អត្ថបទខ្លីៗ

ឯកឧត្តម កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ

ចេញផ្សាយ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៨
F T M
Former CNRP leader Kem Sokha addresses supporters in Phnom Penh in 2014.

នាព្រឹកនេះ អតីតមេដឹកនាំ​គណបក្ស​ជំទាស់ ឯក​ឧត្តម កឹម សុខា ដែល​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ដោយ​មិន​ទាន់​មាន​ការ​ជំនុំ​ជម្រះ ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​បរិវេណ​ជុំវិញ​គេហដ្ឋាន​របស់​លោក។

ដីការបស់តុលាការដែល​បាន​ចុះហត្ថ​លេខា​ដោយ​ចៅក្រម​ស៊ើប​សួរ លោក គី ឬទ្ធី បាន​សម្រេច​ដោះលែង​ឯក​ឧត្តម កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ប៉ុន្តែ​ដីកា​នោះ​បាន​ចែង​ថា លោក​មិន​ត្រូវ​បាន​​​អនុញ្ញាត​ឲ្យ​អាច​ចាក​ចេញ​ពី​តំបន់​ដែល​ស្ថិត​នៅ​ជុំវិញ​ផ្ទះ​របស់​លោក​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ឡើយ។ លក្ខខណ្ឌ​ផ្សេងៗ និង​ការ​រឹតត្បិត ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ក៏ត្រូវ​បាន​តុលាការ​យក​មក​ប្រើប្រាស់​លើ​ករណី​របស់​លោក​ផងដែរ។

មេដឹកនាំដែលមានវ័យ ៦៥ឆ្នាំ របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​រូបនេះ ត្រូវ​បាន​ហាម​ឃាត់ ដោយ​មិន​ឲ្យ​ជួប​ជាមួយ​នឹង​អតីត​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក ឬ ជន​បរទេស ជា​ពិសេស​ជន​បរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ ឬ​សកម្មភាព​នយោបាយ​ផ្សេង​ទៀត​ឡើយ។

អំឡុងពេលសវនាការសុំនៅក្រៅ​ឃុំ​របស់​តុលាការ​កំពូល​កាល​ពី​ខែមុន ចៅក្រម​ជំនុំ​ជម្រះ លោក គង់ ស្រ៊ីម បាន​បដិសេធ​សំណើ​របស់​មេធាវី​ការពារក្តី​ដែល​បាន​លើក​ឡើង​ថា ឯក​ឧត្តម កឹម សុខា ចាំ​បាច់​ត្រូវ​ទទួល​ការ​ព្យាបាល ដែល​ការ​ព្យាបាល​នេះ​មិន​អាច​មាន នៅ​ក្នុង​ពន្ធនាគារ​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល ដូចជា​ពន្ធនាគារ ម៣​នោះទេ ហើយ​ចៅក្រម​បាន​លើក​ឡើង​ថា ការ​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ គឺ “សម​ហេតុ​ផល” ដើម្បី “ធានា​សុវត្ថិភាព និង​ស្ថេរ​ភាព”។

ឯកឧត្តម កឹម សុខា ត្រូវបានឃុំ​ខ្លួន​ចាប់​តាំង​ពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ ដែល​មាន​ចែង​ក្នុង​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ស្តីពី “បទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស”។ តាម​មតិ​ជាតិ និង​អន្តរ​ជាតិ មិន​មាន​ភស្តុតាង​គួរ​ឲ្យ​អាច​ជឿជាក់​បាន​ណា​មួយ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ឡើយ។

គណបក្សសង្គ្រោះជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល កាល​ពីខែ​តុលា ឆ្នាំ​២០១៧ តាម​សំណើរ​របស់​រាជ​រដ្ឋាភិបាល ដោយ​ប្រើប្រាស់​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​ទើប​នឹង​អនុម័ត​នា​ពេល​ថ្មីៗ​នេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា