អត្ថបទខ្លីៗ

បុគ្គលិកសមាគមអាដហុក និង​គណៈ​កម្មាធិការ​ជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត​ កំពុង​រង់​ចាំ​សាល​ក្រម​លើ​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី

ចេញផ្សាយ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៨
F T M
រូបលោក នី សុខា នៅខាងក្រៅតុលាការកំពូល កាលពីខែមិនា ឆ្នាំ២០១៧

បុគ្គលិកចំនួនបួនរូប​នៃ​អង្គការ​សិទិ្ធ​មនុស្ស និង​អគ្គ​លេខា​ធិការ​រង​មួយ​រូប​នៃ​គណៈ​កម្មារ​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជំនុំ​ជម្រះ ពី​បទ​សូកប៉ាន់​សាក្សី ដែល​ជាប់​ទាក់ទង​នឹង​ករណី​មួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​មក​លើ​មេ​ដឹកនាំ​អតីត​គណបក្ស​ជំទាស់ ឯកឧត្តម កឹម សុខា។

បុគ្គលិកនៃសមាគមការពារសិទិ្ធមនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) ដែល​រួម​មាន អ្នក​ស្រី លីម មុនី្ន លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វង់ដា ហើយ​និង​អគ្គលេខា​ធិការ​រង​នៃ​គណៈ​កម្មារធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក នី ចរិយា ត្រូវ​បាន​ចៅក្រម​សាកសួរ​អំពី​របៀប​ដែល​អ្នក​ទាំង​នោះ ទទួល និង​ចាត់ចែង​ពាក្យ​បណ្តឹង​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​កញ្ញា ខុម ចាន់​តារាទី នៅ​ពេល​ដែល​នាង​បាន​ប្តឹង​ទៅ​អង្គការ​សិទិ្ធ​មនុស្ស​មួយ​នេះ និង​របៀប​ដែល​ដើម​ចោទ​ត្រូវ​បាន​អ្នក​ទាំង​នោះ​ផ្តល់​ជំនួយ​ផ្នែក​ថវិកា។

កញ្ញា ចាន់តារាទី ដែលជាសាក្សីចំបង​នៅ​ក្នុង​សវនាការ​នេះ មិនមាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​ទេ​នា​ព្រឹក​នេះ។ សេចក្ដី​ថ្លែង​ការណ៍​របស់​សាក្សី​ពីររូប​ផ្សេង​ទៀត​ក្នុង​ចំនោម​សាក្សី​ប្រាំពីរទៀតដែលអវត្តមាន ត្រូវបានអានដោយក្រឡាបញ្ជី ដែលធ្វើឲ្យពិបាកក្នុងការសួរឆ្លងរបស់មេធាវីហើយក៏មិនមានភស្តុតាងគួរឲ្យជឿទុកចិត្តណាមួយ ត្រូវបានបង្ហាញដោយព្រះរាជអាជ្ញាដែរ។

បុគ្គលិកសមាគមអាដហុកទាំងបួន ត្រូវបានចោទប្រកាន់តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ស្តីពី “អំពើសូកប៉ាន់សាក្សី”។ អគ្គលេខាធិការងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង​ជា​អតីត​បុគ្គលិក​អង្គការ​សមាគម​អាដហុក លោក នី ចរិយា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​នៅ​ក្នុង​បទល្មើស​ខាង​លើ យោង​តាម​មាត្រា ៥៤៨ និង ២៩ នៃ​ក្រម​នេះ។
អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង​ប្រាំ​នាក់ ដែល​ធ្លាប់​បាន​ជាប់​ឃុំឃាំង​បណ្តោះ​អាសន្ន​អស់​រយៈពេល ១៤ខែ នៅ​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​មាន​ការ​ដោះ​លែងឲ្យ​នៅ​ក្រៅឃុំកាលពី​ខែ​មិថុនា ឆ្នាំ ២០១៧ (ការ​ឃុំខ្លួន​នេះ ត្រូវ​បាន​ក្រុម​ការងារ​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ឃុំខ្លួន​តាម​ទំនើង​ចិត្ត ចាត់​ទុកថា​ជា​ការ​ឃុំខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ)។ យោង​តាម​មតិ​ជាតិ និង​អន្តរ​ជាតិ ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ គឺ​ជាផ្នែក​មួយ​នៃ​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ និង​កំពុង​តែ​កើត​មាន​ឡើង​មកលើ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​មួយ​ចំនួន។

ប្រសិនបើ​អ្នក​ទាំងប្រាំ ត្រូវបាន​តុលាការ​ផ្តន្ទាទោស នោះ​អ្នក​ទាំង​នោះ អាចប្រឈម​មុខ​នឹង​ការ​​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ។

សាលក្រមរបស់សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង ២ និង៣០ រសៀល។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា