សំណល់រោងចក្រម៉ាកក្រុមហ៊ុនល្បីៗត្រូវបានដុតនៅតាមសិប្បកម្មឡឥដ្ឋនៅកម្ពុជា ហើយក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះដែលប្តេជ្ញាចាត់វិធានការលើរឿងនេះ
ចេញផ្សាយ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣សំណល់រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិ រួមចំណែកបង្កហានិភ័យដល់សិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា ។ ដូចមានលំអិតនៅក្នុងរបាយការណ៍ថ្មីមួយ អង្គការលីកាដូ បានរកឃើញសំណល់កម្ទេចក្រណាត់ពីរោងចក្រកាត់ដេរនៅសិប្បកម្មផលិតឥដ្ឋដែលកំពុងដំណើរការចំនួនប្រាំកន្លែង និងសិប្បកម្មផលិតឥដ្ឋដែលបានបិទអាជីវកម្មជាអចិន្ត្រៃយ៍ចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានប្រើកម្ទេចក្រណាត់ចេញពីរោងចក្រកាត់ដេរសម្រាប់បញ្ឆេះឡឥដ្ឋ ។ អង្គការលីកាដូ បានរកឃើញនូវសំណល់ដែលមានម៉ាកយីហោលំដាប់អន្តរជាតិចំនួន ១៩ ដែលមានបង្ហាញក្នុងរូបថតដូចខាងក្រោម ។
ការដុតសំណល់កម្ទេចក្រណាត់ នាំឱ្យកម្មករសិប្បកម្មផលិតឥដ្ឋ កូនៗរបស់ពួកគេ ក៏ដូចជាសហគមន៍នៅក្បែរនោះប្រឈមនឹងផ្សែងប្រកបដោយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដល់សុខភាព និងបរិស្ថាន ។ កម្មករឡឥដ្ឋបញ្ចាំខ្លួនដោះបំណុល ដែលប៉ះពាល់ផ្ទាល់ពីផ្សែងដែលឆេះដោយការដុតកម្ទេចក្រណាត់ចេញពីរោងចក្រហើយត្រូវបានសម្ភាសដោយអង្គការលីកាដូ បានប្រាប់ឱ្យដឹងថាបានជួបប្រទះបញ្ហាប្រព័ន្ធដកដង្ហើម ការឈឺក្បាល និងអារម្មណ៍ថាកើតមានជំងឺច្រើនខណៈដែលមានផ្ទៃពោះ ។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អង្គការលីកាដូ បានសរសេរលិខិតទៅក្រុមហ៊ុនមេចំនួន១៦ ដែលជាម្ចាស់ម៉ាកសម្លៀកបំពាក់ទាំងនេះ ដើម្បីឱ្យពួកគេទទួលបានព័ត៌មានអំពីការរកឃើញ ផ្តល់ឱកាសឱ្យពួកគេឆ្លើយតប និងស្នើឱ្យពួកគេបញ្ឈប់ ទប់ស្កាត់ និងដោះស្រាយផលប៉ះពាល់អាក្រក់ដែលបង្កឡើងដោយកាកសំណល់របស់ពួកគេ ។ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនចំនួន ០៧ បានឆ្លើយតប ដូចមានបង្ហាញក្នុងតារាងខាងក្រោម ។ ការចាត់វិធានការជាលក្ខណៈប្រព័ន្ធ និងមានអត្ថន័យ ដោយក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកទាំងនេះ និងក្រសួងបរិស្ថាន គឺជាការចាំបាច់បំផុត ។ យើងខ្ញុំស្នើសុំឱ្យក្រុមហ៊ុនសម្លៀកបំពាក់ម៉ាក ធ្វើការស៊ើបអង្កេតជាបន្ទាន់ទៅលើការចោលសំណល់របស់ពួកគេដោយមិនត្រឹមត្រូវ ហើយចាត់វិធានការបញ្ឈប់ និងដោះស្រាយផលប៉ះពាល់អាក្រក់ដែលបានកើតមាន ។
ម៉ាកសម្លៀកបំពាក់/ក្រុមហ៊ុន | បានទទួលព័ត៌មាន | បានសន្យាថានឹងស៊ើបអង្កេត | បានចាត់វិធានការផ្សេងទៀត |
អេឌីដាស (adidas) | ✓️ | ✓️ | |
ស៊ី&អេ (C&A)១ | |||
ក្របភ៍ អេន ស៊ីនសេ (Cropp and Sinsay)២ | ✓️ | ✓️ | |
ឌីសនី (Disney) | |||
ហ្កាប អូលណាវី អេន អាតស៍ឡេតា (Gap, Old Navy and Athleta)៣ | |||
ខារ៍បូន (Karbon)៤ | |||
ខៀប៊ី (Kiabi) | |||
លូលូឡេម៉ិន អាតស៍ឡេធិកា (lululemon athletica) | ✓️ | ✓️ | |
លូពីលូ (lupilu)៥ | ✓️* | ||
នូ បោនឌើរី ឬNo Boundaries (NOBO)៦ | |||
ព្រីម៉ាក (Primark)៧ | ✓️ | ✓️ | |
រីបុក (Reebok)៨ | |||
ស្វេតធី បេតធី (Sweaty Betty)៩ | |||
ធីឡេ អិនដួររេបបលស៍ (Tilley Endurables)១០ | ✓️ | ✓️ | |
អាន់ឌើ អាមើ (Under Armour) | |||
វីនើស ហ្វេសិន (Venus Fashion)១១ | ✓️ |
* បានស្នើសុំជួបជាមួយអង្គការលីកាដូ
១ C&A កាន់កាប់ដោយ COFRA Holding AG
២ Cropp and Sinsay កាន់កាប់ដោយ LPP
៣ Gap, Old Navy and Athleta កាន់កាប់ដោយ Gap Inc.
៤ Karbon កាន់កាប់ដោយ Schure Sports Inc.
៥ lupilu កាន់កាប់ដោយ Lidl Stiftung & Co.
៦ NOBO កាន់កាប់ដោយ Walmart
៧ Primark កាន់កាប់ដោយ Associated British Foods plc
៨ Reebok កាន់កាប់ដោយ Authentic Brands Group
៩ Sweaty Betty កាន់កាប់ដោយ Wolverine World Wide, Inc.
១០ Tilley Endurables កាន់កាប់ដោយ Gibraltar & Company
១១ Venus Fashion កាន់កាប់ដោយ Otto (GmbH & Co KG)
ការរកឃើញទាំងនេះ គឺជាផ្នែកនៃការស្រាវស្រាវរបស់ លីកាដូ ទៅលើបញ្ហាសិទិ្ធមនុស្សជាទូទៅ ដែលបានកើតមានឡើងនៅក្នុងសិប្បកម្មឡឥដ្ឋនៅកម្ពុជា ។ សម្រាប់ព័ត៌មានបន្ថែម សូមអានរបាយការណ៍របស់អង្គការលីកាដូ “ចំណងក្នុងឡឥដ្ឋ៖ ឱកាសដើម្បីបញ្ចប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋនៅកម្ពុជា” ៕
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ បញ្ហាបរិស្ថាន ពលកម្មដោយបង្ខំ និងទាសភាពបំណុល សិទ្ធិការងារ