សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកម្មករ និងសកម្មជនសិទិ្ធទាំង ២៥នាក់ ប៉ុន្តែទោសនៅសល់ត្រូវព្យួរ
ចេញផ្សាយ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិលយើងខ្ញុំ ដែលជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្វាគមន៍ចំពោះសេចក្តីសម្រេចកាលពីព្រឹកមិញរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការព្យួរទោសរបស់អ្នកទាំង ២៣នាក់ និងអនីតិជនចំនួន ២នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ និងថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ ហើយជាចុងក្រោយក៏បានដោះលែងអ្នកដែលនៅសល់ទាំង ២២នាក់ទៀត។ ក៏ប៉ុន្តែ យើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ដោយសារអ្នកទាំង ២៥នាក់នោះត្រូវបានផ្តន្ទាទោស ហើយជនជាប់ចោទមួយចំនួនត្រូវបានពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរថែមទៀត ដោយយោងទៅលើអ្វីដែលអ្នកសង្កេតការណ៍ឯករាជ្យបានឃើញពីដំណើរការជំនុំជម្រះប្រកបដោយកំហុសឆ្គង។
មនុស្សពីរនាក់ ក្នុងចំនោមអ្នកទាំង ២៥ ត្រូវបានចាប់ខ្លួនអំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ កម្មករ និងប្រជាពលរដ្ឋ នៅពេលមានការដើរហែក្បួនតវ៉ារបស់កម្មកររោងចក្រ SL នៅខែវិច្ឆិកា ឆ្នាំមុន។ អ្នកទាំង ២៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅដើមខែមករា នៅក្នុងអំឡុងពេលមានការបង្ក្រាបយ៉ាងហិង្សាដោយកងកម្លាំងចម្រុះ ដើម្បីបំបែកការតវ៉ារបស់កម្មកររោងចក្រ និងអ្នកគាំទ្រគណបក្សប្រឆាំង។
លោក ហេង សំអន អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា៖ “នៅខណៈដែលយើងខ្ញុំស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការក្នុងដោះលែងអ្នកទាំង ២២នាក់ ក៏ប៉ុន្តែយើងខ្ញុំមិនបានឃើញនូវភាពយុត្តិធម៌នាព្រឹកនេះនោះទេ”។ លោកបានបន្តទៀតថា៖ “អ្នកទាំងនោះ នៅតែត្រូវបានតុលាការផ្តន្ទាទោស ក្រោយពេលមានការជំនុំជម្រះ ដែលការពិតត្រូវបានបញ្ចាក់ថាមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់អ្នកទាំងនោះទាល់តែសោះ។ ស្ថានភាពនៃការចាប់ខ្លួន ហើយនិងការពិតដែលសវនាការត្រូវបានធ្វើឡើង បង្ហាញថាករណីទាំងនេះ គឺជាករណីនយោបាយទាំងស្រុង។ គោលបំណង គឺមិនមែនស្វែងរកយុត្តិធម៌នោះទេ ប៉ុន្តែព្យាយាមបញ្ឈប់ការធ្វើបាតុកម្មតាមដងផ្លូវ និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងការធ្វើបាតុកម្មតាមដងផ្លូវដើម្បីទាមទារសិទិ្ធរបស់អ្នកទាំងនោះ”។
ព្រឹត្តិការណ៍ជុំវិញការចាប់ខ្លួនអ្នកទាំង ២៥នាក់ មានការពាក់ព័ន្ធនឹងការប្រើប្រាស់កងកម្លាំងហួសប្រមាណយ៉ាងច្រើនលើសលុបដោយអាជ្ញាធររដ្ឋ មកលើប្រជាពលរដ្ឋស៊ីវិល ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងរងរបួសជាច្រើននាក់។ គ្រប់ការព្យាយាមរបស់មេធាវីការពារជនជាប់ចោទ ដើម្បីបង្ហាញភស្តុតាងនៃអំពើហិង្សាទាំងនេះ ក្នុងអំឡុងពេលជំនុំជម្រះ ត្រូវបានបដិសេធភ្លាមៗដោយចៅក្រម និងព្រះរាជអាជ្ញា។ រហូតមកដល់ពេលនេះ លោក មឿង តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានកត់សម្គាល់ឃើញថា មិនទាន់មានការចាប់ខ្លួន និងផ្តន្ទាទោសអ្នកដែលទទួលខុសត្រូវក្នុងការប្រើប្រាស់អំពើហិង្សានោះនៅឡើយទេ។
“យើងខ្ញុំមានការសប្បាយរីករាយយ៉ាងខ្លាំង ដែលអ្នកទាំងនោះ ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូព្យាយាមរបស់កម្មករកម្ពុជាដើម្បីទទួលបានប្រាក់ឈ្នួលសមរម្យចំនួន១៦០ ដុល្លារ នឹងអាចត្រឡប់ទៅជួបជុំគ្រួសាររបស់អ្នកទាំងនោះបាន។ ក៏ប៉ុន្តែ យើងខ្ញុំនៅតែមានការសោកស្តាយជាពន់ពេក ដែលយុត្តិធម៌មិនទាន់ត្រូវបានផ្តល់ដល់អ្នកដែលបានស្លាប់ និងរងរបួសកាលពីថ្ងៃទី១២ ខែវិច្ឆិកា និងថ្ងៃទី២ និងទី៣ ខែមករា ហើយមិនមានការព្យាយាមក្នុងការស្វែងរក និងផ្តន្ទាទោសអ្នកទាំងអស់ដែលទទួលខុសត្រូវនៅក្នុងព្រឹត្តិការណ៍នេះ”។
ការផ្តន្ទាទោសថ្ងៃនេះត្រូវបានធ្វើឡើងទៅតាមនីតិវិធីនៃការជំនុំជម្រះដែលបានបង្ហាញយ៉ាងច្បាស់ថា ជនជាប់ចោទពុំទទួលបានសិទ្ធិក្នុងការជំនុំជម្រះដោយយុត្តិធម៌។ ក្នុងចំណោមសំណុំរឿងទាំងបីនេះ ចៅក្រមពុំបានគោរពតាមគោលការណ៍ក្នុងការជំនុំជម្រះប្រកបដោយភាពមិនលំអៀងទេ ជាញឹកញាប់ចៅក្រមលំអៀងទៅខាងភាគីដើមចោទក្នុងការអនុញ្ញាតឲ្យផ្តល់ភស្តុតាង និងអនុញ្ញាតឲ្យធ្វើការសាកសួរដេញដោលសាក្សី មានភស្តុតាងតិចតួចណាស់ចំពោះវិមតិសង្ស័យ (វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ) ឬការដាក់បន្ទុកជនជាប់ចោទ នៅពេលដែលចៅក្រម និងព្រះរាជអាជ្ញាបានផ្តោតសំខាន់ទៅលើវត្តមានរបស់ជនជាប់ចោទនៅកន្លែងតវ៉ា និងសាក្ខីកម្មដែលមិនស៊ីចង្វាក់គ្នា ជាជាងស្វែងរកភស្តុតាងដែលភ្ជាប់អ្នកទាំងនោះទៅនឹងបទចោទ។
ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “នេះច្បាស់ណាស់ថា សវនាការទាំងមូល គឺមិនមានភស្តុតាងគ្រប់គ្រាន់ សូម្បីតែក្នុងការចោទប្រកាន់អ្នកទាំងនោះ។ ប៉ុន្តែអ្នកទាំងនោះឥឡូវត្រូវបានបង្ខំឲ្យនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការពី ៥ ដល់៨ ខែ ហើយរបួសជាច្រើនកន្លែងរបស់អ្នកទាំងនោះ នៅបន្តឈឺក្នុងអំឡុងពេលនៃការចាប់ខ្លួនរបស់អ្នកទាំងនោះ ក៏ដូចជាបញ្ហាសុខភាពដែលត្រូវការការព្យាបាលជាបន្ទាន់”។
មនុស្សបួននាក់ក្នុងចំនោមអ្នកទាំងនោះ គឺលោក វន់ ពៅ (ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ) លោក ថេង សាវឿន (អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា) លោក ច័ន្ទ ពុទ្ធិស័ក្ត (អ្នកដឹកនាំសហគមន៍បឹងកក់) និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ (បុគ្គលិកមណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជា) ត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ដោយមិននឹងស្មានដល់ គឺរវាង ៤ឆ្នាំ ទៅ ៤ឆ្នាំកន្លះ បន្ទាប់ពីព្រះរាជអាជ្ញាដាក់ការស្នើសុំចុងក្រោយទៅចៅក្រមអំឡុងពេលធ្វើសេចក្តីសន្និដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ដែលការចោទប្រកាន់អ្នកទាំងនោះត្រូវបានប្តូរទៅជាបទល្មើសដែលមានទោសធ្ងន់ជាងមុន។ មនុស្សម្នាក់ៗក្នុងចំណោមអ្នកទាំងបួន ត្រូវបានពិន័យជាប្រាក់ ចំនួន ៨លានរៀល (ស្មើនឹង ២០០០ ដុល្លារ)។ មនុស្សចំនួនបីនាក់ គឺជាសកម្មជនដែលលេចធ្លោ និងជាអ្នកធ្វើយុទ្ធនាការណ៍ដឹកនាំការតវ៉ាលើបញ្ហាដីធ្លី និងកម្មករនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះបីជាទោសរបស់អ្នកទាំងនោះ ត្រូវបានព្យួរនាថ្ងៃនេះក៏ដោយ ក៏អ្នកទាំងនោះនឹងប្រឈមមុខនឹងការទទួលទោសធ្ងន់ដែលសល់នោះ ប្រសិនបើអ្នកទាំងនោះត្រូវបានរកឃើញថាមានកំហុសក្នុងការប្រព្រឹត្តបទល្មើសផ្សេងទៀត។
សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
បន្ទាយស្រី
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
សហភាពសហជីពកម្ពុជា (CCU)
សហព័ន្ធសហជីព កម្មករចំនីអាហារ និងសេវាកម្ម (CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាព (CPN)
ពង្រឹងអំណាចយុវជនកម្ពុជា (EYC)
សមធម៌កម្ពុជា (EC)
សមាគមអភិវឌ្ឍន៍កសិករកម្ពុជា (FDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
គណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា (NICFEC)
សមាគមធាងត្នោត (STT)
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
សហគមន៍ថ្មគោល
ព័ត៌មានលំអិតអំពីការជំនុំជម្រះ និងការផ្តន្ទាទោស
សាលក្រមសំណុំរឿងរោងចក្រ យ៉ាក ជីង៖ បទចោទប្រកាន់មួយ យោងតាមមាត្រា៤១១ ទាក់ទងនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រឆាំងនឹងជនជាប់ចោទទាំង ១០នាក់ត្រូវបានទម្លាក់ចោល។ លោក វន់ ពៅ លោក ចាន់ពុទ្ធិស័ក្ក និង សុគន្ធ សម្បត្តិពិសិទ្ធ ត្រូវបានគេរកឃើញថាជាប់ពិរុទ្ធភាពយោងតាមមាត្រា ២៨ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានផ្តន្ទាទោស ៤ឆ្នាំកន្លះក្នុងពន្ធនាគារ និងពិន័យជាប្រាក់ចំនួន ៨លានរៀល (ស្មើនឹង ២.០០០ដុល្លាអាមេរិក)។ បទចោទនេះដដែល លោក ថេង សាវឿន ត្រូវបានផ្តន្ទាទោស ៤ឆ្នាំក្នុងពន្ធនាគារ និងពិន័យជាប្រាក់ចំនួន ៨លានរៀល។ ជនជាប់ចោទទាំង ៦នាក់ទៀតត្រូវបានគេរកឃើញថាជាប់ពិរុទ្ធភាពយោងទៅតាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងបុរស ៣នាក់ទៀតរួមមាន រិទ្ធ រដ្ឋា ណាគ្រី វាន់ដា យ៉ុង សំអន ត្រូវបានផ្តន្ទាទោសក្នុងពន្ធនាគារចំនួន ២ឆ្នាំកន្លះ ហើយបុរស ៣នាក់ទៀតរួមមាន ឈឹម ធឿន តេង ចាន់ធី លន សាន ត្រូវបានផ្តន្ទាទោសក្នុងពន្ធនាគារចំនួន ៣ឆ្នាំ។ ទោសជាប់ពន្ធនាគាររបស់ជនជាប់ចោទទាំងអស់នេះត្រូវបានព្យួរ។
សាលក្រមសំណុំរឿងផ្លូវ វ៉េង ស្រេង៖ បុរស ៣នាក់រួមមាន ជា សារ៉ាត់ បួន សារិទ្ធិ យន់ សុខជា ត្រូវបានគេរកឃើញថាជាប់ពិរុទ្ធភាពយោងតាមមាត្រា ២១៨ មាត្រា ៤១១ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ រួមទាំងមាត្រា ៧៨ នៃច្បាប់ចរាចរណ៍ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី ១ឆ្នាំ ដល់ ៤ឆ្នាំ។ បុរសទាំង ១០នាក់ផ្សេងទៀតត្រូវបានគេរកឃើញថាជាប់ពិរុទ្ធភាពយោងតាមមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៣ឆ្នាំ ទៅ ៤ឆ្នាំ។ ទោសជាប់ពន្ធនាគាររបស់ជនជាប់ទាំងអស់នេះត្រូវបានព្យួរ។
សំណុំរឿង ស្ទឹងមានជ័យ៖ ជនជាប់ចោទទាំង ២នាក់រួមមាន វណ្ណី វាន់ណន និង មាស នុន ត្រូវបានគេរកឃើញថាមានជាប់ពិរុទ្ធភាពយោងតាមមាត្រា ២១៨ មាត្រា ៤១១ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ។ វាន់ណន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ នៅខណៈពេលដែល នុន ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៦ខែ។ ទោសជាប់ពន្ធនាគាររបស់ជនជាប់ទាំងពីរនេះត្រូវបានព្យួរ។
មាត្រានៃក្រមព្រហ្មទណ្ឌ៖
មាត្រា ២៨៖ និយមន័យនៃអ្នកផ្តើមគំនិត
មាត្រា ២១៨៖ ស្ថានទម្ងន់ទោស
មាត្រា ៤១១៖ ស្ថានទម្ងន់ទោស
មាត្រា ៥០២៖ ការប្រមាថ
មាត្រា ៥០៤៖ ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ
មាត្រានៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៖
មាត្រា ៧៨៖ ការរារាំងដល់ចរាចរណ៍សាធារណៈ
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Action for Environment and Community (AEC)
២. Banteay Srei
៣. Boeung Kak Lake Community (BKL)
៤. Borei Keila Community (BK)
៥. CamASEAN
៦. Cambodian Center for Independent Media (CCIM)
៧. Cambodian Committee for Women (CAMBOW)
៨. Cambodian Confederation Unions (CCU)
៩. Cambodian Food and Service Worker Federation (CFSWF)
១០. Cambodia's Independent Civil-Servants Association (CICA)
១១. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១២. Cambodian Worker Center for Development (CWCD)
១៣. Cambodian Youth Network (CYN)
១៤. Coalition of Cambodian Farmer Community (CCFC)
១៥. Community Legal Education Centre (CLEC)
១៦. Community Peace-Building Network (CPN)
១៧. Empowering Youth in Cambodia (EYC)
១៨. Equitable Cambodia (EC)
១៩. Farmer Development Association (FDA)
២០. Independent Democracy of Informal Economy Association (IDEA)
២១. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
២២. Sahmakum Teang Tnaut (STT)
២៣. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២៤. Thmor Kol Community
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
▪ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ