ឯកសារ

​ស្នើសុំឯកឧត្តម​ ​កើត​ ​រិទ្ធិ​ ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ​មេត្តា​បើក​ការស៊ើបអង្កេត​ឡើងវិញ​ចំពោះ​ករណី​ឃាតកម្ម​មក​លើ​សកម្មជន​ព្រៃឈើ​លោក​ ​ឈុត​ ​វុទ្ធី

ចេញផ្សាយ ខែមេសា ឆ្នាំ២០២៤
F T M
ព្រះសង្ឃ​ជាច្រើន​អង្គ​ ​និង​យុវជន​ម្នាក់​បាន​ដង្ហែក្បួន​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ដើម្បី​រំឭក​ខួប​នៃ​ការ​ស្លាប់​របស់​សកម្មជន​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​។

​គិត​មកដល់ពេលនេះ​ ​គឺ​មាន​រយៈពេល​ ​១​២​ឆ្នាំ​ ​មក​ហើយ​ ​ដែល​លោក​ ​ឈុត​ ​វុទ្ធី​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​កាលពី​ ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​២​ ​។​ ​លោក​ ​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ ​ឈ្មោះ​ អ៊ិ​ន​ ​រតនា​ ​បាញ់សម្លាប់​ ​ត្រង់​ចំណុច​វាល​បី​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌល​សីមា​ ​ខេត្ត​កោះ​កុង​ ​ខណៈ​ពេល​ដែល​លោក​ ​និង​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​ផ្សេងទៀត​របស់​ ​កាសែត​ឌឹខេ​ម​បូ​ឌាដេ​លី​ (​T​h​e​ ​Cam​bo​d​i​a​ ​Daily​) ​ចុះទៅ​ស៊ើប​អង្កេត​អំពី​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ភ្នំ​ក្រ​វ៉ា​ញ​ ​។​ ​មរណភាព​របស់​លោក​ ​និង​ការ​មិនទាន់​ទទួល​បាន​ភាព​យុត្តិធម៌​អំពី​ឃាតកម្ម​នេះ​ ​បង្ក​ជា​ការឈឺចាប់​ ​និង​សោកស្តាយ​ជា​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​សកម្មជន​បរិស្ថាន​ ​អ្នក​ស្រឡាញ់​ព្រៃឈើ​ ​ពលរដ្ឋ​សហគមន៍​ព្រៃឈើ​ ​ព្រមទាំង​អ្នក​ស្រឡាញ់​គាំទ្រ​រូបលោក​ ​។​

 ​ព្រឹត្តិការណ៍​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​ទាំង​កណ្តាលថ្ងៃ​ ​ដោយ​ខ្មាន់​កាំភ្លើង​ ​ដែល​មាន​តួនាទី​ជា​កងកម្លាំង​យោធា​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​ថា​ភាព​សកម្ម​និយម​របស់​ពលរដ្ឋ​នៅ​ក្នុង​កិច្ច​អភិ​រក្ស​ ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ ​នៅតែ​បន្ត​ត្រូវ​បាន​គេ​ដាក់​គោលដៅ​ក្នុង​ការ​គំរាមកំហែង​ ​បំភិតបំភ័យ​ ​រំលោភបំពាន​ ​និង​វាយប្រហារ​ ​ដោយ​ជនល្មើស​ព្រៃឈើ​ដែល​មាន​ទំនាក់ទំនង​ជិត​សិទិ្ធ​ជាមួយ​អ្នកមានអំណាច​ ​។

ឃាតកម្ម​លើ​រូបលោក​ ​និង​ការ​មិនទាន់​ទទួល​បាន​យុត្តិធម៌​អស់​រយៈពេល​ ​១​២​ ​ឆ្នាំនេះ​ ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​សហគមន៍​ព្រៃឈើ​ ​សកម្មជន​ព្រៃឈើ​ ​សកម្មជន​បរិស្ថាន​ ​និង​អ្នក​ស្រលាញ់​ធនធានធម្មជាតិ​ដទៃទៀត​ ​ក្នុង​ការ​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​ ​។​ សិទិ្ធ ​និង​សេរីភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ក្នុង​ការចូលរួម​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​ ​ត្រូវ​បាន​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើងៗ​ ​។​ ​ក្រៅពី​រង​ការ​គំរាមកំហែង​ ​និង​បំភិតបំភ័យ​ពី​ជនល្មើស​ព្រៃឈើ​ ​ពលរដ្ឋ​សហគមន៍​ការពារ​ព្រៃឈើ​ ​និង​សកម្មជន​បរិស្ថាន​ ​និង​ព្រៃឈើ​ ​នៅតែ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចោទប្រកាន់​មិន​ត្រឹមត្រូវ​ ​និង​រឹតត្បិត​ក្នុង​ការ​ចូល​ល្បាត​ព្រៃ​ ​ដូចជា​ព្រៃ​ព្រះ​រកា​ ​និង​ព្រៃ​ឡង់​ជាដើម​ ​។​

 ​សវនាការ​ដែល​បាន​ធ្វើឡើង​ ​ដោយ​បាន​ផ្តន្ទាទោស​បុគ្គលិក​ក្រុមហ៊ុន​ ​Timber​ ​Green​ ​លោក​ ​រ៉ា​ន់ ​បូ​រ​័ត្ន ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​ពីរ​ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​២​ ​ពី​បទ​ “​មនុស្សឃាត​ដោយ​អចេតនា​” ​បាន​បន្សល់ទុក​នូវ​មន្ទិលសង្ស័យ​ជាច្រើន​ ​ពីសំណាក់​សាធារណជន​ ​ក្រុម​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ​ ​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​និង​អ្នកគាំទ្រ​ផង​ដែរ​ ​។​ ​ការ​ផ្តល់​សក្ខីកម្ម​ ​ភស្តុតាង​ ​និង​ការ​ធ្វើ​បទ​បង្ហាញ​របស់​ជនល្មើស​នៅ​ក្នុង​អំឡុង​ពេល​សវនាការ​ ​គឺ​មិន​មាន​ភាព​ស៊ីចង្វាក់គ្នា​នោះ​ទេ​ ​។​ ​ជាពិសេស​ការ​សម្តែង​ឡើងវិញ​របស់​ ​បូ​រ​័ត្ន ​អំពី​ការ​បាញ់​ទៅលើ​លោក​ ​រតនា​ ​នៅក្នុងបន្ទប់​សវនាការ​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដំណើររឿង​ឧ​ប្ប​ទ​វ​ហេតុនេះ​ ​មិន​អាច​ឱ្យ​គេ​ជឿ​បាន​ ​ព្រោះ​មិន​អាច​ទៅរួច​ទេ​ ​ដែល​កាំភ្លើង​ដ៏​វែង​ ​A​K 47 ​របស់​លោក​ ​រតនា​ ​អាច​បែរ​ ​១​៨​០​ ​ដឺ​ក្រេ ​ហើយ​បណ្តាល​ឱ្យ​បាញ់ត្រូវ​កន្លែង​ពីរ​ផ្សេងគ្នា​ចំងាយ​ឆ្ងាយ​ពី​គ្នា​ ​ដោយ​មួយ​នៅ​ទ្រូង​ ​ឯ​មួយទៀត​នៅ​ចំ​ត្រង់​ពោះ​លោក​ ​រតនា​ ​នោះ​ទេ​ ​។​

 ​ក្នុង​ឱកាស​គ​ម្រប់​ខួប​ ​១​២​ ​ឆ្នាំ​ ​នៃ​ឃាតកម្ម​របស់​លោក​ ​ឈុត​ ​វុទ្ធី​ ​និង​ការ​មិនទាន់​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​ ​ក្រុម​សហគមន៍​មូលដ្ឋាន​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​សហជីព​ ​ដូច​មានរាយ​ឈ្មោះ​ខាងក្រោម​នេះ​ ​ស្នើសុំ​ ​ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ​មេត្តា​អន្តរាគមន៍​ ​និង​ពិចារណា​៖​

​១​. ​បើក​ការស៊ើបអង្កេត​ឡើងវិញ​ដោយ​គណកម្មការ​ឯករាជ្យ​ ​ទៅលើ​ករណី​ឃាតកម្ម​សកម្មជន​ព្រៃឈើ​លោក​ ​ឈុត​ ​វុទ្ធី​ ឱ្យ​បាន​ឆាប់រហ័ស​ ​ប្រកបដោយ​តម្លា​ភាព​ ​និង​យុត្តិធម៌​ ​។​
​២​. ​ក្រសួងយុត្តិធម៌​ ​សូម​បន្ត​ជំរុញ​ឱ្យ​ស្ថាប័ន​អយ្យការ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​នេះ​ ​ដើម្បី​ឈាន​ទៅ​រក​ការកំណត់​អ្នកបញ្ជា​ ​និង​អ្នក​ពាក់ព័ន្ធ​ ឱ្យ​មក​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់​ ​។​
​៣​. ​ក្រសួង​ការពារ​ជាតិ​ ​សូម​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​នេះ​ ​ដែល​រួម​ទាំង​ការប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ទាហាន​ ​ឬ​កង​រាជ​អាវុធហត្ថ​ក្នុង​ហេតុការណ៍​ដែល​នាំទៅ​ដល់​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​ដែល​ជាសកម្ម​ជន​បរិស្ថាន​ ​និង​ជា​ជនស៊ីវិល​ ​និង​ការសង្ស័យ​ថា​មានការ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ឈើ​ដោយ​ខុសច្បាប់​ ​។​
​៤​. ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ក្រសួង​បរិស្ថាន​ ​សូម​មេត្តា​បញ្ឈប់​ការ​រឹតត្បិត​ ​និង​ធ្វើទុក្ខបុកម្នេញ​ដោយ​មិន​ត្រឹមត្រូវ​មក​លើ​សិទិ្ធ​សេរីភាព​របស់​សហគមន៍​មូលដ្ឋាន​ ​យុវជន​ ​ក៏ដូចជា​អ្នកការពារ​ធនធានធម្មជាតិ​នានា​ ​ក្នុង​ការ​ចូល​ល្បាត​ ​និង​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​នៅ​ក្នុង​ប្រទេស​ ​។​
​៥​. ​សូមអនុញ្ញាត​ឱ្យ​មានការ​សាងសង់​ស្តូប​រលឹក​ដល់​វីរភាព​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​រូប​នេះ​ ​ដើម្បី​ជា​ការ​ផ្តល់​នូវ​កិត្តិយស​ ​និង​ជា​ការចូលរួម​និង​លើកទឹកចិត្ត​ដល់​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ ​ពលរដ្ឋ​សហគមន៍​ការពារ​ព្រៃឈើ​ ​និង​អ្នក​ស្រលាញ់​ព្រៃឈើ​និង​ធនធានធម្មជាតិ​ដទៃទៀត​ ឱ្យ​បន្ត​ការងារ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ជួយការ​ពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​

​លិខិត​ចំហ​នេះ​ចូលរួម​គាំទ្រ​ដោយ​៖​
1. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
2. ​សហ​ព័ន្ធ​សហជីព​ ​កម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​កម្ពុជា​ (C​F​S​W​F​)
3. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​A​D​H​OC)
4. ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)
5. ​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N)
6. ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​CENTRAL​)
7. ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
8. ​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​)
9. ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​បរិស្ថាន​ ​និង​ការ​អភិវឌ្ឍ​ (​P​E​D​)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា