បញ្ហាបរិស្ថាន
កម្រងរូបភាព | ពលរដ្ឋបន្តអំពាវនាវរកយុត្តិធម៌ ក្រោយ១២ ឆ្នាំ លេីឃាតកម្មលោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
នៅថ្ងៃនេះ ក្រុមយុវជនពីចលនាមាតាធម្មជាតិ និងសកម្មជនផ្សេងៗជាច្រើននាក់ បាននាំគ្នាដើរហែក្បួន ដើម្បីរំឭកខួបនៃឃាតកម្មសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ។ លោកត្រូវបានគេបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២ ខណៈពេលដែលលោកកំពុងល្បាតព្រៃជាមួយអ្នកសារព័ត៌មាន២នាក់ នៅក្នុងខេត្តកោះកុង ។ មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ អ៊ីន រតនា ក៏ត្រូវបានប្រទះឃើញថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដដែលនោះ ហើយមន្ត្រីនោះត្រូវបានចោទប្រកាន់ថាជាអ្នកសម្លាប់លោក វុទ្ធី ក្រោយពីមានការស៊ើបអង្កេតមិនច្បាស់លាស់មួយ ។
សកម្មជនយុវជនប្រហែលជាង ២០ នាក់មកពីមាតាធម្មជាតិ រួមទាំង ព្រះសង្ឃ ៦ អង្គ បានជួបជុំគ្នានៅមុខ ផ្សាររាត្រីភ្នំពេញនាព្រឹកនេះ ដើម្បីចាប់ផ្តើមដើរក្បួន ។ អ្នកចូលរួមបានគូររូបជាសារនៅលើមុខរបស់ពួកគេ និងបានពាក់បូរចងក្បាលពណ៌ស ដោយមានព្រះសង្ឃបានសូត្រមន្ត សម្តែងរឿងខ្លី និងបានកាន់បដាអំពាវនាវរកយុត្តិធម៌ចំពោះការស្លាប់របស់លោក ឈុត វុទ្ធី នេះ ។ ការដង្ហែក្បួនត្រូវបានបញ្ចប់នៅសណ្ឋាគារ កាំប៊ូឌីយ៉ាណា ជាកន្លែងដែលអ្នកចូលរួមត្រូវដាក់ញត្តិស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីឱ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះករណីឃាតកម្មនេះ ។
សេចក្តីថ្លែងការណ៍ | ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន លោក កើត សារ៉ាយ
ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤
ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ មានការសោកស្តាយ ជាខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។
សូមបញ្ជាក់ថាលោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួន ខណៈលោក កំពុងបំពេញការងារនៅការិយាល័យ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ ថាពាក់ព័ន្ធករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ការចាប់ខ្លួននេះធ្វើឡើងដោយមិន បានផ្តល់ព័ត៌មានជាក់លាក់ អំពីបទចោទប្រកាន់ទៅកាន់លោកកើត សារ៉ាយ និងក្រុមគ្រួសាររបស់ លោកឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសារដំបូងរាជធានីភ្នំពេញ បានប្រកាសថាលោក កើត សារ៉ាយក៏បានប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈឹម ព្រមទាំងបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
កម្រងរូបភាព | សំណល់រោងចក្រម៉ាកក្រុមហ៊ុនល្បីៗត្រូវបានដុតនៅតាមសិប្បកម្មឡឥដ្ឋនៅកម្ពុជា ហើយក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះដែលប្តេជ្ញាចាត់វិធានការលើរឿងនេះ
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
សំណល់រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិ រួមចំណែកបង្កហានិភ័យដល់សិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា ។ ដូចមានលំអិតនៅក្នុងរបាយការណ៍ ក្នុងឆ្នាំនេះ អង្គការលីកាដូ បានរកឃើញសំណល់កម្ទេចក្រណាត់ពីរោងចក្រកាត់ដេរនៅសិប្បកម្មផលិតឥដ្ឋដែលកំពុងដំណើរការចំនួនប្រាំកន្លែង និងសិប្បកម្មផលិតឥដ្ឋដែលបានបិទអាជីវកម្មជាអចិន្ត្រៃយ៍ចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានប្រើកម្ទេចក្រណាត់ចេញពីរោងចក្រកាត់ដេរសម្រាប់បញ្ឆេះឡឥដ្ឋ ។ អង្គការលីកាដូ បានរកឃើញនូវសំណល់ដែលមានម៉ាកយីហោលំដាប់អន្តរជាតិចំនួន ១៩ ដែលមានបង្ហាញក្នុងរូបថតដូចខាងក្រោម ។
សេចក្តីថ្លែងការណ៍ | ការស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើទៅបរទេស របស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣
សមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយទទួលបានព័ត៌មានពីការស្នើសុំពន្យាពេលនាំឈើចេញរយៈពេល ៥ឆ្នាំបន្ថែមទៀតរបស់ក្រុមហ៊ុន អង្គរផ្លាយវូត ខូ អិលធីឌី ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ យោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមចំណងជើង "ក្រុមហ៊ុនអង្គរផ្លាយវូតនៅតែបន្តនាំចេញឈើកម្រទៅលក់នៅក្រៅប្រទេស " ដែលបានចុះផ្សាយពីការអនុញ្ញាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចពន្យាពេលនៃការនាំឈើចេញ រហូតដល់ដំណាច់ឆ្នាំ២០២៣ តបតាមការស្នើសុំរបស់ក្រុមហ៊ុន នេះ ដែលបានស្នើសុំពន្យាពេលនាំឈើចេញរយៈពេល៥ឆ្នាំបន្ថែម។
ដើម្បីរក្សាបាននូវនិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា ព្រមទាំង តបនឹងសេចក្តីព្រួយបារម្ភខាងលើ យើងខ្ញុំទាំងអស់គ្នាដែលជាសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន ស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាលុបអាជ្ញាប័ណ្ណអនុញ្ញាតការនាំឈើចេញ របស់ក្រុមហ៊ុនអង្គរ ផ្លាយវូត ខូ អិលធីឌី និងធ្វើការស៊ើបអង្កេតអំពីការនាំចេញប្រភេទឈើកម្រដែលផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទៅបរទេស៕
អត្ថបទខ្លីៗ | សកម្មជនអំពាវនាវរកយុត្តិធម៌នៅថ្ងៃខួប១១ឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
នាថ្ងៃនេះ ក្រុមយុវជនមាតាធម្មជាតិ បានដឹកនាំការដង្ហែក្បួន ដើម្បីរំលឹកខួបនៃឃាតកម្មលើសកម្មជនការពារបរិស្ថានលោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់ កាលពីឆ្នាំ២០១២ ខណៈពេលដែលលោកកំពុងជូនអ្នកសារព័ត៌មាន២នាក់ ល្បាតព្រៃការពារនៅក្នុងខេត្តកោះកុង ។ មន្រ្តីអាវុធហត្ថឈ្មោះ អ៊ីន រតនា ដែលត្រូវបានប្រទះឃើញថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដែរនោះ ត្រូវបានចោទប្រកាន់ពីអំពើឃាតកម្មនេះក្រោយពីមានការស៊ើបអង្កេតមិនច្បាស់លាស់មួយ ។
ក្រុមយុវជន ប្រមាណ២៥នាក់ មកពីក្រុមមាតាធម្មជាតិ បណ្ដាញយុវជនកម្ពុជា និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ នាព្រឹកនេះ បានជួបជុំគ្នានៅមុខវត្តបទុមវត្តី ដើម្បីហែក្បួនទៅក្រសួងយុត្តិធម៌ ។ ពួកគេបង្ហាញរូបលោក ឈុត វុទ្ធី និងពាក្យស្លោកផ្សេងៗ ក៏ដូចជាស្លៀកសំលៀកបំពាក់តំណាងឱ្យលោក ឈុត វុទ្ធី ដើម្បីជានិមិត្តរូបនៃការបន្តបេសកកម្មរបស់លោក ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ។
តំណាងក្រុមយុវជនបានសម្ដែងមតិអំពីផលប៉ះពាល់ដែលកំពុងបន្តកើតមានទៅលើព្រៃឈើនៅកម្ពុជា និងអំពាវនាវឱ្យក្រសួងយុត្តិធម៌ ផ្ដល់យុត្តិធម៌ឱ្យលោក ឈុត វុទ្ធី ។ ពួកគេបានប្រគល់ញត្តិឱ្យនគរបាល ដើម្បីយកទៅឱ្យក្រសួងយុត្តិធម៌ ។ ក្រុមយុវជន ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ក្រុមសន្តិសុខខណ្ឌដូនពេញ និងអាជ្ញាធរស្លៀកពាក់ស៊ីវិលប្រមាណជា ១៥នាក់ ។
សេចក្តីថ្លែងការណ៍ | ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីនាំឱ្យមានជម្លោះ និងចោទជាសំណួរ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣
រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីមួយ កាលពីខែមីនា ឆ្នាំ២០២២ គឺរយៈពេលជិតមួយទសវត្សរ៍ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាដើម្បីផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលការណ៍នេះនាំឱ្យបន្តកើតមានទំនាស់ដីធ្លីនៅក្នុងខេត្តស្ទឹងត្រែង ។
នេះគឺជាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដំបូងគេ គិតចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចមួយចំនួន ដែលត្រូវបានស្នើសុំ មុនពេលមានការផ្អាកផ្ដល់ដីសម្បទានវិញក្នុងខែឧសភា ឆ្នាំ២០១២ ។
ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងតែទទួលរងផលប៉ះពាល់ស្រាប់ទៅហើយ ដោយការស្ថាបនាផ្លូវមួយខ្សែឆ្ពោះទៅកាន់ដីសម្បទានសេដ្ឋកិច្ចនោះ ។ ការខ្វះតម្លាភាពជុំវិញទំហំជាក់ស្ដែង និងទីតាំងនៃដីសម្បទាន បាននាំឱ្យអាជ្ញាធរមូលដ្ឋាន ប៉ាន់ប្រមាណថា ប្រជាពលរដ្ឋរហូតដល់ ៤០០ គ្រួសារ អាចនឹងរងផលប៉ះពាល់ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកសេសាន នៅភាគឦសាននៃខេត្តស្ទឹងត្រែង ។
អត្ថបទខ្លីៗ | សកម្មជនសហគមន៍ដីធ្លី រងអំពើហិង្សាដោយទាហានកងពលតូចលេខ ៧០ ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
កាលពីព្រឹកថ្ងៃម្សិលមិញ ទាហានកងពលតូចលេខ៧០ និងកម្មករ ដែលត្រូវបានជួលដើម្បីឈូសឆាយដីព្រៃ បានប្រើប្រាស់អំពើហិង្សា វាយដំលើអ្នកភូមិ និងបាញ់កាំភ្លើងទៅដី នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីមួយនៅជុំវិញដីព្រៃ ដែលត្រូវបានផ្ដល់ឱ្យអង្គភាពយោធាមួយ ។ អ្នកភូមិចំនួន៣នាក់ ត្រូវបានរងរបួស ក្នុងនោះមាន បុរសអាយុ ២៣ឆ្នាំម្នាក់ បុរសអាយុ ៤១ឆ្នាំម្នាក់ និងស្ត្រីអាយុ ៥៩ឆ្នាំម្នាក់ ។
អ្នកភូមិបានជួបជុំគ្នានៅក្នុងឃុំត្រពាំងជោ ដើម្បីព្យាយាមការពារដីព្រៃសហគមន៍ពីការឈូសឆាយ ។ នៅថ្ងៃនេះ សមាជិកសហគមន៍ចំនួន៦នាក់ ក៏បានបង្ហាញខ្លួន ដើម្បីចូលរួមការសាកសួរនៅសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ បន្ទាប់ពីត្រូវបានកោះហៅដោយព្រះរាជអាជ្ញាម្នាក់ ។
ទំនាស់ដីធ្លីនេះ បានចាប់ផ្ដើម ក្រោយពីរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីទំហំ ២៦២ហិចតា នៃតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឱ្យទៅយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។ ជម្លោះនេះ ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២៥៣គ្រួសារ ដោយពួកគេជាច្រើនបានប្រមូលផ្ដុំគ្នាអស់ជាច្រើនខែ ដើម្បីតវ៉ាការពារដីព្រៃរបស់ពួកគេ ។ កាលពីខែមេសា ឆ្នាំ២០០៣ ក្រសួងបរិស្ថាន បានប្រកាសផ្នែកខ្លះនៃដីនេះថាជា តំបន់ការពារសហគមន៍ ។ ចាប់តាំងពីការផ្ដល់នោះមក ទាហានជាច្រើន បានប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ដើម្បីឈូសឆាយដីព្រៃនោះ ៕
សេចក្តីថ្លែងការណ៍ | ទម្លាក់ចោលការចោទប្រកាន់ និងដោះលែង លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ ខេត្តរតនគិរី
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២
យើងខ្ញុំទាំងអស់ ជាក្រុមអង្គការសង្គមស៊ីវិល សហជីព សហគមន៍ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចសេចក្តីផ្តន្ទាទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគារយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តរតនគិរី បន្ទាប់ពីសវនាការជាសាធារណៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ។ ក្នុងពេលសវនាការ តំណាងអយ្យការបានប្តូរបទចោទលើលោក ឆន ផល្លា ពីបទ កាប់គាស់រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ តាមមាត្រា ៦២ នៃច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ មកបទចោទ កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ តាមបញ្ញត្តិមាត្រា៩៧ ចំនុច៦ ច្បាប់ស្តីពីព្រៃឈើ ទាំងមិនមានភស្តុតាងរឹងមាំក្នុងការដាក់បន្ទុកទាល់តែសោះ ។ ការប្តូរបទចោទនេះ បានបំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់លោក ឆន ផល្លា ដោយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមានពេលវេលាគ្រប់គ្រាន់រៀបចំការពារក្ដីរបស់គាត់។ ផ្ទុយទៅវិញបែរជាតុលាការសម្រេចសេចក្តីដាក់ទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំពីបទចោទថ្មី ។ នៅពេលសវនាការលោក ឆន ផល្លា មានសាក្សីជាច្រើននាក់បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានទៅកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិអ្វីនោះទេ លោកក៏បញ្ជាក់ផ្ទាល់ផងដែរថា លោកមិនមានដីសូម្បីតែបន្តិចនៅតំបន់នោះ ។
សេចក្តីថ្លែងការណ៍ | ក្រសួងបរិស្ថានគួរបញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជនការពារព្រៃឈើ
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១
យើងខ្ញុំ ដែលមានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យក្រសួងបរិស្ថាន បញ្ឈប់យុទ្ធនាការនៃការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនការពារព្រៃឈើ និងសមាជិកសហគមន៍នៅតាមមូលដ្ឋាន ។ កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន មន្រ្តីមូលដ្ឋានរបស់ក្រសួងបរិស្ថាន បានឃាត់ខ្លួនសកម្មជនការពារព្រៃឈើចំនួន ៥នាក់ ដែលកំពុងបំបួសដើមឈើ និងប្រមូលភស្តុតាងនៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកើតមាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។
អ្នកទាំង៥នាក់ ត្រូវបានឃាត់ខ្លួនដោយគ្មានការចោទប្រកាន់អស់រយៈពេល៣យប់ នៅមន្ទីរបរិស្ថាន និងអធិការដ្ឋាននគរបាលក្រុងក្រចេះ មុនពេលត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅព្រឹកថ្ងៃចន្ទនេះ ។ សកម្មជនទាំង៥នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីផ្ដិតមេដៃលើកិច្ចសន្យាដែលហាមឃាត់ពួកគាត់មិនឱ្យធ្វើសកម្មភាពអភិរក្សផ្សេងៗនៅក្នុងតំបន់ការពារធម្មជាតិ ឬចែករំលែកវីដេអូ រូបភាព ឬព័ត៌មានឱ្យអង្គភាពខាងក្រៅ ប្រសិនបើគ្មានការអនុញ្ញាតពីអាជ្ញាធរ ។
សេចក្តីថ្លែងការណ៍ | យុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ សូមអំពាវនាវ សូមឱ្យដកសិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី និងដាក់កោះកុងក្រៅទាំងមូលជាតំបន់អភិរក្សធនធានធម្មជាតិ
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
យើងខ្ញុំជាយុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលដែលរាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលទៅឱ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG S E ZCO., LTD.) ដែលជារបស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយត្រូវបានសាធារណជនជាតិ និងអន្តរជាតិដឹងថា ពាក់ព័ន្ធនឹងរឿងការរំលោភសិទិ្ធមនុស្ស សិទិ្ធដីធ្លី និងធនធានធម្មជាតិ ។ ការផ្ដល់សិទ្ធិឱ្យទៅក្រុមហ៊ុនមួយនេះដើម្បីអភិវឌ្ឈន៍កោះកុងក្រៅ និងអាចផ្ដល់ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនិងជីវៈចម្រុះក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល ។ល។
ជាក់ស្ដែងដូចជានៅលើកោះរ៉ុងសន្លឹម មានការសាងសង់អាគាររំលោភដីឆ្នេរ និងការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ។ រីឯនៅលើកោះសង្សារវិញ ក្រោយពេលត្រូវបានអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្មែរភាគច្រើន មិនមានលទ្ធភាពស្នាក់នៅលើកោះនោះទេ ដោយសារតម្លៃនៃការស្នាក់នៅថ្លៃខ្លាំងក្នុងមួយយប់ ។ ហេតុដូចនេះហើយ យើងខ្ញុំមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះគោលបំណងក្នុងការផ្តល់សិទិ្ធអភិវឌ្ឍន៍កោះនេះទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជន និងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល សូមដកសិទ្ធិអភិឌ្ឍន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ីហ្ស៊ិត ខូអិលធីឌី (KOH KONG S E Z CO., LTD.) ដើម្បីទុកជាប្រយោជន៍សាធារណជន និងអភិរក្សធនធានជីវចម្រុះទាំងក្នុងសមុទ្រនិងលើដីកោះ ។
អត្ថបទខ្លីៗ | សកម្មជនបរិស្ថានត្រូវបានដោះលែង បន្ទាប់ពីមានការតវ៉ាជាច្រើនថ្ងៃ
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០
សកម្មជនបរិស្ថានចំនួន៤រួបរួមមាន ម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន លោក អ៊ូច ឡេង ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងខេត្តក្រចេះដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីអ្នកទាំងបួនបានទទួលរងអំពើហិង្សាពីសំណាក់សន្ដិសុខក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) កាលពីថ្ងៃសុក្រ មុនពេលបញ្ជូនឱ្យអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញា ធ្វើការសាកសួរអស់រយៈពេលជាង២ថ្ងៃ។ ក្រុមហ៊ុននេះមានម្ចាស់រួមគ្នារវាងជាជនជាតិតៃវ៉ាន់ និងខ្មែរ ដែលត្រូវបានចោទប្រកាន់ម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ អំឡុងពេលនៃការឃាត់ខ្លួនអ្នកទាំងបួន ព្រះសង្ឃ សកម្មជន និងសមាជិកសហគមន៍ជាច្រើននាក់ បានជួបជុំគ្នាដោយអហិង្សានៅខាងមុខសាលាដំបូងខេត្តក្រចេះ ដើម្បីអំពាវនាវសុំឱ្យដោះលែងអ្នកទាំងបួនវិញ។
លោក អ៊ូច ឡេង ត្រូវបានឃាត់ខ្លួនរួមជាមួយសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់បីរូបទៀតគឺលោក ខេម សុខឃី លោក ស្រី ថី និងសកម្មជនការពារព្រៃឈើ លោក ម៉ាន ម៉ាត់ អំឡុងពេលចុះឃ្លាំមើលនិងធ្វើរបាយការណ៍ស្ដីពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារព្រៃឡង់។ ក្រុមហ៊ុន ស៊ីង បាយអូថេក ដែលទទួលបានដីសម្បទានទំហំជាង ៣៧០០០ ហិចតា ត្រូវបានសហគមន៍ចោទប្រកាន់ជាញឹកញាប់ថា មានការពាក់ព័ន្ធនឹងការប្រមូលផលឈើខុសច្បាប់នៅក្នុងតំបន់ព្រៃការពារ ក៏ដូចជាដើមជ័ររបស់អ្នកភូមិនៅក្នុងសហគមន៍មូលដ្ឋាន។
ទោះបីជាមិនទាន់មានការចោទប្រកាន់ចំពោះសកម្មជនទាំងបួនរូបក្ដី ក៏ពួកគាត់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងនាមជាជនសង្ស័យ ដែលអាចត្រូវរងគ្រោះដោយការកោះហៅរបស់នគរបាលពេលណាក៏បាន។
សេចក្តីថ្លែងការណ៍ | ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
យើងខ្ញុំ មានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយ និងហួសចិត្តជាខ្លាំង ចំពោះការរឹតត្បិតរបស់អាជ្ញាធរក្នុងការហាមឃាត់សមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ ដែលធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់ កាលពីចុងសប្ដាហ៍មុននេះ។ ការប្រើប្រាស់មន្រ្តីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើងរបស់ក្រសួងបរិស្ថាន ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពនៃការដើរហើរ និងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ។
បណ្ដាញសហគមន៍ព្រៃឡង់ បានបង្ហាញសាធារណជនឱ្យឃើញថា ជាអ្នកឃ្លាំមើល និងតស៊ូមតិដោយមានប្រសិទ្ធភាព និងក្លាហានជាងគេ អស់រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។ បណ្ដាញសហគមន៍នេះមានចម្រុះនូវសមាជិកសហគមន៍ជាច្រើនដែលជីវិត និងជីវភាពរស់នៅរបស់អ្នកទាំងនេះ ផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងជាមួយព្រៃឈើ ហើយអ្នកទាំងនេះត្រូវការចូលទៅកាន់តំបន់នេះដើម្បីការពារព្រៃឈើដោយគ្មានការរឹតត្បិត។ ទោះបីជាក្រុមសហគមន៍បានជូនដំណឹងទៅអាជ្ញាធរពីបំណងក្នុងការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំនៅក្នុងព្រៃនេះក៏ដោយ ក៏មន្រ្តីក្រសួងបរិស្ថានបានហាមឃាត់សមាជិកសហគមន៍ទាំងនេះមិនឱ្យចូលទៅកាន់ព្រៃឡង់ដោយមិនបានផ្ដល់អំណះអំណាងផ្លូវច្បាប់សមហេតុផលឡើយ។
អត្ថបទខ្លីៗ | សមាជិកសហគមន៍ព្រៃឡង់ត្រូវបានហាមឃាត់ដោយអាជ្ញាធរ
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០
នារសៀលនេះ សមាជិកសហគមន៍ សកម្មជនបរិស្ថាន ព្រះសង្ឃ និងបុគ្គលិកអង្គការសង្គមស៊ីវិល រាប់រយនាក់ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់។ អ្នកចូលរួមជាច្រើនក្រុមត្រូវបានបញ្ឈប់ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីតាំងពិធីបុណ្យបំបួសព្រៃឡង់ប្រចាំឆ្នាំដែលបានគ្រោងទុក ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការអភិរក្សតំបន់ព្រៃការពារធំជាងគេនៅកម្ពុជានេះ។
អាជ្ញាធរមកពីក្រសួងបរិស្ថាន និងមន្រ្តីមូលដ្ឋាន ដែលមួយចំនួនប្រដាប់ដោយកាំភ្លើង បានប្រាប់ទៅក្រុមសហគមន៍ទាំងបួនខេត្តថា ចាំបាច់តម្រូវឱ្យមានការអនុញ្ញាតពី “ថ្នាក់លើ” ទើចអាចចូលទៅកាន់ព្រៃឡង់បាន និងបានទាមទារឱ្យមាន “លិខិតអនុញ្ញាតជាផ្លូវការ” ពីអ្នកចូលរួមទាំងនេះ។ ការអនុញ្ញាតនេះ មិនបានតម្រូវនៅក្នុងច្បាប់ទេ។
អ្នកចូលរួមមួយចំនួន ក៏បានរាយការណ៍ផងដែរថា អាជ្ញាធរក្នុងតំបន់បានគំរាមកំហែងអ្នកភូមិក្នុងមូលដ្ឋាន ដើម្បីដាក់សម្ពាធលើអ្នកទាំងនោះកុំឱ្យអនុញ្ញាតឱ្យអ្នកចូលរួមសម្រាកនៅក្នុងភូមិរបស់អ្នកទាំងនោះ អំឡុងពេលដែលពួកគាត់ធ្វើដំណើរ ឬចូលរួមក្នុងពិធីបុណ្យ ដែលមានរយៈពេលពីរថ្ងៃនេះ។
អត្ថបទខ្លីៗ | ព្រះសង្ឃអំពាវនាវដល់អាជ្ញាធរ សូមឲ្យលោកការពារព្រៃឡង់
ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥
នៅព្រឹកនេះ ព្រះសង្ឃជាច្រើនដែលនិមន្តមកពីបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ) បានប្រមូលផ្តុំគ្នានៅក្នុងក្រុងបាត់ដំបង ដើម្បីអំពាវនាវសូមឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។
ព្រះសង្ឃមួយក្រុម ដែលដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតេញ បានសំណូមពរដល់អាជ្ញាធរនានា សូមឲ្យជួយអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ព្រៃឡង់ដែលកំពុងរងការគម្រាមកំហែង។ ព្រឹត្តិការណ៍នេះ បន្តពីព្រឹត្តិការណ៍ចាស់ក្នុងចំណោមយុទ្ធនាការជាបន្តបន្ទាប់ដើម្បីការពារព្រៃឡង់។ កាលពីខែកក្កដា ព្រះសង្ឃដែលនិមន្តមកពីបណ្តាញព្រះសង្ឃឯករាជ្យ បានចូលរួមជាមួយសកម្មជនដីធ្លីផ្សេងៗទៀត ក្នុងការដាក់ញត្តិជូនទៅរដ្ឋបាលព្រៃឈើ ដោយទាមទារសូមឲ្យលោកបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដែលខុសច្បាប់។
វីដេអូ | ប្រជាពលរដ្ឋកម្ពុជារួបរួមគ្នាក្នុងការដណ្តើមយកព្រៃឡង់មកវិញ
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២
នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១១ មានប្រជាពលរដ្ឋប្រមាណ៣០០នាក់ មកពីខេត្តទាំងបួនដែលស្ថិតជុំវិញព្រៃឡង់
បានហែរក្បួនឆ្លងកាត់ព្រៃតំបន់ដែលកាប់បំផ្លាញឈើអស់រយៈពេលជាងមួយសប្តាហ៍។ពួកគេដើរល្បាតព្រៃគឺដើម្បីការពារ
ពីការកាប់បំផ្លាញនិងរានព្រៃខុសច្បាប់ពីសំណាក់ឈ្មួញ និងបង្ការនូវការកើនឡើងពីការគម្រាមកំហែង តាមរូបភាពដី
សម្បទានសេដ្ឋកិច្ច និងការជួញដូរផ្សេងៗ។
សេចក្តីថ្លែងការណ៍ | អាជ្ញាធរឃាត់ខ្លួនសកម្មជនព្រៃឈើជាច្រើននាក់ក្នុងទីក្រុងភ្នំពេញ
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១
មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង លីកាដូ សូមថ្កោលទោសចំពោះការឃាត់ខ្លួនសកម្មជនអហិង្សាជាច្រើននាក់ក្នុងថ្ងៃនេះ នាទីក្រុងភ្នំពេញដែលក្នុងនោះនគរបាលបានឃាត់ខ្លួនអ្នកភូមិជាង១០០នាក់ ដោយសារពួកគេ ចែកចាយខិត្តប័ណ្ណស្តីពីបរិស្ថាន។
សកម្មជន ដែលភាគច្រើនមកពីតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នាមកពីខេត្តចំនួន១៤ និងនៅភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយគេដឹង អំពីការបំផ្លិចបំផ្លាញព្រៃឈើនិងសម្បទានដីសេដ្ឋកិច្ចដែលត្រូវបានផ្តល់ក្នុងតំបន់ដីព្រៃ។ បណ្តាញព្រៃឡង់ និយាយអះអាងថា ការអភិវឌ្ឍព្រៃឡង់គឺរឿងសំខាន់បំផុតសម្រាប់ការការពារជម្រកសត្វព្រៃ និងពពួករុក្ខជាតិកម្រ ដែលមាននៅសេសសល់តិចតួចបំផុតសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ ពួកគេក៍បានអះអាងផងដែរថា ការបំផ្លាញព្រៃឈើនឹងរួមចំណែកដល់បំរែបំរួលអាកាសធាតុ និងទីបំផុតប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។
មានសមាជិកព្រៃឡង់ប្រហែលជា៣០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខព្រះបរមរាជវាំង បា្ររព្ធពិធីសាសនានៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍។ បន្ទាប់មកសមាជិកបណ្តាញបានបំបែកគ្នាជាក្រុមតូចៗ រាយគ្នានៅពាសពេញទីក្រុង ដើម្បីចែកចាយខិតប័ណ្ណផ្សព្វផ្សាយរកការគាំទ្រអោយមានការការពារព្រៃឈើ។ នគរបាល និងមន្ត្រីមូលដ្ឋាន ភ្លាមៗនោះបានចូលទៅកាន់ទីតាំងនីមួយៗ រឹបអូសយកខិត្តប័ណ្ណ និងឃាត់ខ្លួនអ្នកភូមិទាំងអស់នោះនៅតាមការិយាល័យសង្កាត់នានាក្នុងមូលដ្ឋាន ដើម្បីសាកសួរ និង “អប់រំរៀនសូត្រ”។
កម្រងរូបភាព | បណ្តាញព្រៃឡង់តវ៉ានៅរាជធានីភ្នំពេញ
ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ អ្នកតវ៉ាជាច្រើននាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីតវ៉ាពីការកាប់បំផ្លាញព្រៃឡង់។ ការផ្តល់សម្បទានសេដ្ឋកិច្ចនាពេលថ្មីៗនេះ បានបង្កហានិភ័យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់។