ទិវាសិទ្ធិមនុស្សអន្តរជាតិ
កម្រងរូបភាព | សហគមន៍ជាច្រើននៅទូទាំងប្រទេសប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិឆ្នាំ ២០២៣
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣
មានពលរដ្ឋយ៉ាងតិចណាស់ ៣.០០០ នាក់ មកពីទូទាំង ១២ ខេត្ត និងរាជធានីភ្នំពេញ ដែលរួមមានខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយរៀង ស្ទឹងត្រែង និងត្បូងឃ្មុំ បានចូលរួមប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិឆ្នាំ ២០២៣ នាសប្តាហ៍នេះ ។
ទិវាសិទិ្ធមនុស្សអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស ។ នាឆ្នាំនេះ គឺជាការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិលើកទី ៧៥ ។
សេចក្តីថ្លែងការណ៍ | ក្រុមអង្គការសង្គមស៊ីវិល សំណូមពររាជរដ្ឋាភិបាល ឱ្យចាត់វិធានការចាំបាច់ដើម្បីអនុវត្ត អនុសាសន៍របស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដ
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
នាឱកាសយុទ្ធនាការ ១៦ ថ្ងៃ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ឆ្នាំ ២០២២ យើងខ្ញុំតំណាងឱ្យក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម សហជីព ដូចមានរាយនាមខាងក្រោម សូមស្នើដល់រាជរដ្ឋាភិបាលដាក់ចេញនូវជំហានជាក់លាក់ ដើម្បីអនុវត្តអនុសាសន៍ដែលបានចែងនៅក្នុងសេចក្តីអង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈ កម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដ (គណៈកម្មាធិការស៊ី-ដ) ដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីនៅកម្ពុជា ។
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (NGO-CEDAW) និងអង្គការសង្គមស៊ីវិលជាដៃគូ កំពុងចេញផ្សាយនូវរបាយការណ៍តាមដានការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ឆ្នាំ២០២១ ។ របាយការណ៍នេះបានលើកយកនូវចំណុចជោគជ័យ និងបញ្ហាខ្វះចន្លោះរបស់រាជរដ្ឋាភិបាល ចំពោះការអនុវត្តអនុសញ្ញាលុបបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (អនុសញ្ញាស៊ី-ដ) ក្នុងអំឡុងឆ្នាំ២០២១ ។ របាយការណ៍នេះផងដែរ ក៏បានរំលេចឡើងនូវវឌ្ឍនភាពស្តីពីជំហាននានាក្នុងការអនុវត្តអនុសាសន៍ ដែលមានចែងនៅក្នុងសេចក្តីអង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការ ឆ្នាំ២០១៩ ទៅតាមការពិនិត្យ ការអនុវត្តអនុសញ្ញា របស់រាជរដ្ឋាភិបាល ។
កម្រងរូបភាព | ឈរជាមួយគ្នាក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២២
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២
ប្រជាពលរដ្ឋជាង ៧.០០០នាក់ នៅយ៉ាងតិច ១៥ខេត្ត និងរាជធានីភ្នំពេញ បានជួបជុំគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ។ សមាជិកសហគមន៍ដីធ្លី បានជួបជុំគ្នា ដើម្បីពិភាក្សាអំពីបញ្ហាដីធ្លីដែលមិនទាន់មានដំណោះស្រាយ សហគមន៍ព្រៃឈើពិភាក្សាអំពីសារៈសំខាន់ និងការបន្តកើតមាននៃបញ្ហាប្រឈមក្នុងកិច្ចការពារធនធានធម្មជាតិ ខណៈដែលសកម្មជនសហជីពបង្ហាញពីការគាបសង្កត់លើសិទ្ធិការងារ និងការចាប់កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារ ជាដើម ។ សមាជិកអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ ដែលរៀបចំដោយសហគមន៍ និងដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស ។
កម្រងរូបភាព | ការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិឆ្នាំ ២០១៩
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
ថ្ងៃទី១០ ខែធ្នូ ៖ ពលរដ្ឋសហគមន៍ សហជីព និងបុគ្គលិកសង្គមស៊ីវិលប្រមាណជាង ៦.០០០ នាក់ បានចូលរួមប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ។
មានសហគមន៍ជាច្រើន ត្រូវគេរាយការណ៍ថា ទទួលរងការគម្រាមកំហែងពីអាជ្ញាធរមូលដ្ឋាន ដោយរារាំងមិនឲ្យអ្នកទាំងនោះប្រារព្ធទិវានេះទេ ជាពិសេសសហគមន៍នៅខេត្តព្រះសីហនុ កំពត កោះកុង និងកំពង់ស្ពឺ ។ សហគមន៍មួយចំនួន នៅតែព្យាយាមប្រារព្ធទិវានេះ ទោះជាមានការគម្រាមកំហែងបែបនេះក៏ដោយ ។
នៅរាជធានីភ្នំពេញ អ្នកក្រុមសង្គមស៊ីវិល សហជីព ព្រះសង្ឃ និងក្រុមយុវជន បានប្រមូលផ្តុំគ្នាជាមួយនឹងតំណាងមកពីស្ថានទូតនានា ដើម្បីប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ ។
អត្ថបទ | ការពិនិត្យឡេីងវិញរយៈពេល ១០ឆ្នាំ ៖ ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩
ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ អង្គការលីកាដូ ធ្វើការសង្ខេបនូវព្រឹត្តិការណ៍ ស្តីពីសិទិ្ធមនុស្ស និង ការរំលោភសិទ្ធិមនុស្សសំខាន់ៗនានា ក្នុងរយៈពេលមូយទសវត្សចុងក្រោយនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងបង្ហាញអំពី ស្ថានភាពសិទិ្ធមនុស្ស ក្នុងឆ្នាំនីមួយៗ (ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩) ដោយចាប់ផ្តើមពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ។
អត្ថបទខ្លីៗ | ប្រជាពលរដ្ឋជាច្រើនប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧
ទោះបីជាមានការរឹតត្បិតមកលើសង្គមស៊ីវិលក៏ដោយ ប្រជាពលរដ្ឋប្រមាណជាង ៣០០០នាក់ បានជួបជុំគ្នានៅតាមតំបន់ជាច្រើន (ភាគច្រើននៅតាមបណ្ដាខេត្ត) ក្នុងប្រទេសកម្ពុជា ដើម្បីប្រារព្ធខួបលើកទី៦៩នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។
ចាប់តាំងពីថ្ងៃសុក្រមក សហគមន៍ និងអង្គការសង្គមស៊ីវិល បានប្រារព្ធទិវានេះជាបន្តបន្ទាប់ និងបានធ្វើការសម្ដែងមតិស្ដីពីបញ្ហាដីធ្លី ការការពារធនធានធម្មជាតិ និងសិទ្ធិជនជាតិដើមភាគតិចជាដើម។
ទោះបីជាមានបរិយាកាសភ័យខ្លាចនាពេលបច្ចុប្បន្នក្ដី សហគមន៍ ប្រជាពលរដ្ឋមូលដ្ឋាន និងសហជីព បានបង្ហាញពីសាមគ្គីភាពនៅក្នុងព្រឹត្តិការណ៍ នៅតាមទីកន្លែងឯកជន និងសាធារណៈផ្សេងៗ។ ប៉ុន្តែសហគមន៍មួយចំនួនត្រូវបានអាជ្ញាធរក្នុងតំបន់ និងអាជ្ញាធរខេត្តហាមឃាត់ក្នុងការដង្ហែក្បួន។
សេចក្តីថ្លែងការណ៍ | អង្គការសង្គមស៊ីវិលសំណូមពរឱ្យមានយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧
នៅក្នុងឱកាសទិវាសិទិ្ធមនុស្សអន្តរជាតិឆ្នាំ២០១៧នេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសំណូមពរដោយទទូចឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអ្នកការពារសិទ្ធិមនុស្ស និងក្រុមសង្គមស៊ីវិល ក៏ដូចជាបញ្ឈប់ការរឹតបន្ដឹងដោយមិនសមហេតុផលទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន។
ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន គឺជាតម្រូវការចាំបាច់សម្រាប់ដំណើរការនៃសង្គមស៊ីវិល ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិផងដែរ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអង្គការសង្គមស៊ីវិលបានរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាព បន្ទាប់ពីសង្រ្គាមស៊ីវិលនៅកម្ពុជាត្រូវបានបញ្ចប់ និងបានរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការលើកកម្ពស់សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យជាដើម។ ការងារស្របច្បាប់របស់អង្គការសង្គមស៊ីវិល មិនគួរត្រូវបានចោទប្រកាន់ថាជាការគំរាមកំហែងដល់សន្តិសុខជាតិទេ ប៉ុន្តែគួរតែទទួលបានតម្លៃ និងការការពារ ព្រោះនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។
ទោះបីជាយ៉ាងនេះក្ដី លំហសម្រាប់អង្គការសង្គមស៊ីវិល ក្នុងដំណើរការសកម្មភាពរបស់ខ្លួន ត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កម្រងរូបភាព | យុត្តិធម៌២០១៦៖ ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦
ប្រជាពលរដ្ឋប្រមាណជាង ១១០០០ នាក់ នៅទូទាំងប្រទេសកម្ពុជា បានរួមគ្នារៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៦។
ការប្រារព្ធទិវានេះនៅទូទាំងប្រទេស ត្រូវបានរៀបចំឡើងដោយក្រុមមិត្ត១០ធ្នូ ដែលមានប្រជាពលរដ្ឋរាប់ពាន់នាក់បានធ្វើការសម្ដែងមតិលើបញ្ហាជាច្រើនដូចជា ការបោះឆោ្នតដោយសេរីនិងយុត្តិធម៌ សិទ្ធិដីធ្លី ប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ តុលាការឯករាជ្យ និងការបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសេរីភាពជាមូលដ្ឋានជាដើម។
អត្ថបទខ្លីៗ | ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦
ថ្ងៃនេះប្រជាពលរដ្ឋរាប់ពាន់នាក់បានជួបជុំគ្នាដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីការប្រារព្ធទិវានេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់រយៈពេលជាង១សប្ដាហ៍កន្លងមក។
នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលគ្រោងនឹងជួបជុំគ្នានៅខាងក្រៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានកងកម្លាំងសន្តិសុខ និងនគរបាលបង្រ្កាបបាតុកម្មបង្ខំឲ្យចាកចេញពីទីតាំងនោះ។ ក្រោយពីការព្យាយាមជួបជុំគ្នានៅទីកន្លែងផ្សេងទៀតត្រូវបានប្រឈមជាមួយនឹងកងកម្លាំងដដែលនេះ អ្នកទាំងនោះបានជួបជុំគ្នាជាថ្មីម្ដងទៀតនៅទីលានប្រជាធិបតេយ្យ ទោះបីជានៅទីនោះមានការដាក់ពង្រាយកងកម្លាំងនគរបាលបង្ក្រាបបាតុកម្មប្រមាណជា ៣០០នាក់ ក៏ដោយ។ ក្រុមផ្សេងទៀតដែលមានចំនួនប្រមាណជា ១០០០នាក់ រួមមានទាំងសហជីព សហគមន៍ ក្រុមសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលបានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សនៅទីនោះផងដែរ។
ព្រឹកនេះ ការប្រារព្ធទិវាសិទ្ធិមនុស្សចំនួន ១២កន្លែងទៀត ត្រូវបានប្រារព្ធឡើងនៅក្នុងខេត្តចំនួន១១ផ្សេងគ្នា ដោយមានការដង្ហែក្បួន និងការរៀបចំវេទិកាសាធារណៈ។ នៅខេត្តកំពត ការប្រារព្ធទិវាសិទ្ធិមនុស្សមួយកន្លែងត្រូវបានបិទដោយអាជ្ញាធរស្រុកដែលបានលើកឡើងថាប្រជាពលរដ្ឋចាំបាច់ត្រូវសើ្នសុំការអនុញ្ញាតដើម្បីរៀបចំព្រឹត្តិការណ៍នេះ។
អត្ថបទខ្លីៗ | ព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិត្រូវបានរារាំងពីសំណាក់អាជ្ញាធរខេត្ត
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦
នារសៀលនេះ ការរៀបចំព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងខេត្តកំពតត្រូវបានរារាំងនិងបញ្ឈប់ដោយអាជ្ញាធរខេត្ត ហើយអាជ្ញាធរដដែលក៏បានព្រមានថាមិនអនុញ្ញាតឲ្យប្រារព្ធទិវាសិទ្ធិមនុស្សពីរផ្សេងទៀតនៅថ្ងៃស្អែកដែរ។
ប្រជាពលរដ្ឋសហគមន៍ប្រមាណជា ៨០នាក់បានព្យាយាមជួបជុំគ្នាដើម្បីរៀបចំវេទិកាសិទ្ធិមនុស្សអន្តរជាតិក្នុងភូមិស្វាយអង្គ ខេត្តកំពត។ ក្រុមអាជ្ញាធរតំបន់ដែលដឹកនាំដោយមន្ត្រីរដ្ឋបាលស្រុកឈូក បានចេញបញ្ជាអោយអ្នកភូមិផ្អាកសកម្មភាពនិងរុះរើរោងជួបជុំ បន្ទាប់ពីអភិបាលខេត្តបានអះអាងថា ប្រជាពលរដ្ឋចាំបាច់ត្រូវស្នើសុំការអនុញ្ញាតដើម្បីរៀបចំវេទិកាសិទ្ធិមនុស្សនេះ ទោះបីជាអ្នករៀបចំបានដាក់លិខិតជូនដំណឹងរួចហើយក្តី។ អាជ្ញាធរបានលើកឡើងថា ព្រឹត្តិការណ៍នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិពីរផ្សេងទៀតដែលគ្រោងនឹងរៀបចំនៅថ្ងៃស្អែកក្នុងខេត្តកំពតក៏នឹងមិនត្រូវបានអនុញ្ញាតផងដែរ។
កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋរាប់ពាន់នាក់បានជួបជុំ និងដង្ហែក្បួនដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយក្រុមមិត្ត១០ធ្នូ។ ការប្រារព្ធទិវាសិទ្ធិមនុស្សនេះនឹងត្រូវបញ្ចប់នៅថ្ងៃស្អែក ជាមួយនឹងព្រឹត្តិការណ៍ចំនួន១៤កន្លែងផ្សេងគ្នាទាំងក្នុងខេត្ត និងរាជធានី។
សេចក្តីថ្លែងការណ៍ | ប្រជាពលរដ្ឋរាប់ពាន់នាក់នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទូទាំងប្រទេសកម្ពុជា
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦
ចាប់ពីថ្ងៃទី០២ ខែធ្នូ រហូតដល់ថ្ងៃទី១០ ខែធ្នូ ប្រជាពលរដ្ឋរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ ជាបន្តបន្ទាប់នៅ៣៥ទីតាំងផ្សេងគ្នាក្នុង១៨ខេត្ត-រាជធានី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៦។
ព្រឹត្តិការណ៍នេះភាគច្រើននឹងត្រូវរៀបចំឡើងនៅតំបន់ជនបទនៃប្រទេសកម្ពុជា ជាកន្លែងដែលក្រុមប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរួមមាន សហគមន៍រងផលប៉ះពាល់ដោយសារជម្លោះដីធ្លី បណ្ដាញយុវជន សមាគម និងព្រះសង្ឃ ក៏ដូចជាសហជីពនិងអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងប្រទេស នឹងរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិជាបន្តបន្ទាប់ ក្រោមប្រធានបទ “យុត្តិធម៌២០១៦”។ នៅរាជធានីភ្នំពេញ និងក្រុងចំនួន៤នៃប្រទេសកម្ពុជា (ក្រុងសៀមរាប បាត់ដំបង សិរីសោភ័ណ និងក្រុងព្រះសីហនុ) ព្រឹត្តិការណ៍ធំៗនៅក្នុងតំបន់ទាំងនេះនឹងត្រូវបានរៀបចំឡើងដោយសហគមន៍នៅជុំវិញតំបន់នីមួយៗ ដើម្បីរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស។
អត្ថបទខ្លីៗ | ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិបានចាប់ផ្តើម
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិបានចាប់ផ្តើមនៅចុងសប្តាហ៍នេះ ដោយមានការរៀបចំជាវេទិកាសាធារណៈនៅរាជធានីភ្នំពេញ និងការដើរហែក្បួននៅខេត្តកំពង់ឆ្នាំង។
នៅខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋប្រមាណជា ២៥០នាក់ មកពីសហគមន៍ឡពាង បឹងកក់ សំរោង បន្ទាយមាស និងសហគមន៍សាវង្ស (សហគមន៍ទាំងអស់នេះត្រូវបានរងផលប៉ះពាល់ដោយបញ្ហាដីធ្លី) ដែលមានការចូលរួមដោយព្រះសង្ឃ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមផ្សេងទៀត ដើម្បីធ្វើការដង្ហែក្បួនចម្ងាយ៥គីឡូម៉ែត្រ និងរៀបចំវេទិកាសាធារណៈស្ដីពីបញ្ហាសិទ្ធិមនុស្សនៅចុងបញ្ចប់នៃកម្មវិធី។ នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពីសហគមន៍បឹងឈូក និងដំណាក់ត្រយឹង ក៏បានជួបជុំគ្នាដើម្បីរៀបចំវេទិកាសាធារណៈស្ដីពីបញ្ហាសិទ្ធិមនុស្ស រួមបញ្ចូលទាំងការអំពាវនាវឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំផងដែរ។
នេះគឺជាការប្រារព្ធទិវាសិទ្ធិមនុស្សដំបូងគេ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗបន្តបន្ទាប់ទៀតនៃការប្រារព្ធទិវាសិទ្ធិមនុស្សទូទាំងប្រទេស ដែលនឹងត្រូវរៀបចំឡើងនៅសប្តាហ៍ក្រោយនេះទៀត។
ផ្សាយព័ត៌មានផ្ទាល់ | ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិឆ្នាំ ២០១៥
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥
ចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូ ក្រុមប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បានប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ក្រោមប្រធានបទ “យុត្តិធម៌”។ សូមចូលរួមជាមួយយើងខ្ញុំដើម្បីប្រារព្ធទិវានេះនៅក្នុងប្រទេសកម្ពុជា និងសង្ខេបព្រឹត្តិការណ៍ដែលត្រូវបានធ្វើកន្លងមក។
សេចក្តីថ្លែងការណ៍ | អង្គការលីកាដូ បានសម្រេចផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅពន្ធនាគារជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំនេះដោយសារមានការរឹតត្បិតជាងមុន
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥
អង្គការលីកាដូ មិនអាចប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិទៅតាមគម្រោងនៅពន្ធនាគារចំនួន ១៨ កន្លែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានឡើយ ដោយសារមានលក្ខខណ្ឌហាមឃាត់មួយចំនួនជាលាយលក្ខអក្សរពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
សេចក្តីថ្លែងការណ៍ | ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនៅទូទាំងប្រទេស
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥៖ ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ យ៉ាងតិចណាស់នៅក្នុង ១៦ រាជធានីនិងខេត្ត នឹងប្រមូលផ្តុំគ្នាដើម្បីប្រារព្ធខួបលើកទី ៦៧ នៃទិវាសិទិ្ធមនុស្សអន្តរជាតិ ដែលនៅក្នុងនោះនឹងមានការប្រមូលផ្តុំគ្នាជាក្រុមធំមួយនៅក្នុងរាជធានីភ្នំពេញ។
ចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ក្រុមប្រជាពលរដ្ឋមូលដ្ឋាន សហគមន៍ដែលរងផលប៉ះពាល់ពីជម្លោះដីធ្លី បណ្តាញយុវជន សហជីព សមាគម ព្រះសង្ឃ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេសកម្ពុជា នឹងធ្វើការប្រារព្ធទិវានេះនៅតាមទីកន្លែងទាំងនោះនៅក្រោមប្រធានបទរួមគឺ “យុត្តិធម៌”។
សេចក្តីថ្លែងការណ៍ | អង្គការ លីកាដូ លុបចោលកម្មវិធីទិវាសិទិ្ធនារីអន្តរជាតិនៅក្នុងពន្ធនាគារ ដោយសារការរឹតត្បិតរបស់រាជរដ្ឋាភិបាល
ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥
នេះជាការសោកស្តាយយ៉ាងខ្លាំង ដែលអង្គការ លីកាដូ បានប្រកាសថានឹងមិនប្រារព្ធកម្មវិធីប្រចាំឆ្នាំរបស់ខ្លួននៅក្នុងពន្ធនាគារកម្ពុជានាឆ្នាំនេះនោះទេ ក្នុងឱកាសទិវាសិទិ្ធនារីអន្តរជាតិ ដែលជារៀងរាល់ឆ្នាំតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមិនា។
អស់រយៈពេល ១៥ឆ្នាំមកហើយ ដែលអង្គការ លីកាដូ បានប្រារព្ធកម្មវីធីនៅក្នុងពន្ធនាគារកម្ពុជា នាថ្ងៃទិវាសិទិ្ធនារីអន្តរជាតិ (IWRD) ដើម្បីផ្តល់នូវកញ្ចប់សម្ភារៈចាំបាច់បន្ថែមទៅអ្នកជាប់ពន្ធនាគារជាស្ត្រី ឆ្មាំពន្ធនាគារជាស្ត្រី និងកុមារជាច្រើន ដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ។ នៅក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ អង្គការ លីកាដូ បានរៀបចំកម្មវិធីសប្បាយៗពិសេសនៅក្នុងពន្ធនាគារ រួមមានការថ្លែងសុន្ទរកថា ល្បែងកំសាន្ត ការរាំរបាំប្រពៃណី និងការសំដែងរបស់អ្នកជាប់ពន្ធនាគារផងដែរ។ សកម្មភាពទាំងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងល្អដោយអ្នកជាប់ពន្ធនាគារជាច្រើន និងធ្លាប់ត្រូវបានគាំទ្រដោយអាជ្ញាធរពន្ធនាគារផងដែរ។
កម្រងរូបភាព | ការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រាក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ ២០១៤
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤
ដើម្បីអបអរសាទរទិវាសិទិ្ធមនុស្សអន្តរជាតិ ឆ្នាំ២០១៤ ព្រះសង្ឃប្រមាណ ៦០០ អង្គ បានដឹកនាំក្បួនធម្មយាត្រា-សិទិ្ធយាត្រាជាមួយសកម្មជន សហជីព សមាគម ប្រជាពលរដ្ឋនៅទីជនបទ និងទីប្រជុំជន អង្គការមិនមែនរដ្ឋាភិបាលនានា តាមផ្លូវជាតិចំនួន ៦ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ។ សាររួមនៃទិវានាឆ្នាំនេះគឺ “គោរពសិទិ្ធមនុស្សនាំមកនូវសន្តិភាព!” នេះជាលើកទីមួយ ដែលសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី បានចូលរួមក្នុងការប្រារព្ធទិវានេះដោយខ្លួនឯង ដោយការដើរហែក្បួននៅតាមផ្លូវជាតិលេខ ៧ ចាប់ផ្តើមពីថ្ងៃទី៤ ខែធ្នូ។
ផ្សាយព័ត៌មានផ្ទាល់ | ទិវាសិទិ្ធមនុស្សអន្តរជាតិ ២០១៤
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤
នាថ្ងៃស្អែក គឺជាទិវាសិទិ្ធមនុស្សអន្តរជាតិ និងការប្រារព្ធទិវាមួយចំនួនទៀត ដែលត្រូវបានដឹកនាំរៀបចំដោយក្រុមជាច្រើន នឹងត្រូវប្រារព្ធធ្វើឡើងនៅភ្នំពេញ។ អ្នកដើរហែក្បួនរាប់រយនាក់ ដែលបានដើរហែក្បួននៅទូទាំងប្រទេសអស់រយៈពេលប្រាំថ្ងៃ នឹងជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិនៅវិមានរដ្ឋសភាជាតិ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានធ្វើឡើងដោយសហជីព គណបក្សជំទាស់ និងសម្ព័ន្ធរបស់អង្គការមិនមែនរដ្ឋាភិបាលផងដែរ។ អង្គការ លីកាដូ នឹងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការន៍ទាំងនេះពីគ្រប់ជ្រុង នៅក្នុងរាជធានីនាថ្ងៃនោះ។
អត្ថបទខ្លីៗ | អាជ្ញាធរបិទផ្លូវជាតិរារាំងក្បួនធម្មយាត្រា-សិទិ្ធយាត្រាចូលរាជធានីមុនទិវាសិទិ្ធមនុស្សអន្តរជាតិ
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤
នាព្រឹកនេះ នៅភូមិគ្រុស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កងរាជអាវុធហត្ថនគរបាល និងកងសន្តិសុខចំនួនជាង ១៥០ នាក់ បានបិទកំណាត់ផ្លូវជាតិលេខ ៥ រារាំងអ្នកដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រាចំនួន ៨០នាក់ ពីការចូលមកក្នុងរាជធានីភ្នំពេញ។
កងសន្តិសុខចំនួនជាង ៣០នាក់ នៅខណ្ឌពោធិ៍សែនជ័យ ក៏កំពុងប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ ៤ រារាំងអ្នកដើរហែក្បួនផងដែរ នៅចន្លោះសង្កាត់កំបូល និងសង្កាត់កន្ទោក លើផ្លូវជាតិលេខ ៤ ហើយនៅខណៈនេះកងសន្តិសុខក៏បានប្រមូលផ្តុំគ្នាដើម្បីបិទផ្លូវជាតិលេខ ១ លេខ ២ និងលេខ ៦ផងដែរ។
អ្នកដើរហែក្បួនមកពីផ្លូវជាតិទាំង ៦ គ្រោងចូលទៅស្នាក់នៅវត្តនៅក្នុងរាជធានីភ្នំពេញនៅរសៀលនេះ ហើយសម្រាកមួយយប់មុនពេលដើរក្បួនទៅកាន់វិមានរដ្ឋសភាជាតិ ដើម្បីដាក់ញត្តិនៅក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ។
ផ្សាយព័ត៌មានផ្ទាល់ | ប្រារព្ធទិវា សិទិ្ធមនុស្សអន្តរជាតិ
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
ការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ធ្នូនាឆ្នាំនេះ ត្រូវបានប្រព្រឹត្តិឡើងដោយមានការធ្វើធម្មយាត្រាបែបសាសនាដែលមានទំហំធំមិនធ្លាប់មានពីមុនមក ដោយចាប់ចេញដំណើរពីផ្លូវជាតិចំនួន ៥ នាថ្ងៃទី១ ខែធ្នូ និងកម្មវិធីជាច្រើនផ្សេងៗទៀតដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ធ្នូ ដោយគណបក្សនយោបាយ និងក្រុមសង្គមស៊ីវិល។ សូមតាមដានការផ្សាយផ្ទាល់របស់យើងខ្ញុំ អំពីបច្ចុប្បន្នភាពនូវព្រឹត្តិការណ៍ទាំងនោះ។