សេចក្តីថ្លែងការណ៍

ការបដិសេធការដោះលែងក្នុងអំឡុងពេល បណ្តឹងឧទ្ធរណ៍ឲ្យនៅ ក្រៅឃុំបណ្តោះអាសន្នបង្ហាញឲ្យឃើញពី ការអន្តរាគមន៍ផ្នែក នយោបាយនៅក្នុងប្រព័ន្ធតុលាការកម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣៖ អង្គការលីកាដូ
សមាគមធាងត្នោត (STT) សមធម៌កម្ពុជា (EC) និងមជ្ឈមណ្ឌលអប់រំច្បាប់
សម្រាប់សហគមន៍ (CLEC)មានការខកចិត្តយ៉ាងខ្លាំងលើសេចក្តីសម្រេចរបស់
តុលាការកំពូលដែលមិនអនុញ្ញាតឲ្យសកម្មជនដីធ្លីនៅសហគមន៍បឹងកក់ អ្នកស្រី
យ៉ោម បុប្ផា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំបើកសវនាការ។ សំណើរសុំរបស់
អ្នកស្រី បុប្ផា ត្រូវបានពិចារណាដោយតុលាការកំពូលនាព្រឹកនេះ នៅខណៈដែល
សកម្មជនសហគមន៍ចំនួន ១០០នាក់មកពីសហគមន៍បឹងកក់ និងសហគមន៍ដទៃ
ទៀតដែលកំពុងរងការគម្រាមកំហែងនឹងបណ្តេញចេញ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ។ កូនប្រុស និងប្តី
របស់អ្នកស្រី លោក លួស សាខន ក៏ស្ថិតនៅក្នុងចំនោមក្រុមនោះដែរ។

ទោះជាអង្គសវនាការបានបញ្ចប់នៅម៉ោងប្រហែល ៩ ព្រឹក ក្រុមសហគមន៍បានរង់ចាំរហូតដល់ថ្ងៃត្រង់ នៅក្រោម
កំដៅថ្ងៃយ៉ាងខ្លាំង។ ក្រោយមក តុលាការកំពូល បានបដិសេធមិនអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននោះទេ ដោយសំអាងអំពីស្ថានភាពធ្ងន់ធ្ងរនៃបទល្មើស និងការខ្វះខាតភស្តុតាងអំពីបញ្ហាសុខភាពរបស់អ្នកស្រីបុប្ផា។

ការសម្រេចរបស់តុលាការកំពូលបែបនេះ មិនមានអ្វីភ្ញាក់ផ្អើលនោះទេ។ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះនៅមុនពេល
ការចូលខ្លួនរបស់អ្នកស្រីនៅក្នុងតុលាការ សម្តេចនាយករដ្ឋមន្ត្រីលោកបានមានប្រសាសន៍ជាសាធារណៈតាមការ
ថ្លែងសុន្ទរកថានៅក្នុងទូរទស្សន៍ថា ករណីរបស់អ្នកស្រីមិនមែនជាបញ្ហាដីធ្លីនោះទេ ប៉ុន្តែអ្នកស្រីបានប្រព្រឹត្តសកម្មភាព “អយុត្តិធម៌ចំពោះរាជរដ្ឋាភិបាល”។ នៅក្នុងប្រព័ន្ធតុលាការ ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទទួល
ស្គាល់ថា បានទទួលរងឥទ្ធិពលនយោបាយវាមិនអាចទៅរួចទេក្នុងការមើលឃើញយោបល់របស់សម្តេចនាយករដ្ឋមន្ត្រី
ថាមិនមានប្រសិទ្ធិភាព។

អ្នកស្រីបុប្ផា រហូតមកដល់ថ្ងៃនេះ ជាប់ឃុំអស់រយៈពេល ២០៤ថ្ងៃហើយ ចាប់តាំងពីការចាប់ខ្លួនអ្នកស្រីដំបូងកាលពី
ដើមខែកញ្ញា ឆ្នាំ២០១២។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រីត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទល្មើសហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស បន្ទាប់ពីសវនាការមួយដែលមិនមានភស្តុតាងដាក់បន្ទុក
ផ្នែកព្រហ្មទណ្ឌមកលើអ្នកស្រី។

លោក អៀង វុទ្ធី អ្នកតំណាងអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា៖ “អ្នកស្រីមិនមែនជាមនុស្សដែលបាន
ប្រព្រឹត្តិអំពើអយុត្តិធម៌នៅទីនេះទេ”។ លោកបានបន្ថែមថា៖ “ត្រឡប់ទៅសវនាការសាលាដំបូងនាខែធ្នូ ឆ្នាំ២០១២ មិនមានភស្តុតាងណាមួយត្រូវបានបង្ហាញឲ្យឃើញពីពិរុទ្ធភាពរបស់អ្នកស្រីឡើយ។ មិនមានសាក្សីណាម្នាក់ ខាង
អយ្យការ ឬក៏ខាងដើមចោទ បានអះអាងថា អ្នកស្រីបុប្ផា បានចូលរួមក្នុងសកម្មភាពហិង្សាទាំងនោះ។ សាក្សី
ខាងជនរងគ្រោះ បានផ្តល់សក្ខីកម្មដែលមិនស៊ីចង្វាក់គ្នា និងគួរឲ្យសង្ស័យជាច្រើន នៅពេលដែលសក្ខីកម្មរបស់
សាក្សីខាងជនជាប់ចោទមានភាពគួរឲ្យជឿជាក់ ប៉ុន្តែបែរជាមិនត្រូវគេអើពើទៅវិញ”។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “កំហុសសំខាន់ៗនៅក្នុង
នីតិវិធី នៅក្នុងសវនាការដើមរបស់អ្នកស្រីបុប្ផា គឺមានលក្ខណៈខ្លាំងក្លា និងលេចចេញយ៉ាងច្បាស់ ដែលមិនអាច
ទៅរួចទេក្នុងការសន្និដ្ឋានថាការផ្តន្ទាទោសនេះ មិនបានទទួលរងឥទ្ធិពលនយោបាយ”។ អ្នកនាង បានបន្តទៀត
ថា៖ “តើយើងអាចជឿបានទេថា មនុស្សម្នាក់ដែលមិនដែលដាក់ដៃមកលើអ្នកណាម្នាក់សោះនោះ ស្រាប់តែត្រូវ
បានចោទប្រកាន់ពីបទល្មើស “ហិង្សាដោយចេតនា” ?”

បន្ទាប់ពីសេចក្តីសម្រេចត្រូវបានប្រកាស ក្រុមសហគមន៍ដែលនៅខាងក្រៅតុលាការ បានសំដែងនូវភាពខឹងសម្បា ដោយបានដុតរូបតំណាងជញ្ជឹងយុត្តិធម៌ នៅមុនពេលដើរហែក្បួនមកកាន់ព្រះបរមរាជវាំង ដើម្បីអំពាវនាវដល់ព្រះ
មហាក្សត្រកម្ពុជា សុំឲ្យព្រះអង្គប្រទានការអន្តរាគមន៍នៅក្នុងករណីនេះ។

លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលកម្មវិធីនៃសមាគមធាងត្នោត បានមានប្រសាសន៍ថា៖ “ការដោះលែងអ្នកស្រី
យ៉ោម បុប្ផា ឲ្យនៅក្រៅឃុំរង់ចាំសវនាការ គឺជារឿងដែលត្រូវធ្វើ”។ លោកបានបន្តទៀតថា៖ “អ្នកស្រី គឺជាម្តាយ
និងជាប្រពន្ធរបស់បុរសម្នាក់ ដែលបន្ទាប់ពីត្រូវបាននគរបាលវាយឲ្យរបួសថ្មីៗនេះ ហើយឥឡូវមិនអាចធ្វើការបាន
ឡើយ។ លើសពីនេះ គ្រប់ភស្តុតាងទាំងអស់បង្ហាញថា អ្នកស្រី គឺគ្មានកំហុសអ្វីទេ ហើយការបន្តឃុំខ្លួនអ្នកស្រី គឺជាទម្រង់មួយនៃការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ ដោយផ្នែកលើភាពសកម្មរបស់អ្នកស្រីលើបញ្ហាសិទិ្ធដីធ្លី”។

ការបដិសេធមិនឲ្យនៅក្រៅឃុំរង់ចាំសវនាការសម្រាប់អ្នកស្រី ធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះនៅមុន
សកម្មជនសហគមន៍បឹងកក់ម្នាក់ទៀត អ្នកស្រីទេព វន្នី បានទទួលស្វាគមន៍ដោយអនុប្រធានាធិបតីសហរដ្ឋ
អាមេរិក លោក Joe Biden និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Hillary Clinton
នៅរដ្ឋធានី Washington, DC.។ អ្នកស្រី វន្នី គឺជាមនុស្សម្នាក់ក្នុងចំនោមមនុស្សប្រាំនាក់ ដែលទទួលបានពានរង្វាន់
Global Leadership Award ឆ្នាំ២០១៣ ដែលផ្តល់ដោយអង្គការ Vital Voice ។ អ្នកស្រីនឹងចេញទៅទទួលនៅ
ថ្ងៃទី២ ខែមេសា ជាមួយនឹងអ្នកដែលទទួលបានពានផ្នែកសិទិ្ធមនុស្សដទៃទៀតរួមមាន Malala Yousafsai មកពី
ប្រទេសបាគីស្ថាន និង Sandra Gomes Melo មកពីប្រទេសប្រេស៊ីល។

អង្គការ លីកាដូ សមាគមធាងត្នោត អង្គការសមធ៌កម្ពុជា និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍សូមធ្វើការ
អំពាវនាវដល់តុលាការ សូមលោកមេត្តាកំណត់ថ្ងៃសវនាការលើអង្គសេចក្តីនៅសាលាឧទ្ធរណ៍ លើករណីអ្នកស្រី
យ៉ោម បុប្ផា ហើយសូមឲ្យបញ្ឈប់ការជ្រៀតជ្រែកផ្នែកនយោបាយមកលើករណីនេះ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលកម្មវិធីនៃសមាគមធាងត្នោត ទូរស័ព្ទលេខ៖ ០១២ ៨៣៦ ៥៣៣
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
 លោក អៀង វុទ្ធី តំណាងអង្គការសមធម៌កម្ពុជា ទូរស័ព្ទលេខ៖ ០១២ ៧៩១ ៧០០
 លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា