ចំណងជើង

សិទិ្ធមនុស្សទូទៅ

អត្ថបទខ្លីៗ
ប្រជាពលរដ្ឋ​ជាច្រើន​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៧ ទោះបីជា​មាន​ការ​រឹតត្បិត​មកលើ​សង្គម​ស៊ីវិល​ក៏ដោយ​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៣០០០​នាក់ បាន​ជួបជុំ​គ្នា​នៅ​តាម​តំបន់​ជាច្រើន (ភាគច្រើននៅតាមបណ្ដាខេត្ត) ក្នុង​ប្រទេសកម្ពុជា​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៩​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ចាប់​តាំងពី​ថ្ងៃ​សុក្រមក សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ បានប្រារព្ធ​ទិវា​នេះជា​បន្តបន្ទាប់ និងបាន​ធ្វើការ​សម្ដែង​មតិ​ស្ដី​ពី​បញ្ហា​ដីធ្លី​ ការ​ការពារ​ធនធាន​ធម្មជាតិ​ និងសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជាដើម។

ទោះបី​ជា​មាន​បរិយាកាស​ភ័យ​ខ្លាច​នាពេល​បច្ចុប្បន្ន​ក្ដី ​សហគមន៍ ប្រជាពលរដ្ឋមូលដ្ឋាន និងសហជីព បាន​បង្ហាញ​ពី​សាមគ្គី​ភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​ នៅ​តាម​ទីកន្លែង​ឯកជន​ និង​សាធារណៈ​ផ្សេងៗ។​ ប៉ុន្តែ​សហគមន៍​មួយចំនួន​ត្រូវ​បាន​អាជ្ញាធរ​ក្នុងតំបន់​ និងអាជ្ញាធរ​​ខេត្ត​ហាមឃាត់​ក្នុងការ​ដង្ហែ​ក្បួន។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ តែងតែ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជារៀងរាល់​ឆ្នាំ ដើម្បី​រំលឹកពី​សេចក្ដី​ប្រកាស​ជាសកល​ស្ដីពី​សិទ្ធិ​មនុស្ស​ ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​អនុម័ត​ កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៤៨។

ឯកសារទាក់ទង:

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​សំណូមពរ​ឱ្យ​មាន​យុត្តិធម៌​ និង​ការ​គោរព​សិទ្ធិ​មនុស្ស

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៧audio available

នៅ​ក្នុង​ឱកាស​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៧​នេះ​ យើង​ខ្ញុំជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាងក្រោម​ សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ក្រុម​សង្គមស៊ីវិល​ ក៏ដូចជា​បញ្ឈប់​ការរឹត​បន្ដឹង​ដោយ​មិន​សមហេតុផល​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​។ ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ​នៃសង្គម​ស៊ីវិល​ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ច្បាប់អន្តរជាតិ​ផងដែរ។​ អស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ ដែល​អង្គការ​សង្គមស៊ីវិល​បាន​រួមចំណែក​ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កសាង​សន្តិភាព​ បន្ទាប់ពី​សង្រ្គាម​ស៊ីវិល​នៅកម្ពុជា​ត្រូវបាន​បញ្ចប់​ និង​បាន​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ ក៏ដូចជា​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ជាដើម។​ ការងារ​ស្របច្បាប់​របស់​អង្គការ​សង្គមស៊ីវិល​ មិនគួរ​ត្រូវ​បាន​ចោទប្រកាន់​ថាជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ទេ​ ប៉ុន្តែ​គួរតែ​ទទួល​បានតម្លៃ ​និង​ការការពារ​ ព្រោះនេះ​ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​​ចីរភាព​។ ទោះបីជា​យ៉ាងនេះ​ក្ដី ​លំហ​សម្រាប់​អង្គការ​សង្គមស៊ីវិល​ ក្នុង​ដំណើរការ​សកម្មភាព​របស់ខ្លួន​ ត្រូវ​បាន​រឹតត្បិត​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ។

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យដោះ​លែង​សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​

ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧audio available

យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិលជាតិ និងអន្តរជាតិ ​ដែលមាន​រាយនាម​ខាង​ក្រោម​ ស្នើអាជ្ញាធរ​ឱ្យ​​ដោះ​លែង​លោក​ ហ៊ុន​ វណ្ណៈ និង​លោក ​ឌឹម​ គុនឌី ជាសកម្ម​ជន​បរិស្ថាន​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អង្គការ​មាតាធម្មជាតិ​ដែលទើបតែ​ត្រូវបាន​លុបឈ្មោះ​ចេញពីបញ្ជី​នាពេល​ថ្មីៗនេះ ដែលពួកគាត់​​ត្រូវបានឃុំខ្លួនពុំសម​ហេតុ​ផល​​​អស់រយៈពេល​ជាង​ពីរខែមក​ហើយទាក់ទិន​នឹង​បទចោទគ្មាន​មូល​ដ្ឋាន​ច្បាស់លាស់​។ យើង​ខ្ញុំ​មាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួនតាម​អំពើចិត្ត និង​ការឃុំខ្លួនពួកគាត់​ជា​បណ្តោះអាសន្ន ដែល​​ទំនង​ជាការ​ប៉ុនប៉ង​​ដើម្បី​បំបិទ និង​ដាក់ទណ្ឌ​កម្ម​​​ទៅលើការ​ងារ​ស្រប​ច្បាប់របស់ពួកគាត់ក្នុង​នាម​ជា​អ្នកការ​ពារ​សិទ្ធិ​មនុស្សផ្នែក​បរិស្ថាន។

សេចក្តីថ្លែងការណ៍
សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៧audio available

អ្នកស្រី ទេព វន្នី ​សកម្ម​ជន​ដីធ្លីនិង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លេចធ្លោ​ជា​ច្រើន​​​ទៀត​នៅ​កម្ពុជា នឹង​ត្រូវបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំហើយ​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ស្អែកនេះ ដោយ​សារ​​កិច្ច​ការ​ពារ​សហគមន៍​ និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​។ យើង​ខ្ញុំ​ ​ដែលជា​អង្គការ​សង្គមស៊ីវិល​មាន​រាយ​នាម​ខាងក្រោម ខក​ចិត្ត​​​​​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួនអ្នក​ស្រី។ យើង​ខ្ញុំ​សូមស្នើ​ឱ្យ​អាជ្ញាធរ​បដិសេធ​​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​អ្នក​ស្រី ព្រម​ទាំង​​ទម្លាក់​ចោល​រាល់​បទ​ចោទ​​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​ និងពុំ​មាន​​ភស្តុ​តាងជាក់លាក់​ណាមួយ​ ដែល​កើត​មាន​ជា​បន្ត​បន្ទាប់លើ​អ្នក​ស្រី​ និង​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ស្រី​ឱ្យមាន​សេរីភាព​វិញ​​។

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​ សំណូមពរ​ដោយ​ទទូច​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ការផ្ដន្ទា​ទោស​ដ៏​អយុត្តិធម៌លើ​ អ្នកស្រី ​ទេព វន្នី ដើម្បី​បញ្ចប់​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​ច្បាប់​មក​លើ​អ្នកស្រី និង​ដោះលែង​អ្នកស្រី​ឲ្យមាន​សេរីភាព​វិញ ​ #ដោះលែង​ទេពវន្នី

ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧audio available

យើងខ្ញុំ ជា​អង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​សំណូមពរ​ដោយទទូច​​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ​ ដែលបាន​សម្រេច​​ផ្តន្ទា​ទោស​ដ៏​អយុត្តិធម៌​មក​លើ​អ្នកស្រី ​ទេព វន្នី​ ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស​ និងត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ ដោយសារ​សកម្មភាព​តវ៉ា​អហិង្សា​របស់​អ្នកស្រី​ កាលពីឆ្នាំ​២០១៣។ ​សាលា​ឧទ្ធរណ៍​នឹង​បើក​​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ ​អ្នកស្រី ទេព​ វន្នី ប្រឆាំង​នឹង​ការ​ផ្តន្ទា​ទោសនេះ​ ​នៅ​ថ្ងៃ​ស្អែក​ ទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៧​។ នៅ​ថ្ងៃ​ទី១៥ ខែសីហា​ ឆ្នាំ២០១៧​ ខាងមុខ​នេះ​ គឺ​ជា​ខួបមួយ​ឆ្នាំ​ ដែល​អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​​ជាប់​ក្នុង​ពន្ធនាគារ​ ​ ហើយ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​​ ទំនងជា​ការ​ប៉ុនប៉ង​ ក្នុង​ការ​បំបិទ​សំឡេង​​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃមាត់​នៅ​កម្ពុជា ​​មុនពេល​​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ ឆ្នាំ២០១៨​ ចូល​មក​ដល់​។

កម្រង​រូបភាព
ព្រឹត្តិការណ៍​នៃពិធី​បុណ្យ​ខួបគម្រប់​មួយឆ្នាំ​នៃ​មរណភាព​លោក​ បណ្ឌិត​ កែម ឡី

ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៧

កម្រង​រូបភាព​ក្នុង​ព្រឹត្តិការណ៍ ​ថ្ងៃទី​៩ ​និង​ទី១០​ ខែកក្កដា​ ឆ្នាំ២០១៧​ ​អំឡុងពេល​ប្រារព្ធខួបគម្រប់មួយឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​។ ប្រជាពលរដ្ឋ​កម្ពុជានៅ​ក្រៅ​ប្រទេស​ ក៏​បាន​​ប្រារព្ធបុណ្យ​ខួបគម្រប់មួយឆ្នាំនេះដែរ​ ដូចជា​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​អូស្ត្រាលី​។ កាល​ពី​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ លោក​បណ្ឌិត​ ត្រូវ​បាន​ឃាតករ​​បាញ់​ត្រូវ​ចំនួន​ពីរ​កន្លែង​ ត្រង់​ដើម​ទ្រូង​ និង​ក្បាល​ នៅ​ក្នុង​ស្តាម៉ាត​នៃស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិចស្ដុបបូកគោក្នុង​​​រាជធានី​ភ្នំពេញ។​ ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ស្គាល់ថា​ឈ្មោះ ​អឿត ​អាង​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពីខែមិនា​ ឆ្នាំ​២០១៧​ ​ប៉ុន្តែ​យុត្តិធម៌​​នៅតែ​មិនទាន់មាន​នៅឡើយ​ ដោយសារនៅ​មាន​មន្ទិលសង្ស័យជាច្រើន​ពាក់ព័ន្ធ​នឹង​ភាព​ខ្វះ​ចន្លោះ​នៃ​ដំណើរ​ការ​រឿង​ក្ដី​ព្រហ្ម​ទណ្ឌ​នេះ ​​ទាំង​នៅ​ក្នុង​នីតិវិធី​ស៊ើបអង្កេត​ និង​សវនាការ​។

ឯកសារ
លិខិត​ចំហ​រួម៖ សំណើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​ លោក កែម ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៧

នៅ​មុន​​ឱកាស​នៃខួបគម្រប់​មួយ​ឆ្នាំ​នៃមរណភាព​របស់​​លោក កែម ឡី យើងខ្ញុំ​​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សម្តែង​ក្តី​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​ជុំវិញការ​វិវឌ្ឍតិចតួច​នៅ​ក្នុងការ​ស៊ើប​អង្កេតករណី​ឃាតកម្មនេះ ក៏ដូចជា​ ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំជម្រះ​​មិន​ទាន់​គ្រប់គ្រាន់ ដោយ​សារមាន​តែ​ឈ្មោះ
អឿត អាង​ ម្នាក់ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ ឬ​ចោទ​ប្រកាន់​ជុំវិញ​ការ​ស្លាប់​របស់​លោក កែម ឡី។ ដោយ​សារ​តែការ​​ស៊ើប​អង្កេតនៅ​មិនទាន់​​គ្រប់គ្រាន់​ យើង​ខ្ញុំ​សូម​ស្នើឲ្យរាជរដ្ឋាភិបាល​កម្ពុជា
(“​រដ្ឋាភិបាល”) បង្កើត​គណៈកម្មការ​ស៊ើប​អង្កេតឯករាជ្យ និង​ឥតលម្អៀងមួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​​​​​បើក​ការ​ស៊ើប​អង្កេតបន្ថែមទៀត។

សេចក្តីថ្លែងការណ៍
ការ​ស៊ើប​អង្កេត​​ឯករាជ្យ​​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​​ ដែល​អាច​​ផ្ដល់​យុត្តិធម៌​ចំពោះ​​សំណុំរឿង​ឃាតកម្ម​​លោក​បណ្ឌិត​ កែម ឡី

ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៧audio available

អស់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ជឿ​ជាក់​ថា យុត្តិ​ធម៌​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ​សម្រាប់​អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យរូបនេះ​ រួមទាំង​ក្រុម​គ្រួសារ​ មិត្តភក្ដិ​និង​សហការី​របស់​លោក។

អ្នក​វិភាគ​សង្គម​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​​អំពើ​ពុករលួយ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​លោក​កំពុង​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាងលក់​ទំនិញ​​នៃបរិវេណ​​ស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច នៅកែងស្ដុប​បូកគោ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ស៊ើប​អង្កេត​នៃ​ករណី​ឃាតកម្ម​នេះ​ នៅ​មិនទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​មន្ទិល​សង្ស័យ​ជាច្រើនក្នុង​សំណុំ​រឿង​នេះ​ ក៏​នៅ​មិន​ទាន់​មានការ​​បកស្រាយ​​ផងដែរ។

សេចក្តីថ្លែងការណ៍
ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧audio available

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​មិនពេញ​ចិត្ត​ចំពោះ​ការ​បដិសេធ​បែប​រើស​អើង​ចំពោះ​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ដល់​អ្នក​ជាប់​ឃុំ​ក្នុង​​ពន្ធនាគារ

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៧audio available

យើង​ខ្ញុំ ជាអង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សូម​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការបដិសេធ​ដោយមិនត្រឹមត្រូវ និង​បែប​រើសអើង​ចំពោះ​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​របស់អ្នកជាប់ឃុំ​ទាំង៣ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​៥ នៅ​មណ្ឌល​អប់រំ​កែប្រែទី ១ ឬ​ ម.១ (ព្រៃស) នៅរាជធានី​ភ្នំពេញ។ ចុងក្រោយ​នេះ​ លោក នី​ សុខា លោក ​ណៃ​ វ៉ង់ដា និង​លោក យី សុខសាន្ត ត្រូវ​បាន​អនុញ្ញាត​ឲ្យទទួលបាន​ការ​ថែទាំព្យាបាល​ពីសំណាក់​ក្រុម​គ្រូ​ពេទ្យ​របស់អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿននិង​ការពារ​សិទ្ធិមនុស្ស​ លីកាដូ (អង្គការ​លីកាដូ) បន្ទាប់​ពី​មានការ​រឹតបន្តឹង​លើ​ការ​ចូល​សួរ​សុខទុក្ខ​និង​ការផ្ដល់​សេវា​ថែទាំ​សុខភាព​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧។ អ្នក​ជាប់ឃុំ​ទាំង ៣ នាក់​មាន​បញ្ហា​សុខភាព​ធ្លាក់​ដុនដាប​ អំឡុង​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​នោះ។ ពួកគាត់​ និង​សហការី​ដែល​ធ្វើ​ការ​នៅ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ (អាដហុក)​ ដូចជា​ អ្នកស្រី​ លឹម​ មុន្នី ព្រម​ទាំង​អគ្គលេខាធិការ​រងនៃគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ និងជា​អតីត​បុគ្គលិក អាដហុក លោក នី ចរិយា​ ត្រូវបាន​ជាប់ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធ​នា​គារ​​អស់​រយៈពេល​ ៤២៦​ ថ្ងៃ មក​ហើយ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​
ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧

ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៧

ថ្ងៃទី៤ ខែមិថុនា៖ ប្រទេស​កម្ពុជា​នឹងរៀបចំការ​បោះឆ្នោត។ បន្ទាប់ពីការ​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោតអស់រយះពេល​ពីរសប្តាហរ៍ គណបក្សនយោបាយទាំង១២ នឹង​ធ្វើការប្រកួតប្រជែងគ្នា​សម្រាប់អសនៈ​ក្រុមប្រឹក្សា​ចំនួន ១.៦៤៦ឃុំទូទាំងប្រទេស។ សូមចូលរួមតាមដាន​ព្រឹត្តិការណ៍សំខាន់ៗ​ជាមួយយើង សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧នេះ។

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​​សម្តែងការ​សោកស្តាយ​ចំពោះ​ការ​រុះរើ​បដា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង៥​ និង​អ្នក​ស្រី ទេព វន្នី

ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៧audio available

យើង​ខ្ញុំ​ ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មាន​រាយ​នាម​ខាង​ក្រោម​ សូម​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​នគរបាល​ឃុំ និង​ស្រុក​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​បាន​ចុះ​ទៅ​រុះរើ​បដា​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦នាក់។ បដា​ទាំងនេះ​ត្រូវ​បាន​ដក​ហូត​ចេញ​ពីទី​ស្នាក់​ការ​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ (“អាដហុក”) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (“លីកាដូ”) និង​អង្គ​ការ​មា​តា​ធម្មជាតិ ដែល​បាន​កើត​ឡើង​នៅ​ឃុំ​ស្មាច់​មានជ័យ​ កាលពី​ថ្ងៃទី២ ខែ​ឧសភា​ ឆ្នាំ​២០១៧ ព្រម​ទាំង​ការ​រុះ​រើបដា​ចេញ​ពី​មុខ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​បី​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង ​កាល​ពីថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ២០១៧​ ផង​ដែរ។

សេចក្តីថ្លែងការណ៍
សេច​ក្តី​ថ្លែង​ការណ៍​រួម​៖ អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ជុំ​វិញ​ឃាត​កម្ម​លើ​លោក​ កែម​ ឡី​ ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រមផ្តន្ទា​ទោស​

ថ្ងៃទី​២៣ ខែមិនា ឆ្នាំ២០១៧audio available

បី​សប្តាហ៍​បន្ទាប់​ពី​សវ​នា​ការ​ជំនុំ​ជម្រះ​រយៈ​ពេល​ ៤​ ម៉ោង​ នៅ​ថ្ងៃ​នេះ​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត​ អាង​ ដែល​ហៅ​ក្រៅ​ថា​ ‘ជួប​ សម្លាប់’​ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​លើ​លោក​ កែម​ ឡី​ ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​ និង​ពី​ប​​​​ទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​ ២០០​ និង​មាត្រា​ ៤៩០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ចៅ​ក្រម​ លាង​ សំណាត់ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ អឿត​ អាង​ ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​។

ថ្វី​បើ​មាន​ភស្តុ​តាង​គួរ​ឲ្យ​ជឿ​ជាក់​ថា​ អឿត​ អាង​ គឺ​ជា​ខ្មាន់​កាំ​ភ្លើង​ ដែល​បាន​បាញ់​ និង​សម្លាប់​លោក​ កែម​ ឡី​ យ៉ាង​ណា​ក្តី​ កង្វះ​តម្លា​ភាព​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី​ នី​តិ​វិ​ធី​ជំនុំ​ជម្រះ​ខ្លី​ពេក​ និង​ការ​ខក​ខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេ​ញ​ជុំ​វិញ​មូល​ហេតុ ​អ្នក​សម​គំនិត​ និង​ស្ថាន​ភាព​នៃ​ការ​ចាប់​ខ្លួន​ អឿត​ អាង​ ដែល​បញ្ហា​ទាំង​អស់​នេះ​បង្ក​ជា​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ភាព​ពេញ​លេញ​នៃ​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​លើ​ករណី​មួយ​នេះ​។ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​មិន​គ្រប់​គ្រាន់​ជុំ​វិញ​ឃាត​កម្ម​លោក​ កែម​ ឡី ​ក៏​ដូច​ជា​នី​តិ​វិ​ធី​សវនាការ​ជំនុំ​ជម្រះ​ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ក្នុងការ​ស៊ើប​អង្កេត​ពីស្ថានភាព​ទាំង​មូល​នៃ​ឃាត​កម្ម​នេះ ​ដើម្បី​ឲ្យ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរ​ជាតិ។​

សេចក្តីថ្លែងការណ៍
សង្គមស៊ីវិលជាតិនិង​អន្តរជាតិ​ សម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះការបន្តឃុំខ្លួនអ្នកការពារ​សិទ្ធិ​មនុស្ស​ និងអំពាវនាវ​ឲ្យបញ្ឈប់​ជាបន្ទាន់នូវ​ការយាយីតាម​ផ្លូវ​តុលាការ និងការប្រើប្រាស់អំពើហិង្សា

ថ្ងៃទី​៥ ខែមិនា ឆ្នាំ២០១៧audio available

យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សូ​មសម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​​ចំពោះ​ការ​វាយប្រហារ​ដ៏​ឥត​អៀនខ្មាស់​មកលើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ទង្វើ​នេះ​មើលទៅ​ហាក់​ដូចជា​យុទ្ធសាស្រ្ត​ដែល​បាន​គិត​ទុក​យ៉ាង​ច្បាស់​លាស់​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ដាក់ទណ្ឌ​កម្ម​ និង​​រារាំងនូវ​រាល់​ការ​បញ្ចេញ​សំឡេង​ជំទាស់​នៅ​មុន​​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ និង​ការ​បោះ​ឆ្នោត​ជាតិ ដែល​គ្រោង​​ធ្វើឡើង​ក្នុង​ខែមិថុនា​ ឆ្នាំ២០១៧ និង​ខែកក្កដា ឆ្នាំ២០១៨ នា​ពេល​ខាង​មុខ​ដ៏ខ្លីនេះ​។

សេចក្តីថ្លែងការណ៍
អ្នកស្រី​ ទេព វន្នី ​ត្រូវ​បាន​ផ្ដន្ទាទោស​ម្ដង​ទៀត ខណៈ​ដែល​ក្រុម​សន្ដិសុខ​ បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​គាំទ្រ​អ្នក​ស្រី

ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៧audio available

យើង​ខ្ញុំ ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​សម្ដែង​ការសោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ទេព​ វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​អ​យុត្តិធម៌​ និង​អំពើ​ហិង្សា​យ៉ាង​អាក្រក់​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​សន្ដិសុខ​ទៅ​លើ​អ្នក​គាំទ្ររបស់​អ្នកស្រី​ ​នៅ​ខាង​ក្រៅសាលា​ដំបូង​រាជធានី​ភ្នំពេញ។