សេចក្តីថ្លែងការណ៍

សេច​ក្តី​ថ្លែង​ការណ៍​រូម ​​ស្តី​​ពី​​សំណុំ​រឿង​បណ្ដឹង​​លើ​បុគ្គលិក​អង្គការ​សម​ធម៌​កម្ពុជា​

ក្រុមសង្គមស៊ីវិល

ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៦ - អង្គការ​សម​ធម៌​កម្ពុជា​ (EC)​ សម្ព័ន្ធ​ភាព​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO) ​ និង​ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL)​ មាន​ការ​​សោក​ស្ដាយ​​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ចេញ​សាល​ក្រម​ចំពោះ​លោក ​អៀង ​វុទ្ធី​ លោក ​ឈាង ​ភា ​និង​លោក​ ផែន​ គឹម​សុង។ តាំង​ពី​ដំបូង​មក​ យើង​ខ្ញុំ​តែង​តែ​មាន​ជំហរ​ថា ​ករណី​នេះ​ពុំ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​តាម​ផ្លូវ​ច្បាប់​ឡើយ​។ វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​អំឡុង​ពេល​នៃ​សវនា​ការ​ជំ​នុំជម្រះ​ក្តី​ ពេល​ដែល​ព្រះ​រាជ​អាជ្ញា​បាន​ប្រាប់​ទៅ​កាន់​ចៅ​ក្រម​ជំនុំ​ជម្រះ​ក្នុង​ពេល​ថ្លែង​បិទ​សវនាការ​របស់​គាត់​ថា​ ពុំ​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​សម្រាប់​ដាក់​បន្ទុក​ពី​បទ​បរិហារ​កេរ្តិ៍​នោះ​ទេ។​

ពេល​កន្លង​មក​ជន​ជាប់​ចោទ​ទាំង​បី​នាក់​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលា​ការ ​នៅ​ថ្ងៃ​ទី១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៦​។ ​សវនា​ការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​បន្ទាប់​ពី​មេធាវី​ការ​ពារ​ជន​ជាប់​ចោទ​បាន​លើក​ឡើង​ថា​ ចៅ​ក្រម​ជំ​នុំ​ជម្រះ​ក៏​ធ្លាប់​បាន​ដើរ​តួនាទី​ជា​ចៅ​ក្រម​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​នេះ​ដែរ ​ដែល​នេះ​ជា​ការ​រំលោភ​ទៅ​លើ​មាត្រា​ ៥៤​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​របស់​ប្រទេស​កម្ពុជា​។ ជា​លទ្ធផល​ ចៅ​ក្រម​ជំ​នុំ​ជម្រះ​បាន​ពន្យារ​ពេល​សវនាការ​ និង​ជម្រាប​មក​ចុង​ចោទ​ទាំង​បី​ថា​នឹង​មាន​ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​បើក​សវនា​ការ​ជា​ថ្មី។ ​បន្ទាប់​មក​ជន​ជាប់​ចោទ​ទាំង​បី​បាន​ទទួល​ដីកា​កោះ​ហៅ​សម្រាប់​សវនា​ការ​ថ្មី​ នៅ​ថ្ងៃ​ទី៨ ​ខែ​សីហា ​ដែល​ចៅ​ក្រម​ម្នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តែង​តាំង​សម្រាប់​​សំណុំ​រឿង​នេះ។​

សេច​ក្តី​សង្ខេប​អំពី​ការ​ពិត​នៃ​សំណុំ​រឿង​នេះ​មាន​ដូច​ខាង​ក្រោម​៖ នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ លោក​ ចាន់ ​វិចិត្រ​ ដែល​ជា​បុគ្គលិក​នៅ​ក្នុង​កម្ម​វិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​នៃ​អង្គការ​សម​ធម៌​កម្ពុជា​ ត្រូវ​បាន​ចេញ​លិខិត​ព្រមាន​ផ្ទៃ​ក្នុង​ជា​លក្ខណៈ​ឯក​ជន ​ដោយ​គណៈ​គ្រប់​គ្រង​របស់​អង្គការ​សមធ៌ម​កម្ពុជា​ ដោយ​សារ​តែ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​បុគ្គលិក​របស់​គាត់។​ លិខិត​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​បី​រូប​នៃ​គណៈ​គ្រប់​គ្រង​របស់​អង្គការ​សម​ធម៌​កម្ពុជា ​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​អង្គ​ប្រជុំ​អំពី​ការ​វាយ​តម្លៃ​បុគ្គលិក​ជា​លក្ខណៈ​ឯកជន​របស់​លោក​ ចាន់ ​វិចិត្រ​ រួម​មាន ​លោក​ អៀង​ វុទ្ធី ​ដែល​ជា​នា​យក​ប្រតិ​បត្តិ ​លោក​ ផែន ​គឹម​សុង ប្រធាន​កម្ម​វិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​ និង​លោក ​ឈាង ​ភា ​ប្រធាន​ការិយា​ល័យ​រដ្ឋបាល​ និង​ធន​ធាន​មនុស្ស។ ​​លោក​ ចាន់​ វិចិត្រ​ បន្ទាប់​មក​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លិខិត​នោះ​ដោយ​ខ្លួន​ឯង។ ​បន្ទាប់​ពី​ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ និង​ព្រឹត្តិការណ៍​នានា​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ហើយ​កិច្ច​សន្យា​របស់​លោក​ ​ចាន់​ ​វិចិត្រ​​ ជា​​មន្ត្រី​​ទំនាក់​ទំនង​​សហគមន៍​​ត្រូវ​បាន​​បញ្ចប់​។ ​ហេតុ​​ដូច្នេះ​​ហើយ​​ទើប​ ​​លោក​ ចាន់​ ​​វិចិត្រ​ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញប្តឹងលោក អៀង វុទ្ធី លោក ​ផែន ​គឹមសុង​ និង​លោក ​ឈាង​ ភា ​ពីបទ​បរិហារ​កេរ្តិ៍។​

លោក ​វិចិត្រ ​បាន​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ដោយ​ផ្អែក​លើ​មូល​ហេតុ​ចំនួន​បី៖ ​១) ការ​ចេញ​លិខិត​ព្រ​មាន​ដោយ​គ្មាន​ការ​ព្រ​មាន​ដោយ​ផ្ទាល់​មាត់​ជា​មុន ​២)​ ផ្តល់​ហេតុ​ផល​មិន​សម​ស្រប​នៅ​ក្នុង​លិខិត​ព្រមាន​ និង ​៣) ​ការ​ចែក​ចាយ​លិខិត​ព្រមាន​ទៅ​ការិយាល័យ​នាយក​ប្រតិបត្តិ ​ការិយា​ល័យ​រដ្ឋ​បាល​ និង​ធន​ធាន​មនុស្ស ​និង​កម្ម​វិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពុំ​មាន​អំពើ​ណា​មួយ​នៅ​ក្នុង​ចំណោម​អំពើ​ទាំង​បី​ខាង​លើ​នេះ ​ចាត់​ចូល​ជា​អំពើ​បរិហារ​កេរ្តិ៍​ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៣០៥ ​កថា​ខណ្ឌ​ទី២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ទេ។​ មាត្រា​៣០៥​ កថា​ខណ្ឌ​ទី២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​កំណត់​និយម​ន័យ​ពាក្យ​បរិហារ​កេរ្តិ៍​ថា​ជា៖​

គ្រប់​ការ​អះ​អាង​បំផ្លើស ​ឬ​ការ​ទំ​លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណា​មួយ​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​កិត្តិយស ​ឬ​កិត្តិ​ស័ព្ទ​នៃ​បុគ្គល​ ឬ​នៃ​ស្ថាប័ន​ គឺ​ជា​ការ​បរិហារ​កេរ្តិ៍។​ បទ​បរិហារ​កេរ្តិ៍​ដែល​ធ្វើ​ឡើង​តាម​រយៈ​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ខាង​ក្រោម ​គឺ​អាច​ត្រូវ​ដាក់​ទោស​បាន​ (…)៖​
១. តាម​សំដី​ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​បញ្ចេញ​នៅ​ទី​សា​ធារ​ណៈ ​ឬ​នៅ​សាល​ប្រជុំ​សា​ធារ​ណៈ។
២. តាម​លិខិត​ ឬ​គំនូរ​ ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចំណោម​សាធារណ​ជន ​ឬ​ដាក់​តាំង​ឱ្យ​សាធារណជន​មើល។​
៣. តាម​គ្រប់​មធ្យោបាយ​ទូរគម​នាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន។

ការ​ចោទ​ប្រកាន់​របស់​លោក​ វិចិត្រ ​មក​លើ​គណៈ​គ្រប់​គ្រង​នៃ​អង្គការ​សមធម៌​កម្ពុជា ​គឺ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទេ​ ដោយ​សារ​តែ​ទម្រង់​ការ​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​អង្គការ​សមធម៌​កម្ពុជា​គឺ​ស្រប​ទៅ​តាម​គោល​នយោបាយ​ធន​ធាន​មនុស្ស​ និង​ជា​និ​តិ​វិធី​ផ្ទៃ​ក្នុង​ធម្មតា​ និង​មាន​លក្ខណៈ​ឯក​ជន។ ​មិន​មាន​ចំណុច​ណា​មួយ​ដែល​អង្គការ​សម​ធម៌​កម្ពុជា​ផ្សព្វ​ផ្សាយ​ទំនាក់​ទំនង​ទាំង​នេះ​ជា​សាធារណៈ​នោះ​ទេ។​

តំណាង​អង្គការ​សមធម៌​កម្ពុជា ​លោក ​ប៊ុន​ មករា​ ប្រធាន​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍ ​និង​ផ្សព្វ​ផ្សាយ​ផ្នែក​ច្បាប់​មាន​ប្រសាសន៍​ថា៖ “​អង្គការ​សមធម៌​កម្ពុជា​គាំទ្រ​សកម្មភាព​របស់​បុក្គលិក​ទាំង​បី​ដែល​ត្រូវ​ជាប់​ចោទ​នៅ​ក្នុង​រឿង​ក្តី​នេះ”។​ លោក​បាន​បន្ត​ថា៖​ “ពួក​គាត់​ទាំង​បី​បាន​ចេញ​លិខិត​មួយ​ច្បាប់​ទៅ​ឱ្យ​លោក ​វិចិត្រ​ ​ក្រោម​ការ​រក្សា​ការ​សម្ងាត់​យ៉ាង​តឹង​រ៉ឹង​ ដោយ​ស្រប​តាម​គោល​នយោបាយ​ធនធាន​មនុស្ស​ និង​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​នៃ​ច្បាប់។ មូល​ហេតុ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ការ​ចេញ​លិខិត​នេះ​លេច​ធ្លាយ​ដឹង​ជា​សា​ធារ​ណៈ ​គឺ​ដោយ​សារ​តែ​លោក ​វិចិត្រ​ បាន​សម្រេច​ចិត្ត​ចែក​ចាយ​លិខិត​នេះ​​ដោយខ្លួន​ឯង។ ​ដោយ​ផ្អែក​តាម​ភាព​ជាក់​ស្តែង​នៃ​សំណុំ​រឿង​នេះ ​និង​ការ​បរាជ័យ​របស់​លោក​ ចាន់ ​វិចិត្រ​ ក្នុង​ការ​ផ្តល់​ភ័ស្តុ​តាង​គាំទ្រ​ដល់​ការ​ដាក់​បន្ទុក​រឿង​បរិហារ​កេរ្តិ៍ ​យើង​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ​និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​នេះ”។

អំពើ​របស់​ជន​ជាប់​ចោទ​ទាំង​បី​មិន​បាន​បង្ហាញ​អង្គ​ហេតុ​ណា​មួយ​ដែល​ចូល​ជា​បទ​បរិហារ​កេរ្តិ៍​នោះ​ទេ។ ​សូម្បី​តែ​ ព្រះ​រាជ​អាជ្ញា​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​សវនាការ​ដែរ​ថា ​ករណី​នេះ​មិន​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ទេ​

ការ​ចោទ​ប្រកាន់ ​និង​ភ័ស្តុ​តាង​ដែល​មាន​គឺ​ស្ថិត​នៅ​ឆ្ងាយ​ខ្លាំង​ណាស់​ពី​ក្រប​ខណ្ឌ​ច្បាប់​នៃ​បទ​រិហារកេរ្តិ៍​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ អ្នក​នាង​ ណាលី ​ពីឡូក​ នា​យក​រង​នៃ ​សម្ព័ន្ធ​ភាព​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ លី​កា​ដូ​ (LICADHO) បាន​មាន​ប្រសាសន៍​ថា៖ ​ “អំពើ​របស់​ជន​ជាប់​ចោទ​ទាំង​បី​មិន​បាន​បង្ហាញ​អង្គ​ហេតុ​ណា​មួយ​ដែល​ចូល​ជា​បទ​បរិហារ​កេរ្តិ៍​នោះ​ទេ។​ សូម្បី​តែ​ ព្រះ​រាជ​អាជ្ញា​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​សវនា​ការ​ដែរ​ថា​ ករណី​នេះ​មិន​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ​យោង​តាម​អង្គ​ហេតុ​ទាំង​នេះ​ យើង​សង្ឃឹម​ថា​សំណុំ​រឿង​នេះ​នឹង​ចាត់​ទុក​ជា​មោឃៈ​ដោយ​យោង​តាម​គោលការណ៍​ច្បាប់​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​លទ្ធ​ផល​គឺ​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​នោះ​ទេ”។ ​

ថ្វី​បើ​អង្គការ​សម​ធម៌​ខក​ចិត្ត​ដោយ​សារ​លទ្ធផល​នៅ​ថ្ងៃ​នេះ​ ក៏​យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ដែល​យើង​បាន​ទទួល​ក្នុង​រយៈពេល​កន្លង​មក។​ លោក​ ឡេង ​សារ៉ន​ ប្រធាន​កម្មវិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​នៃ​អង្គការ​សមធម៌​កម្ពុជា​មាន​ប្រសាសន៍​ថា៖ ​“យើង​ខ្ញុំ​សូម​យក​ឳកាស​នេះ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​បណ្តា​អង្គការ​ និង​ស្ថាប័ន​ជាតិ ​និង​អន្តរជាតិ ​ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ក្នុង​រយៈពេល​ពីរ​បី​ខែ​កន្លង​មក​នេះ”។​

លោក ​សួន ​ប៊ុន​ធឿន​ មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​បី​មាន​ប្រសាសន៍​ថា៖​ “អំពើ​ដែល​អង្គការ​សមធម៌​កម្ពុជា​បាន​ធ្វើ ​គឺ​ប្រាកដ​ជា​ស្ថិត​នៅ​ក្រៅ​បញ្ញត្តិ​ផ្លូវ​ច្បាប់​នៃ​បទ​បរិហារ​កេរ្តិ៍ ​ហេតុ​ដូច្នេះ​ហើយ​យើង​ខ្ញុំ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​សាល​ក្រម​ថ្ងៃ​នេះ​”។ អង្គការ​សមធម៌​កម្ពុជា​នឹង​ពិភាក្សា​គ្នា​លើ​សាល​ក្រម​នេះ​ជា​មួយ​ក្រុម​មេធាវី​របស់​យើង ​រួច​ហើយ​នឹង​ដំណើរ​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។ ​

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
 លោក ប៊ុន មករា ប្រធានគ្រប់គ្រងកម្មវិធីពង្រឹងអំណាចសហគមន៍ និងផ្សព្វផ្សាយផ្នែកច្បាប់នៃអង្គការសមធម៌កម្ពុជា (EC) ទូរស័ព្ទលេខ៖ ០១២ ៩៥៨ ២៥៥
 អ្នកស្រី ណាលី ពីឡូក នាយករងនៃ សម្ព័ន្ធភាពខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) ទូរស័ព្ទលេខ៖ ០១២ ៨០៣៦៥០
 លោក មឿន តុលា នាយករងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ទូរស័ព្ទលេខ៖ ០៩៣ ៥៥ ៦៦ ៤៣

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3 format: ស្តាប់សម្លេងជាភាសាខ្មែរ