ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ឈឹម សុខន

សកម្មជន​ការពារ​សិទ្ធិការងារ​សហជីព​ណាហ្គាវើលដ៍​​ នៅរាជធានីភ្នំពេញ

កូដកម្ម​ដែល​អូស​បន្លាយពេល​យូរ​ជាងគេ​ ​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​កម្ពុជា​ ​បាន​ចាប់ផ្ដើម​កើតមាន​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​មកដល់​បច្ចុប្បន្ន​ ​។​ ​កូដកម្ម​នេះ​ ​ធ្វើឡើង​ដោយ​សហជីព​មួយ​ដែល​មាន​ថ្នាក់​ដឹកនាំ​ជា​ស្ត្រី​ ​គឺ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​សហជីព​ណា​ហ្គាវើ​ល​ដ៍) ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​នៅ​កា​ស៊ី​ណូ​ប្រណិត​ ​ណា​ហ្គាវើ​ល​ដ៍ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ប្រធាន​សហជីព​នេះ​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​តាំងពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ដែល​ត្រូវ​បាន​ជំនុំ​ជម្រះ​នៅ​ក្នុង​សវនាការ​ ​ជាមួយ​សមាជិក​ ​និង​អ្នកគាំទ្រ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ចំនួន​៨​នាក់​ផ្សេងទៀត​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ ​។​ ​កញ្ញា​ ​ឈឹម​ ​សុខន​ ​គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ស្រ្តី​ទាំង​៩​នាក់​ ​នៃ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ​ ​។​ ​

ទោះបីជា​ទទួលរង​សម្ពាធ​ពី​ការទទួលខុសត្រូវ​ច្រើន​ពី​ដំបូង​ ​កញ្ញា​ ​សុខន​ ​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ស្មារតី​សាមគ្គី​នៅ​ក្នុង​សហជីព​៖​ “​នៅ​ពេល​នាងខ្ញុំ​ទៅ​ចូលរួម​ប្រជុំ​រហូត​ចឹ​ង​ ​គេ​ក៏​សំឡឹងឃើញ​ខ្ញុំ​ចាប់អារម្មណ៍​ការងារ​សហជីព​អ៊ីចឹង​ ​គេ​ក៏​ធ្វើ​ការបោះឆ្នោត​ដោយ​ឱ្យ​នាងខ្ញុំ​ឈរឈ្មោះ​ ​ហើយ​ពេល​ហ្នឹង​ខ្ញុំ​អត់មាន​ចំណាប់អារម្មណ៍​ចង់​ឈរឈ្មោះ​ទេ​” ​។​ ​ការបញ្ឈប់​បុគ្គលិក​នៅ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ ​១​៣​២​៩​នាក់​ ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ ​។​ ​ក្នុង​នោះ​ ​បុគ្គលិក​ប្រមាណ​ជា​ ​១​១​០​០​នាក់​ (​៨​២​%) ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​រួម​មាន​ថ្នាក់​ដឹកនាំ​ទាំងអស់​ ​និង​សមាជិក​ជាច្រើន​នាក់​ទៀត​ ​។​

មិនមែន​ទាមទារ​សម្រាប់​តែ​ខ្លួនខ្ញុំផ្ទាល់​ខ្លួនឯង​ទេ​ ​គឺ​ពេល​ដែល​យើង​បាន​ទទួល​ភាព​យុត្តិធម៌​ហ្នឹង​ ​គឺ​យើង​ទទួល​បាន​គ្រប់​កម្មករ​ទាំងអស់​ ​គ្រប់កន្លែង​ទាំងអស់​

ដំបូង​ ​កញ្ញា​ ​សុខន​ ​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​ ​អំឡុង​ពេល​សហជីព​ណា​ហ្គាវើ​ល​ដ៍​ធ្វើ​កូដកម្ម​ដាច់ដោយឡែក​មួយទៀត​ ​ក្នុង​ឆ្នាំ​២​០​១​៣​ ​នៅពេលដែល​កញ្ញា​ត្រូវ​បាន​អាជ្ញាធរ​ហ៊ុមព័ទ្ធ​ ​និង​​ឃាត់ខ្លួន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​មុន​ពេល​ត្រូវ​បាន​ដោះលែង​មកវិញ​ ​បន្ទាប់ពី​ការ​ឃាត់ខ្លួន​រយៈពេល​ខ្លី​ ​។​ ​ចាប់ពី​ខែ​មករា​ ​ដល់​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​កញ្ញា​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​ម្ដងទៀត​រយៈពេល​ជាង​ ​២​ខែ​ ​ពាក់ព័ន្ធ​នឹង​ការចូលរួម​បន្ត​ធ្វើ​កូដកម្ម​របស់​សហជីព​ណា​ហ្គាវើ​ល​ដ៍ “​ខ្ញុំ​ត្រូវ​ទៅ​រស់​នៅក្នុងបន្ទប់​ដែល​មាន​មនុស្ស​១​០​០​នាក់​ជាង​ ​ហើយ​គេង​សម្រាក​ដូច​ត្រីឆ្អើរ​អ៊ីចឹង​ ​ប​ញ្ច្រាស់​ក្បាល​គ្នា​ទៅមក​ ​ហើយ​បន្ទប់ទឹក​អត់មាន​កន្លែង​បាំង​ ​អត់មាន​ទឹក​ងូត​គ្រប់គ្រាន់​ ​ហើយ​អាហារ​ទៀត​គឺ​យើង​ទទួលយក​អត់​បាន​ហ្មង​ ​គឺ​ពិបាក​មែនទែន​” ​។​

កញ្ញា​ ​សុខន​ ​បាន​បន្ថែម​ទៀត​ថា​ ​កញ្ញា​ ​មិនមែន​ជា​មនុស្ស​តែម្នាក់​ដែល​រងគ្រោះ​ដោយដៃ​អាជ្ញាធរ​ប៉ុណ្ណោះ​ទេ​ ​អំឡុង​ពេល​ធ្វើ​កូដកម្ម​ “​កូដករ​ដែល​នៅ​តវ៉ា​ខាងក្រៅ​វិញ​ ​គាត់​ត្រូវ​បាន​អាជ្ញាធរ​រុញច្រាន​ ​។​ ​អ្នកខ្លះ​ហ្នឹង​ ​ត្រូវ​បាន​រុញ​រហូតដល់​គាត់​បាត់បង់​កូន​ក្នុង​ផ្ទៃ ហើយ​​មាន​​អ្នកខ្លះ​​ទៀត​​ត្រូវ​បាន​អាជ្ញាធរ​វៃ​ឡើង​​បែកមុខ​បែកមាត់​​ ​ហើយ​​អ្នកខ្លះ​​ទៀត​​ត្រូវ​បាន​អាជ្ញាធរ​បៀតបៀន​ដូចជា​ ​លូក​ចាប់​ដោះ​ ​លូក​ចាប់​គាត់​អី​ជាដើម​ ​ហើយ​ជេរប្រមាថ​គាត់​ជា​ស្ត្រី​ហ្នឹង​ ​ដោយ​ប្រើ​ភាសា​អសុរោះ​” ​។​ ​កញ្ញា​ ​បាន​លើកឡើង​ថា​ ​ការប្រើប្រាស់​ភាសា​អសុរោះ​មក​លើ​ស្ត្រី​ពីសំណាក់​អាជ្ញាធរ​ ​គឺ​កើតឡើងជា​ធម្មតា​ទៅ​ហើយ​ ​ហើយ​កញ្ញា​មិន​អាច​លាក់បាំង​ការឈឺចាប់​ដែល​កើត​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងនេះ​ទេ​ ​។​ ​កញ្ញា​ ​បាន​និយាយ​ថា​ “​យើង​អត់​អាច​ទទួលយក​បានទេ​” ​។​ ​កញ្ញា​ ​បន្ថែម​ថា​ “​ពេលខ្លះ​ ​យើង​ពិបាក​ទប់ទល់​ដែរ​ ​យើង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ហើយ​ ​លំបាក​ទៀត​ ​លំបាក​រហូត​ ​គឺ​យើង​ត្រូវ​ទ្រាំ​នឹង​សម្ពាធ​ច្រើន​ណាស់​ ​សម្ពាធ​ជីវភាព​ ​ហើយ​យើង​មើលឃើញ​សមាជិក​យើង​គាត់​រងគ្រោះ​” ​។

កញ្ញា សុខន ផ្ដល់បទសម្ភាសន៍​នៅការិយាល័យ​អង្គការ​លីកាដូ ក្នុងរាជធានីភ្នំពេញ ។

ក្រោយពី​កិច្ចសម្ភាសន៍នេះ​ត្រូវបាន​ធ្វើឡើង ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅថ្ងៃទី២៥ ​ខែឧសភា ​ឆ្នាំ២០២៣ ​បានផ្ដន្ទាទោស​សកម្មជន​សហជីព​ណាហ្គាវើលដ៍​ចំនួន ៩នាក់​ ពីបទ​ញុះញង់ ​ទាក់ទិន​​នឹង​សកម្មភាព​សិទ្ធិការងារ​អហិង្សា​របស់​ពួកគេ ​ក្នុងនោះ​មានកញ្ញា ​ឈឹម សុខន ​ផងដែរ ។ ​កញ្ញា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ​ព្រមទាំង​ត្រូវដាក់​ឱ្យស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​រហូតទាល់តែ​មាន​សាលក្រម​ស្ថាពរ​ ទើបចាប់​អនុវត្តទោស​ជាប់​ពន្ធនាគារ​របស់កញ្ញា ​។​ ​តុលាការ​មិនបានផ្ដល់​ហេតុផល​ក្នុងការ​ចេញ​សាល​ក្រមនេះ​ទេ​ ។

កញ្ញា​ ​សុខន​ ​ហួសចិត្ត​ ​ដែល​ការ​ការពារ​សិទ្ធិ​ការងារ​បាន​នាំ​កញ្ញា​ប្រឈម​នឹង​តុលាការ​ព្រហ្មទណ្ឌ​ ​។​ ​កញ្ញា​ ​ក៏បាន​សង្កត់ធ្ងន់​ពី​ការ​ខិតខំ​របស់​សហជីព​ណា​ហ្គាវើ​ល​ដ៍​ក្នុង​ការ​គោរពច្បាប់​ ​និង​នីតិវិធី​ ​នៅពេលដែល​ធ្វើសកម្មភាព​ផ្សេងៗ​ ​។​ ​កញ្ញា​ ​លើកឡើង​ថា​ ​ការដោះស្រាយបញ្ហា​តាមផ្លូវ​តុលាការ​ ​សម្រាប់​ក្រុមហ៊ុន​ធំ​មួយ​ ​គឺ​ងាយស្រួល​ ​ជាង​សហជីព​ ​ដូចជា​សហជីព​ណា​ហ្គាវើ​ល​ដ៍ “​យើង​ត្រូវ​ស៊ូ​ជាមួយ​ក្រុមហ៊ុន​លំដាប់​យក្ស​ ​លំដាប់​ក្រុមហ៊ុន​អ្នកមាន​” ​។​ ​កញ្ញា​ ​ក៏បាន​លើកឡើង​ពី​អ​តុល្យភាព​នៅ​ក្នុង​អំណាច​ ​ធនធាន​ ​និង​ឥទ្ធិពល​នយោបាយ​ ​រវាង​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​និង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ថា​ “​គេ​មាន​លុយ​” ​។​

នៅ​ពេល​សួរ​ថា​ ​អ្វី​ដែល​ជំរុញចិត្ត​កញ្ញា​ឱ្យ​បន្ត​តស៊ូ​ ​ទោះបីជា​ប្រឈម​នឹង​បញ្ហា​លំបាក​ទាំងនេះ​ ​ការ​ឆ្លើយតប​របស់​ ​កញ្ញា​ ​សុខន​ ​គឺ​ “​ខ្ញុំ​អត់​ចង់​ឃើញ​អំពើ​អយុត្តិធម៌​ហ្នឹង​ទេ​ ​ហើយ​ខ្ញុំ​គិតថា​ ​បើ​ខ្ញុំ​ឈប់​នៅ​ពេលនេះ​ ​ខ្ញុំ​នឹង​ទទួល​បាន​ភាព​អយុត្តិធម៌​ហ្នឹង​ជាប់​រហូត​អស់មួយជីវិត​” ​។​ ​កញ្ញា​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ដោយ​ការ​ធ្វើជា​គំរូ​ ​និង​ចង់​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដល់​អ្នកដទៃ​ទៀត​ “​មិនមែន​ទាមទារ​សម្រាប់​តែ​ខ្លួនខ្ញុំផ្ទាល់​ខ្លួនឯង​ទេ​ ​គឺ​ពេល​ដែល​យើង​បាន​ទទួល​ភាព​យុត្តិធម៌​ហ្នឹង​ ​គឺ​យើង​ទទួល​បាន​គ្រប់​កម្មករ​ទាំងអស់​ ​គ្រប់កន្លែង​ទាំងអស់​” ​។​

កញ្ញា​ ​សុខន​ ​លើកទឹកចិត្ត​សកម្មជន​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​អ្នក​ដែល​ស្ទើរស្ទាក់​ក្នុង​ការ​និយាយ​ចេញ​ ឱ្យ​រួមគ្នា​លើកទឹកចិត្ត​ឱ្យ​មាន​ការចូលរួម​ ​ដូច​អ្វី​ដែល​កញ្ញា​បាន​ធ្វើ​ ​។​ ​កញ្ញា​ថា​ “​ពេល​ដែល​យើង​ជួប​រឿង​អយុត្តិធម៌​ ​យើង​មិន​ត្រូវ​នៅ​ស្ងៀម​ទេ​” ​។​ ​កញ្ញា​ ​ក៏បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​បទពិសោធន៍​ ​និង​ថា​ ​មិន​ចាំបាច់​ទាល់តែ​មាន​ការអប់រំ​ផ្លូវការ​ ​ដើម្បី​អាច​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នោះ​ទេ​ ​។​ ​ប៉ុន្តែ​កញ្ញា​ ​ក៏​ទទួលស្គាល់​ដែរ​ថា​ ​ភាព​សកម្ម​និយម​ ​គឺ​ពិបាក​នឹង​ធ្វើ​ម្នាក់ឯង​ ​ហើយ​ថា​ស្មារតី​សហការ​គ្នា​គឺជា​រឿង​សំខាន់​ ​។​ ​កញ្ញា​បន្ត​ថា​ “​កិច្ចការ​នេះ​ហត់នឿយ​ផ្លូវចិត្ត​ ​ប៉ុន្តែ​ខ្ញុំ​សំណាង​ដែល​មានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​” ​។​

កញ្ញា សុខន តវ៉ា​នៅខាងមុខ​រដ្ឋសភាជាតិ នៅថ្ងៃ​ប្រារព្ធទិវាពល​កម្មអន្តរជាតិ ឆ្នាំ២០២៣ ។

កញ្ញា​ ​សុខន​ ​ក៏បាន​ផ្ញើ​សារ​ទៅកាន់​ ​រាជរដ្ឋាភិបាល​ ​យ៉ាង​ច្បាស់​ថា​ “​យើង​ចង់​ឃើញ​ឱ្យ​រាជរដ្ឋាភិបាល​ ​មានការ​គាំទ្រ​ ​ក្នុងនាម​គាត់​ជា​អាណាព្យាបាល​យើង​ ​ហើយ​ឱ្យ​មាន​ដំណោះស្រាយ​ប្រកបដោយ​ភាព​យុត្តិធម៌​” ​។​ ​ចំណែក​ឯ​ ​សារ​របស់​កញ្ញា​ចំពោះ​ក្រុមហ៊ុន​ដូចជា​ ​ណា​ហ្គាវើ​ល​ដ៍​គឺ​ “​ខ្ញុំ​សូម​ផ្ញើ​សារ​ទៅកាន់​និយោជក​ទាំងអស់​ថា​ ​នេះ​ជា​អ្វី​ដែល​បាន​កើតឡើង​ ​។​ ​សូម​បញ្ឈប់​ការ​រំលោភបំពាន​បុគ្គលិក​ខ្លួនឯង​ ​និង​ផ្ដល់​យុត្តិធម៌​ឱ្យ​ពួកគាត់​” ​។

ព័ត៌មានបន្ថែម​អំពី​សិទ្ធិ​ការងារ៖​: នៅខែវិច្ឆិកា ​ឆ្នាំ២០២២ ​អង្គការលីកាដូ ​បានប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ទប់ស្កាត់​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ​ ដោយ​ចូលរួម​អបអរសាទរ​ ដល់​ស្រ្តីទាំងអស់​ ដែល​កំពុង​ក្រោកឈរ​ដើម្បី​សិទ្ធិការងារ​ និងតស៊ូ ​ដើម្បី​បញ្ចប់​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ​នៅកន្លែង​ការងារ ។​ នៅក្នុង​របាយការណ៍​សង្ខេប​ “ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​ ​៖​ ​រឿងរ៉ាវ​នៃ​ការ​តស៊ូ​ចំនួន​ ​៦​” ​អង្គការ​លីកាដូ​ បានចែក​រំលែក​រឿងរ៉ាវ​ និង​អនុសាសន៍​របស់​សកម្មជន​៦នាក់​ ដែល​កំពុង​តស៊ូ ​ក្នុងនាម​ជាអ្នកដឹកនាំ​ និង​សមាជិក​​សហជីព​ សមាគម​ និង​សហព័ន្ធ​សហជីព​ ជាដើម ៕​

ត្រឡប់ទៅទំព័រដើមវិញ