សេចក្តីថ្លែងការណ៍

សេចក្តីប្រកាសព័ត៌មាន: សេចក្តីព្រាងច្បាប់លើកទីពីរស្តីពីសហគម និងអង្គការមិនមែនរដ្ឋាភិបាលធ្វើឲ្យបាត់បង់សិទ្ធិ មូលដ្ឋាន

ចេញផ្សាយ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១១
F T M

ភ្នំពេញ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១) – សេចក្តីព្រាងច្បាប់ស្តីពី សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល (ហៅកាត់ថា ច្បាប់​អង្គការ) គឺ​ពុំ​មាន​អ្វី​សំខាន់​ខុស​ប្លែក​ពី​សេច​ក្តី​ព្រាង​លើក​ទីមួយ​ឡើយ ហើយ​ច្បាប់​នេះ​នៅ​តែ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​មកលើ​ អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដដែល នេះ​បើ​យោង​តាម​របាយ​ការណ៍​​សង្ខេប​​ថ្មី​​មួយ​​របស់​អង្គការ​​លីកាដូ។

សេចក្តីព្រាងច្បាប់លើកទីមួយ ដែលបានចេញផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ កន្លង​ទៅ​នេះត្រូវបាន​អង្គការ​សង្គម​ស៊ីវិល និង​​អ្នក​សង្កេតការណ៍​អន្តរ​ជាតិ​នានា ថ្កោលទោសយ៉ាងខ្លាំងក្លាដែលថា ច្បាប់នេះ គឺជាការវាយ​ប្រហារ​មក​លើ​សិទ្ធិ​មាន​សេរីភាព ខាង​សមាគម ជួប​ប្រជុំ និង​បញ្ចេញ​មតិ​របស់ប្រជាពលរដ្ឋកម្ពុជា។ សេច​ក្តី​ព្រាង​​ច្បាប់​​​លើក​ទី​ពីរ​​​ដែល​​ចេញ​​ផ្សព្វ​​ផ្សាយ​​ដោយ​​ក្រសួង​​មហាផ្ទៃ​​កាល​​ពីថ្ងៃទី២៤ ខែមីនា កន្លងទៅនេះពុំ​មាន​ការកែ​ប្រែ​អ្វី​ដើម្បី​បន្ធូរ​បន្ថយ​នូវ​ការភ័យ​ខ្លាច​នេះ​ឡើយ។

ការចុះបញ្ជី នៅតែជាលក្ខខ័ណ្ឌតម្រូវចាំបាច់សម្រាប់អង្គការ និងសមាគម​ទាំង​អស់​ជា​ដដែល (មាត្រា ៦)។ ក្រុម​ណា​ដែល​ពុំ​បាន​ចុះ​បញ្ជី នឹងមិនត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ឡើយ។ មាត្រាសំខាន់ៗ​មួយ​ចំនួន​នៅមាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ ហើយ​ដែល​វា​ផ្តល់​ឲ្យ​មាន​ការ​បក​ស្រាយ​តាម​អំ​ពើ​ចិត្ត។ នៅ​ក្នុង​កាលៈ​ទេសៈ​ជាច្រើន រាជ​រដ្ឋាភិបាល​ត្រូវ​បាន​ផ្តល់​ឲ្យ​មាន​នូវ​អំណាច​ដើម្បី​បិទ​អង្គការ សមាគម​តាម​ទំនើង​ចិត្ត ដោយ​ពុំ​មាន​ផ្តល់​លទ្ធភាព​សម្រាប់​ធ្វើកា​រតវ៉ា​ឡើយ (មាត្រា១៨ ត្រូវ​បាន​លុប​ចេញ​ពី​សេចក្តី​ព្រាង​លើកទី២)។

កញ្ញា ណាលី ពីឡូក នាយិកា អង្គការលីកាដូ បានមានប្រសាសន៍ថា “ច្បាប់នេះ លុប​បាត់​ចោល​ទាំង​ស្រុង​នូវ​ទស្សនះ​ស្តី​អំពី​សង្គម​ស៊ីវិល​ឯក​រាជ្យ” “ប្រ​សិន​បើ​យើង​ពិនិត្យ​មើល​ច្បាប់​នេះ ពី​មាត្រា​មួយ​ទៅ​មាត្រា​មួយ ហើយ​មើល​ច្បាប់​នេះ​ទាំង​មូល នោះ​វា​មិន​អាច​នឹង​មិន​ឲ្យ​យើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​បាន​ថា ចេត​នា​របស់​ច្បាប់​នេះ​គឺ ត្រួត​ត្រា​លើ​សង្គម​ស៊ីវិល​ឡើយ”។

ទោះបីជារាជរដ្ឋាភិបាល បានប្រកាសជាយូរមកហើយ អំពីគោលបំណងរបស់ខ្លួដែលចង់ឲ្យមានច្បាប់សម្រាប់អង្គការ និង​សហគម ក៏ដោយ ក៏មន្ត្រីនានានៅមិនទាន់បានបង្ហាញឲ្យ​បានច្បាស់លាស់នៅឡើយ​អំពីសេចក្តីត្រូវការ​ដើម្បីមាន​ច្បាប់​នេះ។ ក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ដែល​នៅ​កំពុង​តែ​រង់​ចាំ​នូវ​ការ​ប្រកាស​អោយ​ប្រើ​នូវ​មាត្រា​មួយ​ចំនួន​ធំ​ទៀត​នោះ​ វា​​នឹង​​ផ្តល់​​មក​​នូវ​​របប​ចុះ​បញ្ជី​ដោយ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​ផ្តល់​ឲ្យ​មាន​នូវ​បទ​បញ្ញាត្តិ​គ្រប់​គ្រាន់ ចំពោះ​គ្រប់​អង្គការ ឬស្ថា​ប័ន​និតិ​បុគ្គល​ទាំងអស់ – ទាំង​ចំពោះ​អង្គកា​រមិន​រក​កម្រៃ។ មកទល់ពេលនេះ ហេតុផល​ចម្បង​តែ​មួយ​គត់​របស់​រដ្ឋាភិ​បាល សម្រាប់​​ការ​មាន​ច្បាប់​នេះគឺ ផ្តើមចេញពីការ​ព្រួយបារម្ភចំពោះចំនួនច្រើន​នៃក្រុមអង្គការមិនមែន​​រដ្ឋា​ភិបាល​នៅ​​ក្នុង​ប្រទេស​​កម្ពុជា និង​ការប្រកាសអះអាង ដើម្បីទប់ស្កាត់អំពីភេវរកម្ម។

កង្វះភាពច្បាស់លាស់ អំពីគោលបំណងរបស់ច្បាប់ បានបណ្តាលឲ្យមន្រ្តីជាន់ខ្ពស់នៃក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ប្រកាស​កាល​ពីថ្ងៃទី​១១ ខែកុម្ភៈ កន្លងទៅនេះថា សហរដ្ឋអាមេរិក មិន “យល់អំពីភាពចាំ​បាច់​នៃ​ច្បាប់​នេះ​ឡើយ”។

កញ្ញា ណាលី ពីឡូក បានមានប្រសាសន៍បន្ថែមទៀតថា “មិនដូចច្បាប់​ស្តីពីអង្គការមិនរកកម្រៃជាច្រើន​នៅលើ​ពិភព​លោក​ទេ ច្បាប់នេះគ្មានផលប្រយោជន៍ដែលមានសារៈ​សំខាន់​ដល់​ក្រុម​ដែល​មិន​បាន​ចុះបញ្ជី​ឡើយ។ នៅក្នុង​ច្បាប់​នេះ​មាន​ពោរពេញទៅដោយការបំភិតបំភ័យ ជាជាងការផ្តល់ប្រយោជន៍”។

របាយការណ៍សង្ខេបថ្មីបំផុតរបស់អង្គការលីកាដូ ដែលផ្អែកលើរបាយការណ៍ស្រដៀងគ្នាមួយ ដែល​បានចេញ​ផ្សាយ​កាល​ពីខែធ្នូ ឆ្នាំ២០១១ កន្លង​ទៅ​នេះ បន្ទាប់​ពី​ការ​ចេញ​ផ្សព្វផ្សាយ​នូវ​សេចក្តី​ព្រាង​លើក​ទីមួយ​នៃច្បាប់​ស្តីពី “សហគម និង​អង្គការ​ក្រៅរដ្ឋាភិបាល” ដែលរបាយការណ៍សង្ខេបថ្មីនេះ វិភាគលើចំណុចជាក់លាក់​ដែលមានការកែប្រែនៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​លើកទីពីរ ហើយ​ជាលទ្ធផល​ គឺវា​ផ្តល់​មក​នូវ សេចក្តីសន្និដ្ឋានដូចគ្នា​នឹងសេចក្តីសន្និដ្ឋាន​ដែល​មាន​ក្នុង​របាយការណ៍​សង្ខេប​ចេញ​ផ្សាយ​កាល​ពី ខែមករា ។ ក្រុម​សង្គម​ស៊ីវិល​មិន​គួរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​បញ្ជីទេ។ ការ​ចុះ​បញ្ជី​ដោយ​ស្ម័គ្រ​ចិត្ត គឺ​ជាលក្ខខ័ណ្ឌ​តម្រូវ​ចាំបាច់ ដើម្បី​ធានា​ថា​ច្បាប់​នេះ​គោរពសិទ្ធិ​មាន​សេរីភាព​ខាង​សមាគម ​ជួប​ប្រជុំ និង​បញ្ចេញ​មតិ របស់ប្រជាពលរដ្ឋកម្ពុជាដូចដែលមានចែងនៅក្នុងច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សន្ធិ​សញ្ញា​អន្តរ​ជាតិ​នានា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 កញ្ញា ណាលី ពីឡូក នាយិកា អង្គការលីកាដូ (និយាយភាសា អង់គ្លេស និងបារាំង) ទូរស័ព្ទៈ ០១២ ៨០៣ ៦៥០
 លោក ហ៊ម ស៊ុនរិទ្ធិ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្ស (និយាយភាសាខ្មែរ) ទូរស័ព្ទៈ ០១២ ៩៨៨ ៩៥៩

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា