សេចក្តីថ្លែងការណ៍

ការបញ្ចប់​ករណីទាំងពីរ​ដែលទាក់ទង​ទៅនឹង​អំពើឃាតកម្ម​ ​លោក​ឈុត វុទ្ធី បានបន្សល់ទុក​នូវសំណួរ​ច្រើនជាង​ចំលើយ

ចេញផ្សាយ ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១២
F T M

បុគ្គលិក​ក្រុមហ៊ុន Timber Green លោក រ៉ាន់ បូរ័ត្ន ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល ពីរឆ្នាំ នៅថ្ងៃនេះ​ពីបទ​បាញ់សម្លាប់​មន្ត្រីយោធា ដែលរដ្ឋាភិបាល​បានអះអាងថា​បានសម្លាប់​សកម្មជនបរិស្ថាន​លោកឈុត វុទ្ធី។

ទោះជាយ៉ាងនេះក្តី មួយភាគបីនៃទោស ត្រូវបានព្យួរ ហើយលោករ៉ាន់ បូរ័ត្ន នឹងត្រូវបាន​ដោះលែង​នៅរយៈពេល​ ពីរសប្តាហ៍ក្រោយ។

លោកឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ នៅតំបន់ដាច់ស្រយាលមួយកន្លែង ឆ្ងាយពីភ្នំក្រវាញ កាលពីថ្ងៃទី២៦ ក្នុងខណៈពេលដែល​គាត់កំពុង​ស៊ើបអង្កេតករណី​កាប់ឈើ​ខុសច្បាប់​ ជាមួយ​អ្នកកាសែត Cambodia Daily ពីររូបទៀត។ មន្ត្រីយោធា លោក អ៊ិន រតនា ក៏ត្រូវបាន​បាញ់សម្លាប់​នៅពេលផ្ទុះអាវុធ​ផងដែរ។ មន្ត្រីរាជរដ្ឋាភិបាល​បានរៀបចំ​លំដាប់នៃការពន្យល់​ដែលមានលក្ខណៈ​ផ្ទុយគ្នា ហើយចំលែកៗជាច្រើន សម្រាប់ការស្លាប់​របស់លោក វុទ្ធី នៅមុនបិទបញ្ចប់​ដោយការ​ចង្អុលនូវ​ការបាញ់​ទៅលោក អ៊ិន រតនា។

នៅក្នុង​នីតិវិធីសវនាការ​រយៈពេល ៩០នាទី នៅចំពោះមុខ​តុលាការ​ខេត្តកោះកុង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ លោកបូរ័ត្ន​បានផ្តល់​សក្ខីកម្មថា គាត់បានព្យាយាម​ទាញយក​អាវុធពីលោក រតនា បន្ទាប់ពីលោក វុទ្ធី ត្រូវបានបាញ់ ក៏ប៉ុន្តែដោយ​ឧប្បទ្ទវហេតុ​ក៏បានបាញ់សម្លាប់​លោក អ៊ិន រតនា ដោយកាំភ្លើង AK-47 របស់គាត់។ លោក បូរ័ត្ន ត្រូវបាន​ចោទប្រកាន់​ពីបទ “មនុស្សឃាត​ដោយអចេតនា” ដែលត្រូវផ្តន្ទាទោស​អតិបរមា​រយៈពេល ៣ឆ្នាំ។

នៅមុនពេល​សវនការ​លើករណី​លោក បូរ័ត្ន លោកចៅក្រម ខាំ សុផារី បានប្រកាសថា​តុលាការបានធ្វើការបិទជាផ្លូវការ​នូវសំណុំរឿង​ស៊ើបអង្កេតលើ​ករណីការស្លាប់​របស់លោក វុទ្ធី។ យោងតាម​ការប្រកាស​របស់​តុលាការ សំណុំរឿងនៃការ​បាញ់ប្រហារ​នៅថ្ងៃទី២៦ ខែមេសា ត្រូវបាន​បែងចែកជាពីរសំណុំរឿង ដោយសំណុំរឿងមួយ​ធ្វើការស៊ើបអង្កេត​លើករណី​ការស្លាប់​របស់លោក ឈុត វុទ្ធី ហើយសំណុំរឿង​មួយទៀត​ធ្វើការស៊ើបអង្កេត​លើករណី​ការស្លាប់​របស់លោក អ៊ិន រតនា។ ដោយ សារការ​ស៊ើបអង្កេត​លើករណី​ការសម្លាប់​លោកវុទ្ធី ត្រូវបានសន្និដ្ឋាន​បញ្ចប់ថា គឺលោក រតនា​ជាអ្នកទទួលខុសត្រូវ តុលាការ​បានអះអាងថា មិនមាន​នីតិវិធីបន្តទេ សម្រាប់​ករណីនេះ។

នាយិការ​អង្គការ​សិទិ្ធមនុស្ស លីកាដូ អ្នកនាង ណាលី ពីឡូក មាន​ប្រសាសន៍ថា៖ “ការស៊ើបអង្កេត​លើករណី​ការសម្លាប់​លោក ឈុត វុទ្ធី គឺជាការ​មិនយកចិត្តទុកដាក់​ដល់ភាព​យុត្តិធម៌ តាំងពីថ្ងៃទីមួយ (តាំងពីការពន្យល់​មិនសមតម្យ​លើការស្លាប់​របស់គាត់ ការធ្វើបទបង្ហាញ​ដែលមិនច្បាស់លាស់ និងការធ្វើ​សេចក្តីសន្និដ្ឋាន​ដែលមិនមានការ​ប្រជែងគ្នា គឺមិនមែនជា​ជាសវនាការ​មួយទេ)”។ អ្នកនាង មានប្រសាសន៍​បន្តទៀតថា៖ “ការបាញ់ប្រហារ បានធ្វើឲ្យ​សកម្មជន​បរិស្ថាន​ដ៏លេចធ្លោ​ម្នាក់នៅ កម្ពុជា​ស្លាប់ ហើយក៏ធ្វើឲ្យ​មន្ត្រីយោធា​ម្នាក់​ស្លាប់ផងដែរ រីឯលទ្ធផល​នៃការស៊ើបអង្កេត គឺត្រឹមតែបុគ្គលិក​សន្តិសុខ​ឯកជន​ម្នាក់​ដែលមិនមាន​អាវុធ​ក្នុងដៃក្នុង​អំឡុងពេល​កើតហេតុ ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រយៈពេល ៦ខែ។ នេះជាការ​ទម្លាប់បំភិត​បំភ័យ​ដល់​អ្នកទាំងឡាយ ដែលចង់និយាយ​រិះគន់​នឹងស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ប្រទេសកម្ពុជា។”

សវនាការ​លើករណី​លោកប៉ូរ័ត្ន មានភាព​មិនប្រក្រតី​ច្រើន ដែលបង្ហាញឲ្យឃើញ​តុលាការ​មិនដូចជា​ស្ថាប័ន​ដែលការស្វែងរក​នូវការពិត ប៉ុន្តែត្រឹមតែ​ជាស្ថាប័ន​ដែលនាំពាក្យដល់​សាធារណជន​ប៉ុណ្ណោះ។

ជាចំនុចសំខាន់បំផុត នីតិវធី​លើករណី​លោក បូរ័ត្ន គួរតែមានការធ្វើ​បទបង្ហាញ​នូវភស្តុតាង​ដែលបង្ហាញឲ្យឃើញថា​លោក រតនា បានបាញ់​លោកវុទ្ធី។ ប្រសិនបើមិនមាន​ភស្តុតាង​បែបនេះទេ គឺមិនអាច​ទៅរួចទេ ក្នុងការលើកឡើង​ដោយស្របច្បាប់ថា​អំពើរបស់លោក បូរ័ត្ន គឺជាការ​ការពារខ្លួន​ដោយស្របច្បាប់ តាមរយៈការ​ព្យាយាមទាញយក​អាវុធពីលោក រតនា។ ក៏ប៉ុន្តែមិនមាន​ភស្តុតាង​ដែលគួរឲ្យជឿបាន អំពីពិរុទ្ធភាព​របស់លោករតនា ត្រូវបានបង្ហាញឲ្យឃើញ​នៅក្នុងអំឡុង​ពេល​សវនាការ​យ៉ាងរហ័សរយៈពេល ៩០នាទីនោះទេ។ មិនតែប៉ុណ្ណោះ ទោះជាយ៉ាងណាក៏​មិនមាន​ភស្តុតាងរឹងមាំណាមួយ​ត្រូវបានលើកឡើង​ផងដែរ។ តុលាការមិនបានលឺ​អំពីការវិភាគ​ណាមួយ​លើគ្រាប់កាំភ្លើង ស្នាមម្រាមដៃ រំសេវគ្រាប់ដែលឆេះ កន្លែងរបួស ឬក៏ទីកន្លែង​និងចំនួន​នៃសំបកគ្រាប់​ដែលបានរកឃើញនោះទេ។ ហើយក៏មិនមាន​ទាំងការបង្ហាញ​អំពីតារាងគំនូស​បង្ហាញពីកន្លែង​ដែលបុគ្គលម្នាក់ៗ​បានចូលរួម​ក្នុងព្រឹត្តិការណ៍​នោះ និងការពន្យល់​អំពីហេតុផល​នៃរន្ធ​ដែលធ្លុះនៅក្នុងឡាន​របស់លោកវុទ្ធី​ដោយគ្រាប់កាំភ្លើង ឬក៏ស្នាមរបួស​នៅលើខ្លួនរបស់​លោករតនាដែរ។

ផ្ទុយទៅវិញ ការបរាជ័យ​ក្នុងការសម្តែង​ឡើងវិញ​របស់បូរ័ត្ន អំពីការបាញ់​ទៅលើ​លោករតនា​នៅក្នុងបន្ទប់សវនាការ បានបង្ហាញយ៉ាងច្បាស់​ដំណើររឿង​ដែលមិនគួរឲ្យ​គេជឿបាន៖ ជាធម្មតា​គ្មាន​មធ្យោបាយណា​ដែលកាំភ្លើង​ដ៏វែងរបស់​លោករតនា​អាចបែរ ១៨០ ដឺក្រេ ហើយបណ្តាលឲ្យ​បាញ់ត្រូវកន្លែងពីរផ្សេងគ្នា​ចំងាយឆ្ងាយពីគ្នា​ជាច្រើន អ៊ីញ (inch) ដោយមួយនៅទ្រូង ឯមួយទៀត​នៅចំត្រង់​ពោះ​លោករតនា។

សាក្សីសំខាន់​ជាច្រើន មិន​បានមកបង្ហាញខ្លួន​នៅសវនាការ​នោះឡើយ រួមទាំង​យោធាម្នាក់​ដែលជាបុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន Timber Green ដោយយោងតាម​របាយការណ៍​ជាច្រើន គឺជាតួសំដែង​យ៉ាងសំខាន់​នៅក្នុងព្រឹត្តិការណ៍​ដែលឈានដល់​ការបាញ់ប្រហារ ហើយដែល​នៅក្នុងព្រឹត្តិការណ៍​នោះ​យោធានោះបាន​ពាក់ម៉ាសមុខ និងមានភាព​ស្រវឹងស្រា​ខ្លាំង។ មិនមានការ​ព្យាយាម​ណាមួយ​ដើម្បីវិនិច្ឆ័យ​លើការអវត្តមាន​ទាំងនេះទេ។

ជាលទ្ធផល ស្ទើរតែពេញ​មួយសវនាការ ក្រឡាបញ្ជី​ត្រឹមតែបានអាន​សក្ខីកម្ម​របស់​សាក្សីខ្លីៗប៉ុណ្ណោះ។ សក្ខីកម្មជា​លាយលក្ខណ៍អក្សរ​ចំនួនប្រាំបី បង្ហាញនូវភាព​មិនច្បាស់លាស់ ភាពមិនស៊ីចង្វាក់គ្នា​របស់ពួកគេ និង​ការខកខាន​ក្នុងការបង្ហាញ​នូវពត៌មានលំអិត។ ការសន្ទនា​ដែលត្រូវបានពិពណ៌នា​ឡើងវិញមួយចំនួន ជាមួយ​នឹង​សាក្សី​ដែលមិនគួរឲ្យជឿ គឺជាការបន្ថែម​ឡើង​មួយកំរិតទៀត​នូវពាក្យ​ដែលបាន​និយាយដដែលៗ ទៅលើបទបង្ហាញ​ដែលមិនគួរឲ្យជឿ​ដែលមានស្រាប់។ ដោយគ្មានវត្តមាន​សាក្សី នោះមិនមាន​មធ្យោបាយ​ណា​ដែលចៅក្រម ព្រះរាជអាជ្ញា ឬក៏មេធាវីការពារក្តី​អាចសួរអំពីភាព​មិនស៊ីចង្វាក់គ្នា ឬសួរដេញដោល​រកពត៌មាន​លំអិតបន្ថែមបាន​នោះទេ។

ក្នុងចំណោម​បុគ្គល​ដែលបានធ្វើសក្ខីកម្ម​នៅក្នុងសវនាការ មានតែម្នាក់ប៉ុណ្ណោះ​ដែលបាន​អះអាងថាជា​សាក្សី​បានឃើញ​ការបាញ់ប្រហារ គឺលោកសូ សុភាព ដែលជា​បុគ្គលិក​ក្រុមហ៊ុន Timber Green និង​ជាកងរាជអាវុធហត្ថ។ លោកសុភាព ដែលជា​សាក្សីផ្ទាល់ភ្នែក​តែម្នាក់គត់​នៅក្នុង​សវនាការក្រៅពី​លោកបូរ័ត្នខ្លួនឯង បានផ្តល់​សក្ខីកម្ម​យ៉ាងសង្ខេប ហើយច្បាស់ៗ ថាគាត់មិនបាន​គិតថាលោករតនា​មានបំណង​នឹងសម្លាប់លោកវុទ្ធី​នោះទេ ហើយលោកបូរ័ត្ន​ប្រហែលជាបាន​ជួយជីវិត​អ្នកកាសែត​ពីររូប​នោះដែរ។

មិនមាន​បុគ្គល​ផ្សេងទៀត ដែលត្រូវបាន​កោះហៅ​មកធ្វើជា​សាក្សីនៅក្នុង​សវនាការ​ ដែលបានឃើញ​ការបាញ់​ប្រហារនោះ​ឡើយ។ បុគ្គលម្នាក់ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Timber Green បានទទួលស្គាល់ថា​បុគ្គលិក​សន្តិសុខ​របស់គាត់​បានទូរស័ព្ទ​ទៅប្រាប់​គាត់អំពី​វត្តមាន​របស់លោកវុទ្ធី និងការថតយក​រូបភាព​នៅទីនោះ​របស់​លោកវុទ្ធី ដោយមាន​អ្នកការសែត​ពីររូប​មកជា​មួយផង។ អ្នកគ្រប់គ្រង​នោះ បានអះអាងថា​គាត់មិនបាន​ធ្វើសកម្មភាពអ្វី​ដើម្បីឆ្លើយតប​នឹងទូរស័ព្ទនោះទេ។

មន្ត្រីយោធា ក៏បានផ្តល់​សក្ខីកម្ម​យ៉ាងសង្ខេប​អំពីបទសម្ភាសន៍​ដែលគាត់​បានធ្វើ​ជាមួយ​សាក្សី​អំពីការ​បាញ់ប្រហារ​នោះដែរ។ សាក្សី​ដែលអវត្តមាន សន្មតថា​បានប្រាប់​មន្ត្រីរូបនោះថា លោករតនា​បានសម្លាប់​លោកវុទ្ធី​នៅមុន​លោកបូរ័ត្ន​បានសម្លាប់​លោករតនា​ដោយអចេតនា។ ម្តងទៀត មិនមាន​ហេតុផល​ណាមួយ ដែលបាន​ពន្យល់​ឲ្យបានច្បាស់លាស់​សម្រាប់​ការអវត្តមាន​ដោយខ្លួនឯង​របស់សាក្សី​នៅមុខតុលាការ​នោះទេ។ នៅពេល​ត្រូវបាន​សាកសួរ​អំពី​សំបក​គ្រាប់កាំភ្លើង មន្ត្រីយោធា​បាននិយាយថា​រូបលោក​បានរកឃើញ​ប្រហែលជាពីរ ឬបីគ្រាប់។ ការឆ្លើយតប​ដ៏ស្រពិចស្រពិល​នេះ គឺមិនមាន​ការតាមដាន​ណាមួយ​នោះទេ។

ការផ្តល់​សក្ខីកម្ម​ពេញមួយ​អង្គសវនាការ បានវែក​ទុកមួយឡែក​នូវព្រឹត្តិការណ៍​ដែលបណ្តាល​ឲ្យមាន​ការបាញ់ប្រហារ ពោលគឺ​អំពីការរឹបអូស​កាមេរ៉ា និងការ​បិទផ្លូវ ដោយបាន​ត្រឹមតែ​អះអាងថា​លោកវុទ្ធី​បានថតរូប​នៅក្នុងព្រៃ​ដោយមិនមាន​ការអនុញ្ញាត។

នៅមុនពេល​បិទ​សេចក្តីថ្លែងការណ៍ តុលាការ​បានសួរទៅ​ប្រធាន​គណកម្មាធិការ​ស៊ើបអង្កេត ដែលត្រូវបាន​បង្កើតឡើង​ដើម្បីស៊ើបអង្កេត​លើករណី​ការស្លាប់​របស់លោកវុទ្ធី គឺលោក​ឧត្តមសេនីយ៍ ម៉ក់ ជីតូ ដើម្បីផ្តល់​សក្ខីកម្ម។ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បាន​ធ្វើការអង្កេត​លើនីតិវិធី​ទាំងមូល ហើយបានធ្វើ​សេចក្តី​សន្និដ្ឋាន ដោយគ្រាន់តែមានប្រសាសន៍ថា លោកបាន​ធ្វើការ​សម្ភាសន៍​លើសាក្សី​ចំនួន ១១ នាក់។ ដោយមិនមានការផ្តល់ពត៌មានលំអិតជាងនេះ លោកបាន​មានប្រសាសន៍ថា លោកកំណត់ថា​លោករតនា​បានបាញ់​លោកវុទ្ធី នៅមុនពេល​ត្រូវបាន​បាញ់សម្លាប់​ដោយគ្រាប់កាំភ្លើង​ដែលចេញពី​កាំភ្លើង​របស់ខ្លួនឯង ដោយ​ឧប្បទ្ទវហេតុ នៅពេលដែល​លោកបូរ័ត្ន​ព្យាយាមទាញ​កាំភ្លើងពីដៃ​របស់​លោករតនា។ ការផ្តល់​សក្ខីកម្ម​របស់​លោកឧត្តមសេនីយ៍​ជីតូ មិនបានពិពណ៌នា​អំពីការធ្វើកោសល្យវិច្ច័យ​តាមនីតិក្រម (forensic testing) ណាមួយ ដែលបាន​ធ្វើឡើង​នោះទេ។

នាយិការ​អង្គការ​សិទិ្ធមនុស្ស អ្នកនាង​ណាលី ពីឡូក មានប្រសាសន៍ថា៖ “សវនាការនេះ ជានីតិវិធី​យ៉ាងរហ័ស ហើយចម្លើយ​របស់ចុងចោទ មានលក្ខណៈ​មិនគួរឲ្យជឿបាន”។ អ្នកនាង​បានមាន​ប្រសាសន៍​បន្តទៀតថា៖ “ការស្លាប់​របស់​លោកវុទ្ធី សមនឹង​ទទួលបាន​នូវភាពយុត្តិធម៌ ហើយការណ៍នេះ​ទាមទារឲ្យមាន​ការស៊ើបអង្កេត​ឲ្យបានត្រឹមត្រូវ និងការលាតត្រដាង​នូវភស្តុតាង​ដែលគួរឲ្យជឿ​ដល់សាធារណជន ដើម្បីលុបបំបាត់​ទស្សនៈ​និទណ្ឌភាព​ដែលនៅតែបន្តមាន នៅជុំវិញ​សោកនាដកម្ម​នេះ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Naly Pilorge, LICADHO Director, 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា