សេចក្តីថ្លែងការណ៍

ការដកមន្រ្តីកង​កម្លាំង​ប្រដាប់​អាវុធ និង​មន្រ្តី​តុលាការ​​ចេញពី​ជួរ​ដឹកនាំ​គណបក្ស នយោយបាយ ក្នុង​ការ​ធ្វើ​សកម្មភាព​គាំទ្រ និង​ប្រឆាំង​គណបក្ស​ណាមួយ ដើម្បី​ពង្រឹង នីតិរដ្ឋ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំជាក្រុមសម្ព័ន្ធ​កំណែ​ទម្រង់​ការ​​បោះឆ្នោត (ERA) និង​ក្រុមអង្គការ​សង្គម​ស៊ីវិល ថ្កោលទោស​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន ឬនឹង​បញ្ចូល​​មន្រ្តី​តុលាការ និងមន្រ្តី​នៃ​​កង​កម្លាំង​​ ប្រដាប់​អាវុធ​ទៅក្នុង​ជួរដឹកនាំ​គណបក្ស​នយោបាយ​របស់ខ្លួន ដើម្បី​​ចូលរួម​សកម្ម​ភាព​​គាំទ្រ​​គណបក្ស​​ខ្លួន ឬនិង​ប្រឆាំង​គណបក្ស​ផ្សេងៗ។ ការបញ្ចូល​នេះ គឺ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ នីតិរដ្ឋ​ គោល​ការណ៍​ប្រជា​ធិបតេយ្យ ពិសេស​ការ​បោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌។

មានមន្ត្រីតុលាការមួយចំនួន និងយ៉ាង​ហោច​ណាស់​មន្ត្រីក្នុងតំណែង​នៃកង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​៨០​រូប ​ក្នុង​ជួរ​យោធា ​នគរ​បាល​ ​និង​កង​​រាជអាវុធ​ហត្ថ ត្រូវ​បាន​ដាក់បញ្ចូល​ជា​សមាជិក​ថ្មី​ក្នុង​គណៈកម្មាធិការ​កណ្តាលនៃ​គណ​បក្ស ​​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​សមាជ​​វិសាមញ្ញ​នៃ​គណបក្ស​ នេះកាល ​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ឆ្នាំ២០១៥។​ សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ ស្ថិតនៅរចនាសម្ព័ន្ធ​នយោបាយ​កំពូល​របស់​គណបក្សប្រជាជនកម្ពុជា ​ដែល​មាន​សិទ្ធិ​សម្រេច​​​​​រាល់​បញ្ហា​សំខាន់ៗអំពី​គោល​នយោបាយ​​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​របស់​គណបក្ស អំពី​ការងារ​កសាង​​គណបក្ស ការងារ​​ចាត់តាំងការងារ​មន្រ្តី ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​​ថវិកា​របស់​គណបក្ស។ នេះមានន័យថា សមាជិក​គណៈ​ក​ម្មាធិការកណ្តាល​ក្លាយជា​អ្នកនយោ​បាយ ឬមន្រ្តីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែល​ពួក​គេមាន​កាតព្វ​កិច្ច​ធ្វើសកម្មភាពបំរើ​ ផលប្រយោជន៍ឱ្យគណបក្សរបស់ពួកគេ។

ការបញ្ចូលមន្ត្រីតុលាការ និងកងកំលាំងប្រដាប់អាវុធនេះ ត្រូវបានមើលឃើញថា បានរំលោភលើ​រដ្ឋធម្ម​នុញ្ញមាត្រា ១២៨ «តុលាការជាអំណាចឯករាជ្យ» និងស្មារតីរដ្ឋធម្មនុញ្ញអំពីការពង្រឹង និងការការពារឯកភាពជាតិ និងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សចែងក្នុងមាត្រា៥១ថ្មី និងច្បាប់ជាច្រើនទៀត។ ពិសេសច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រង់មាត្រា ១៥ ដែលចែងថា «...មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកំលាំង​នគរ​បាល​ជាតិអាច​ចូលរួម​ជាសមាជិក​គណបក្ស​​នយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំង​គណបក្ស​នយោ​បាយ​ណាមួយឡើយ...»។ ម្យ៉ាងទៀត‍ «គណបក្សនយោបាយមិនត្រូវរៀប​ចំរចនាសម្ព័ន្ធចាត់តាំង​នៅ​ក្នុង​ស្ថាប័ន​​តុលា​ការ កងយោធ​ពល​ខេមរ​ភូមិន្ទ និងកងកម្លាំងនគរបាលជាតិ»។

សមាគម អង្គការសង្គមស៊ីវិលមានការសោកស្តាយជាខ្លាំង ដែលគណបក្សប្រជាជនកម្ពុជានៅចង់​ដាក់​ បញ្ញត្តិ​នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថា មន្រ្តីតុលាការ កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង នគរបាលជាតិ ត្រូវអនុញ្ញាតឱ្យធ្វើសកម្មភាពឃោសនាបោះឆ្នោតគាំទ្រគណបក្សខ្លួន និង​ប្រឆាំង​​គណបក្ស​ផ្សេងៗ។ បើសិនបញ្ញត្តិច្បាប់នេះ ត្រូវបានអនុម័ត និងអនុវត្ត នោះនឹងនាំមកបញ្ហាសន្តិសុខ និងការ​ដោះស្រាយ​វិវាទបោះឆ្នោត ពិតជាមានភាពលំអៀងមិនខាន ដែលជាការគំរាមកំហែងធ្ងន់ធ្ងរ​ដល់ទីលានប្រកួតនយោបាយ និង​ស្ថេរ​ភាព​នៃការ​ផ្លាស់​ប្តូរអំណាច និងនយោបាយនៅប្រទេសកម្ពុជា។ ការជឿទុកចិត្ត​ទៅលើកងយោធពល​ខេមរភូមិន្ទ កងនគរបាលជាតិ និងតុលាការកាន់តែបន្តធ្លាក់ចុះបន្ថែម​ទៀត។ ប្រទេសកម្ពុជានឹងមានហានិភ័យនៃការបាត់បង់​មន្រ្តី​ក្នុងតំណែង​នៃកង​យោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងតុលាការទាំង​នោះដែលមានពិសោធន៍ និងវិជ្ជាជីវៈ បើមានការ​ផ្លាស់​ប្តូរ​គណបក្ស​នយោបាយ​ដឹកនាំ​រដ្ឋាភិបាល។

ការមិនឱ្យមន្រ្តីតុលាការ និងកងកម្លាំងប្រដាប់អាវុធក្នុងជួរដឹកនាំ ឬមន្ត្រីនៃគណបក្សនយោបាយ ធ្វើសកម្ម​ភាព​គាំទ្រ និងប្រឆាំងគណបក្សណាមួយ គឺមិនរំលោភសិទ្ធិនយោបាយនោះទេក្នុងន័យនៃនិយាមអន្តរជាតិ និងគោល​ការណ៍​សិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកសុរិយា ប្រាសាទ ស៊ូប៊ែឌី បានលើកឡើងក្នុងអនុសាសន៍ (Special Rapporteur for Cambodia 2012 A/HRC/21/63) ថា៖ នគរបាល និងកងយោធព លខេមរភូមិន្ទមិនត្រូវចូលរួមក្នុងសកម្មភាពគណបក្ស ​នយោបាយ ឬក៏ប្រើប្រាស់ធនធានរដ្ឋនោះទេ។

ការដាក់បញ្ចូលនេះក៏មិនអនុវត្តស្របតាមកិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរវាងគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្រ្គោះជាតិ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងសេចក្តីសម្រេចចិត្តនៃមហាសន្និ​បាត​​វិសាមញ្ញ​របស់គណបក្សប្រជាជនកម្ពុជាខ្លួនឯងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ «...គាំទ្រកំណែ ទម្រង់ការ​បោះ​ឆ្នោតសំដៅធានាឱ្យការបោះឆ្នោតល្អប្រសើរឡើង...»។ ប្រការ៦ នៃកិច្ចព្រមព្រៀងបានចែងថា «គណបក្សទាំង​ពីរឯកភាព​គ្នាធ្វើការកែទម្រង់ និងពង្រឹង​ស្ថាប័នជាតិសំខាន់ៗ ជាពិសេសស្ថាប័នឯករាជ្យនានា ឱ្យអាចបំពេញ​ការងារ​បម្រើជាតិ និងប្រជាពលរដ្ឋ ស្របតាម​គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង​នីតិរដ្ឋ»។

លោក ធន សារាយ ប្រធានសមាគមអាដហុក បានមានប្រសាសន៍ថា ​“ដើម្បីប្រយោជន៍ជាតិ នីតិរដ្ឋ យុត្តិ​ធម៌​​​​​ត្រឹមត្រូវ គណបក្សនយោបាយត្រូវដកមន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិទាំងនោះ​ពី​ជួរ​ដឹក​នាំ​គណបក្ស​។ មន្ត្រីតុលាការ និង​កងកម្លាំងទាំងនោះ ត្រូវតែជាមន្ត្រីក្នុងតំណែងដែលមានវិជ្ជាជីវៈ មិនប្រកាន់​គណបក្ស និងត្រូវតែជាមន្ត្រី និងកងកម្លាំងរបស់ជាតិ។ ម្ចាស់ឆ្នោតត្រូវពិនិត្យទៅលើចំណុចជាសំខាន់ ថាតើ​គណបក្ស​ណាមួយនៅតែបន្ត និងដាក់បញ្ចូលមន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ​ទៅ​ក្នុង​ការដឹកនាំធ្វើសកម្មភាពបម្រើគណបក្សនោះ មកធ្វើជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់បំផុតសម្រាប់​ធ្វើការ​សម្រេច​ចិត្ត​ខាង​នយោបាយ ក្នុងការបោះឆ្នោតគាំទ្រនៅក្នុងពេលបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ ។

ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់គណបក្សនយោបាយ (មាត្រា១៥) និងការបោះឆ្នោត សេរី និងយុត្តិធម៌ បទបញ្ញត្តិ​នៃ​ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគួរត្រូវចែងថា ទាំងក្នុងម៉ោងបំពេញ​ការងារ និងក្រៅ​ម៉ោងបំពេញការងារ មន្ត្រីកងយុទ្ធពលខេមរភូមិន្ទ នគរបាល និងមន្ត្រីតុលាការ មិនត្រូវធ្វើ​សកម្ម​ភាពគាំទ្រ និង​ប្រឆាំង​​​គណបក្សនយោបាយណាមួយ ព្រោះថា​ កងយោធពលខេមរភូមិន្ទ នគរបាលមានតួនាទីសំខាន់ផ្ទាល់ រក្សា​សន្តិសុខក្នុងដំណើរការបោះឆ្នោត ហើយមន្ត្រីតុលាការក៏នឹងចូលរួម​ផ្ទាល់ក្នុងការងារបណ្តឹង​ទាក់ទិន​ការ​បោះ​ឆ្នោត។ មន្ត្រី​ក្នុងតំណែងពាក់ព័ន្ធនឹងការទទួលខុសត្រូវ​ផ្ទាល់​ក្នុងការងារ​សន្តិ​សុខ​បោះ​ឆ្នោត ឬការដោះ​ស្រាយ​បណ្តឹង​បោះ​ឆ្នោត ក៏ត្រូវបំពេញលក្ខខ័ណ្ឌអព្យាក្រឹត្យភាព ប្រហាក់ប្រហែលសមាជិក និងមន្ត្រីរបស់គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោ​ត ដែលបានព្រម​ព្រៀងលើច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ដោយគណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​​ប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិថា «សមាជិក និងមន្ត្រីក្នុង​តំណែង​​​​ទាំងនោះត្រូវ​លាលែង​ពី​គណបក្ស​នយោបាយ»។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ធន សារាយ ADHOC ០១៦ ៤៤០ ០៤៤
 លោក ហង្ស ពុទ្ធា NICFEC ០១២ ៩៥៩ ៦៦៦
 លោក យង់ គិមអេង PDP-Center ០១៦៨២៨ ២១១
 លោក គល់ បញ្ញា COMFREL ០១២ ៩៤២ ០១៧
 លោក រុង រតនា YCC ០១២ ៩៧៤ ១២៦
 លោក ហ៊ឹម យន់ CISA ០១២ ៩៤៧ ០២២
 លោកស្រី រស់ សុភាព GADC ០១២ ៦២៧ ៨៥៧
 លោក យ៉េង វិរៈ CLEC ០១២ ៨០១ ២៣៥
 លោកស្រី ចក់ សុភាព CCHR ០១១ ៩៤៣ ២១៣
 លោក ហុង គឹមសួន CDP ០១២ ៩៤៥ ៥០៥
 លោកស្រី សិទ្ធ ហុងអៀង KYA ០១៧ ៧៨៨ ៩៥៥
 លោក ជាង សុខា YRDP ០១២ ៣៦០ ៤៦៤
 លោកស្រី ប្រុក វ៉ាន្នី DKA ០១២ ៥៣៨ ២០១
 លោក អ៊ំ សំអាត LICADHO ០១២ ៣២៧ ៧៧០


MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា