បណ្ណាល័យ

ឃាតកម្ម កែម ឡី

កម្រង​រូបភាព | អស់​រយៈពេល​៧​ឆ្នាំ​ ​ការ​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​ទៅលើ​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម​ ឡី ​នៅតែ​បន្ត​

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣

​នា​ថ្ងៃនេះ​ ​ប្រជាពលរដ្ឋ​ ​តំណាង​គណបក្ស​នយោបាយ​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​រួម​មាន​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សកម្មជន​ជាច្រើន​នាក់​ ​បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ពួកគេ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឥត​លម្អៀង​ ​ទៅលើ​ការ​មរណភាព​របស់​លោក​បណ្ឌិត​ ​ដើម្បី​បង្ហាញ​ការពិត​ ​និង​ផ្ដល់​យុត្តិធម៌​សម្រាប់​រូបលោក​ ​ក៏ដូចជា​ក្រុម​គ្រួសារ​របស់​លោក​ ​។​

កម្រង​រូបភាព | ការ​ទាមទារ​រក​យុត្តិធម៌​ ​នៅ​ថ្ងៃ​រំឭក​ខួប​៦​ឆ្នាំ​ ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២២

ក្រុម​សង្គម​ស៊ីវិល​ ​និង​គណបក្ស​នយោបាយ​មួយ ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន​ ​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​គ្រួសារ​របស់​លោក​ ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​។​ ​ព្រឹត្តិការណ៍​ ​និង​ការ​ប្រារព្ធ​ពិធី​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​តាកែវ​ ​ដែល​ជា​ភូមិកំណើត​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​ដើម្បី​រំឭក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​រូប​នេះ​ ​។​

​សហជីព​ ​យុវជន​សកម្មជន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជា​ ​៧​០​នាក់​ ​បាន​ប្រមូលផ្ដុំ​គ្នា​នា​ព្រឹកនេះ​ ​នៅ​ខាងក្រៅ​ស្ដា​ម៉ា​ត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​ប​បូកគោ​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជា​កន្លែង​ដែល​លោក​បណ្ឌិត​ ​កែម​ ឡី ​ត្រូវ​បាន​បាញ់សម្លាប់​ ​អំឡុង​ពេល​ពិសា​រ​កាហ្វេ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៦​ ​។​ ​អ្នកចូលរួម​បាន​ដាក់​កម្រង​ផ្កា​ ​និង​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា​ ​។​ ​ស្ដា​ម៉ា​ត​នៅ​ទីនោះ​ ​ត្រូវ​បាន​បិទ​ ​ខណៈ​ដែល​អ្នក​ធ្វើបុណ្យ​រំឭក​ខួប​ ​បាន​ចាប់ផ្ដើម​ជួបជុំគ្នា​ ​ហើយ​មន្ត្រី​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ប្រមាណ​ ​២​០​នាក់​ ​ក៏បាន​មក​តាមដាន​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ​។​

​ក្រុម​សង្គម​ស៊ីវិល​ ​បន្ត​អំពាវនាវ​ឱ្យ​បង្កើត​គណៈ​កម្ម​ការស៊ើបអង្កេត​ ​ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ​ឥត​លំអៀង​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ជុំវិញ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ការស៊ើបអង្កេត​កន្លងមក​ទៅលើ​អំពើ​ឃាតកម្ម​នេះ​ ​ត្រូវ​បាន​ចាត់ទុកថា​ ​មិន​គ្រប់គ្រាន់​ ​និង​មិនទាន់​បាន​វែកញែក​អ្នក​នៅ​ពីក្រោយ​អំពើ​បាញ់​ប្រហារ​​ ​ដែល​អាច​នឹង​ត្រូវ​យកមក​ផ្ដន្តា​ទោស​សម្រាប់​អំពើ​ឃាតកម្ម​នេះ​ ​៕

សេចក្តីថ្លែងការណ៍ | ប្រទេសកម្ពុជា៖ មិនទាន់មាន​យុត្តិធម៌ទេ​ក្នុងខួបគម្រប់៥ឆ្នាំ នៃឃាតកម្មលើ​លោកបណ្ឌិត កែម ឡី

ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២១audio available

ថ្ងៃនេះមុនខួប ៥ ឆ្នាំនៃឃាតកម្មលើ លោកបណ្ឌិត កែម ឡី ដែលជាអ្នក​អត្ថាធិប្បាយ​បញ្ហាសង្គមដ៏លេចធ្លោ និងអ្នកការពារ​សិទ្ធិមនុស្ស អង្គការមិនមែន​រដ្ឋាភិបាល​ចំនួន ៤៥ ដែលមាន​រាយនាមដូច​ខាងក្រោម សូមអំពាវនាវជាថ្មី​ដល់អាជ្ញាធរកម្ពុជា​ក្នុងការបង្កើតគណៈកម្មការ​ឯករាជ្យមួយដើម្បី​ធ្វើការស៊ើបអង្កេត​ដោយឯករាជ្យ មិនលម្អៀង និង​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះឃាតកម្មលើ​លោកបណ្ឌិត កែម ឡី ។ រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជានៅតែ​ខកខានក្នុង​ការស្វែងរក​យុត្តិធម៌ជូន លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ​របស់គាត់ ។

កម្រង​រូបភាព | អាជ្ញាធរ​រារាំង​ក្រុម​យុវជន​ ​ព្រះ​សង្ឃ​ និង​អ្នក​គាំទ្រ មិនឱ្យ​រៀប​ចំ​ពិធី​បុណ្យ​រំលឹក​ខួប ៤​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២០

អស់​រយៈ​ពេល​ ៤​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​អ្នក​វិភាគ​នយោបាយ​ និង​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ នៅ​ខណៈ​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ​នៅ​ព្រឹក​មួយដូច​សព្វ​ដង នៅហាងកាហ្វេ​ ស្តារម៉ាត របស់ស្ថានីយ​ប្រេង​ឥន្ធនៈ​ កាល់​តិច ស្តុបបូកគោ ។ នៅ​ថ្ងៃ​នេះ ហាង​កាហ្វេ ស្តារម៉ាត ត្រូវបាន​បិទ​ទ្វារ​ និង​រឹតបណ្តឹង​ដោយ​កង​សន្តិសុខ​ជាច្រើននាក់ ។ ប៉ុន្តែ​ទោះបី​ជា​មាន​ការ​រឹត​ត្បឹត​​មិន​ឱ្យមាន​ការ​រំលឹក​ខួប​ ៤​ឆ្នាំ នៅ​ក្នុង​ហាង​កាហ្វេ​ក៏​ដោយ​ ក៏អតីត​មិត្ត​ភក្តិ​​និង​ក្រុម​ការងារ​របស់​លោក និងអ្នក​ការ​ពារ​សិទិ្ធ​មនុស្ស បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ពីរ​បី​ថ្ងៃ​មុន​ពេល​ថ្ងៃ​ខួប​ ៤​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត ។


កាលពី​ថ្ងៃ​ពុធ​ ​ទី៨​ ខែកក្កដា​ កងកម្លាំង​សន្ដិសុខ​បានស្រាក់ដៃគ្នា ​ដើម្បីរារាំង​ព្រសង្ឃ​ និងសកម្មជន​វ័យក្មេង​ មិនឱ្យប្រារព្ធ​ពិធីបួងសួង​ឧទ្ទិសកុសល​ដោយសន្ដិវិធី​ នៅទីតាំង​ដែលលោក​បណ្ឌិត​ កែម ឡី ​ត្រូវបានបាញ់សម្លាប់​ ។ យុវជន​វ័យក្មេងម្នាក់​ ដែលពាក់អា​វ​រូបលោក​បណ្ឌិត​ កែម ឡី ​ត្រូវបាន​ឃាត់ខ្លួនភ្លាមៗ​ ព្រមទាំង​ឱ្យធ្វើកិច្ចសន្យា​ដោយនគរបាលខណ្ឌ ។



នៅថ្ងៃបន្ទាប់​ កងនគរបាល​ប្រដាប់​ដោយកាំភ្លើង​ជាច្រើននាក់​បានរាំងខ្ទប់ ​ក្រុមសកម្មជន​យុវជន​ មិនឱ្យ​ធ្វើដំណើរ​ទៅកាន់​ផ្ទះគ្រួសារ​លោកបណ្ឌិត​ កែម ឡី ​នៅខេត្តតាកែវ ។​ នៅថ្ងៃនេះដែរ​ កងនគរបាល​ និងមន្ត្រីអាវុធ​ហត្ថជាច្រើន ​ត្រូវបាន​ដាក់ពង្រាយ​ ដើម្បីរារាំង​ក្បួនដង្ហែ​របស់ព្រះសង្ឃ​ សកម្មជន​ និងអ្នកគាំទ្រ​របស់អ្នកវិភាគ​ដែលត្រូវបាន​បាញ់សម្លាប់រូបនេះ ​មិនឱ្យដង្ហែក្បួន​ដោយសន្ដិវិធី ​នៅលើផ្លូវដដែល​នោះទេ ។​ ទោះបីជា​យ៉ាងណាក៏​ដោយ ក៏ពួកគាត់​នៅតែបន្តដំណើរ​ដោយថ្មើរជើង ។



ក្រុមអ្នក​ធ្វើការងារ​សិទ្ធិមនុស្ស​នៅតែបន្តស្នើសុំដោយ​ទទូចឱ្យអាជ្ញាធរ​ បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យមួយ​ ដើម្បីធ្វើការ​ស៊ើបអង្កេត​ឱ្យបានពេញលេញ​ទៅលើឃាតកម្ម​លោកបណ្ឌិត​​ កែម ឡី ​ក៏ដូចជា​បញ្ឈប់ការ​គំរាមកំហែង​ និង​ការធ្វើទុក្ខ​បុកម្នេញ​ទាំងអស់​ទៅលើ​ប្រជាពលរដ្ឋដែល​ធ្វើបុណ្យ​រំលឹកខួប​នៃឃាតកម្មរបស់​​លោកបណ្ឌិត​ដោយសន្ដិវិធី ៕​

សេចក្តីថ្លែងការណ៍ | រយៈពេល៤ឆ្នាំកន្លងទៅហើយ ពុំ​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី

ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២០audio available

នៅមុនថ្ងៃគម្រប់ខួប ៤ ឆ្នាំ នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​មាន​កិត្តិនាម​នេះ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០ ដែល​មាន​រាយ​នាម​ខាង​ក្រោម សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​ឥត​លម្អៀង​មួយ​ដើម្បី​ស៊ើប​អង្កេត​ដោយ​ប្រសិទ្ធភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​អូស​បន្លាយ​ពេល​យូរ​ទៅ​ហើយ ។ យើង​ខ្ញុំ​ក៏​ស្នើ​ដល់​អាជ្ញាធរ​សូម​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​យា​យី​ទៅ​លើ​បុគ្គល​នានា​ដែល​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ដោយ​សន្តិវិធី ។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ខណៈ​លោក​កំពុង​ចូលរួម​ពិសារ​កាហ្វេ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។ ដោយ​ពុំ​មាន​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ហ្មត់​ចត់​និង​ដោយ​ឯករាជ្យ អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​បង្ហាញ​ឈ្មោះ​ខ្លួន​ឯង​ថា “ជួប​សម្លាប់” និង “សារ​ភាព” ថា ខ្លួន​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​ក្តី​រយៈ​ពេល​កន្លះ​ថ្ងៃ​នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ ជា​ការ​ជំនុំ​ជម្រះ​ដែល​រងការ​រិះគន់​យ៉ាង​ច្រើន​ដោយសារ​ពុំ​ស្រប​ជាមួយ​បទដ្ឋាន​ជំនុំជម្រះ​ដោយ​យុត្តិធម៌​អន្តរជាតិ​នោះ តុលាការ​បាន​រក​ឃើញ​ថា​លោក អឿត អាង មាន​ពិរុទ្ធភាព​ពី​បទ​ឃាតកម្ម និង​បាន​ផ្តន្ទាទោស​គាត់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ តុលាការ​កំពូល​បាន​តម្កល់​សាលក្រម​កាត់​ទោស​នេះ ។

អត្ថបទខ្លីៗ | យុវជនសកម្មជន ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ដែល​អាជ្ញាធរ​រារាំង​ព្រះ​សង្ឃ​សូត្រ​ធម៌​ឧទ្ទិស​ដល់​បណ្ឌិត កែម ឡី

ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២០audio available

យុវជនជាសកម្មជនម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន នៅ​ពេល​ដែល​ព្យាយាម​ចូល​ទៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ កាល់​តិច បូក​គោ ដើម្បី​ចូលរួម​រំលឹក​ខួប ៤ឆ្នាំ នៃ​ការ​ធ្វើ​ឃាត​លើ​លោក​បណ្ឌិត កែម ឡី ។ ការ​ឃាត់​ខ្លួន ត្រូវ​បាន​ធ្វើ​ឡើង នៅ​ខណៈ​ដែល​សកម្មជន និង​ព្រះ​សង្ឃ​មួយ​ក្រុម ត្រូវ​បាន​កង​កម្លាំង​ចម្រុះ ដែល​មាន នគរ​បាល និង​កង​សន្តិសុខ រារាំង ដោយ​មិន​ឱ្យ​ចូល​ទៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ កាល់​តិច ដែល​ជា​កន្លែង​លោក​បណ្ឌិត ត្រូវ​បាន​គេ​បាញ់​សម្លាប់ ។

សកម្មជន​ម្នាក់ ដែល​មាន​ពាក់​អាវ​យឺត​​មាន​រូប​លោក កែម ឡី ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​នគរបាល​ ភ្លាម​ៗ​នៅ​ពេល​ដែល​លោក​មក​ដល់​ទីតាំង​រំលឹក​ខួប ។ លោក ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ ។

កងកម្លាំងចម្រុះ បានស្រាក់ដៃគ្នា ដើម្បី​រារាំង​សកម្មជន និង​ព្រះ​សង្ឃ​ទាំង​នោះ ដោយ​មិន​ឱ្យ​ចូល​ទៅ​ស្ថានីយ ដែល​ជា​កន្លែង​លោក​បណ្ឌិត ត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ​នៅ​ព្រឹក​មួយ​កាល​ពីថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។

អត្ថបទខ្លីៗ | តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅក្រៅឃុំ​របស់​សកម្មជន​ដែលត្រូវបាន​ចាប់ខ្លួន​អំឡុងពេល​រំលឹក​ខួប​ឃាតកម្ម​លោកបណ្ឌិត​ កែម ឡី

ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០១៩audio available

នាព្រឹកនេះ ​តុលាការ​កំពូល​បានចេញ​សាលដីកា​បដិសេធ​សំណើសុំ​នៅក្រៅឃុំ​របស់​យុវជន​​ គង់ រ៉ៃយ៉ា​ ដែលត្រូវបាន​ចាប់ខ្លួនកាល​ពីថ្ងៃទី៩ ​ខែកក្កដា ​ឆ្នាំ២០១៩​ បន្ទាប់ពី​បាន​បង្ហោះសារ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក​មានលក់​អាវយឺតមាន​រូបអ្នកវិភាគ​នយោបាយ​ដែលត្រូវបាន​ឃាតករ​បាញ់សម្លាប់។

រ៉ៃយ៉ា ​​ត្រូវបាន​ចោទប្រកាន់ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជាអាទិ៍”​ ជាមួយ​នឹងយុវជន​ សួង ​នាគព័ន្ធ​ ដែលត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃបន្ទាប់​ នៅព្រឹត្តិការណ៍​រំលឹកខួប​លោកបណ្ឌិត​ កែម ឡី ​និងត្រូវ​ប្រឈមនឹងបទ​ចោទ​ដូចគ្នា។ ​បច្ចុប្បន្ននេះ ​អ្នកទាំងពីរ​កំពុងជាប់ឃុំ​នៅមណ្ឌល​អប់រំកែប្រែទី១​ ក្នុង​រាជធានី​ភ្នំពេញ។ ​

អត្ថបទខ្លីៗ | សកម្មជន​ពីរ​រូប​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ពេល​ប្រារព្ធ​ខួប​បី​ឆ្នាំ​របស់​បណ្ឌិត​ កែម ឡី ត្រូវ​បាន​តុលាការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ

ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០១៩audio available

លោក គង់ រៃ៉យ៉ា និង លោក សួង នាគ​ព័ន្ធ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ នា​រសៀល​​​ថ្ងៃ​ពុធ​ថ្ងៃ​នេះ។ អ្នក​ទាំង​ពីរ គឺ​ជា​សកម្មជន​ពីររូប​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន​កាល​ពីថ្ងៃទី​៩ និង​១០ ខែ​កក្កដា​កន្លង​ទៅ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

អ្នកទាំងពីរ ត្រូវបានចាប់ខ្លួន បន្ទាប់​ពី​បាន​អនុវត្ត​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ រៃ៉យ៉ា ដែល​​មាន​​អាយុ ២៨ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​លោក បាន​បង្ហោះ​សារ​នៅ​ក្នុង​គណនី​ហ្វេស​ប៊ុក​របស់​លោក លក់​អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី និង​បង្ហោះ​លេខ​ទូរស័ព្ទ​របស់​អ្នក​រត់​ម៉ូតូ​ឌុប ដែល​នឹង​ដឹក​ជញ្ជូន​ពលរដ្ឋ​ណា​ដែល​មាន​បំណង​ទៅ​ចូល​រួម​រំលឹក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត។ នាគព័ន្ធ ដែល​មាន​អាយុ ២៩ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល​តិច​សាខា​បូក​គោ មួយ​ថ្ងៃ​ក្រោយ ការ​ចាប់​ខ្លួន រៃ៉យ៉ា។ ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល​តិចសា​ខាបូកគោ គឺជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់ កាល​ពីបី​ឆ្នាំមុន។ នាគ​ព័ន្ធ ដែល​ជា​អតីត​សមាជិក​ម្នាក់​នៃ​ក្រុម​យុវជន​បណ្ឌិត​កែម​ឡី បាន​កាន់​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា “បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ” នៅ​មុន​ពេល​មាន​ការ​ចាប់​ខ្លួន​របស់​លោក។

តាមមតិសាធារណជន និង​សង្គម​ស៊ីវិល អ្នក​ទាំង​ពីរ​រូប មិន​គួរ​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​គ្រាន់តែ​អនុវត្ត​នូវ​សិទិ្ធ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ឡើយ ដែល​សេរីភាព​ទាំងនេះ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​អនុ​សញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

សេចក្តីថ្លែងការណ៍ | ការចាប់ខ្លួន​សកម្មជន២នាក់​បង្ហាញទៅកាន់សាធារណជនថា​ អាជ្ញាធរខ្វះ​ការគោរពសេរីភាព​​ក្នុងការបញ្ចេញមតិ ​និងជួបជុំគ្នា

ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩audio available

យើងខ្ញុំ ​ជាក្រុមសង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមសម្ដែង​ការសោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការប្រើប្រាស់កងកម្លាំងសន្ដិសុខដោយ​មិនសមហេតុផល​ ​ អំឡុងពេល​ប្រារព្វពិធី​រំលឹក​ខួប​៣ឆ្នាំ​នៃឃាតកម្មលើ​អ្នកវិភាគ​នយោបាយ​ លោកបណ្ឌិត ​កែម ឡី ​និងសូមស្នើសុំ​ដោយទទូច​ឱ្យអាជ្ញាធរ​ដោះលែង​សកម្មជន​លោក គង់ រ៉ៃយ៉ា​ និងលោក​ សួង នាគព័ន្ធ ​ពីការឃុំខ្លួន​ឱ្យបានឆាប់រហ័ស​ដោយគ្មាន​លក្ខខណ្ឌ​ និងទម្លាក់ចោល​បទចោទលើ​អ្នកទាំងពីរ។​

យុរជនទាំងពីរ​ត្រូវបានចាប់ខ្លួន ​ដោយសារប្រើប្រាស់​សេរីភាព​នៃការបញ្ចេញមតិ​ដោយ​អហិង្សា អំឡុងពេល​ចូលរួមពិធី​រំលឹកខួប​នៃឃាតកម្ម​លើអ្នកវិភាគ​នយោបាយ​ លោកបណ្ឌិត​ កែម ឡី​ ដែលត្រូវបាន​ឃាតករបាញ់​សម្លាប់ ​កាលពីថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០១៦។​ ភ្លាមៗបន្ទាប់ពី​ការចាប់ខ្លួន​ អ្នកទាំងពីរ​ត្រូវបានចោទប្រកាន់​ពីបទញុះញង់ ​តាមបញ្ញត្តិ​មាត្រា៤៩៤​ និងមាត្រា៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ ហើយកំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុងមណ្ឌល​អប់រំកែ​ប្រែទី១​ (ព្រៃស)​ ក្នុងរាជធានី​ភ្នំពេញ។

អត្ថបទ | អាជ្ញាធរ​ឃាត់ខ្លួន​មនុស្ស៧នាក់​ ពាក់ព័ន្ធនឹង​ការរំលឹក​ខួប៣ឆ្នាំ​នៃឃាតកម្ម​លើលោកបណ្ឌិត​ កែម ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៩audio available

អាជ្ញាធរ​បានឃាត់ខ្លួន​មនុស្សចំនួន៧នាក់​នៅថ្ងៃទី០៩​ និងថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៩​នេះ ពាក់ព័ន្ធនឹង​ការសម្ដែងក្ដីរំលែកទុក្ខ​ និងការគាំទ្រ​ចំពោះ​អ្នកវិភាគនយោបាយ​ ដែលត្រូវបាន​ឃាតករ​បាញ់សម្លាប់​ គឺលោក​បណ្ឌិត កែម ឡី​ ខណៈដែល​ប្រជាពលរដ្ឋ​រំលឹកខួប៣ឆ្នាំ​នៃឃាតកម្ម​លើ​លោកបណ្ឌិត​ នៅទីតាំង​នៃអំពើឃាតកម្ម​ក្នុងរាជធានី​ភ្នំពេញ ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយកងកម្លាំងចម្រុះ​ជាច្រើន។ ​ការឃាត់ខ្លួន​មនុស្ស​ទាំងនេះ​បង្ហាញពី​ការបង្ក្រាប​ឥតឈប់ឈរ​នៃការប្រើប្រាស់​កម្លាំងអាជ្ញាធរ​ច្រើនលើសលុប​ ដើម្បីរារាំង​ប្រជាពលរដ្ឋ​កម្ពុជាពីការ​សម្ដែងសិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ និង​សិទ្ធិជួបជុំគ្នា។​

នាព្រឹកនេះ​ សកម្មជន៣នាក់​ ត្រូវបានឃាត់ខ្លួន​នៅខាងក្រៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​ស្ដុបបូកគោ​ក្នុង​រាជធានីភ្នំពេញ​ បន្ទាប់ពី​អ្នកទាំង៣​បានចូលរួម​ជាមួយយុវជន​ មេដឹកនាំ​សហជីព​ និងសមាជិក​សង្គមស៊ីវិល​ដទៃទៀត​ ដើម្បី​ធ្វើពិធីរំលឹក​ខួបនេះ។​ ស្ថានីយ​ប្រេងឥន្ធនៈនេះ​ ជាទីតាំង​ដែលលោក​បណ្ឌិត កែម ឡី​ ត្រូវបាន​ឃាតករបាញ់​សម្លាប់​ កាលពីថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០១៦។​ យុរជន​ដែលត្រូវបាន​ឃាត់ខ្លួន​ទាំង៣នាក់​ក្នុងនោះ​ក៏មាន​ សកម្មជន​ការពារបរិស្ថាន ​លោក ជុំ ហួត​ និងលោក ជុំ ហួរ​ ផងដែរ។

សេចក្តីថ្លែងការណ៍ | រយៈពេល ៣ ឆ្នាំ​ហើយនៅតែមិនទាន់​មានកាស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះឃាតកម្ម​លោកបណ្ឌិត កែម ឡី

ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០១៩audio available

នៅថ្ងៃគម្រប់ខួប៣ឆ្នាំ​ នៃឃាតកម្មទៅលើ​អ្នកអត្ថាធិប្បាយ​នយោបាយនិង​អ្នកការពារសិទ្ធិមនុស្ស​ បណ្ឌិត កែម ឡី ​អង្គការមិនមែន​រដ្ឋាភិបាលចំនួន ២៤ ​ដែល​មាន​ឈ្មោះ​ដូច​ខាងក្រោម​ អំពាវនាវ​ឡើងវិញ​ឱ្យរដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​និង​មិនលម្អៀង​ ដើម្បី​ស៊ើបអង្កេតឱ្យ​បានហ្មត់ចត់​និងមាន​ប្រសិទ្ធភាព​ចំពោះឃាតកម្ម​លើ​រូបលោក។

នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ លោក កែម ឡី​ ត្រូវបានឃាតករ​បាញ់សម្លាប់​ខណៈពេល​ដែល​លោកកំពុងទទួល​ទានកាហ្វេ​ពេលព្រឹក​នៅស្ថានីយ៍​ប្រេងឥន្ធនៈ​ដែលមានទីតាំង​នៅលើមហាវិថី​ព្រះមុន្នីវង្ស​នៅកណ្តាល​រាជធានីភ្នំពេញ។​ ឃាតកម្មនេះ​បានកើតឡើង​ចំពេលដែល​មានការវាយប្រហារ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​និងសមាជិក​គណបក្សជំទាស់​និងកំណត់ត្រា​នៃឃាតកម្ម​ទៅលើ​អ្នកការពារ​សិទិ្ធមនុស្ស​ជាច្រើន​កន្លងមក​ដោយបន្សល់​នៅនិទណ្ឌភាព​នៅក្នុង​ប្រទេសកម្ពុជា។

អត្ថបទ | អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា

ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៩

របាយការណ៍ស្តីពីស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នា​ថ្ងៃ​នេះ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ ជា​សាកល និង​ជា​ទៀង​ទាត់ (UPR)។

អង្គការ លីកាដូ បាន​ចូល​រួម​ចំណែក​ នៅ​ក្នុង​របាយ​ការណ៍​រួម​ចំនួន​ពីរ ដែល​រៀប​រៀង​ឡើង​ដោយ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) និង វេទិកា​អាស៊ាន​សម្រាប់​សិទិ្ធ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (FORUM-ASIA)ដោយ​បាន​បង្ហាញ​នូវ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ​មក​លើ​អ្នក​ការពារ​​សិទិ្ធ​មនុស្ស​ សារព័ត៌​មាន​ និង​ក្រុម​សង្គម​​ស៊ីវិល​ ហើយ​​និង​ផល​​វិបាក​​នៃ​​ការ​​រំលោភ​​សិទិ្ធ​​ដី​​ធ្លី​។

កម្រង​រូបភាព | ព្រឹត្តិការណ៍​នៃពិធី​បុណ្យ​ខួបគម្រប់​មួយឆ្នាំ​នៃ​មរណភាព​លោក​ បណ្ឌិត​ កែម ឡី

ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៧

កម្រង​រូបភាព​ក្នុង​ព្រឹត្តិការណ៍ ​ថ្ងៃទី​៩ ​និង​ទី១០​ ខែកក្កដា​ ឆ្នាំ២០១៧​ ​អំឡុងពេល​ប្រារព្ធខួបគម្រប់មួយឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​។ ប្រជាពលរដ្ឋ​កម្ពុជានៅ​ក្រៅ​ប្រទេស​ ក៏​បាន​​ប្រារព្ធបុណ្យ​ខួបគម្រប់មួយឆ្នាំនេះដែរ​ ដូចជា​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​អូស្ត្រាលី​។ កាល​ពី​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ លោក​បណ្ឌិត​ ត្រូវ​បាន​ឃាតករ​​បាញ់​ត្រូវ​ចំនួន​ពីរ​កន្លែង​ ត្រង់​ដើម​ទ្រូង​ និង​ក្បាល​ នៅ​ក្នុង​ស្តាម៉ាត​នៃស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិចស្ដុបបូកគោក្នុង​​​រាជធានី​ភ្នំពេញ។​ ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ស្គាល់ថា​ឈ្មោះ ​អឿត ​អាង​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពីខែមិនា​ ឆ្នាំ​២០១៧​ ​ប៉ុន្តែ​យុត្តិធម៌​​នៅតែ​មិនទាន់មាន​នៅឡើយ​ ដោយសារនៅ​មាន​មន្ទិលសង្ស័យជាច្រើន​ពាក់ព័ន្ធ​នឹង​ភាព​ខ្វះ​ចន្លោះ​នៃ​ដំណើរ​ការ​រឿង​ក្ដី​ព្រហ្ម​ទណ្ឌ​នេះ ​​ទាំង​នៅ​ក្នុង​នីតិវិធី​ស៊ើបអង្កេត​ និង​សវនាការ​។

ឯកសារ | លិខិត​ចំហ​រួម៖ សំណើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​ លោក កែម ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៧

នៅ​មុន​​ឱកាស​នៃខួបគម្រប់​មួយ​ឆ្នាំ​នៃមរណភាព​របស់​​លោក កែម ឡី យើងខ្ញុំ​​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សម្តែង​ក្តី​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​ជុំវិញការ​វិវឌ្ឍតិចតួច​នៅ​ក្នុងការ​ស៊ើប​អង្កេតករណី​ឃាតកម្មនេះ ក៏ដូចជា​ ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំជម្រះ​​មិន​ទាន់​គ្រប់គ្រាន់ ដោយ​សារមាន​តែ​ឈ្មោះ
អឿត អាង​ ម្នាក់ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ ឬ​ចោទ​ប្រកាន់​ជុំវិញ​ការ​ស្លាប់​របស់​លោក កែម ឡី។ ដោយ​សារ​តែការ​​ស៊ើប​អង្កេតនៅ​មិនទាន់​​គ្រប់គ្រាន់​ យើង​ខ្ញុំ​សូម​ស្នើឲ្យរាជរដ្ឋាភិបាល​កម្ពុជា
(“​រដ្ឋាភិបាល”) បង្កើត​គណៈកម្មការ​ស៊ើប​អង្កេតឯករាជ្យ និង​ឥតលម្អៀងមួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​​​​​បើក​ការ​ស៊ើប​អង្កេតបន្ថែមទៀត។

សេចក្តីថ្លែងការណ៍ | ការ​ស៊ើប​អង្កេត​​ឯករាជ្យ​​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​​ ដែល​អាច​​ផ្ដល់​យុត្តិធម៌​ចំពោះ​​សំណុំរឿង​ឃាតកម្ម​​លោក​បណ្ឌិត​ កែម ឡី

ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៧audio available

អស់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ជឿ​ជាក់​ថា យុត្តិ​ធម៌​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ​សម្រាប់​អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យរូបនេះ​ រួមទាំង​ក្រុម​គ្រួសារ​ មិត្តភក្ដិ​និង​សហការី​របស់​លោក។

អ្នក​វិភាគ​សង្គម​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​​អំពើ​ពុករលួយ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​លោក​កំពុង​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាងលក់​ទំនិញ​​នៃបរិវេណ​​ស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច នៅកែងស្ដុប​បូកគោ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ស៊ើប​អង្កេត​នៃ​ករណី​ឃាតកម្ម​នេះ​ នៅ​មិនទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​មន្ទិល​សង្ស័យ​ជាច្រើនក្នុង​សំណុំ​រឿង​នេះ​ ក៏​នៅ​មិន​ទាន់​មានការ​​បកស្រាយ​​ផងដែរ។

សេចក្តីថ្លែងការណ៍ | សេច​ក្តី​ថ្លែង​ការណ៍​រួម​៖ អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ជុំ​វិញ​ឃាត​កម្ម​លើ​លោក​ កែម​ ឡី​ ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រមផ្តន្ទា​ទោស​

ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៧audio available

បី​សប្តាហ៍​បន្ទាប់​ពី​សវ​នា​ការ​ជំនុំ​ជម្រះ​រយៈ​ពេល​ ៤​ ម៉ោង​ នៅ​ថ្ងៃ​នេះ​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត​ អាង​ ដែល​ហៅ​ក្រៅ​ថា​ ‘ជួប​ សម្លាប់’​ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​លើ​លោក​ កែម​ ឡី​ ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​ និង​ពី​ប​​​​ទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​ ២០០​ និង​មាត្រា​ ៤៩០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ចៅ​ក្រម​ លាង​ សំណាត់ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ អឿត​ អាង​ ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​។

ថ្វី​បើ​មាន​ភស្តុ​តាង​គួរ​ឲ្យ​ជឿ​ជាក់​ថា​ អឿត​ អាង​ គឺ​ជា​ខ្មាន់​កាំ​ភ្លើង​ ដែល​បាន​បាញ់​ និង​សម្លាប់​លោក​ កែម​ ឡី​ យ៉ាង​ណា​ក្តី​ កង្វះ​តម្លា​ភាព​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី​ នី​តិ​វិ​ធី​ជំនុំ​ជម្រះ​ខ្លី​ពេក​ និង​ការ​ខក​ខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេ​ញ​ជុំ​វិញ​មូល​ហេតុ ​អ្នក​សម​គំនិត​ និង​ស្ថាន​ភាព​នៃ​ការ​ចាប់​ខ្លួន​ អឿត​ អាង​ ដែល​បញ្ហា​ទាំង​អស់​នេះ​បង្ក​ជា​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ភាព​ពេញ​លេញ​នៃ​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​លើ​ករណី​មួយ​នេះ​។ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​មិន​គ្រប់​គ្រាន់​ជុំ​វិញ​ឃាត​កម្ម​លោក​ កែម​ ឡី ​ក៏​ដូច​ជា​នី​តិ​វិ​ធី​សវនាការ​ជំនុំ​ជម្រះ​ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ក្នុងការ​ស៊ើប​អង្កេត​ពីស្ថានភាព​ទាំង​មូល​នៃ​ឃាត​កម្ម​នេះ ​ដើម្បី​ឲ្យ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរ​ជាតិ។​

អត្ថបទខ្លីៗ | យុវ​ជន​ត្រូវ​បាន​ឃាត់​ខ្លួន​ខណៈ​ដែល​មាន​ការ​ហាម​ចាក់​បញ្ចាំង​វី​ដេ​អូឯក​សារ​

ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៧audio available

ថ្ងៃ​នេះ​ យុវជន​ចំនួន​បួន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈ​ពេល​បី​ម៉ោង​បន្ទាប់​ពី​នគរ​បាល​ និង​កង​សន្តិ​សុខ​បាន​ហាម​ឃាត់​ការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯក​សារ​របស់​កា​សែត​ Al​ Jazeera ស្តី​ពី​ករណី​ឃាត​កម្ម​របស់​អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម​ ឡី​។

ការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯកសារ​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ការិយាល័យ​ឯក​ជន​មួយ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ (KSILA) ដែល​ជា​អង្គការ​មួយ​របស់​សកម្ម​ជន​និង​អ្នក​វិភាគ​វ័យ​ក្មេង។​ អ្នក​ចូល​រួម​ប្រមាណ​ជា​ ១៥​នាក់​រង់​ចាំ​ទស្សនា​វី​ដេ​អូ​ឯក​សារ​នេះ​ នៅ​ពេល​ដែល​មាន​កង​កម្លាំង​នគរបាល​និង​កង​សន្តិ​សុខ​ប្រមាណ​ជា​ ៥០នាក់​បាន​ឡោម​ព័ទ្ធ​ការិយា​ល័យ​និង​បាន​ឃាត់​ខ្លួន​យុវជន​ចំនួន​បួន​នាក់​។ លោក​ មួង​ សូនី​ លោក​ សួង​ នាគ​ព័ន្ធ លោក​ វ៉ន​ ចាន់​ឡូត​ និង​លោក​ ហេង​ សំណាង​ ជា​សមាជិក​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ ត្រូវ​បាន​ដោះ​លែង​នៅ​ម៉ោង​ប្រហែល​ជា​ ៦ល្ងាច​ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ ដោយ​សន្យា​ថា​នឹង​ឈប់​ចាក់​បញ្ចាំង​ខ្សែរ​វី​ដេ​អូ​នេះ​ម្តង​ទៀត​ បើ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អា​ជ្ញា​ធរ​។

កម្រង​រូបភាព | ក្បួន​​ដង្ហែ​​នៃ​​ពិធី​​បុណ្យខួប​​គំរប់​​​ ​១០០ថ្ងៃ​ ​របស់​​លោក​​បណ្ឌិត​ ​កែម​ ​ឡី​

ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៦

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​ចូលរួម​ដង្ហែ​ក្បួន​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ​៩០​គីឡូ​ម៉ែត្រ​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គំរប់​ ១០០ថ្ងៃ​ នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ លោក​បណ្ឌិត​ កែម​ ឡី។​ លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ នៅ​ក្នុង​ហាង​កាហ្វេ​នៃ​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​មួយ​កន្លែង​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។​ រយៈពេល​ជាង​៣ខែ​មក​ហើយ​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​នៅ​កណ្ដាល​រាជធានី​ ប៉ុន្តែ​នៅតែ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ​ដែល​គួរឲ្យ​ទុក​ចិត្ត​បាន​នៅ​ឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក​នេះ។​

ក្បួន​ដង្ហែ​បាន​ចាប់​ផ្ដើម​ចេញ​ពីវ​ត្ត​ពោ​ធិ​យារាម​ ហៅ​វត្តចាស់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ជាកន្លែង​ដែល​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​បណ្ឌិត ​កែម​ ឡី ​កាល​ពី២​ថ្ងៃ​មុន​ថ្ងៃ​​ដង្ហែ​​ក្បួន​នេះ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | ការ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី

ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៦

នៅ​ម៉ោង​ ៧​ ព្រឹក​នេះ ​អ្នក​កាន់​ទុក្ខ​ជា​ច្រើន​នាក់​នឹង​ចាប់​ផ្ដើម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ​ពី​វត្ត​ពោធិ​យា​រាម​ ​ហៅ​ ​វត្តចាស់​ ​នៅ​រាជ​ធានី​ ​ភ្នំពេញ​ ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ ​អង្គ​តាកុក ​ខេត្ត​តា​កែវ។ ​ការ​ដង្ហែ​សព​នេះ​រំពឹង​ថា ​នឹង​អាច​មាន​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ចូល​រួម​។ កាល​ពី​ថ្ងៃ​ទី​១០​ ​ខែ​កក្កដា ​លោក​បណ្ឌិត ​កែម​ ឡី ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នៃ​ស្ថា​នីយ​ប្រេង​ឥន្ធនៈ​កាល់​តិច ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​។ ជន​សង្ស័យ​​ម្នាក់​​ដែល​ជា​អតីត​ទាហាន​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​បាន​ធ្វើ​ការ​បាញ់​ប្រហារ ​ហើយ​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​។

សេចក្តីថ្លែងការណ៍ | សង្គមស៊ីវិល​កម្ពុជា​ថ្កោលទោស​ការសម្លាប់​អ្នកវិភាគ​ឯករាជ្យ លោកបណ្ឌិត កែម ឡី

ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៦audio available

យើង ខ្ញុំ ជាក្រុមសង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូចខាង​ក្រោម មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះការធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី កាលពី​ព្រឹក​ម្សិលមិញ ដែល​លោក​ជាអ្នក​វិភាគ​ឯករាជ្យ និងជា​អ្នករៀបចំ​បណ្តាញ​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​សូម​អំពាវនាវ​ឲ្យមាន​ការស៊ើប​អង្កេត​ឲ្យបាន​ឆាប់រហ័ស ឯករាជ្យ និង​ម៉ត់ចត់​ទៅលើការ​ស្លាប់​របស់​លោក។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ



















ឆ្នាំ