បញ្ហាពន្ធនាគារ
អត្ថបទខ្លីៗ | លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គម ត្រូវបានចាប់ដាក់ពន្ធនាគារ ជុំវិញការបង្ហោះសារលើហ្វេសប៊ុក
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះ លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គមដោយឥតសំចៃមាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារ ក្រោយពីត្រូវបានសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រនេះ ។
លោក នី ណាក់ បានអះអាងថា បទចោទទាំងនេះ ត្រូវបានប្ដឹងឡើង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបានចោទសួរអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ដីទំហំ៩១ហិចតា នៅក្នុងខេត្តកំពត ទៅកាន់មនុស្សម្នាក់ឈ្មោះ ហេង សួរ ។ សារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា អ្នកទទួលបានដីនេះ គឺជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបច្ចុប្បន្ននេះ ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាលបដិសេធវិញ ។ ពេលនេះ លោកកំពុងជាប់ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ ។
លោក នី ណាក់ បានលើកឡើងថា ការចាប់ខ្លួនលោកធ្វើឡើង តាមរយៈពាក្យបណ្ដឹងរបស់លោក ហេង សួរ ជុំវិញការបង្ហោះសាររបស់លោកមួយ ក្នុងចំណោមសារផ្សេងទៀតនៅលើបណ្ដាញសង្គម ដែលបានចែករំលែកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយបានចោទជាសំណួរថា “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។
អត្ថបទខ្លីៗ | ការបាញ់ប្រហារនៅមហាវិថីវេងស្រេង កន្លងទៅ១០ឆ្នាំដោយគ្មានយុត្តិធម៌
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤
នារសៀលនេះ មនុស្សប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដើម្បីរំលឹកខួប១០ឆ្នាំ នៃអំពើហិង្សាដ៏ព្រៃផ្សៃ ដែលបានកើតឡើង នៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ នៅពេលដែលកងកម្លាំងចម្រុះរបស់រាជរដ្ឋាភិបាល បានបើកការបាញ់ប្រហារទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម ដោយបានបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និងរងរបួស ៣៨នាក់ផ្សេងទៀត ។ លើសពីនេះ កុមារ ខឹម សុផាត ដែលជាអនីតិជននាពេលនោះ ក៏បានត្រូវគ្រាប់កាំភ្លើង និងបន្តបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ ។
ការប្រារព្ធពិធីចងចាំនេះ ត្រូវបានចូលរួមដោយសហជីព សមាគម ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកអង្គការមិនមែនរដ្ឋាភិបាល ដោយបានចាប់ផ្ដើមដោយការសូត្រមន្តដោយព្រះសង្ឃ ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានវាយដំ និងចាប់ខ្លួន ក្នុងឆ្នាំ២០១៤ អំឡុងពេលដែល ឃ្លាំមើលកូដកម្មមួយ នៅខាងមុខរោងចក្រ យ៉ាក ជីង មុនពេលបាញ់ប្រហារមួយថ្ងៃ បានថ្លែងនៅក្នុងការប្រារព្ធពិធីនេះផងដែរ ។
លោក វន់ ពៅ បានមានប្រសាសន៍ថា “ថ្ងៃទី០២ មករា គឺថ្ងៃសោកនាដកម្ម ។ មុនពេលចាប់ខ្លួន គេមិនបានប្រាប់យើងពីបទចោទទេ ហើយយើងក៏មិនបានជួបមេធាវីដែរ ។ យើងគ្រាន់តែតវ៉ាឱ្យមានការដំឡើងប្រាក់ខែសម្រាប់កម្មករប៉ុណ្ណោះ” ។
សេចក្តីថ្លែងការណ៍ | ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន ១០នាក់ មកពីសហគមន៍ចំនួន ៣ នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។
សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចា ប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ពួកគេ៩នាក់ក្នុងចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តកោះកុង ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។ ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ) ។
អត្ថបទខ្លីៗ | តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូលបានតម្ដល់សាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ក្នុងការបដិសេធមិនឱ្យលោក ថាច់ សេដ្ឋា ថ្នាក់ដឹកនាំនៃគណបក្សជំទាស់នៅក្រៅឃុំ ។
លោក សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ក្នុងខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកជាមួយពលករខ្មែរនៅក្រៅប្រទេស និងត្រូវបានបង្គាប់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ។
ថ្នាក់ដឹកនាំគណបក្សជំទាស់វ័យ ៧០ ឆ្នាំរូបនេះបានប្ដឹងឧទ្ធរណ៍ ដោយអះអាងថាលក្ខខណ្ឌនៃការដាក់រូបលោកឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគឺគ្រប់គ្រាន់ហើយ និងបានលើកឡើងថា ស្ថានភាពសុខភាពរបស់លោកមិនអាចទ្រាំទ្រនឹងស្ថានភាពនៅក្នុងពន្ធនាគារនោះទេ ។ ទោះជាយ៉ាងណា សាលាឧទ្ធរណ៍នៅតែបង្គាប់ឱ្យមានការឃុំខ្លួនលោកបណ្ដោះអាសន្ន ក្នុងខែឧសភា ឆ្នាំ២០២៣ ។
សេចក្តីថ្លែងការណ៍ | សូមបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់ លើកុមារនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
នៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធកុមារ ឆ្នាំ២០២៣ នេះ និងនៅខណៈដែល កំណើននៃការឃុំខ្លួនអនីតិជននៅក្នុងពន្ធនាគារមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ អង្គការ លីកាដូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការ សូមមេត្តាធ្វើការដោះស្រាយជាបន្ទាន់ចំពោះវិបត្តិដែលកុមារជាច្រើននាក់កំពុងជាប់ និងចម្រើនវ័យនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន ហើយដែលការឃុំខ្លួនលើកុមារទាំងនោះ គឺមិនមាន ភាពចាំបាច់ទាល់តែសោះ ។
ចំនួនអនីតិជន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការ លីកាដូ បានឃ្លាំមើល មានការកើនឡើងជាង ៣០% ដែលជាចំនួនលើសពីចំនួននៅក្នុងឆ្នាំមុន ។ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន ។ ចំនួនអនីតិជននៅក្នុង ពន្ធនាគារមានរហូតដល់ទៅ ១.៦៥៨ នាក់ ក្នុងខែមេសា ឆ្នាំ ២០២៣ ។ ប្រហែល ៩៦% នៃអនីតិជនទាំងនោះជាកុមារា ៥២% នៃកុមារទាំងនោះ គឺកំពុងតែជាប់ឃុំជាបណ្តោះអាសន្ន រង់ចាំសវនាការ និង ៣៧% ផ្សេងទៀតកំពុងរង់ចាំសាលក្រមស្ថាពរ ។
អត្ថបទខ្លីៗ | តុលាការកំពូល ផ្ដន្ទាទោសមនុស្ស ១៣នាក់ ក្នុងសវនាការដ៏ធំនៃសំណុំរឿងគណបក្សសង្គ្រោះជាតិ
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសសមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន ១២រូប និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ពីបទញុះញង់ និងបទរួមគំនិតក្បត់ ហើយត្រូវបានកាត់ទោសម្នាក់ៗឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងនោះទោស ១៦ខែត្រូវបានព្យួរ ។ តុលាការកំពូលពុំបានផ្ដល់ហេតុផលនៅក្នុងសាលដីកានេះទេ ។
មនុស្សទាំង ១៣នាក់ ត្រូវបានផ្ដន្ទាទោស នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដោយសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសវនាការដ៏ធំមួយ រួមជាមួយអតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិចំនួន៨រូបទៀត ដែលមិនបានប្ដឹងសារទុក្ខ ។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្ដល់ការផ្ដន្ទាទោសជនជាប់ចោទទាំង ១៣នាក់ ក្នុងខែធ្នូ ឆ្នាំ២០២២ ។ អ្នកទាំង១៣ មានដូចជា លោក ឆុន ប៊ុនឆាត លោក ឡុង ផារី លោក ឃុត ច្រឹក លោក ងិន ឃាន លោក យឹម សារ៉េត លោក ឃឹម ភាណា លោក ថៃ សុគន្ធា លោក កែវ ថៃ លោក ញ៉ែម វាន លោក ជុំ ចាន់ លោក សុខ ចន្ថា លោក ពៀត ម៉ាប់ និងលោក ស៊ន់ ធន់ ។
អ្នកទាំង១៣ ត្រូវបានឃុំខ្លួនជាប់មករហូតតាំងពីសវនាការនៅតុលាការជាន់ទាប ដោយពួកគាត់ជាច្រើននាក់ ត្រូវបានឃុំខ្លួន រហូតដល់ ៣ឆ្នាំ ហើយរង់ចាំការប្រកាសសាលដីកាស្ថាពរនៅថ្ងៃនេះ ។ អ្នកទាំងនោះ នៅតែបន្តស្ថិតក្រោមការឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី៣ ដោយកំពុងអនុវត្តទោសជាប់ពន្ធនាគារ ៣ឆ្នាំ ៨ខែ ។ ការផ្ដន្ទាទោសនេះ នឹងធ្វើឱ្យពួកគាត់ជាប់ពន្ធនាគាររហូតដល់ក្រោយការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
អត្ថបទ | មនុស្ស១៣នាក់ត្រូវបានផ្ដន្ទាទោស ក្នុងនោះ៤នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងសំណុំរឿងក្លែងឯកសារ
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
នារសៀលនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក សហស្ថាបនិកនៃគណបក្សបេះដូងជាតិខ្មែរ និងមនុស្ស១២ទៀត ពីបទក្លែងបន្លំ និងបទប្រើប្រាស់ឯកសារក្លែង តាមបញ្ញត្តិមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ។ លើសពីនេះ លោក សៀម ភ្លុក ដែលត្រូវបានឃុំខ្លួនតាំងពីខែមេសា ឆ្នាំ២០២២ ក៏ដូចជាជនជាប់ចោទ៣នាក់ទៀត ត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនពេលប្រកាសសាលក្រម ដោយមិនដឹងមូលហេតុ ។
តុលាការ បានកាត់ទោសលោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៥លានរៀល (ប្រមាណ ១.២៥០ដុល្លារ) ខណៈដែលជនជាប់ចោទ១២នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ដូចៗគ្នាផងដែរ ។ ពុំមានការចេញដីកាចាប់ខ្លួនពួកគេទេ ហើយតុលារការ ក៏មិនបានបញ្ជាក់ហេតុផលចំពោះសាលក្រមនេះដែរ ។
អត្ថបទខ្លីៗ | តុលាការកំពូលបដិសេធបណ្ដឹងសារទុក្ខរបស់សមាជិកសហជីពណាហ្គាវើលដ៍ និងបន្តឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្នុងពន្ធនាគារ
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូល បានបដិសេធបណ្ដឹងសារទុក្ខរបស់ស្ត្រីសហជីពចំនួន ៧រូប ដែលជាតំណាងសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយរួមមានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព ផងដែរ ។ តាមសាលដីការបស់តុលាការកំពូល កញ្ញា ស៊ីថរ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារ នៅក្នុងដំណាក់កាលនៃសវនាការសំណុំរឿងញុះញង់ដែលកំពុងបន្តនេះ ដែលបានចាប់ផ្ដើមនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ស្ត្រីចំនួន៦រូបទៀត រួមមាន អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ស៊ុន ស្រីពេជ្រ និងទូច សិរីមាស នឹងត្រូវបន្តដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ សាលដីការបស់តុលាការកំពូល ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានថា ពុំមានលិខិតផ្ទេរសិទ្ធិឱ្យមេធាវី ត្រូវបានដាក់ជូន នៅក្នុងបណ្ដឹងសារទុក្ខនេះទេ ។
បច្ចុប្បន្ន ស្ត្រីទាំង៧រូប កំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះពីបទញុះញង់ (រួមជាមួយជនជាប់ចោទពីរនាក់ផ្សេងទៀត) ដោយសារតែសកម្មភាពកូដកម្មអហិង្សារបស់ពួកគេ ។ ពួកគេ បានប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២២ ដែលបានបង្គាប់ឱ្យកញ្ញា ឈឹម ស៊ីថរ បន្តស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ។ ចៅក្រមស៊ើបសួរ ក៏បានសម្រេចដាក់ស្ត្រី៦រូបទៀតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ ។
សមាជិកសហជីពណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្ម តាំងពីខែធ្នូ ឆ្នាំ២០២១ ក្រោយពេលមានការបញ្ឈប់ បុគ្គលិកទ្រង់ទ្រាយធំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ដែលរួមមានថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំងស្រុង និងសមាជិកមួយចំនួនធំនៃសហជីពនេះ ។ ស្រ្តីសហជីពទាំង៧រូប ត្រូវបានចាប់ខ្លួនដំបូងពីបទញុះញង់ នៅចុងខែធ្នូ ឆ្នាំ២០២២ និងដើមខែមករា ឆ្នាំ២០២២ ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល២ខែ ។ ពួកគេ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារម្ដងទៀត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកំពុងវិលត្រលប់មកពីចូលរួមសន្និសីទសិទ្ធិការងារមួយនៅប្រទេសអូស្ត្រាលី ។ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្ដងទៀត ដោយសារការចោទប្រកាន់ថា កញ្ញាបានបំពានលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ទោះបីជាទាំងកញ្ញា និងមេធាវីការពារសិទ្ធិឱ្យកញ្ញា មិនធ្លាប់ទទួលបានការជូនដំណឹងអំពីលក្ខខណ្ឌណាមួយក៏ដោយ ។ កញ្ញា ស៊ីថរ កំពុងនៅបន្តឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញ ៕
អត្ថបទ | ឯកឧត្ដម កឹម សុខា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ឯកឧត្ដម កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ (CNRP) ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។ ឯកឧត្ដម ត្រូវបានផ្ដន្ទាទោស ២៧ឆ្នាំ ក្នុងពន្ធនាគារ និងភ្លាមៗត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ ក្រោយពីត្រូវបាននាំចេញពីបន្ទប់សវនាការដោយសន្តិសុខ និងនគរបាល៥នាក់ ។ ការផ្ដន្ទាទោសនេះ ធ្វើឡើងនៅរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ មុនពេលឈានដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ។
តុលាការ ក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ចំពោះឯកឧត្ដម កឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែម តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រម បានរៀបរាប់ថា ទំហំគ្រោះថ្នាក់ គឺពុំទាន់ត្រូវបានវាយតម្លៃនៅឡើយ ដែលទំនងជាពាក់ព័ន្ធនឹងវិធានការរដ្ឋប្បវេណី ដែលអាចនឹងត្រូវបានប្ដឹង ស្របតាមមាត្រា២២នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
អត្ថបទខ្លីៗ | អតីតមេឃុំគណបក្សសង្គ្រោះជាតិ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ខែ
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពីការផ្ដន្ទាទោសទៅលើអតីតមេឃុំមកពីគណបក្សជំទាស់ គឺ អ្នកស្រី កឹម តុលា ពាក់ព័ន្ធនឹងការចោទប្រកាន់ពី បទញុះញង់ ដោយផ្ដន្ទាទោសអ្នកស្រីដាក់ពន្ធនាគាររយៈពេល ១៨ខែ ។
អ្នកស្រី តុលា ដែលត្រូវបានជាប់ឆ្នោតនៅក្នុងខេត្តកំពង់ស្ពឺ គឺជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានជំនុំជម្រះ និងផ្ដន្ទាទោសពីបទញុះញង់ ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២២ នៅក្នុងសំណុំរឿងមួយទាក់ទិននឹងការបង្ហោះសារលើហ្វេសប៊ុក នៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ។ អ្នកស្រី តុលា ត្រូវបានផ្ដន្ទាទោសដោយកំបាំងមុខ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ។
អ្នកស្រី តុលា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលដែលអ្នកស្រីកំពុងចាកចេញទៅជួបស្វាមីអ្នកស្រីនៅក្នុងប្រទេសអាឡឺម៉ង់ ។ មេធាវីការពារសិទ្ធិឱ្យអ្នកស្រី បានបដិសេធការផ្ដន្ទាទោសកាលពីខែសីហា ឆ្នាំ២០២២ ដោយផ្អែកលើហេតុផលថា អ្នកស្រី តុលា មិនធ្លាប់ត្រូវបានកោះហៅឱ្យបានត្រឹមត្រូវតាមនីតិវិធីនោះទេ ហើយសាលាដំបូងរាជធានីភ្នំពេញ បានជំនុំជម្រះករណីនេះម្ដងទៀត នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជាថ្មីម្ដងទៀត តុលាការបានផ្ដន្ទាទោសអ្នកស្រី កឹម តុលា ពីបទញុះញង់ ដោយមិនមានផ្ដល់ហេតុផលអ្វីនោះទេ ទោះបីជាពុំមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់ នៅក្នុងពេលជំនុំជម្រះឡើងវិញនោះ ដែលថា អ្នកស្រី តុលា បានចុចចូលចិត្ត អធិប្បាយ ឬចែករំលែកការបង្ហោះសារនៅលើហ្វេសប៊ុក របស់គណបក្សផ្សេងទៀត ដែលជាកម្មវត្ថុនៃករណីនេះ ៕
វីដេអូ | ████████ ██████ ██ ███████ ████ █████ ██ ████ ████ █████ ████████ ███ █████████████
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបមកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ អំឡុងពេលសាកសួរថា ប្រសិនបើអង្គការ លីកាដូ មិនយល់ព្រមលុបវីដេអូចម្រៀងដែលមានចំណងជើងថា “ឈាមបាតុករ” ពីបណ្តាញសង្គម និងគេហទំព័ររបស់អង្គការនោះទេ នោះអាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់បន្ត ។
ដើម្បីជៀសវាងពីការទទួលរងនូវវិធានការផ្លូវច្បាប់បន្ត អង្គការ លីកាដូ សម្រេចចិត្តលុបវីដេអូចម្រៀងចេញពីបណ្តាញសង្គមរបស់អង្គការកាលពីយប់មិញ និងចេញពីគេហទំព័រនៅព្រឹកនេះ ។
អត្ថបទ | តុលាការផ្ដន្ទាទោសអតីតសកម្មជនបក្សប្រឆាំង៣៦នាក់ ក្នុងសវនាការដ៏ធំចុងក្រោយនេះ
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអតីតថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ពីបទរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។ អតីតសកម្មជនគណបក្សជំទាស់ទាំងនេះ ត្រូវបានកាត់ទោសម្នាក់ៗឱ្យជាប់ពន្ធនាគារ ចន្លោះពី ៥ឆ្នាំ ដល់ ៧ឆ្នាំ ហើយសកម្មជនតែ៣នាក់ប៉ុណ្ណោះដែលបានទទួលការព្យួរទោស ។ សកម្មជនចំនួន ១១នាក់ ត្រូវបានព្យួរសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ។
សកម្មជននយោបាយទាំងនេះ ត្រូវបានផ្ដន្ទាទោសដោយផ្អែកលើការបង្ហោះសារនៅលើហ្វេសប៊ុក និងការថតសំឡេងសន្ទនាតាមទូរសព្ទជាលក្ខណៈឯកជន ពាក់ព័ន្ធនឹងការព្យាយាមធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ របស់អ្នកស្រី មូរ សុខហួរ និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត កាលពីខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមតតាំងក្នុងសវនាការដ៏ធំមួយទៀត ។ អ្នកស្រី សុខហួរ ត្រូវបានបដិសេធមិនឱ្យឡើងយន្តហោះ ដោយសារអាជ្ញាធរកម្ពុជា បានលុបចោលលិខិតឆ្លងដែនរបស់អ្នកស្រី ព្រមទាំងបានបដិសេធក្នុងការផ្ដល់ទិដ្ឋាការឱ្យអ្នកស្រីនៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
សេចក្តីថ្លែងការណ៍ | សូមបិទមណ្ឌលព្រៃស្ពឺ៖ ការស្លាប់អ្នកជាប់ឃុំជាច្រើននាក់ត្រូវបានរាយការណ៍នៅមណ្ឌលឃុំខ្លួនមិនត្រឹមត្រូវ
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលកំពុងត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ ក្នុងខែសីហា ឆ្នាំ២០២២ ហើយមានភស្តុតាងបង្ហាញថា មនុស្សជាង ១០នាក់ បានស្លាប់ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅក្នុងមណ្ឌល នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២នេះ ។
អង្គការលីកាដូ បានចងក្រងឯកសារស្ដីពីការរំលោភបំពាននៅមណ្ឌលព្រៃស្ពឺ ចាប់តាំងពីមណ្ឌលនេះបានបើកដំណើរការក្នុងឆ្នាំ២០០៤ និងបានស្នើសុំជាសាធារណៈឱ្យបិទមណ្ឌលនេះវិញ តាំងពីឆ្នាំ២០០៨ មក ។ នៅថ្ងៃនេះ យើងខ្ញុំ សូមធ្វើការស្នើសុំជាថ្មីម្ដងទៀត សូមឱ្យបិទមណ្ឌលព្រៃស្ពឺ និងបញ្ចប់ស្ថានភាពអាក្រក់ដែលប្រឈមដោយមនុស្សជាប់ឃុំនៅទីនោះ ។
របាយការណ៍សង្ខេប | សេចក្ដីសង្ខេបផ្នែកច្បាប់អំពី ច្បាប់កូវីដ-១៩ ត្រូវបានប្រើដើម្បីធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀត
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ច្បាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលមានលក្ខណៈរឹតត្បិត បានបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើអ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាសិទ្ធិដីធ្លី សហជីព និងប្រជាពលរដ្ឋផ្សេងទៀត នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារការអនុវត្តបែបរើសអើងរបស់អាជ្ញាធរលើវិសាលភាព និងអំណាចដ៏ទូលំទូលាយនៃច្បាប់នេះ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរហួសហេតុមួយចំនួន ។ អាជ្ញាធរអាចចោទប្រកាន់បុគ្គលដោយយោងតាមច្បាប់នេះ យ៉ាងមានប្រសិទ្ធភាព និងគ្រប់ពេលវេលា ទោះបីជាករណីកូវីដ-១៩ ថយចុះក៏ដោយ ។ ការប្រើប្រាស់ច្បាប់ដោយមិនត្រឹមត្រូវដែលអាចកើតមាន ក្នុងគោលបំណងគាបសង្កត់ការរិះគន់ និងសេរីភាពជាមូលដ្ឋាន គឺជាការគំរាមកំហែង ដែលកំពុងតែកើតឡើងជាបន្តបន្ទាប់ ហើយនេះបង្ហាញជាឧទាហរណ៍នៃភាពគ្រោះថ្នាក់ដែលបណ្តាលមកពី ការបង្កើតច្បាប់ថ្មីប្រញាប់ប្រញាល់ពេក ដែលផ្ដល់សិទ្ធិអំណាចមិនសមស្របទៅរដ្ឋាភិបាល ។
សេចក្តីថ្លែងការណ៍ | សេចក្ដីសង្ខេបផ្លូវច្បាប់អំពី ច្បាប់កូវីដ-១៩ ត្រូវបានប្រើដើម្បីធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀត
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ច្បាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលមានលក្ខណៈរឹតត្បិត បានបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើអ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាសិទ្ធិដីធ្លី សហជីព និងប្រជាពលរដ្ឋផ្សេងទៀត នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារការអនុវត្តបែបរើសអើងរបស់អាជ្ញាធរលើវិសាលភាព និងអំណាចដ៏ទូលំទូលាយនៃច្បាប់នេះ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរហួសហេតុមួយចំនួន ។ អាជ្ញាធរអាចចោទប្រកាន់បុគ្គលដោយយោងតាមច្បាប់នេះ យ៉ាងមានប្រសិទ្ធភាព និងគ្រប់ពេលវេលា ទោះបីជាករណីកូវីដ-១៩ ថយចុះក៏ដោយ ។ ការប្រើប្រាស់ច្បាប់ដោយមិនត្រឹមត្រូវដែលអាចកើតមាន ក្នុងគោលបំណងគាបសង្កត់ការរិះគន់ និងសេរីភាពជាមូលដ្ឋាន គឺជាការគំរាមកំហែង ដែលកំពុងតែកើតឡើងជាបន្តបន្ទាប់ ហើយនេះបង្ហាញជាឧទាហរណ៍នៃភាពគ្រោះថ្នាក់ដែលបណ្តាលមកពី ការបង្កើតច្បាប់ថ្មីប្រញាប់ប្រញាល់ពេក ដែលផ្ដល់សិទ្ធិអំណាចមិនសមស្របទៅរដ្ឋាភិបាល ។
អត្ថបទខ្លីៗ | មេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើប្លន់ កាលពី២០ឆ្នាំមុន
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោតថ្មីៗ មកពីគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួន នារសៀលនេះ និងឃាត់ខ្លួននៅខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើប្លន់ កាលពីឆ្នាំ២០០២ ។ លោកគឺជាមេឃុំម្នាក់ក្នុងចំណោមមេឃុំ៤នាក់នៃគណបក្សជំទាស់នៅទូទាំងប្រទេស ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីដើមខែនេះ ។
លោក សារ៉ុម ត្រូវបានសង្ស័យក្នុងការប្រព្រឹត្តអំពើប្លន់ក្នុងឆ្នាំ២០០២ និងត្រូវបានចោទប្រកាន់៥ឆ្នាំក្រោយក្នុងឆ្នាំ២០០៧ តាមបញ្ញត្តិមាត្រា៦នៃច្បាប់ស្ដីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ។ បន្ទាប់មក ក៏មានការចេញដីកាចាប់ខ្លួនលោកក្នុងឆ្នាំ២០១២ ។ លោក សារ៉ុម និងជនសង្ស័យបីរូបទៀត ត្រូវបានតុលាការផ្តន្ទាទោសដោយកំបាំងមុខ កាលពីឆ្នាំ ២០១៤ ដោយសម្រេចឱ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ក្រោមការចោទប្រកាន់ថាអ្នកទាំងបួន បានលួចម៉ាស៊ីនភ្លើងមួយគ្រឿង ។ ក្នុងករណីនេះ ភាគីដើមបណ្តឹង បានដកពាក្យបណ្តឹងតាំងពីមុនពេលមានការផ្តន្ទាទោស ។
នៅដើមខែនេះ លោក សារ៉ុម បានជាប់ឆ្នោត ក្លាយជាមេឃុំចំណាលើ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបានកំណត់ឱ្យចូលកាន់តំណែង បើតាមការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ។ លោក ធ្លាប់ជាជំទប់ទី១នៃឃុំចំណាលើក្នុងឆ្នាំ២០១៧ មកពីគណបក្សសង្គ្រោះជាតិ មុនពេលគណបក្សនេះត្រូវបានរំលាយ ប៉ុន្តែក្រោយមក អាសនៈរបស់លោក ត្រូវបានដកឱ្យទៅគណបក្សប្រជាជនកម្ពុជា ។
វីដេអូ | “យើងត្រូវតែរឹងមាំ និងក្លាហាន”៖ កូដករជាស្ត្រីលើកឡើងប្រឆាំងនឹងការរំលោភបំពាន
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២
សកម្មជនសហជីពជាស្ត្រី បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ក្នុងការព្យាយាមគំរាមកំហែងពួកគេឱ្យបញ្ឈប់ការធ្វើកូដកម្ម ។ អង្គការលីកាដូ កំពុងចេញផ្សាយវីដេអូមួយ ដែលបង្ហាញពីស្ដ្រីក្លាហានមួយចំនួនទាំងនេះ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ។
សេចក្តីថ្លែងការណ៍ | អាជ្ញាធរត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសមាជិកសហជីពណាហ្គាវើលដ៏ជាស្ត្រី ដែលកំពុងធ្វើកូដកម្មដោយសន្តិវិធី
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព មានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ថ្មីៗនេះ ទាក់ទងនឹងអំពើហិង្សាដែលបង្កឡើងដោយអាជ្ញាធររដ្ឋ ដែលរួមមានការបៀតបៀនផ្លូវភេទទៅលើស្ត្រីមួយចំនួន ដែលចូលរួមក្នុងការជួបជុំ និងធ្វើកូដកម្មដោយសន្តិវិធី ។ ជាពិសេស សមាជិកសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ដែលភាគច្រើនជាស្ត្រី បានទទួលរងនូវអំពើហិង្សា ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តវិធានការកូវីដ១៩ ដោយមិនត្រឹមត្រូវ ក្នុងការឆ្លើយតបទៅនឹងការធ្វើកូដកម្មដោយសន្តិវិធីរបស់អ្នកទាំងនោះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មក ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់រុញ ទាញ និងសែង កូដករអហិង្សាទាំងនោះ ដោយបង្ខំឱ្យចូលទៅក្នុងរថយន្តក្រុងមុនពេលបញ្ជូនពួកគេ ទៅមណ្ឌលធ្វើចត្តាឡីស័កជំងឺកូវីដ១៩ មួយកន្លែង នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចជាបុរសម្នាក់ បានចាប់និងច្របាច់ដោះរបស់ស្ត្រីម្នាក់ ខណៈពេលដែល នាងត្រូវបានបង្ខំឱ្យចូលទៅក្នុងរថយន្តក្រុង ។ ស្រដៀងគ្នានេះដែរ នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធររដ្ឋបានប្រើភាសាអាសគ្រាមបំពារបំពានផ្លូវភេទមិនសមរម្យទៅលើកូដករ។ យើងបានកត់សម្គាល់ថា ទង្វើនៃការបៀតបៀនផ្លូវភេទស្រដៀងគ្នានេះ ក៏ធ្លាប់កើតមានចំពោះស្រ្តីវ័យក្មេងដែលជាសកម្មជនបរិស្ថានកន្លងមកដែរ ។
អត្ថបទខ្លីៗ | សកម្មជនសហជីពណាហ្គាវើលដ៍៣នាក់ទៀត ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២
សកម្មជនសហជីពមកពីសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (សហជីពណាហ្គាវើលដ៍) ត្រូវបានចោទប្រកាន់ នាថ្ងៃពុធនេះ ពីបទរារាំងការអនុវត្តវិធានការសុខាភិបាលរបស់អាជ្ញាធរ និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ។ ព្រះរាជអាជ្ញារង សេង ហៀង ក៏បានចេញ “ដីកាបញ្ជាឱ្យចូលខ្លួន” សម្រាប់សមាជិកសហជីពណាហ្គាវើលដ៍ចំនួន៤នាក់ផ្សេងទៀតដែរ ដែលអនុញ្ញាតឱ្យអាជ្ញាធរ នាំខ្លួនពួកគេដោយបង្ខំ ដើម្បីធ្វើការសាកសួរ ។
លោក ជួប ចាន់ណាត លោក សៅ សម្បត្តិ និងលោក សេង វណ្ណារិទ្ធ ត្រូវបានចោទប្រកាន់តាមបញ្ញត្តិមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ពី “បទរារាំងដល់ការអនុវត្តវិធានការ” ។ បទចោទនេះចែងពីការផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០លានរៀល ប៉ុន្តែការផ្ដន្ទាទោសដាក់ពន្ធនាគារ អាចកើនឡើងទៅចន្លោះពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២០លានរៀល កាលបើអំពើនេះ បណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ។
បុរសទាំង៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅវេលាម៉ោងប្រមាណ ៧និង៣០នាទីល្ងាច ខណៈពេលដែលពួកគេកំពុងធ្វើដំណើរតាមម៉ូតូកង់បីចាកចេញពីទីតាំងធ្វើតេស្តកូវីដ-១៩ នៅតំបន់កោះពេជ្រ ។ នៅមុនពេលចាប់ខ្លួននោះ អាជ្ញាធរបានបញ្ជាឱ្យក្រុមកូដករនៃសហជីពណាហ្គាវើលដ៍ ឡើងរថយន្តក្រុង ដើម្បីទៅធ្វើតេស្តនៅមណ្ឌលធ្វើតេស្តកូវីដ-១៩ ។ ក្រុមកូដករ បានអនុវត្តតាមបញ្ជានោះ ក្នុងនោះរួមមានបុរសទាំង៣នាក់ ផងដែរ ដែលបានធ្វើតេស្តអវិជ្ជមានទាំង៣នាក់ ។ មនុស្សសរុបចំនួន៦នាក់ ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃនោះ ប៉ុន្តែក្រោយមក មាន៣នាក់ត្រូវបានដោះលែងវិញ ។
កម្រងរូបភាព | បុគ្គលិកលីកាដូ គាំទ្រកូដកម្មអហិង្សា និងស្នើដោះលែងតំណាងសហជីពដែលកំពុងជាប់ឃុំ
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២
បុគ្គលិកអង្គការលីកាដូ សូមចូលរួមគាំទ្រជាសាមគ្គីភាពជាមួយបងប្អូនកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសូមស្នើសុំឱ្យមានការដោះលែងតំណាងសហជីពទាំង៨រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយមិនត្រឹមត្រូវ ឱ្យបានឆាប់រហ័ស និងដោយគ្មានលក្ខខណ្ឌ ។ យើងខ្ញុំ ក៏សូមអំពាវនាវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ងាកមករកតុចរចា ដើម្បីដោះស្រាយបញ្ចប់វិវាទការងារមួយនេះដោយសន្ដិវិធី និងទទួលយកបុគ្គលិកទាំង ៣៦៥ចូលធ្វើការវិញ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងអស់ទៅលើសហជីព ។ ការចូលរួមសហជីព និងការធ្វើកូដកម្មដោយអហិង្សា មិនមែនជាបទល្មើសទេ!