សេចក្តីថ្លែងការណ៍

ការបញ្ឈប់​អំពើហិង្សា​លើស្រ្តីនៅ​គ្រប់ ទីកន្លែង

ចេញផ្សាយ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

នៅខណៈដែលសហគមន៍អន្តរជាតិប្រារព្ធទិវា យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាផ្នែកយេនឌ័រ ចាប់ផ្តើមពីថ្ងៃទី២៥ ខែវិចិ្ឆកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ យើងខ្ងុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយ
នាមដូចខាងក្រោម សូមធ្វើការ​អំពាវនាវឲ្យរាជរដ្ឋាភិបាល​សូមលោក​មេត្តាបញ្ឈប់នូវរាល់ការប្រើប្រាស់​​អំពើហិង្សាលើស្រ្តី ដែលបាន​ប្រព្រឹត្តឡើងដោយភ្នាក់ងាររបស់រដ្ឋ។

ការសិក្សាថ្មីមួយពីសំណាក់អង្គការដៃគូសម្រាប់ការទប់ស្កាត់រាល់អំពើហិង្សា
បានបង្ហាញថា អត្រានៃការប្រើប្រាស់អំពើហិង្សាផ្នែកយេនឌ័រក្នុងប្រទេសកម្ពុជា
គឺមានការកើនឡើងខ្ពស់គួរឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ យោងតាម
សិក្សាស្រាវជ្រាវឃើញថា ជិតម្ភៃភាគរយនៃបុរសដែលបានធ្វើការសម្ភាសន៏ ហើយបានសារភាពថាអ្នកទាំងនោះបាន
ប្រើប្រាស់អំពើហិង្សាផ្លូវកាយលើស្រ្តីជាដៃគូរ ខណៈពេលដែលមានចំនួនជាង២០ភាគរយផ្សេងទៀត បានសារភាព
ថាបានប្រើប្រាស់អំពើហិង្សាលើផ្លូវភេទ។ នៅពាក់កណ្តាលដើមឆ្នាំ២០១៣ អង្គការលីកាដូបានទទួលពាក្យបណ្តឹងលើ
ករណីអំពើហិង្សាក្នុងគ្រួសារជិត ១០០ករណីនិងបានធ្វើការស៊ើបអង្កេតលើករណីរំលោភសេពសន្ថវៈជាង៤០ករណី។

ស្ថិតិនៃការប្រើប្រាស់អំពើហិង្សាដោយផ្ទាល់ខ្លួននេះ ពុំមានអ្វីគួឲ្យភ្ញាក់ផ្អើលនោះទេ យោងតាមនិន្នាការ បច្ចុប្បន្ននៃការ
ប្រើប្រាស់អំពើហិង្សាជាសាធារណៈដែលអាជ្ងាធរបានប្រើប្រាស់កងកម្លាំងហួសហេតុ និងដោយគ្មានការរើសមុខទៅ
លើស្ត្រីដែលឈានមុខគេ និងស្រ្តីដែលចូលរួមក្នុងការតវ៉ាស្វែងរកសន្តិភាព។ កម្មការិនីរោងចក្រកាត់ដេរដែលធ្វើ
បាតុកម្មងាយរងគ្រោះពីការវាយប្រហារយ៉ាងឃោឃៅពីសំណាក់មន្រី្តនគរបាល។ ហើយខណៈដែលសកម្មភាព
អំពើហិង្សាដោយរដ្ឋលើក្រុមអ្នកតវ៉ានេះកើតឡើង គឺកម្រនិងមានការស៊ើបអង្កេត មានការផ្តន្ទាទោសតិចតូច សកម្ម
ជនស្រី្តមួយចំនួនត្រូវបានចាប់ខ្លូនដាក់ក្នុងពន្ធនាគារ និងផ្តន្ទាទោសលើបទចោទដែលមិនសមហេតុសមផល។

អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីមកពីសហគមន៏បឹងកក់ និងជាអ្នកដែលទើបតែទទួលបានការដោះលែងឲ្យនៅ
ក្រៅឃុំជាបណ្តោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីអ្នកស្រីបានជាប់ពន្ធ នាគារអស់រយៈពេលជាង១៤ខែមកនេះ
បាននិយាយថា៖ “មានភាពមិនស្មើគ្នានៅទីនេះ នៅពេលដែលអាជ្ញាធរប្រើប្រាស់អំពើហិង្សាលើពួកយើង ចំនែក
ជនប្រព្រឹត្តបទល្មើសពុំត្រូវបានប្រឈមមុខនឹងយុត្តិធម៌តាមប្រព័ន្ធតុលាការនោះទេ”។ អ្នកស្រី បានបន្តទៀតថា៖
“ផ្ទុយទៅវិញ អ្នកទាំងនោះបែរជាចាប់សកម្មជនជាស្ត្រីដាក់គុកដោយមិនមានភស្តុតាងអ្វីសោះទៅវិញ”។

កាលពីរយៈពេល២ឆ្នាំកន្លងទៅ គេក៏បានប្រទះឃើញមានករណីអំពើហិង្សាទៅលើស្រី្តដោយរដ្ឋដូចមាននៅខាង
ក្រោមនេះ៖

• ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣៖ ក្នុងការប៉ុនប៉ងបង្ក្រាបបាតុកម្មរបស់កម្មករមួយចំនួន កងកម្លាំងប្រឆាំងបាតុកម្មបាន
ប្រើប្រាស់កាំភ្លើងពិតប្រាកដ បណ្តាលឲ្យមានស្រ្តីម្នាក់ដែលឈរនៅកន្លែងកើតហេតុនៅ បានរងគ្រោះដោយសារគ្រាប់
កាំភ្លើងចំដើមទ្រូង។ ក្រោយមកនាងក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ គ្មាននណារម្នាក់ត្រូវបានចោទប្រកាន់នោះទេ។
• ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣៖ អំឡុងពេលជួបជុំគ្នាដោយអហិង្សានៅរម្យណីយដ្ឋានវត្តភ្នំ ដោយអ្នកតំណាងមកពី
គ្រួសារដែលត្រូវបានគេបណ្តេញចេញពីផ្ទះក្នុងសហគមន៍បឹងកក់នៃរាជធានីភ្នំពេញ “កម្លាំងចម្រុះ” មួយក្រុម រួមមាន
នគរបាល និងកងរាជអាវុធហត្ថ ដែលមានអាវុធ ហើយនិងនគរបាលស្លៀកពាក់ស៊ីវិលដោយមានដំបងឆក់ និងជំពាម
កៅស៊ូនៅនឹងដៃបានបំបែកដោយហិង្សាលើការជួបជុំនោះ។ ស្ត្រីចំនួន ៤នាក់បានចូលមន្ទីរពេទ្យ។ មិនមាននរណាម្នាក់
ត្រូវបានចាប់ខ្លួន ហើយមិនមានជនល្មើសណាមួយត្រូវបានចោទប្រកាន់នោះទេ។
• ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២៖ អំឡុងពេលសវនាការសាលាឧទ្ធរណ៍លើករណីសកម្មជនបឹងកក់ដែលត្រូវបាន
ឃុំខ្លួន អាជ្ញាធរបានរារាំងអ្នកគាំទ្រមិនឲ្យចូលទៅក្បែរតុលាការ។ នៅពេលដែលអ្នកគាំទ្របានព្យាយាមឆ្លងកាត់របាំង
បិទផ្លូវ នគរបាលបង្ក្រាបបាតុកម្មបានធ្វើឲ្យអ្នកភូមិរងរបួសចំនួន ៥នាក់។ ស្ត្រីម្នាក់ (ដែលជាប្អូនស្រីរបស់សកម្មជន
ម្នាក់ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ) បានរងរបួសរហូតដល់រលូតកូន បន្ទាប់ពីមន្ត្រីនគរបាលបានទាត់ចំពោះរបស់
នាង។ ករណីនេះនៅកំពុងបន្តនៅឡើយ។
• ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២៖ អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានបាញ់ទៅលើកម្មការីនីចំនួន៣នាក់
បណ្តាលឲ្យរងរបួសនៅក្នុងអំឡុងពេលធ្វើបាតុកម្ម។ គាត់ ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
ប៉ុន្តែមិនទាន់ត្រូវបានចាប់ខ្លួន និងមិនទាន់បានចូលក្នុងពន្ធនាគារមួយថ្ងៃណាឡើយ។

មិនមែនមានត្រឹមតែករណីខាងលើទាំងនេះ នោះទេ។

ណាលី ពីឡូក នាយិកា អង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “អំពើហិង្សានៅទីសាធារណៈ ដែល
នាំឲ្យមានអំពើហិង្សានៅទីតាំងឯកជន មិនអាចត្រូវបានព្រងើយកន្តើយនោះឡើយ។ មិនមានការភ្ញាក់ផ្អើលនោះទេ
ដែលប្រទេសកម្ពុជា មានអត្រាខ្ពស់នៃអំពើហិង្សាលើស្ត្រីនៅពេលដែលអាជ្ញាធរខ្លួនឯងប្រើប្រាស់ហិង្សាដោយមាន
និទណ្ឌភាព”។

យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរដោយទទូចដល់អាជ្ញាធរ សូមលោកមេត្តាបញ្ឈប់ការប្រើប្រាស់កម្លាំងច្រើនហួស
ហេតុមកលើស្ត្រី ដោយគ្រាន់តែអ្នកទាំងនោះអនុវត្តនូវសិទិ្ធរបស់ខ្លួនក្នុងការចូលរួមសកម្មភាពបាតុកម្មស្របច្បាប់
ប៉ុណ្ណោះ និងសូមឲ្យលោកមេត្តាធ្វើការស៊ើបអង្កេតដោយឯករាជ្យជាបន្ទាន់លើករណីអំពើហិង្សាដែលបង្កឡើង
ដោយអាជ្ញាធររដ្ឋផ្សេងទៀត។

អ្នកស្រី អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានមានប្រសាសន៍ថា៖
“មានករណីអំពើហិង្សាលើស្ត្រី បង្កឡើងដោយអាជ្ញាធររដ្ឋតិចតួចប៉ុណ្ណោះ ដែលត្រូវបានធ្វើការស៊ើបអង្កេត ហើយ
កាន់តែមានតិចតួចទៅទៀតលើករណីដែលមានការស៊ើបអង្កេតហើយមានលទ្ធផលក្នុងការដាក់ទណ្ឌកម្ម”។ លោក
បានបន្តទៀតថា៖“ដរាបណាភាពអសកម្មនេះនៅតែបន្តអំពើហិង្សាលើស្ត្រីនឹងនៅតែកើតមានឡើងជារឿយៗនៅក្នុង
ប្រទេសកម្ពុជា”។

នៅថ្ងៃទី ២៨ ខែវិច្ឆិកា ក្រុមសង្គមស៊ីវិល រួមមានសហគមន៍ដីធ្លី សហជីព និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន
នឹងចូលរួមដើរហែក្បួនដោយសាមគ្គីភាពចាប់ពីរម្យនីយដ្ឋានវត្តភ្នំ ដែលជាកន្លែងកើតមានអំពើហិង្សាកាលពីខែ​កញ្ញា
ទៅកាន់ក្រសួងកិច្ចការនារី និងទៅអគ្គស្នងការនគរបាលជាតិដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម
ដើម្បីដាក់ញ្ញត្តិ។

អ្នកស្រី ស ស៊ន ដែលជាសកម្មជនដីធ្លីមកពីសហគមន៍បុរីកីឡា បានមានប្រសាសន៍ថា៖ “យើងខ្ញុំ សូមសំណូមពរ
ដល់ក្រសួងកិច្ចការនារី និងនគរបាល សូមលោក/លោកស្រី មេត្តាគោរពនូវនារីភេទ ហើយសូមបញ្ឈប់នូវការប្រើ
ប្រាស់ហិង្សាពីសំណាក់អាជ្ញាធរនានា មកលើអ្នកទាំងនោះ”។ អ្នកស្រី បានបន្តទៀតថា៖ “ការចូលរួមរបស់ស្ត្រីនៅ
ក្នុងសង្គមគួរតែត្រូវបានគោរព ជាពិសេសពីព្រោះយើងខ្ញុំកំពុងធ្វើការដើម្បីអនាគតប្រទេសកម្ពុជាដ៏ល្អជាងនេះ
នាថ្ងៃខាងមុខ”។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Boeung Kak Lake Community (BKL)
២. Borei Keila Community (BK)
៣. Cambodian Center for Independent Media (CCIM)
៤. Cambodian Food and Service Worker Federation (CFSWF)
៥. Cambodia's Independent Civil-Servants Association (CICA)
៦. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៧. The Cambodian NGO Committee on CEDAW (NGO-CEDAW)
៨. Cambodian Worker Center for Development (CWCD)
៩. Cambodian Youth Network (CYN)
១០. Coalition of Cambodian Farmer Community (CCFC)
១១. Community Legal Education Centre (CLEC)
១២. Community Peace-Building Network (CPN)
១៣. Equitable Cambodia (EC)
១៤. Farmer Development Association (FDA)
១៥. Independent Democracy of Informal Economy Association (IDEA)
១៦. People’s Action for Change (PAC)
១៧. Sahmakum Teang Tnaut (STT)
១៨. Thmor Kol Community

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកស្រី ទេព វន្នី អ្នកតំណាង​សហគមន៍​បឹង​កក់, ទូរស័ព្ទ​លេខ៖ ០១២ ៦០៤ ៦៤៨
 លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៨០២ ៥០៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា