សេចក្តីថ្លែងការណ៍

ការ​ស្លាប់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​គូស​បញ្ជាក់​ពី​ការ​រំលោភ​បំពាន​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​

ចេញផ្សាយ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការ​ពារ​សិទិ្ធ​មនុស្ស​ ​លីកាដូ​ ​(LICADHO​) ​និង​​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ ​Human​ ​Rights​ ​Watch​ ​បាន​លើក​ឡើង​ថា​​ ​រាជ​​រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​បិទ​រាល់​មណ្ឌល​​ទាំង​ឡាយ​​ណា​ដែល​បាន​ឃុំ​ឃាំង​​មនុស្ស​មិន​ត្រឹម​ត្រូវ​ ​និង​ក្រៅ​ពី​ប្រព័ន្ធ​តុលាការ​ព្រហ្មទណ្ឌ​។ ​ការ​រំលោភ​​បំពាន​ទៅ​លើ​គោល​បំណង​ដើម​​នៃ​មណ្ឌល​ទាំង​នេះ​​ ​​ត្រូវ​បាន​បង្ហាញ​​ដោយ​ការ​ស្លាប់​របស់​បុរស​​ម្នាក់​កាល​ពី​ថ្ងៃ​ទី​ ២៦​ ​ខែ​វិឆ្ឆិកា​ ​ឆ្នាំ២០១៤​ ​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ឃាំង​ដោយ​មិន​ត្រឹម​​ត្រូវ ​ហើយ​មិន​ទទួល​បាន​ការ​ថែទាំ​សុខភាព​នៅមណ្ឌល​ព្រៃ​ស្ពឺ​ក្រៅរាជ​ធានី​​ភ្នំ​​ពេញ​។

ណា​លី​ ​​ពី​ឡូក​ ​នា​យិ​កា​​អង្គ​​ការ​​ ​លី​កា​​ដូ​ ​​បាន​មាន​ប្រ​សាសន៍​​ថា​៖ ​“ការ​ទុក​ឲ្យ​មណ្ឌល​ឃុំ​​ឃាំង​នេះ​ដំណើរ​ការ​ ​គឺ​ជា​ការ​បន្ត​ទុក​ឲ្យ​អាជ្ញាធរ​រំលោភ​សិទ្ធិ​មនុស្ស​ឥត​ឈប់​ឈរ​លើ​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ​“ជន​គ្មាន​ទី​ពឹង​”។ ​អ្នក​នាង​ ​បាន​បន្ត​ទៀត​ថា​៖ ​“ការ​រំ​លោភ​បំ​ពាន​ជា​ប្រព័ន្ធ​ទៅ​លើ​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​ ​កើត​ឡើង​នៅ​មណ្ឌល​ទាំង​នេះ​ ​ហើយ​រាជ​រដ្ឋា​ភិ​បាល​គួរ​តែ​បិទ​ ​មណ្ឌល​ទាំង​នេះ​អោយ​បាន​ឆាប់​រហ័ស​”។

យោង​តាម​មន្រ្តី​ធ្វើ​ការ​នៅ​ក្នុង​មណ្ឌល​នោះ​មួយ​រូប​ ​និង​សា​ក្សី​ជា​ច្រើន​ទៀត​ កាល​ពី​ថ្ងៃ​ទី២​ ​ខែ​វិច្ឆិកា​ ​អាជ្ញាធរ​បាន​នាំ​យក​បុរស​ម្នាក់​ឈ្មោះ​ ​ភា​ ​ទៅ​កាន់​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ពោធិ៍សែន​ជ័យ​នៃ​​ព្រៃ​​ស្ពឺ​។ ​លោក​ ​ភា​​ ​ត្រូវ​បាន​នាំ​យក​ទៅ​ទី​​នោះ​​ក្នុង​​អំ​ឡុង​ពេល​យុទ្ធនា​ការ​ ​“បោស​សម្អាត​”​ ​ដោយ​កង​សន្តិ​សុខ​នៅ​ទី​ក្រុង​ភ្នំពេញ​ ​ដើម្បី​ប្រមូល​ជន​​គ្មាន​ទី​​ស្នាក់​​អាស្រ័យ​ ​និង​ជន​ដទៃទៀត​​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ​“ជន​អនា​ថា​” ​ពី​តាម​ដង​ផ្លូវ​នា​នា​នូវ​ ​មុន​ពេលការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ប្រពៃណី​ជាតិ​ ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥​ ​ដល់​ថ្ងៃ​ទី៧​ ​ខែ​វិឆ្ឆិកា​។ ​យុទ្ធ​នា​ការ​បោស​សម្អាត​នេះ​ ​(ដែល​ជា​ផ្នែក​មួយ​នៃ​ប្រតិ​បត្តិ​ការ​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​រដ្ឋ​ក្នុង​ពេល​ថ្ងៃ​ឈប់​សម្រាក​) ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នគរ​បាល​ ​កង​សន្តិ​សុខ​ ​“សណ្ដាប់​ធ្នាប់​សា​ធារណៈ”​ ​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ ​ក្រោម​បញ្ជា​របស់​អភិបាល​រាជ​ធានី​ភ្នំពេញ​ ​លោក​ ប៉ា​ ​សុជាតិ​វង្ស​។ ​តាម​រយៈ​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធជន​ ​និង​យុវនី​តិ​សម្បទា​ ​រាជ​ធានី​ភ្នំពេញ​ ​លោក​ អភិបាល​ ​មាន​អំណាច​ក្នុង​ការ​ចាត់​ចែង​ទៅ​លើ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​។​

លោក​ ​ភា​ ​ដែល​ធ្លាប់​រស់​នៅ​តាម​ដង​ផ្លូវ​ ​បាន​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ធ្ងរ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ឃាំង​។ គាត់​ស្គម​យ៉ាង​ខ្លាំង​ហើយ​មាន​របួស​ដែលអាច​ឆ្លង​មេរោគ​នៅ​លើ​ជើង​ និង​ផ្នែក​ផ្សេង​ទៀតនៃ​រាង​កាយ​របស់​គាត់​។ ​តាម​ប្រភព​បាន​បញ្ជាក់​ថា​ អំឡុង​ពេល​ឃុំ​ឃាំង​ជា​ច្រើន​សប្ដាហ៍​ ​មន្ត្រី​នៅ​មណ្ឌល​ទី​នោះ​ ​មិន​បាន​ព្យា​យាម​ក្នុង​ការ​ព្យា​បាល​ជម្ងឺ​លោក​នោះ​ទេ​ ​ហើយ​មិន​ព្រម​យក​លោក​ទៅ​កន្លែង​ផ្សេង​ដើម្បី​ព្យាបាល​ជម្ងឺ​ថែម​ទៀត​ផង​។ ​លោក​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​ ២៦​ ​ខែ​វិឆ្ឆិកា​ បន្ទាប់​មក​សព​របស់​លោក​ត្រូវ​បាន​យក​ចេញ​ទៅ​បូជា​ភ្លាមៗ​នៅ​វ​ត្តសុភក្រ័្ត​ឃួន​។ នគរបាល​ ​​មិន​បាន​​ធ្វើការស៊ើប​អង្កេត​អោយ​បាន​ត្រឹម​ត្រូវ​ទាក់ទង​នឹង​មរណ​ភាព​នេះ​ទេ​។

គោល​ការណ៍​នៃ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ការ​ពារ​គ្រប់​មនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្រោម​គ្រប់​ទម្រង់​នៃ​ការ​ឃុំ​ឃាំង​ ​ឬ​ការ​ជាប់​ពន្ធនា​គារ​ ​​បាន​ចែង​ថា​ការ​ថែ​ទាំ​សុខ​ភាព​ ​និង​ការ​ព្យា​បាល​ ​​ត្រូវ​តែ​ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​អ្នក​ជាប់​ឃុំ​នៅ​ពេល​ណា​ដែល​ចាំ​បាច់​ និង​ដោយឥត​​គិត​ថ្លៃ​។ ​នៅ​ពេល​​ណា​ដែល​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ការ​​ឃុំ​ខ្លួន​ ​“ការ​ស៊ើប​អង្កេត​មួយ​អំពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នេះ​ ... ​ត្រូវ​​តែ​​​ត្រូវ​​​បាន​ធ្វើ​ឡើង​​ដោយ​​តុលា​​ការ​​ឬ​អាជ្ញា​ធរ​​ផ្សេង​​ទៀត​​”។ ​​លើស​​ពី​​នេះ​​ ​“​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​បែប​នេះ ... ​ត្រូវ​តែ​អាច​ធ្វើ​​ឡើងបានទៅតាម​ការស្នើ​​សុំ”។​

អង្គការ​លីកាដូ​ ​និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human​ ​Rights​ ​Watch ​បានលើក​ឡើង​ថា​ ​ស្ថាន​ភាព​លំបាក​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​របស់​លោក​ ​ភា​ ​ក៏​ជាស្ថាន​ភាព​ដែល​អ្នក​ជាប់​ឃុំ​​ដទៃ​ទៀត​កំពុង​ប្រឈម​មុខ​ផង​ដែរ​។ មាន​មនុស្ស​ប្រហែល​ជា​ ​៣០​នាក់​ ​ផ្សេង​ទៀត​ ​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ ​អំឡុង​ពេល​ការ​​ស្លាប់​​របស់​លោក​ ​ភា។ ​តួរ​លេខ​នេះ​រាប់​បញ្ចូល​ទាំង​ក្មេង​តូច​ពីរ​នាក់​ ​ដែល​នៅ​ជា​មួយ​ម្ដាយ​ដែល​មាន​ជម្ងឺ​លើ​រាង​កាយ​ ​ហើយ​និង​ក្មេង​តូច​ម្នាក់​ទៀត​ដែល​នៅ​ជា​មួយ​ឪពុក​របស់​គេ​​ ​ដែល​នេះ​ជា​​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​ប្រឆាំង​​នឹង​ការ​ឃុំ​ខ្លួន​កុមារ​ដោយ​មិន​​ត្រឹម​ត្រូវ។ ​អ្នក​ទាំង​អស់​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ឬ​ការ​ជំ​នុំ​​ជម្រះ​ក្តី​អ្វី​​ទាំង​អស់​។ ​យោង​តាម​ប្រភព​មួយ​ ​​ស្រ្តី​មាន​ផ្ទៃ​ពោះ​ម្នាក់​ ដែល​ត្រូវ​បាន​​ឃុំ​ខ្លួន​នៅ​ក្នុង​មណ្ឌល​នោះ​ ​បាន​រត់​គេច​ខ្លួន​នៅ​ពេល​ដែល​នាង​ដឹង​ថា​នាង​នឹង​ចូល​ទៅ​ធ្វើ​ការ​ងារ​ពល​កម្ម ​ដោយ​នាង​រត់​ជាមួយ​មនុស្ស​កែ​ភេទ​ម្នាក់​ដែល​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​នោះ​ដែរ​។

ប្រវត្តិ​នៃ​ការ​រំលោភ​បំពាន​នៅ​ក្នុង​មណ្ឌល​
អង្គការ​លីកាដូ​ ​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human ​Rights ​​Watch ​និង​ ​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​បាន​ចង​ក្រង​ជា​ឯក​សារ​ស្ដី​ពី​ការ​ធ្វើ​ទារុណ​កម្ម​ ​និងការ​ធ្វើ​បាប​យ៉ាង​​អាក្រក់​ជា​លក្ខណៈ​ប្រព័ន្ធ​និង​អមនុស្ស​ធម៌ ​ក៏​ដូចជា​ការ​រំលោភ​សេពសន្ថវៈ ការ​​សម្លាប់​ ​និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​​ ចាប់​តាំង​ពី​មណ្ឌល​នេះ​បាន​​បើក​​ឲ្យ​ដំណើរការ​​នៅ​​ឆ្នាំ​​២០០៤​។ ​នៅ​ចុង​ឆ្នាំ​២០០៨​​ យោង​តាម​​ការ​ប្រកាស​ឲ្យ​ដឹង​ជា​​សាធារណៈ​នៃ​ការ​រំលោភ​​បំពាន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ និង​មណ្ឌល​ផ្សេង​ទៀត​ដែល​ស្ថិត​​ក្នុង​​ការ​​គ្រប់​គ្រង​​របស់​ក្រសួង​​សង្គម​កិច្ច​​ អាជ្ញាធរ​រ​ដ្ឋ​បាន​អះ​អាង​ថា​មណ្ឌល​​ព្រៃ​ស្ពឺ​​លែង​មាន​ការ​​ឃុំ​​ឃាំង​មនុស្ស​​ដោយ​មិន​ត្រឹម​ត្រូវ​ទៀត​ហើយ​​។ ​ខណៈ​ដែល​មាន​ការ​បង្ហាញ​នៅ​ពេល​ដំបូង​ថា​មនុស្ស​មួយ​ចំនូន​ត្រូវបាន​ដោះ​​លែង​ ហើយ​អ្ន​ក​ដទៃ​ទៀត​ត្រូវ​ឃុំ​ខ្លួន​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​មណ្ឌល​ព្រៃ​ស្ពឺ​បាន​ត្រឡប់​ទៅ​រក​សភាព​ដើម​ក្នុង​ការ​ឃុំ​ឃាំង​មនុស្ស​ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​អ្នក​ទាំង​នោះ​ ​ជា​ច្រើន​សប្ដាហ៍​ហើយ​ពេល​​ខ្លះ​ជា​​ច្រើន​ខែ។

នៅ​កម្ពុជា​ ជា​ទម្លាប់​អាជ្ញាធរ​និយម​ឃុំ​ឃាំង​ ​​អ្នក​ដែល​ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ​មនុស្ស​គ្មាន​ទី​ស្នាក់​អាស្រ័យ​ ​ក្មេង​រស់​នៅ​តាម​ ​“ចិញ្ចើម​ថ្នល់” អ្នក​បម្រើ​សេវា​កំសាន្ត​ ​​និង​មនុស្ស​ដែល​មាន​ពិការ​ភាព​ ​នៅ​ក្នុង​​ប្រព័ន្ធ​គ្មាន​របៀប​រៀប​រយ​នៃ​មណ្ឌល​ឃុំខ្លួន​នៅ​ទូ​ទាំង​ប្រទេស​។ ​មណ្ឌល​ឃុំ​ឃាំង​មួយ​ចំនួន​ក្នុង​ចំណោម​មណ្ឌល​ឃុំ​ឃាំង​ទាំង​នោះ​ ​គឺ​សម្រាប់​​ការ​ព្យាបាល​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ខណៈ​ដែល​មណ្ឌល​ផ្សេង​ទៀត​ ជា​កន្លែង​ ​“ស្ដារ​នីតិសម្បទា​សង្គម​”។ ក្រៅ​ពី​មណ្ឌល​ព្រៃ​ស្ពឺ​​ ​ក្រសួង​សង្គម​កិច្ច​ក៏​មាន​សិទ្ធិ​អំណាច​គ្រប់គ្រង​លើ​មណ្ឌល​ភ្នំ​បាក់​នៅ​ក្រុង​ស៊ី​សុ​ផុន​ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​គ្រប់​គ្រង​រួម​ជា​មួយ​កង​ទា​ហាន​ ​នៅ​មណ្ឌល​ឃុំ​ឃាំង​អ្នក​​ញៀន​ថ្នាំ​ក្នុង​មូល​ដ្ឋាន​ទ័ព​ក្នុង​ក្រុង​កោះ​កុង ​ខេត្ត​កោះ​កុង​ផង​ដែរ​។ ​មាន​មណ្ឌល​ឃុំ​ឃាំង​អ្នក​ញៀន​ថ្នាំ​ ​៦​កន្លែង​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ប្រ​ទេស​ដែល​ជា​រៀង​រាល់​ឆ្នាំ​ផ្ទុក​មនុស្ស​យ៉ាង​តិច​ណាស់​ ​២.០០០​នាក់ ​ដោយ​មិន​បានធ្វើ​តាម​ដំ​ណើរ​ការ​។

កាល​ពី​​ពេល​​មុន​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human​ ​​Rights ​Watch ​បាន​ចងក្រង​ឯក​សារ​អំពី​របៀប​ដែល​កង​សន្តិ​សុខ ​​និង​បុគ្គលិក​ផ្សេង​ទៀត​វាយ​ទៅ​លើ​អ្នក​ជាប់​ឃុំ​ជា​មួយ​នឹង​​ទុយយ៉ូទឹក​ ​វាយ​នឹង​បំពង់​ប្ញស្សី​ឬ​​ធាង​​ត្នោត​​ ​ឆក់​​នឹង​ដំបង​ឆក់​ ​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ​និង​ការ​ដាក់ទណ្ឌ​​កម្ម​ទៅ​​លើរាង​​កាយ​ដើម្បី​អោយ​មាន​ការ​ឈឺចាប់​លើ​​រាង​កាយ​​។ ​​អ្នក​ជាប់​ឃុំ​មក​ពី​មណ្ឌល​មួយ​​ចំនួន​ ត្រូវ​បាន​​បង្ខំ​​ឲ្យធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​ ​រាប់​បញ្ចូល​ទាំង​ការ​ជួយ​ម្តង​ម្កាល​សង់​សណ្ឋាគារ​មួយ​។

អង្គការ​លីកាដូ​ ​និង​​អង្គការ​​ឃ្លាំ​​មើល​​សិទ្ធិ​មនុស្ស​ ​Huma​​n Rights ​Watch ​បាន​លើក​ឡើង​ថា​ ​​អាជ្ញាធរ​បាន​​លើក​ឡើង​គំនិត​​នៃ​ការ​ព្យាបាល​នៅ​​នឹង​កន្លែង​ដោយអង្គការមិន​មែនរដ្ឋា​ភិបាល​នានា​ ​ទៅ​លើ​ ​“ពលរដ្ឋ”​ ​ដែល​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​មួយ​ចំនួន​​តូច​ ​ដើម្បី​ឲ្យ​មាន​ការ​បន្ត​ដំណើរ​មណ្ឌល​ព្រៃ​ស្ពឺ​។ ​មិន​មាន​មូល​ហេតុ​ថា​ហេតុ​អ្វី​បាន​ជា​ការ​គាំ​ពារ​​នេះ​ ​មិន​អាច​ត្រូវ​​បាន​​ផ្តល់​​ដោយ​ស្មគ្រ័​ចិត្ត​ ​ក្រៅ​តែ​ពី​ការ​បង្ខាំង​នៅ​ក្នុង​​មណ្ឌល​ដែល​​មាន​​ការ​រំលោភបំពាន​ជា​ប្រព័ន្ធ​បាន​កើត​ឡើង​ ​ហើយ​នេះ​​បាន​​បង្ហាញ​ថា​ជា​ការ​មានះ​ក្នុង​ការ​កែ​​ប្រែ​។ ​មនុស្ស​គ្មាន​ទី​​ស្នាក់​អាស្រ័យ​ ​និង​មនុស្ស​ដែល​​ត្រូវ​​បាន​គេ​មិន​អើ​ពើ​ផ្សេង​ទៀត​ ​ដែល​នៅ​បន្ត​នៅ​ទី​នោះ​ដោយ​ “ស្មគ្រ័​ចិត្ត” ជា​រឿយៗ​តែង​ធ្វើ​សុខ​ចិត្ត​នៅ​បែប​នេះ​ ​ពី​ព្រោះ​អ្នក​ទាំង​នោះ​ភ័យ​ខ្លាច​មាន​ការធ្វើ​បាប​នៅ​តាម​ដង​ផ្លូវ​ពី​សំណាក់​កង​សន្តិសុខ​ ​ហើយ​ពួក​គាត់​ជឿ​ជាក់​ថា​មិន​មានសេវា​តាម​សហគមន៍​មូល​ដ្ឋាន​ដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់​​ពួកគេ​នោះ​ទេ។

លោក​ ប្រែត​ ​អាដា​ម ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human​ ​​Rights Watch​ ​ប្រចាំ​នៅ​តំបន់​អាស៊ី​ ​បាន​មាន​ប្រសាសន៍​ថា​​៖ ​“អាជ្ញាធរ​កម្ពុជា​គួរ​តែ​ទទួល​ស្គាល់​ថា​មិន​អាច​ទៅ​រួចនោះ​ទេ​ដែល​ប្រែ​ក្លាយ​មណ្ឌល​ព្រៃ​ស្ពឺ ​និង​មណ្ឌល​ស្រដៀង​គ្នា​ផ្សេង​ទៀត​ឲ្យ​ទៅ​​ជា​ស្ថាប័ន​ដែល​គោរព​សិទ្ធិ​មនុស្ស​”។ ​លោក​បាន​បន្ថែម​ថា៖​ “ការ​ស្លាប់​មនុស្ស​ចុង​ក្រោយ​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ​គួរ​តែ​ជា​រឿង​ចុង​ក្រោយ​សម្រាប់​ម្ចាស់​ជំនួយ​ ​​ភ្នាក់​ងារ​អង្គការ​សហ​​ប្រជា​ជាតិ​ ​និង​អង្គ​ទូត​នា​នា​ ដែល​គួរ​តែ​រួម​​គ្នា​ទាម​ទារ​អោយ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ហើយ​ត្រឡប់​មក​ជួយ​ផ្ដល់​សេវា​ពិត​ប្រាកដ​ដោយ​​ស្មគ្រ័​​ចិត្ត​ដល់​ពលដ្ឋ​កម្ពុជា​មួយ​​ចំនួន​ដែល​​មិន​ត្រូវ​បាន​គេ​អើ​ពើ​”។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា