អត្ថបទខ្លីៗ

សាលា​ឧទ្ធរណ៍​​ដំកល់​សាលក្រម​ចាត់​របៀប​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​បង្គាប់​ឱ្យ​ស៊េីប​អង្កេត​បន្ថែមលើ​សំណុំ​រឿង​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ

ចេញផ្សាយ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៩
F T M

នៅ​ព្រឹក​នេះ​ សាលា​ឧទ្ធរណ៍​ បាន​សម្រេច​​ដំកល់​​សាល​ក្រម​​ចាត់​​របៀប​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​ដោយ​បង្គាប់​​ឱ្យ​​ស៊េីប​​អង្កេត​​​បន្ថែម​លេី​​សំណុំ​រឿង​​អតីត​​អ្នក​​កាសែត​​វិទ្យុ​​អាស៊ី​​សេរី​​ទាំង​ពីរ​ គឺ​​លោក​ អួន​ ឈិន​ និង​​លោក​ យាង​ សុធារិន​ ។ អ្នក​ទាំង​​ពីរ​ ត្រូវ​​បាន​តុលាការ​​ចោទ​​ប្រកាន់​​ពី​​បទ​ល្មើស​​ពាក់​ព័ន្ធ​​នឹង​​ច្បាប់​​ស្តី​ពី​​ការ​​ប្រឆាំង​​ការ​​ជួញ​ដូរ​​មនុស្ស​ តាម​​មាត្រា​​៣៨​ និង​ ៣៩ ។

អង្គការ​ លីកាដូ​ នៅតែ​បន្ត​អំពាវនាវ​ ស្នេី​ឱ្យ​មាន​​ការ​​ទំលាក់​​ចោល​​បទ​ចោទ​​ប្រកាន់​​ទាំង​​អស់​ទៅ​​លើ​​អ្នក​ទាំង​​ពីរ​​ ។

សាលដីកា​សាលា​ឧទ្ធរណ៍​នា​ព្រឹក​នេះ​ បាន​​ដំកល់​​សាលក្រម​​​ចាត់​របៀប​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​មួយ​​ផ្នែក​ ដែល​​សាលក្រម​​នេះ​​ត្រូវ​​បាន​​សម្រេច​​កាល​ពី​​ខែ​តុលា​ ដោយ​​តុលាការ​​បាន​​បង្គាប់​​ឲ្យ​​ធ្វើ​ការ​​ស៊ើប​អង្កេត​​​បន្ថែម​​ លេី​​បទ​​ចោទ​​ក្រោម​​មាត្រា​ ៣៨​ និង​ ៣៩​​នៃ​​ច្បាប់​​ស្ដីពី​​ការ​​ប្រឆាំង​​ការ​​ជួញដូរ​មនុស្ស​ ។ សាលា​​ឧទ្ធរណ៍​ នឹង​​បេីក​​សវនាការ​​លេី​​សំណុំ​រឿង​​ដាច់​​ដោយ​ឡែក​​មួយ​​ផ្សេង​​ទៀត​​របស់​អ្នក​​ទាំង​​ពីរ​ ពី​​បទ​ "​ធ្វើ​​ឲ្យ​​អន្តរាយ​​ការ​​ការពារ​​ជាតិ​"​ យោង​​តាម​​មាត្រា​ ៤៤៥​ នៃ​​ក្រម​​ព្រហ្មទណ្ឌ​ នៅ​​ថ្ងៃទី​ ២០​ ខែ​​មករា ​ឆ្នាំ​​២០២០​ ខាង​​មុខ​​នេះ ​។

ការ​ស៊ើប​អង្កេត​ឡេីង​វិញ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ រួម​​មាន​​ទាំង​ការ​​ធ្វើ​​ការ​​ពិនិត្យ​​ទៅ​​លើ​ឧបករណ៍​​ផ្ទុក​​ទិន្នន័យ​​កុំព្យូទ័រ​​ (hard drives) ដែល​​ត្រូវ​​បាន​​រក្សា​​ទុក​​ដោយ​​តុលាការ​​អស់​​រយៈពេល​​ជាង​ ១៨​​ខែ​ ទៅ​ហើយ​ ។ ហើយ​​មិន​មាន​​ការ​​កំណត់​​ពេល​វេលា​​ច្បាស់​លាស់​ ថា​​តើ​​ការ​​ស៊ើប​អង្កេត​​​បន្ថែម​ នឹង​​ត្រូវ​​បញ្ចប់​​នៅ​​ពេល​​ណា​​នោះ​​ទេ​ ។ មិន​​​ទាន់​​​មាន​​​ការ​​​វិវឌ្ឍន៍​​​ណា​​​មួយ​​​គួរ​​ឲ្យ​​កត់​សម្គាល់​​​នៅ​​​ឡេីយ​​ទេ​ ចាប់​​តាំង​​ពី​ខែ​​តុលា​​ មក​ ហើយ​​ក៏​​គ្មាន​​ភស្តុតាង​​គួរ​ឲ្យ​​ជឿ​ជាក់​​បាន​ ត្រូវ​បាន​​តុលាការ​​យក​​មក​​បង្ហាញ​​នៅ​​ឡើយ​ ។

អ្នក​ទាំង​ពីរ​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​​នេះ​ ហើយ​​ក្រុម​​អ្នក​​សិទ្ធិ​មនុស្ស​​ជាតិ​ និង​អន្តរជាតិ​ ហើយ​​នឹង​​អ្នក​​តស៊ូ​​មតិ​​ផ្នែក​​សេរី​ភាព​​សារព័ត៌​មាន​ បាន​​អំពាវ​នាវ​​ម្តង​​ហើយ​​ម្តង​​ទៀត​ ដោយ​​ស្នើ​សុំ​​ឲ្យ​​ទំលាក់​​បទ​​ចោទ​​ទាំង​អស់​​លេី​​អ្នក​​ទាំង​​ពីរ​ ។

លោក​ ឈិន​ និង​លោក​ សុធារិន​ ត្រូវ​​បាន​​អាជ្ញាធរ​​ចាប់​​ខ្លួន​ កាល​​ពី​​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ហើយ​​អ្នក​​ទាំង​​ពីរ​ បាន​​ជាប់​​ឃុំ​​ខ្លួន​​បណ្ដោះ​​អាសន្ន​​រង់ចាំ​​សវនាការ​​អស់​​ជាង​ ៩​ខែ​ មុន​ពេល​​ត្រូវ​​បាន​​តុលាការ​​ដោះ​លែង​​ឱ្យ​​នៅ​​ក្រៅ​ឃុំ​​បណ្ដោះ​​អាសន្ន​ ។ អ្នក​ទាំង​​ពីរ​ ធ្វើ​​ការ​​ជា​​អ្នក​កាសែត​​ឱ្យ​​វិទ្យុ​​អាស៊ី​​សេរី​ មុន​​ពេល​​ដែល​​ស្ថាប័ន​​នេះ​ ​បិទ​​ទ្វារ​​ការិយាល័យ​​របស់​​ខ្លូន​​នៅ​​ភ្នំពេញ​ ដោយ​សារ​​ការ​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​ពី​​អាជ្ញាធរ​​រដ្ឋ​ ក្នុង​​ការ​​គាប​សង្កត់​​សារព័ត៌មាន​​ឯករាជ្យ​​មួយ​​ចំនួ​ន​ ដែល​​រួម​​មាន​​ស្ថានីយ​​វិទ្យុ​​ដែល​​ផ្សាយ​​បន្ត​​ពី​​វិទ្យុ​​អាស៊ី​​សេរី​ ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា