៅក្នុងរបាយការណ៍ដែលត្រូវបានបោះពុម្ពយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា និងឆាកអន្តរជាតិ។ ភាពគ្មានទោសរបស់អ្នកទាំងពីរ ក៏ជាប្រធានបទនៃឯកសារដែលទទួលបានពានរង្វាន់ ដែលមានចំណងជើងថា “អ្នកណា សម្លាប់លោក ជា វិជ្ជា” ដែលជាឯកសារត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា។
នេះមិនមែនជាលើកទីមួយនោះទេ ដែលខ្សែនយោបាយជាច្រើនត្រូវបានគេទាញដោយឥតលាក់លៀមនៅក្នុងករណីនេះ។ នៅឆ្នាំ២០០៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម ហ៊ឹង ធីឬទិ្ធ ជាដំបូងបានលើកចោលការចោទប្រកាន់មកលើអ្នកទាំងពីរ ដោយផ្អែកលើការមិនមានភស្តុតាងគ្រប់គ្រាន់ និងគួរឲ្យជឿពីការស៊ើបអង្កេតរបស់នគរបាល។ ក៏ប៉ុន្តែ រយៈពេលតិចជាងពីរសប្តាហ៍ក្រោយមក លោកចៅក្រម ហ៊ឹង ធីឬទិ្ធ ត្រូវបានផ្លាស់ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយការសម្រេចត្រូវត្រឡប់ទៅលោកចៅក្រមសាលាឧទ្ធរណ៍ ធូ មណី ទៅវិញ។
សេចក្តីសម្រេចថ្មីៗនេះរបស់សាលាឧទ្ធរណ៍ ក្នុងការដាក់លោក ប៊ន សំណាង និងសុក សំអឿន ឲ្យនៅក្នុងពន្ធនាគារឡើងវិញ ដែលមិនមានភស្តុតាងថ្មីណាមួយដូចដែលបានបង្គាប់ដោយសេចក្តីសម្រេចរបស់តុលាការកំពូល គួរតែត្រូវបានរិះគន់យ៉ាងខ្លាំងក្លា។ សេចក្តីសម្រេចនេះបង្ហាញនូវវប្បធម៌និទណ្ឌភាពយ៉ាងខ្លាំងក្លាដែលបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ហើយអាចជាសញ្ញាប្រកាសអាសន្នមួយទៅដល់អ្នកទាំងឡាយដែលកំពុងធ្វើជំនួញនៅទីនេះ។
នៅករណីមួយទៀត ដែលបង្ហាញអំពីការមិនបានពិនិត្យទៅលើនិទណ្ឌភាពសម្រាប់បទល្មើសព្រហ្មទណ្ឌ ដែលទាក់ទងនឹងវិស័យរោងចក្រ អតីតអភិបាលក្រុងបាវិតដែលមានខ្សែ លោក ឈូក បណ្ឌិត ត្រឹមតែទទួលរងនូវការចោទប្រកាន់លើបទល្មើសព្រហ្មទណ្ឌយ៉ាងស្រាល បន្ទាប់ពីលោកបានសារភាពថាបានបាញ់កាំភ្លើងរបស់គាត់ ក្នុងអំឡុងពេលបាតុកម្មរបស់កម្មកររោងចក្រនៅខេត្តស្វាយរៀងកាលពីខែកុម្ភៈ ឆ្នាំ២០១២។ ការបាញ់ប្រហារនេះ បណ្តាលឲ្យស្ត្រីចំនួន ៣នាក់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
ផ្ទុយស្រឡះទៅវិញពីករណីលោក ប៊ន សំណាង និងសុក សំអឿន លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានជាប់ក្នុងពន្ធនាគារសូម្បីតែមួយថ្ងៃក៏ដោយ ហើយប្រហែលជាមិនអាចជាប់ផង។ តុលាការខេត្តស្វាយរៀង ដំបូងឡើយបានលើកលែងការចោទប្រកាន់ ទោះជាការចោទប្រកាន់លើបទល្មើសតូចតាចទៅលើការបង្ករបួសស្នាមដោយអចេតនាយ៉ាងណាក៏ដោយ ដែលនេះជាការចោទប្រកាន់ទីមួយ ទៅលើលោកអតីតអភិបាលក្រុងរូបនេះ បន្ទាប់ពីការពាក់ព័ន្ធរបស់គាត់នៅក្នុងការបាញ់ប្រហារនេះត្រូវបានគេលាតត្រដាង។ បន្ទាប់ពីជនរងគ្រោះបានប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចចិត្តដែលមិនសមហេតុផល សាលាឧទ្ធរណ៍ បានបង្គាប់ឲ្យសាលាដំបូងខេត្តស្វាយរៀងធ្វើការចោទប្រកាន់លោក បណ្ឌិត លើបទបង្ករបួសស្នាមដោយអចេតនា ដែលផ្តន្ទាទោសពន្ធនាគារយ៉ាងច្រើនពីរឆ្នាំ។ សវនាការករណីលោក បណ្ឌិត នឹងត្រូវបានគេកំនត់ថានឹងបើកនៅថ្ងៃទី២១ ខែឧសភា នៅម៉ោង ៨ ព្រឹក នៅខេត្តស្វាយរៀង។
នាថ្ងៃនេះ យើងខ្ញុំជាថ្មីម្តងទៀត សូមបង្ហាញការគាំទ្រដល់លោក ប៊ន សំណាង និងសុក សំអឿន ហើយនិងក្រុមគ្រួសាររបស់អ្នកទាំងពីរ ហើយយើងខ្ញុំក៏សង្ឃឹមថាអ្នកទាំងពីរនឹងត្រូវបានដោះលែងពីពន្ធនាគារ ដើម្បីទទួលបានជីវភាពធម្មតារបស់អ្នកទាំងពីរត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។
យើងខ្ញុំក៏សូមធ្វើការគាំទ្រដល់ជនរងគ្រោះ នៃការបាញ់ប្រហារនៅតំបន់រោងចក្រនាខេត្តស្វាយរៀង ហើយបន្តធ្វើការអំពាវនាវ សូមឲ្យមានយុត្តិធម៌នៅក្នុងករណីនេះ។
យើងខ្ញុំក៏សូមចូលរួមចំណែកក្នុងការលើកទឹកចិត្ត និង ឧទ្ទិសដល់លោក ជា វិជ្ជា ដែលបានលះបង់អាយុជីវិតរបស់លោក ក្នុងការតស៊ូដើម្បីសេចក្តីត្រូវការរបស់កម្មករនិយោជិតទាំងឡាយក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំសូមបន្តស្វែងរក និងសង្ឃឹមថាយុត្តិធម៌នឹងមានសម្រាប់លោក និងក្រុមគ្រួសាររបស់លោក។
សហភាពសហជីពកម្ពុជា (CATU)
មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
សហភាពសហជីពកម្ពុជា (CCU)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
សហភាពការងារកម្ពុជា (CLC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហជីពចលនាកម្មករខ្មែរ (CUMW)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
គណកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
សមាគមធាងត្នោត (STT)
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
សហព័ន្ធសហជីពនៃកម្មករអាស៊ាន (UFAW)
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Alliance of Trade Unions (CATU)
២. Cambodian Center for Independent Media (CCIM)
៣. Cambodian Confederation Unions (CCU)
៤. Cambodian Food and Service Worker Federation (CFSWF)
៥. Cambodia's Independent Civil-servants Association (CICA)
៦. Cambodian Independent Teacher’s Association (CITA)
៧. Cambodian Labour Confederation (CLC)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. Cambodian Worker Center for Development (CWCD)
១០. Cambodian Youth Network (CYN)
១១. Collective Union of Movement of Workers (CUMW)
១២. Coalition of Cambodian Farmer Community (CCFC)
១៣. Community Legal Education Centre (CLEC)
១៤. Equitable Cambodia (EC)
១៥. Housing Rights Task Force (HRTF)
១៦. Independent Democracy of Informal Economy Association (IDEA)
១៧. The Cambodian NGO Committee on CEDAW (NGO-CEDAW)
១៨. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
១៩. People’s Action for Change (PAC)
២០. Sahmakum Teang Tnaut (STT)
២១. The Building and Wood Workers Trade Union Federation of Cambodia (BWTUC)
២២. Union Federation of ASEAN Workers (UFAW)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
▪ លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ ឃាតកម្ម ជា វិជ្ជា