សិទិ្ធបញ្ចេញមតិ និងចូលរួម
អត្ថបទខ្លីៗ | សមាជិកសហគមន៍សំរោងត្បូង រងការបៀតបៀន ក្រោយទទួលការជូនដំណឹងពីការបណ្តេញចេញ
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
កងកម្លាំងនគរបាល និងកងសន្តិសុខខណ្ឌជាច្រើននាក់ បានបិទផ្លូវ រារាំងការដើរក្បួនរបស់សមាជិកសហគមន៍សំរោងត្បូងចំនួនប្រមាណ ៦០ នាក់ ដែលកំពុងរស់នៅក្នុងបឹងតាមោក ដែលឋិតនៅភាគខាងជើងរាជធានីភ្នំពេញ ។ នាព្រឹកនេះ អាជ្ញាធរប្រើអំពើហិង្សា និងរុញច្រានសមាជិកសហគមន៍ ដែលកំពុងដើរឆ្ពោះទៅកាន់សាលាខណ្ឌព្រែកព្នៅ ដើម្បីជួបមន្ត្រីខណ្ឌ ក្រោយពេលដែលពលរដ្ឋចំនួន ៦ គ្រួសារ ក្នុងសហគមន៍ ទទួលបានការជូនដំណឹងពីការបណ្តេញចេញពីលំនៅឋាន ។ ការជូនដំណឹងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឱ្យគ្រួសារទាំងនោះចាកចេញ ដើម្បីទុកដីសាងសង់ផ្លូវ ។
កងកម្លាំងនគរបាល និងកងសន្តិសុខប្រមាណជាង ៦០ នាក់ បានរារាំងសមាជិកសហគមន៍ទាំងនោះ ដោយបានរុញច្រានអ្នកទាំងនោះ ឱ្យថយក្រោយ ប្រើប្រាស់អំពើហិង្សាសមាជិកសហគមន៍មួយចំនួន និងរារាំងអ្នកទាំងនោះ មិនឱ្យដើរក្បួនឆ្ពោះទៅកាន់សាលាខណ្ឌ ។ ពលរដ្ឋទាំងនោះ ត្រូវបានអាជ្ញាធរបង្ខំឱ្យដើរត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ដោយមានការអមដោយកងកម្លាំងសន្តិសុខជាច្រើន ។
សមាជិកសហគមន៍សំរោងត្បូងជាច្រើននាក់ បានប្រឈមនឹងការរំលោភបំពានពីសំណាក់កងកម្លាំងនគរបាល ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើន និងការគំរាមកំហែងនៃការបណ្តេញចេញដោយបង្ខំ នៅខណៈដែលរាជរដ្ឋាភិបាលបានកាត់ដី និងលុបមួយភាគធំនៃផ្ទៃបឹងតាមោក ដោយប្រគល់ទៅឱ្យក្រសួងមួយចំនួន មន្ត្រីរាជការមួយចំនួន និងបុគ្គលឯកជនជាច្រើនដែលមានទំនាក់ទំនងជិតស្និតនឹងអ្នកមានអំណាច ។
អត្ថបទខ្លីៗ | មេដឹកនាំគណបក្សជំទាស់ម្នាក់ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤
នៅព្រឹកនេះ ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនៅឯការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង នៅពេលដែលលោកទើបត្រឡប់មកពីជួបអ្នកគាំទ្ររបស់លោកនៅឯប្រទេសជប៉ុន ។
លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនដោយកងកម្លាំងនគរបាល កាលពីម៉ោង ៩ ព្រឹកនេះ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា ការចាប់ខ្លួនលោក ចន្ធី គឺតាមដីកាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពីសំណុំរឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ដីកាបញ្ជាឱ្យចូលខ្លួនមួយ ត្រូវបានចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែឧសភា ដោយបង្គាប់ឱ្យនគរបាល ចាប់ខ្លួនលោក ចន្ធី និងនាំខ្លួនលោក នៅមុខការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដីកាបញ្ជាឱ្យចូលខ្លួន ត្រូវបានចុះហត្ថលេខាដោយព្រះរាជអាជ្ញា ច្រឹង ខ្មៅ នៅថ្ងៃតែមួយដែលគណបក្សកម្លាំងជាតិបង្ហោះវីដេអូមួយនៅលើគេហទំព័របណ្តាញសង្គមរបស់លោក ចន្ធី ដែលកំពុងនិយាយទៅកាន់អ្នកគាំទ្ររបស់លោក នៅឯប្រទេស ជប៉ុន ។
អត្ថបទខ្លីៗ | មេដឹកនាំសហជីពម្នាក់ត្រូវបានផ្តន្ទាទោស និងដាក់ពន្ធនាគារ មុនពេលបោះឆ្នោតរើសប្រធានសហព័ន្ធសហជីព
ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
លោក ម៉ម រិទ្ធី ដែលជាអនុប្រធានសហភាពការងារកម្ពុជា (CLC) ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់មិញ នៅខាងក្រៅការិយាល័យរបស់សហជីព ក្រោយពេលលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដោយកំបាំងមុខ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ។ លោកត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ១៨ ខែ កាលពីថ្ងៃអង្គារ៍ កន្លងទៅ ។
ក្រៅពីជាអនុប្រធានសហភាពការងារកម្ពុជា លោក រិទ្ធី ដែលមានអាយុ ៣៥ ឆ្នាំ ក៏ជាប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ។ លោកត្រូវបានតុលាការផ្តន្ទាទោស ពាក់ព័ន្ធនឹងការចេញផ្សាយនូវវីដេអូមួយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលលោកបានរិះគន់ការចាប់ខ្លួនសមាជិកសហជីពរបស់លោក នៅកាស៊ីណូ ជីន ប៉ី ខេត្តព្រះសីហនុ ។
សាលក្រមផ្តន្ទាទោសខាងលើ ត្រូវបានចេញ ដោយមិនមានវត្តមានរបស់លោក ឬមេធាវីរបស់លោកនោះទេ ក្រោយពេលដែលមេធាវីរបស់លោក បានដាក់ពាក្យស្នើសុំពន្យារពេល ដោយសារមេធាវីជាប់រវល់ ។ តុលាការបានរកឃើញថាលោកមានពិរុទ្ធភាព ពីបទ ញុះញង់ យោងតាមមាត្រា ៤៩៤ និង ៤៩៥ និងបទ “ឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ” យោងតាមមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក) ។
សេចក្តីថ្លែងការណ៍ | គ្រប់គ្រាន់ហើយ ៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤
យើងខ្ញុំជាក្រុមសង្គមស៊ីវិល សហជីព សហព័ន្ធដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសអតីតនិងបច្ចុប្បន្ន ជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ។ មកដល់ពេលនេះ អាជ្ញាធរ និងតុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយ ។ អាជ្ញាធរត្រូវតែដោះលែងប្រធានសហជីពណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងនេះ ។
នាព្រឹកថ្ងៃទី ០៣ ខែឧសភា តុលាការកំពូល បានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទចំនួន ៨រូប ដែលជាអតីត និងបច្ចុប្បន្នថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ ។ អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ១ ឆ្នាំ ដល់ ២ ឆ្នាំ ។ កញ្ញា ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលកំពុងអនុវត្តទោសជាប់ក្នុងពន្ធនាគាររយៈពេល ២ ឆ្នាំ ។ ការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសនាព្រឹកថ្ងៃទី០៣ ខែឧសភា នឹងធ្វើឱ្យកញ្ញា ស៊ីថរ បន្តជាប់ពន្ធនាគារដដែល និងអាចធ្វើឱ្យអាជ្ញាធរចាប់បញ្ជូនខ្លួនជនជាប់ចោទចំនួន ៥ នាក់ ផ្សេងទៀត ទៅកាន់ពន្ធនាគារភ្លាមៗ ។ អ្នកទាំង ៥ រួមមានអ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា សុន ស្រីពេជ្រ និងអ្នកនាង ទូច សិរីមាស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ ។
អត្ថបទខ្លីៗ | តុលាការកំពូលតម្កល់ការផ្តន្ទាទោសលើអតីត និងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវេីលដ៏ ដោយឱ្យ ស៊ីថរ បន្តក្នុងពន្ធនាគារ
ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
នាព្រឹកនេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោសលេីអតីត និងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវេីលដ៏ ដែលធ្វេីឱ្យប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគារដដែល ។
នាព្រឹកថ្ងៃទី ០៣ ខែឧសភា នេះ ក្រុមប្រឹក្សាជំនុំជម្រះដែលមានសមាសភាពចៅក្រមចំនួន ០៤ រូប បានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់សេចក្ដីសម្រេចផ្តន្ទាទោសពន្ធនាគារ លេីជនជាប់ចោទទាំង ៨ រូប ។ ទោសពន្ធនាគាររបស់អ្នកទាំងនោះ ចាប់ពី ១ ទៅ ២ ឆ្នាំ ។ ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ដែលកំពុងជាប់ពន្ធនាគារ លេីទោសរយៈពេល ២ ឆ្នាំ ។
នៅពេលដែលស៊ីថរ នឹងត្រូវជាប់ទោសពន្ធនាគារចប់សព្វគ្រប់នៅក្នុងឆ្នាំនេះ ការសម្រេចតម្កល់ការផ្តន្ទាទោសនាថ្ងៃនេះ អាចនឹងធ្វើឱ្យជនជាប់ចោទចំនួន ៥ នាក់ទៀត ត្រូវអាជ្ញាធរបញ្ជូនខ្លួនទៅពន្ធនាគារភ្លាមៗ ។ អ្នកទាំង ៥ រួមមានអ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា សុន ស្រីពេជ្រ និងអ្នកនាង ទូច សិរីមាស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ ។
កម្រងរូបភាព | ការប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៤
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
សហព័ន្ធសហជីព សហជីព កម្មករនិយោជិត និងក្រុមសង្គមស៊ីវិលនៅក្នុងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នា ប្រារព្ធទិវាពលកម្មអន្តរជាតិ នៅថ្ងៃពុធនេះ ។
ការប្រារព្ធទិវាត្រូវបានធ្វើឡើងនៅមុខទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅក្បែររមណីយដ្ឋាន វត្តភ្នំ និងមុខរដ្ឋសភាជាតិ ។
មេដឹកនាំសហជីព និងកម្មករនិយោជិត បាននិយាយអំពីសមិទ្ធផលដែលអ្នកទាំងនោះសម្រេចបាននៅក្នុងចលនាទាមទារសិទិ្ធការងារ ប៉ុន្តែបានព្រមាន និងស្នើសុំឱ្យបញ្ឈប់ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ លើសមាជិកសហជីពនិងសកម្មជនសិទិ្ធការងារ ការរឹតត្បិតសិទិ្ធសេរីភាពកម្មករ និងសិទិ្ធក្នុងការតស៊ូមតិដើម្បីប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារសមរម្យសម្រាប់បងប្អូនកម្មករនិយោជិត ។
វីដេអូ | កម្លាំងនៃសាមគ្គីភាព
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃនេះ យើងខ្ញុំនឹងនៅតែបន្តឈរយ៉ាងរឹងមាំជាមួយកម្មករនិយោជិតនៅកម្ពុជា និងនៅក្នុងសកលលោក ។ យើងខ្ញុំក៏នឹងចូលរួមជាមួយអ្នកទាំងនោះ ដើម្បីតស៊ូទាមទារឱ្យមានលក្ខខណ្ឌការងារល្អប្រសើរ កិច្ចសន្យានិងប្រាក់ខែសមរម្យ ហើយសិទិ្ធសេរីភាពការងារនិងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត នឹងត្រូវបានគោរពយ៉ាងពេញលេញ ។
ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៤ អង្គការ លីកាដូ ដៃគូសង្គមស៊ីវិល និងសហជីពមួយចំនួន នឹងចេញផ្សាយនូវវីដេអូមួយ បង្ហាញពីសមិទ្ធផល និងបញ្ហាប្រឈមមួយចំនួន ដែលចលនាសិទិ្ធកម្មករនិយោជិតកំពុងជួបប្រទះ ។ វីដេអូនេះ ក៏បង្ហាញពីការរួមចំណែក និងការលះបង់របស់សកម្មជនសិទិ្ធការងារ និងសកម្មជនសហជីព ដូចជា លោក ជា វិជ្ជា ក្នុងការទាមទារឱ្យមានការគោរពសិទិ្ធ និងការពារអត្ថប្រយោជន៍កម្មករនិយោជិតនៅក្នុងប្រទេស ។
យើងខ្ញុំនឹងឈរជាមួយសហជីព ដើម្បីបន្តតស៊ូទាមទារឱ្យមានយុត្តិធម៌ និងការគោរពសិទិ្ធការងារ ។
អត្ថបទខ្លីៗ | ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤
នៅថ្ងៃនេះ លោក កេីត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានចៅក្រមស៊េីបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម ១) ក្រោមបទចោទ "មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម" និងបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" យោងតាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡេីងពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីមួយដែលកំពុងកេីតមានឡេីងនៅខេត្តព្រះវិហារ ។
កាលពីថ្ងៃទី០៦ ខែមេសា ប្រហែលម៉ោង ៣ និង ៣០ នាទី រសៀល មន្ត្រីនគរបាលបានបញ្ជាក់ថា លោក សារ៉ាយ ត្រូវបានបញ្ជូនខ្លួនចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មុននឹងបញ្ជូនខ្លួន លោកត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋានអស់មួយយប់ ចាប់តាំងពីម៉ោង ៤ រសៀល ថ្ងៃទី០៥ ខែមេសា ដោយមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រហែល ១០ នាក់ នាំខ្លួនលោក ចេញពីការិយាល័យរបស់សមាគមនៅរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡេីង តាមដីកា ដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួនលោក សារ៉ាយ មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធនឹងការចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ។
ព្រះសង្ឃមួយអង្គ និងយុវជនប្រមាណជាង ១០ នាក់ មកពីក្រុមផ្សេងៗគ្នា និងតំណាងសង្គមស៊ីវិល បានឈរនៅមុខស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរង់ចាំមេីលស្ថានការណ៍នេះ ។ នៅខណៈនោះដែរ អាជ្ញាធរស្លៀកពាក់ស៊ីវិលពីរបីនាក់ ត្រូវបានដាក់ពង្រាយនៅក្បែរនោះ ដេីម្បីថតរូប និងវីដេអូ នៃអ្នកដែលទៅឈរឃ្លាំមេីលនៅទីនោះ ។ មន្ត្រីនគរបាលដែលយាមច្រកទ្វារចូលស្នងការដ្ឋាន ក៏មិនអនុញ្ញាតឱ្យក្រុមគ្រួសារយកម្ហូបជូនលោក សារ៉ាយផងដែរ ។
សេចក្តីថ្លែងការណ៍ | ពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោត មិនគួរត្រូវបានផ្អាក ហើយអាជ្ញាធរគួរទទួលខុសត្រូវ
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
យើងខ្ញុំទាំងអស់គ្នាជា អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននៅរាជធានីភ្នំពេញ និងខេត្ត ដែលមានរាយឈ្មោះដូចខាងក្រោម មានសេចក្តីសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំងបញ្ឈប់ និងរុះរើពិព័រណ៍រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយគ្មានមូលហេតុ និងមិនបានជូនដំណឹងជាមុន ។
ពិព័រណ៍រូបថតនេះ ធ្វើឡើងក្នុងគោលបំណងនាំយកពីទុក្ខកង្វល់ និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមគ្នាក្នុងការផ្តល់នូវដំណោះស្រាយ ។
កម្រងរូបភាព | សហគមន៍មួយចំនួនក្នុងប្រទេសប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ២០២៤
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
ពលរដ្ឋប្រមាណ ២.០០០ នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង និងត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាដេីម្បីប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ខួបលេីកទី ១១៣ ឆ្នាំ២០២៤ ។ ការប្រារព្ធទិវានេះ បានធ្វើឡេីងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៨ ខែមីនា ដោយមានការចូលរួមពីសមាជិកសហគមន៍ដីធ្លី ព្រៃឈេី ជនជាតិដេីមភាគតិច យុវជន កុមារ អាជ្ញាធរក្នុងតំបន់ អង្គការជាតិ និងអន្តរជាតិនានា ។ ការប្រារព្ធទិវា ត្រូវបានធ្វើឡើង ដោយមានការឡេីងថ្លែងការណ៍ ការដេីរក្បួន ការពិភាក្សាជាវេទិកាសាធារណៈ ការច្រៀងចម្រៀង និងការហូបអាហារសាមគ្គី ។
អត្ថបទខ្លីៗ | សហគមន៍សំរោងត្បូង រាយការណ៍ថាមានអំពើហិង្សា នៅពេលអាជ្ញាធរកំពុងឈូសឆាយដីតំបន់បឹងតាមោក
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
នាព្រឹកនេះ សមាជិកសហគមន៍សំរោងត្បូងមួយចំនួន ត្រូវបានគេរាយការណ៍ថា បានរងរបួសពីការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរជាច្រើននាក់ និងសមាជិកសហគមន៍មួយចំនួន នៅពេលដែលអាជ្ញាធរកំពុងចាក់ដីលុបតំបន់មួយក្នុងបឹងតាមោក ក្នុងរាជធានីភ្នំពេញ ។ តំបន់មួយចំនួនក្នុងផ្ទៃបឹងតាមោក ត្រូវបានរាជរដ្ឋាភិបាល កាត់ និងផ្តល់ទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនមួយចំនួន ដែលមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សមាជិកមួយចំនួននៃសហគមន៍សំរោងត្បូង បានប្រមូលផ្តុំគ្នា កាលពីម្សិលមិញ និងនៅព្រឹកនេះ ដើម្បីតវ៉ាជំទាស់នឹងការឈូសឆាយរបស់អាជ្ញាធររដ្ឋដែលប៉ះពាល់ដល់ដីធ្លីរបស់សមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន ក៏កំពុងប្រឈមមុខទៅនឹងបណ្តឹងនៅតុលាការផងដែរ ដែលយ៉ាងតិចណាស់មានបណ្តឹងចំនួន ៤ ករណី កំពុងដំណើរការ ចាប់តាំងពីឆ្នាំ ២០២២ ដោយផ្អែកលើភាពសកម្មនិយមលើរឿងដីធ្លីរបស់ពួកគេ ។
ការប្រឈមមុខដាក់គ្នានៅពេលនេះ ដែលពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន ៣គ្រឿង ជាមួយនិងសន្តិសុខចំនួន ១០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន បានប្រមូលផ្តុំគ្នា និងព្យាយាមបញ្ឈប់ការឈូសឆាយនោះ ។ ក្រោយមកកងកម្លាំងនគរបាលមួយចំនួន បានមកដល់ និងឈរឃ្លាំមើលសកម្មភាពរបស់សហគមន៍ ។ ការឈូសឆាយ បានបន្តនាព្រឹកនេះ ដោយមានវត្តមានកងកម្លាំងនគរបាលច្រើនជាងកាលពីម្សិលមិញ ដោយមានចំនួនប្រហែលជាង ២០០ នាក់ រួមមាននគរបាលប្រមាណជាង ៥០ នាក់ និងលោកអភិបាលរងខណ្ឌព្រែកព្នៅ មួយនាក់ផងដែរ ។ អាជ្ញាធរមួយចំនួន បានឈរមើលការឈូសឆាយ ហើយអាជ្ញាធរមួយចំនួនទៀត ដែលរួមមាននគរបាល និងអាជ្ញាធរស្លៀកពាក់ស៊ីវិល បានថតរូប និងវីដេអូអំពីសកម្មភាពតវ៉ារបស់សមាជិកសហគមន៍ដែលមានចំនួនប្រមាណជាង ១០០ នាក់ កំពុងប្រមូលផ្តុំគ្នានៅតំបន់នោះ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចផ្តន្ទាទោសលើលោក ថាច់ សេដ្ឋា
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញនាព្រឹកនេះបានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានរកឃើញថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានពិរុទ្ធ ពីបទចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង" ។ លោក ថាច់ សេដ្ឋា ត្រូវបានសាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក) ។ លោកត្រូវបានផ្តន្ទាទោស ដោយផ្អែកលើព្រឹត្តិការណ៍នៅពេលលោកបានថ្លែងសារទៅកាន់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ។
លោក សេដ្ឋា ត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ញុះញង់ឱ្យមានការរើសអើង" យោងតាមមាត្រា ៤៩៤ ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ នេះជាករណីទីពីរហើយ ដែលលោកសេដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ហើយសេចក្តីសម្រេចនេះក៏ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទុកជាបានការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
កាលពីខែមករា ឆ្នាំ ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ដែលបានរកឃើញថាលោក សេដ្ឋា មានពិរុទ្ធ លើបទចោទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ហើយបានសម្រេចផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារកំណត់ចំនួន ១៨ ខែ ពិន័យជាប្រាក់ចូលថវិការដ្ឋ និងផ្តល់សំណងទៅដើមបណ្តឹង ។ លោក ថាច់ សេដ្ឋា បានជាប់ពន្ធនាគារអស់រយៈពេល ៤០៧ ថ្ងៃមកហើយ ចាប់តាំងពីមានការចាប់ខ្លួនរបស់លោក កាលពីខែមករា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានខាងលើនេះ ៕
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងបីរូប
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញព្រឹកនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងបីរូប ពីបទ “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” និង “បទធ្វើឱ្យខូចខាតដោយចេតនា” ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ។ សមាជិកសហគមន៍ទាំងបីរូប រួមមាន លោក ញឹម ញឿន (ដែលត្រូវស្គាល់ថាឈ្មោះ ស្ងួន ញឿន) លោក រាជ សីម៉ា និង លោក ភុល សន ។
សហគមន៍ឡពាង បានតស៊ូជាមួយអស់រយៈពេលជាច្រើនឆ្នាំ ប្រឆាំងនឹងការរំលោភយកដីដោយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ (ជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ដែលជាភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម) ។
បទចោទភាគច្រើនត្រូវបានចោទប្រកាន់ ដោយចេញពីព្រឹត្តិការណ៍កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ចាប់ផ្តើមវាស់វែងកំណត់ព្រំដីជុំវិញដី ដែលមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ។ សមាជិកសហគមន៍ឡពាងជាច្រើននាក់បានមកដល់ទីតាំងដី ដើម្បីធ្វើការតវ៉ា ។ ហើយនៅខណៈពេលកំពុងតវ៉ានោះដែរ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុន ត្រូវបានបំផ្លាញ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍ត្បូងឃ្មុំតម្កល់សាលដីកាផ្តន្ទាទោសសមាជិកសហគមន៍ដីធ្លីនៅត្បូងឃ្មុំ
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ បានតម្កល់សេចក្តីសម្រេចរបស់ខ្លួនលើកទីមួយ ដោយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចព្យួរទោសដាក់ពន្ធនាគារ មកលើសមាជិកសហគមន៍ដីធ្លីស្រែប្រាំងចំនួន ៤នាក់ ។ អ្នកទាំង ៤ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តមានបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី” ។
សមាជិកសហគមន៍ទាំង ៤ រូប គឺស្ថិតក្នុងចំណោមជនជាប់ចោទចំនួន ៩ នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ចោទប្រកាន់ថាបានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយមិនឱ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់អ្នកទាំងនោះកាលពីឆ្នាំ ២០១៧ និង ២០២០ ។ អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស និងដាក់ពន្ធនាគារចំនួន ២ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយសាលាដំបូងខេត្តត្បូងឃ្មុំ ។ ក្រោយមក សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចតម្កល់សាលក្រមសាលាដំបូង កាលពីឆ្នាំ ២០២២ ប៉ុន្តែតុលាការកំពូលកាលពីខែសីហា ឆ្នាំ ២០២៣ បានសម្រេចបញ្ជូនសំណុំរឿងនេះ ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី ។
សាលាឧទ្ធរណ៍ តាមរយៈសវនាការជំនុំជម្រះជាលើកទីពីរ បានសម្រេចតម្កល់ការផ្តន្ទាទោសសមាជិកសហគមន៍ទាំង ៤ នាក់ និងតម្កល់ការដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចឱ្យព្យួរទោសទាំងនោះ ។ សមាជិកសហគមន៍ទាំងនោះ រួមមាន លោក ចក់ ជ័យ អ្នកស្រី ឃឹម សុខជាង លោក ពុំ ពេជ្រ និងលោក វឿន វឿ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលោក កង សារ៉ន ដាក់ក្នុងពន្ធនាគារ
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍បាត់ដំបងថ្ងៃនេះ បានតម្កល់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើ លោក កង សារ៉ន ដែលជាសកម្មជនសង្គម ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០២៣ ជុំវិញការបញ្ចេញមតិរបស់លោកទៅលើបញ្ហានយោបាយតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ។
លោក សារ៉ន ត្រូវបានចាប់ខ្លួនដំបូងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ពេលដែលលោកបានបញ្ចេញមតិនៅក្នុងវីដេអូមួយ ដែលបង្ហោះតាមគណនីហ្វេសប៊ុករបស់លោក នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតថ្នាក់ជាតិ ។ ក្រោយមក លោក សារ៉ន ក៏ត្រូវបានលែងវិញបន្ទាប់ពីលោកបានធ្វើការសុំទោស ។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានកាត់ទោស ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” “ជេរប្រមាថជាសាធារណៈ” និងបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។ លោក សារ៉ន ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៥ ខែវិច្ឆិកា និងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ។
សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់ការផ្តន្ទាទោសខាងលើនេះ កាលពីថ្ងៃព្រហស្បតិ៍ ។ ដូចនេះលោកនឹងនៅបន្តក្នុងពន្ធនាគារ រង់ចាំការប្តឹងសាទុក្ខទៅតុលាការកំពូល ។
អត្ថបទខ្លីៗ | សាលាដំបូងខេត្តចំនួនពីរ បានផ្តន្ទាទោសសកម្មជនពីររូបដាក់ពន្ធនាគារ
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តចំនួនពីរ បានសម្រេចផ្តន្ទាទោសសកម្មជនដ៏លេចធ្លោចំនួន ពីររូប នៅក្នុងសំណុំរឿងចំនួន ពីរ ដាច់ដោយឡែកពីគ្នា ។
សកម្មជនបរិស្ថាន លោក ឆន ផល្លា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ
សាលាដំបូងខេត្តរតនគិរី នាព្រឹកថ្ងៃនេះ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលោក ឆន ផល្លា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រមាថ និងបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយយោងតាមមាត្រា ៣០៥ ៥០២ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ តុលាការបានផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារកំណត់ចំនួន ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ លានរៀល (ប្រមាណ ២.៥០០ ដុល្លារអាមេរិក) ។
អត្ថបទខ្លីៗ | សមាជិកគណបក្សភ្លើងទៀនត្រូវបានឃាត់ខ្លួន ក្រោមការចោទក្លែងបន្លំពាក់ព័ន្ធនឹងឯកសារបោះឆ្នោត
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនរាជធានីភ្នំពេញត្រូវបានឃាត់ខ្លួន កាលពីថ្ងៃ ច័ន្ទ និងបានបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃនេះ បន្ទាប់ពីរងការចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញ ពីបទ ក្លែងបន្លំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត ។
កាលពីថ្ងៃច័ន្ទ លោក ខឹម ចាន់វណ្ណៈ ត្រូវបានឃាត់ខ្លួនពេញមួយយប់ដោយនគរបាល ខណៈពេលដែលលោកកំពុងស្ថិតនៅក្នុងគេហដ្ឋានជាមួយក្រុមគ្រួសាររបស់លោក។ នៅថ្ងៃ អង្គារ៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា លោក ខឹម ចាន់វណ្ណៈ ត្រូវបានឃាត់ខ្លួន ដើម្បីឆ្លើយបំភ្លឺទាក់ទិននឹង ការក្លែងបន្លំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
អត្ថបទខ្លីៗ | ពលរដ្ឋនៅខេត្តសៀមរាបតវ៉ាជំទាស់ជាមួយនឹងការរឹតត្បិតរបស់អាជ្ញាធរអប្សរា
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបជាច្រើនរយនាក់ ធ្វើការដើរតវ៉ាឆ្ពោះទៅកាន់សាលាខេត្ត ដើម្បីដាក់ញត្តិទាមទារឱ្យមានការអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល និង អង្គការយូណេស្កូ ក្នុងគោលបំណងបញ្ឈប់ការរឹតត្បិតដោយបង្ខំរបស់អាជ្ញាធរអប្សរា ក្នុងការសាងសង់សំណង់ និងរៀបចំជួសជុលផ្សេងៗ ។ អាជ្ញាធរអប្សរា គឺជាភ្ញាក់ងាររបស់រាជរដ្ឋាភិបាល ដែលមានតួនាទីគ្រប់គ្រងឧទ្យានអង្គរ ។
ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ ដែលមកពីឃុំខ្នាត ស្រុកពួក និង សង្កាត់ទឹកវិល ក្រុងសៀមរាប បានធ្វើការដង្ហែក្បួនដោយមានកាន់បដា ឆ្ពោះទៅទីតាំងមុខសាលាខេត្តសៀមរាប ដើម្បីដាក់ញតិ្តស្នើសុំឱ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តេច ហ៊ុន សែន និងអង្គការយូណេស្កូ អន្តរាគមន៍ ដោយបញ្ឈប់អាជ្ញាធរអប្សរា កុំឱ្យបង្កការភ័យខ្លាចនិងទប់ស្កាត់រាល់ការសាងសង់ ឬជួសជុលរបស់ប្រជាពលរដ្ឋនៅក្នុងឃុំខ្នាត ។ នៅក្នុងញត្តិនោះ ពលរដ្ឋបានលើកឡើងថា តំបន់ដែលពលរដ្ឋស្នើសុំនោះ គឺនៅឆ្ងាយពីតំបន់ប្រាសាទរបស់ឧទ្យានអង្គរ ។
នៅពេលហែក្បួនតវ៉ា ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានឃាត់មួយរយៈ ដោយកងកម្លាំងនគរបាលប្រមាណជា២០នាក់ ដឹកនាំដោយអភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល ដោយលោកអភិបាលស្រុកចង់ឱ្យប្រជាពលរដ្ឋតែ ៤ទៅ៥នាក់ប៉ុណ្ណោះ ដើម្បីយកញាត្តិទៅដាក់ ប៉ុន្តែប្រជាពលរដ្ឋបានបដិសេធ ហើយពួកគេនៅតែបន្តការដង្ហែក្បួនឆ្ពោះទៅកាន់សាលាខេត្តដដែល ដោយធ្វើដំណើររហូតដល់ផ្លូវចូលមុខសាលាខេត្តដោយមានកាន់បដាផងដែរ ។ បដាមួយក្នុងចំណោមបដាជាច្រើន ដែលកាន់ដោយសមាជិកសហគមន៍បានសរសេរថា៖ “ពួកយើងមិនអនុញ្ញាតិឲ្យអាជ្ញាធរអប្សរាបន្តការគាបសង្កត់មកលើសហគមន៍របស់យើងទៀតទេ”។
អត្ថបទខ្លីៗ | ក្រុមសកម្មជនត្រូវបានសាកសួរជុំវិញយុទ្ធនាការកោះកុងក្រៅ
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤
យុវជននិងសកម្មជនបរិស្ថានចំនួន ១២ រូប ហើយនិងជនបរទេសមួយរូប ត្រូវបានឃាត់ខ្លួនយកទៅសាកសួរអស់រយៈពេលជាច្រើនម៉ោងដោយអាជ្ញាធរខណ្ឌដូនពេញ និងនគរបាលអន្តោប្រវេសន៍ បន្ទាប់ពីពួកគេធ្វើសកម្មភាពតស៊ូមតិដោយអហិង្សា ដើម្បីស្នើសុំឲ្យអាជ្ញាធរអភិរក្សកោះនៅក្នុងខេត្តកោះកុង ។
ខណៈដែលសកម្មជនទាំងនោះ កំពុងតែកាន់បដា ធ្វើលំហាត់ប្រាណ និងថតរូបនៅឯតាមបណោ្តយមាត់ទន្លេនាព្រឹកនេះ ពួកគេត្រូវបានឃ្លាំមើលពីសំណាក់ក្រុមសន្តិសុខស្លៀកពាក់ស៊ីវិល ។ ក្រោយមក ពេលដែលពួកគេរៀបចាកចេញទៅ ស្រាប់តែក្រុមសន្តិសុខខណ្ឌដូនពេញបានបង្ខំឱ្យពួកគេឡើងលើឡាន និងបានដឹកពួកគេទៅកាន់សាលាខណ្ឌដូនពេញតែម្តង ដើម្បីសាកសួរ ។
អាជ្ញាធរនាំពួកគេទៅ ដោយលើកមូលហេតុថាពួកគេកាន់បដាដែលមានសរសេរថា “ថ្ងៃអាទិត្យសម្រាប់កោះកុងក្រៅ” ហើយយុវជន ទាំង ១៣ នាក់នោះក៍ត្រូវឃាត់ខ្លួន ហើយបន្តសាកសួររហូតដល់ថ្ងៃរសៀល និងត្រូវបានដោះលែងវិញនៅវេលាម៉ោង ៦ ល្ងាចនេះ ។
អត្ថបទខ្លីៗ | លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គម ត្រូវបានចាប់ដាក់ពន្ធនាគារ ជុំវិញការបង្ហោះសារលើហ្វេសប៊ុក
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះ លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គមដោយឥតសំចៃមាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារ ក្រោយពីត្រូវបានសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រនេះ ។
លោក នី ណាក់ បានអះអាងថា បទចោទទាំងនេះ ត្រូវបានប្ដឹងឡើង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបានចោទសួរអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ដីទំហំ៩១ហិចតា នៅក្នុងខេត្តកំពត ទៅកាន់មនុស្សម្នាក់ឈ្មោះ ហេង សួរ ។ សារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា អ្នកទទួលបានដីនេះ គឺជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបច្ចុប្បន្ននេះ ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាលបដិសេធវិញ ។ ពេលនេះ លោកកំពុងជាប់ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ ។
លោក នី ណាក់ បានលើកឡើងថា ការចាប់ខ្លួនលោកធ្វើឡើង តាមរយៈពាក្យបណ្ដឹងរបស់លោក ហេង សួរ ជុំវិញការបង្ហោះសាររបស់លោកមួយ ក្នុងចំណោមសារផ្សេងទៀតនៅលើបណ្ដាញសង្គម ដែលបានចែករំលែកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយបានចោទជាសំណួរថា “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។