អត្ថបទ

យុទ្ធនាការ​១៦ថ្ងៃ​ ទប់​​ស្កាត់​​អំពើ​​ហិង្សា​​លើ​​ស្រី្ត​​ភេទ៖ អ្នកស្រី​ ទេព​ វន្នី

ចេញផ្សាយ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
F T M

ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦​ថ្ងៃ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​ភេទ អង្គការ​លីកាដូ ផ្តោត​សំខាន់​ទៅ​លើ​អ្នក​ធ្វើ​យុទ្ធនាការ​សិទិ្ធ​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាស្រ្តី ដែល​បាន​ប្រឈម​មុខ និង​ទទួល​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​នៅ​កម្ពុជា។

ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​កន្លះ​លាន​នាក់​បាន​បាត់បង់​ដីធ្លី និង​ផ្ទះ​សម្បែង ដោយ​សារ​ការ​បណ្តេញ​ដោយ​បង្ខំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ។ ពលរដ្ឋ​ទាំង​នោះ ដែល​ភាគ​ច្រើន​ជាស្រ្តី បាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា ដើម្បី​ទាមទារ​យុត្តិធម៌ និង​សំណង​សមរម្យ។ ភាព​សកម្ម​និយម​របស់​អ្នក​ទាំង​នោះ ជា​ញឹក​ញាប់​ត្រូវ​បាន​ទទួល​រង​ដោយ​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ពី​សំណាក់​កង​សន្តិសុខ ក៏​ដូចជា​ការ​គំរាម​កំហែង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ការ​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ផង​ដែរ។

នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាង​មុខ (១៦​ថ្ងៃ) អង្គការ​លីកាដូ នឹងចេញ​ផ្សាយ​ពី​ប្រវត្តិ​តស៊ូ និង​វីដេអូ​ខ្លី​មួយ​ចំនួន ស្តី​ពី​ស្រ្តី​កម្ពុជា ដែល​កំពុង​បន្ត​ទាមទារយុត្តិធម៌ ទោះ​បី​អ្នក​ទាំង​នោះ​បាន​ជួប​ប្រទះ​នឹង​ផល​លំបាក​យ៉ាង​ណា​ក្តី។

យើង​ចាប់​ផ្តើម​បរិយា​អំពី​អ្នកស្រី ទេព វន្នី ដែល​បច្ចុប្បន្ន​មាន​អាយុ​ ៣៨​ឆ្នាំ និង​ដែល​ជា​ស្ត្រី​ឈរ​ជួរ​មុខ​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​ ក្នុង​ការ​តវ៉ា​ជំទាស់​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​រាជ​ធានី​ភ្នំពេញ។ អ្នក​ស្រី​ក៏​ជា​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដ៏​សកម្មមួយ​រូប​ផង​ដែរ។

អ្នកស្រី បានជាប់ពន្ធនាគារ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ និង​ក្រោយ​មក​ទៀត​អ្នកស្រី​ត្រូវ​បាន​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៣០ខែ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​មួយ​ចំនួន ដែល​មតិ​ភាគ​ច្រើន​អះ​អាង​ថា​ជា​ការ​ចោទ​ប្រកាន់​មិន​​ត្រឹម​​ត្រូវ ទាក់​ទង​នឹង​ការ​តវ៉ា​ដោយ​អហិង្សា។ នេះ គឺ​ជា​លើក​ទីបួន​ហើយ ដែល​អ្នក​ស្រី​ត្រូវ​បាន​ជាប់​ពន្ធនាគារ និង​ជា​លើក​ទីមួយ​ហើយ ដែល​អ្នក​ស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​យូរ​បំផុត។ អ្នក​ស្រី​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ អំឡុង​ពេល​មាន​ការ​លើក​លែង​ទោស​ជាច្រើន​មក​លើ​អ្នក​ទោស​មន​សិការ​មួយ​ចំនួន។


មើល​វីដេអូ​នេះ
Tep Vanny message on the situation of women HRDs

អ្នកស្រី ទេព វន្នី បានក្លាយ​ទៅ​ជា​សកម្មជន​សិទិ្ធ​មនុស្ស នៅ​ក្នុង​ឆ្នាំ២០១០ ដោយសារ​តែ​ការ​បដិសេធ​របស់​សាលា​រាជធានី​ក្នុង​ការ​ផ្ដល់​សំណង​សមរម្យ ឬ​ជម្រើស​នៃ​ការ​តាំង​ទីលំ​នៅ​ថ្មី​សមរម្យ សម្រាប់​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​ប្រមាណ​ជាង ៤.០០០​គ្រួសារ។ អ្នក​ទាំង​នោះ បាន​រង​ផល​ប៉ះ​ពាល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​បែប​ក្រុង​រណប​មួយ​នៅ​លើ​ដី​សហគមន៍​របស់​ពួកគេ ដែល​ការ​អភិវឌ្ឍ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​កាន់​អំណាច។

អ្នកស្រីបានសរសេរលើអត្ថបទថ្មីមួយ ថា៖ “ចំនួន​ពលរដ្ឋ នឹង​កើន​ឡើង​ជា​បណ្តើរៗ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ចាប់​ផ្តើម​យល់​ដឹង​ថា អ្វី​ដែល​ពួក​យើង​ធ្វើ គឺ​កំពុង​តស៊ូ​សម្រាប់​អនាគត​កូន​ចៅ​របស់​យើង”។

ស្រ្តី គឺជាអ្នកឈរនៅជួរមុខ ក្នុងការតវ៉ាសម្រាប់យុទ្ធនាការរបស់សហគមន៍បឹងកក់ ដូចជាការដឹកនាំការហែរក្បួន និងដាក់ញាតិទៅក្រសួងផ្សេងៗ ទោះបីជាមានការឃាត់ខ្លួននិងការប្រើប្រាស់អំពើហិង្សាជាញឹកញាប់ ពីសំណាក់អាជ្ញាធររដ្ឋក៏ដោយ។

ក្នុងឆ្នាំ២០១៣ អ្នកស្រី ទេព វន្នី បាន​ធ្វើ​ដំណើរ​ទៅ​កាន់ រដ្ឋ​ធានី វ៉ាស៊ីនតោន (Washington D.C.) នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​ពាន​រង្វាន់ គ្លប​បល​វ៉ោស​អាវើត (Global Voices Award) ដែល​បាន​ធ្វើ​ឲ្យ​ឈ្មោះ និង​ការ​តស៊ូ​របស់​អ្នក​ស្រី​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

យើង នៅ​តែ​​មាន​​​ឆន្ទៈ​​​ក្នុង​​​ការ​​​ប្រឈម​នឹង​​​ហានិភ័យ​​​គ្រប់​​​បែប​​​យ៉ាង ដើម្បី​​ការពារ​​ផ្ទះ​​និង​​ដី​​របស់​យើង​...យើង​​ជា​​ប្រជា​ពលរដ្ឋ​​ស្លូត​ត្រង់ ដែល​មិន​ធ្លាប់​ប្រព្រឹត្ត​រឿង​ខុស​ច្បាប់​ណា​មួយ​នោះ​ទេ។

ដោយសារតែមានភាព​ជោគជ័យ​លើ​រឿង​ទាំង​អស់​នេះ អ្នក​ស្រី ទេព វន្នី បាន​ចាប់​ផ្ដើម​តវ៉ា ដើម្បី​ជួយ​ពលរដ្ឋ​ដទៃ​ទៀត។ ជាក់​ស្ដែង នៅ​ពេល​មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន​៤នាក់ និង​មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ម្នាក់ ត្រូវ​បាន​ឃុំខ្លួន​ដែល​ភាគ​ច្រើន​យល់​ថា​មិន​ត្រឹម​ត្រូវ អ្នក​ស្រី ទេព វន្នី បាន​ចូលរួម​ជាមួយ​អ្នក​ដទៃ​ទៀត​ក្នុង​ការ​ធ្វើ “យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ” ដើម្បី​តវ៉ា​ទាមទារ​សូម​ឲ្យ​ដោះ​លែង​សកម្មជន​សិទិ្ធ​មនុស្ស​ទាំង ៥នាក់។

ទោះបីជាអ្នកស្រី រង​នូវភាព​លំបាក​ជា​ច្រើន ហើយ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ដែល​សាធារណ​មតិ​យល់​ថា​កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ក៏ដោយ ក៏​អ្នកស្រី នៅ​តែ​តស៊ូ និង​ប្តេជ្ញា​ចិត្ត​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​មាន​នូវ​យុត្តិធម៌​ក្នុង​សង្គម​កម្ពុជា។

អ្នកស្រីបានសរសេរ​ថា៖ “ខ្ញុំនៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់ខ្ញុំ និង​ក្រុម​គ្រួសារ​របស់ខ្ញុំ។ ខ្ញុំ​មិន​មាន​អារម្មណ៍​​សុវត្ថិភាព​​ទេ ទោះ​បី​ជា​ខ្ញុំ​ត្រូវ​បាន​ដោះលែង​​ក៏​ដោយ។ គិញ​សម្ងាត់​របស់​អាជ្ញាធរ​រដ្ឋ​នៅ​តែ​បន្ត​តាមដាន​សកម្មភាព​របស់​ខ្ញុំ។”

អ្នកស្រីបន្ថែមទៀតថា “យើង នៅតែ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឈម​នឹង​ហានិភ័យ​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​ផ្ទះ​និង​ដី​របស់​យើង​...យើង​ជា​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​មិន​ធ្លាប់​ប្រព្រឹត្ត​រឿង​ខុស​ច្បាប់​ណាមួយ​នោះ​ទេ។ ខ្ញុំ​គិត​ថា​ជោគ​ជ័យ​កំពុង​រង់ចាំ​យើង​នៅ​ថ្ងៃ​អនាគត ប្រសិន​បើ​យើង​រៀបចំ​ការ​តស៊ូ​ដោយ​អហិង្សា ដើម្បី​សម្រេច​គោលដៅ​របស់​យើង។”

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា