អត្ថបទ

យុទ្ធនាការ​១៦ថ្ងៃ​ ទប់​​ស្កាត់​​អំពើ​​ហិង្សា​​លើ​​ស្រី្ត​​ភេទ៖ អ្នកស្រី​ ផាវ ញ៉ើង

ចេញផ្សាយ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៨
F T M

ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦​ថ្ងៃ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​ភេទ អង្គការ​លីកាដូ ផ្តោត​សំខាន់​ទៅ​លើ​អ្នក​ធ្វើ​យុទ្ធនាការ​សិទិ្ធ​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាស្រ្តី ដែល​បាន​ប្រឈម​មុខ និង​ទទួល​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​នៅ​កម្ពុជា។

ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​កន្លះ​លាន​នាក់​បាន​បាត់បង់​ដីធ្លី និង​ផ្ទះ​សម្បែង ដោយ​សារ​ការ​បណ្តេញ​ដោយ​បង្ខំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ។ ពលរដ្ឋ​ទាំង​នោះ ដែល​ភាគ​ច្រើន​ជាស្រ្តី បាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា ដើម្បី​ទាមទារ​យុត្តិធម៌ និង​សំណង​សមរម្យ។ ភាព​សកម្ម​និយម​របស់​អ្នក​ទាំង​នោះ ជា​ញឹក​ញាប់​ត្រូវ​បាន​ទទួល​រង​ដោយ​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ពី​សំណាក់​កង​សន្តិសុខ ក៏​ដូចជា​ការ​គំរាម​កំហែង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ការ​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ផង​ដែរ។

នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាង​មុខ (១៦​ថ្ងៃ) អង្គការ​លីកាដូ នឹងចេញ​ផ្សាយ​ពី​ប្រវត្តិ​តស៊ូ និង​វីដេអូ​ខ្លី​មួយ​ចំនួន ស្តី​ពី​ស្រ្តី​កម្ពុជា ដែល​កំពុង​បន្ត​ទាមទារយុត្តិធម៌ ទោះ​បី​អ្នក​ទាំង​នោះ​បាន​ជួប​ប្រទះ​នឹង​ផល​លំបាក​យ៉ាង​ណា​ក្តី។

អ្នកស្រី ផាវ ញ៉ើង ដែលមាន​អាយុ ៣៩ ឆ្នាំ គឺជា​ស្ត្រី​ឈរ​ជួរ​មុខ នៅ​ក្នុង​ការ​តវ៉ា​មួយ​ដែល​មាន​រយៈពេល​ជាង​មួយ​ទសវត្ស ដើម្បី​ការពារ​ដីធ្លី​របស់​កសិករ​រាប់រយ​នាក់​នៅ​ក្នុង​ខេត្ត​កោះកុង។ អ្នកស្រី បាន​ទទួល​រងការ​រំលោភ​បំពាន ការ​គម្រាម​កំហែង និង​ការ​ឃាត់​ខ្លួន​ជាច្រើន​ដង ដោយសារ​តែ​ភាព​សកម្ម​និយម​របស់​អ្នកស្រី ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​សហគមន៍​របស់​អ្នកស្រី។

អ្នកស្រី រស់នៅក្នុងភូមិ ព្រែកជីក ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង តាំងពី​ឆ្នាំ ១៩៧៩។ កាលពី​អតីត​កាល អ្នកស្រី ត្រូវ​លាក់​ខ្លួន​ពី​ទាហាន​ខ្មែរ​ក្រហម នៅ​ពេល​ដែល​អ្នកស្រី​ត្រូវ​ទៅ​ធ្វើ​ស្រែ​ចំការ​ម្តងៗ ហើយ​ត្រឡប់​មក​ភូមិ​ព្រែក​ជីក​វិញ​ជា​រៀង​រាល់​យប់ ដើម្បី​សុវត្ថិភាព​ពី​ពួក​ទាហាន​ទាំង​នោះ។

ក្រោយពីមានការគម្រាម​កំហែង​​ពី​ទាហាន​ខ្មែរ​ក្រហម អ្នក​ស្រី​បាន​បន្ត​ទទួល​ការ​គម្រាម​កំហែង​ជាថ្មី​ទៀត តាមរយៈ​ផ្លូវ​តុលាការ និង​ផ្លូវ​ច្បាប់ ពី​អ្នក​រក​ស៊ី​ដែល​មាន​អំណាច ដែល​បាន​ទាមទារ​ដី​មួយ​ចំនួន​នៅ​ជុំវិញ​ភូមិ​របស់​អ្នក​ស្រី។ នៅឆ្នាំ ២០០៧ ឧក​ញ៉ា សុខ គង់ បាន​អះអាង​ពី​ភាព​ជា​ម្ចាស់​កម្មសិទិ្ធ​នៅ​លើ​ដីធ្លី​ទាំងនោះ ហើយ​ក្រោយ​មក​នៅ​ឆ្នាំ ២០០៩ ឧកញ៉ា​ម្នាក់​ទៀត លោក ហេង ហ៊ុយ បាន​មក​អះអាង​សិទិ្ធ​កម្មសិទិ្ធ​នៅ​លើ​ដីធ្លី​នោះ​បន្ទាប់ពី​លោក សុខ គង់ តាម​រយៈ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​មួយ។


មើល​វីដេអូ​នេះ
Phav Nheung speaks about her determination to stand alongside others who face the same repression.

ក្រុមហ៊ុនកសិកម្មរបស់​លោក​ឧកញ៉ា ហ៊ុយ ត្រូវ​ការ​ដីធ្លី​ទាំង​នោះ ដើម្បី​ដាំ​ដំណាំ​អំពៅ និង​ផ្គត់ផ្គង់​ទៅ​ក្រុមហ៊ុន​ស្ករ​ស កោះកុង​ស៊ូហ្គ៊រ ដែល​មាន​ម្ចាស់​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​កាន់​អំណាច លោក លី យ៉ុងផាត់។ ដីធ្លី​ចំនួន ប្រាំ​មួយ ហិកតា នៅ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី ផាវ ញ៉ើង ត្រូវ​បាន​ឈូស​ឆាយ និង​ដាំ​ដំណាំ​អំពៅ ដែល​ការ​ឈូស​ឆាយ បាន​បំផ្លាញ​អណ្តូង​មួយ​ចំនួន​របស់​អ្នក​ភូមិ​នៅ​ទីនោះ។

នាងខ្ញុំ ចង់ផ្ញើ​សារ​មួយ​ទៅ​កាន់​សកម្មជន​សិទិ្ធ​ដីធ្លី​ជាស្ត្រី និង​សមាជិក​សហគមន៍​ដទៃ​ទៀត ថា សូម​កុំ​នៅ​ស្ងាត់​ស្ងៀម។

ក្រុមហ៊ុន ក៏ថែមទាំងបាន​ដាក់​ពាក្យ​បណ្តឹង ដោយ​ប្តឹង​អ្នក​ស្រី ផាវ ញ៉ើង ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។ អ្នក​ស្រី ញើង ត្រូវ​បាន​តុលាការ ដាក់​ឲ្យ​ស្ថិត​នៅ​​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ នៅ​ខណៈ​ដែល​អ្នកស្រី កំពុង​រង់ចាំ​សវនាការ​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​របស់​អ្នកស្រី​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ ប៉ុន្តែ​ទោះ​បីជា​មាន​ការ​បំភិត​បំភ័យ​តាម​ផ្លូវ​តុលាការ និង​តាម​រយៈ​វត្តមាន​នគរបាល​នៅ​ក្បែរ​ផ្ទះ​អ្នក​ស្រី​ជា​ញឹក​ញាប់​ក៏ដោយ ក៏​អ្នក​ស្រី​មិន​ដែល​រាថយ ហើយ​នៅតែ​បន្ត​សកម្មភាព​តស៊ូ​មតិ ដើម្បី​ទាមទារ​សិទិ្ធ​សេរីភាព​របស់​អ្នកស្រី និង​សហគមន៍​របស់​អ្នកស្រី​ផង​ដែរ។

អ្នកស្រី បានមាន​ប្រសាសន៍​ថា៖ “អ្វី​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ (ឲ្យ​ក្លាយ​ជា​សកម្មជន​មួយ​រូប) គឺជា​ភាព​ឈឺ​ចាប់”។ ខ្ញុំ ចង់​ធ្វើ​ការងារ​នេះ ក្នុង​នាម​អ្នក​ដទៃ​ផង​ដែរ ដើម្បី​ការពារ​អ្នក​ទាំង​នោះ កុំ​ឲ្យ​ជួប​ប្រទះ​បញ្ហា​ដូចនាង​ខ្ញុំ។ នាងខ្ញុំ ចង់​ឲ្យ​អ្នក​ដទៃ យល់ និង​ដឹង​អំពី​របៀប​ការពារ​ខ្លួន ពីការ​ធ្វើ​បាប​របស់​ក្រុមហ៊ុន។”

នៅឆ្នាំ ២០១៦ អ្នកស្រី ផាវ ញ៉ើង បាន​ចង​ក្រង​ពលរដ្ឋ​ចំនួន ៥៣៨ គ្រួសារ ដើម្បី​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ និង​ធ្វើ​ការ​តស៊ូ​មតិ​ទាមទារ​សិទិ្ធ​របស់​អ្នក​ទាំងនោះ និង​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​អ្នក​ទាំង​នោះ។ គិត​ត្រឹម​ខែ​មីនា ឆ្នាំនេះ ពលរដ្ឋ​ចំនួន ១៧៥ គ្រួសារ ទទួល​បាន​សំណង ជា​ដីធ្លី​ចំនួន បី ហិកតា និង​ប្រាក់ ២.៥០០ ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ។

អ្នកស្រី បាន​​បន្ត​ទៀត​ថា៖ “នាងខ្ញុំ ចង់​ផ្ញើ​សារ​មួយ​ទៅ​កាន់​សកម្មជន​សិទិ្ធ​ដីធ្លី​ជា​ស្ត្រី និង​សមាជិក​សហគមន៍​ដទៃ​ទៀត ថា សូម​កុំ​នៅ​​ស្ងាត់​ស្ងៀម។ សង្គម​មួយ​នេះ អាច​ផ្តល់​យុត្តិធម៌​បាន ដរាប​ណា​ពលរដ្ឋ​ចេះ​សាមគ្គី​គ្នា និង​ជួយគ្នា​ទៅ​វិញ​ទៅ​មក។”

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា