ពលរដ្ឋបន្តអំពាវនាវរកយុត្តិធម៌ ក្រោយ១២ ឆ្នាំ លេីឃាតកម្មលោក ឈុត វុទ្ធី
ចេញផ្សាយ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នៅថ្ងៃនេះ ក្រុមយុវជនពីចលនាមាតាធម្មជាតិ និងសកម្មជនផ្សេងៗជាច្រើននាក់ បាននាំគ្នាដើរហែក្បួន ដើម្បីរំឭកខួបនៃឃាតកម្មសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ។ លោកត្រូវបានគេបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២ ខណៈពេលដែលលោកកំពុងល្បាតព្រៃជាមួយអ្នកសារព័ត៌មាន២នាក់ នៅក្នុងខេត្តកោះកុង ។ មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ អ៊ីន រតនា ក៏ត្រូវបានប្រទះឃើញថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដដែលនោះ ហើយមន្ត្រីនោះត្រូវបានចោទប្រកាន់ថាជាអ្នកសម្លាប់លោក វុទ្ធី ក្រោយពីមានការស៊ើបអង្កេតមិនច្បាស់លាស់មួយ ។
សកម្មជនយុវជនប្រហែលជាង ២០ នាក់មកពីមាតាធម្មជាតិ រួមទាំង ព្រះសង្ឃ ៦ អង្គ បានជួបជុំគ្នានៅមុខ ផ្សាររាត្រីភ្នំពេញនាព្រឹកនេះ ដើម្បីចាប់ផ្តើមដើរក្បួន ។ អ្នកចូលរួមបានគូររូបជាសារនៅលើមុខរបស់ពួកគេ និងបានពាក់បូរចងក្បាលពណ៌ស ដោយមានព្រះសង្ឃបានសូត្រមន្ត សម្តែងរឿងខ្លី និងបានកាន់បដាអំពាវនាវរកយុត្តិធម៌ចំពោះការស្លាប់របស់លោក ឈុត វុទ្ធី នេះ ។ ការដង្ហែក្បួនត្រូវបានបញ្ចប់នៅសណ្ឋាគារ កាំប៊ូឌីយ៉ាណា ជាកន្លែងដែលអ្នកចូលរួមត្រូវដាក់ញត្តិស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីឱ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះករណីឃាតកម្មនេះ ។
បន្ទាប់ពីការដង្ហែក្បួន ក៏មានកម្មវិធីរំឭកខួបដែលធ្វើបន្តនៅឯសហភាពផ្ទះសាមគ្គី ដោយមានអ្នកចូលរួមប្រហែលជា ៥០ អង្គ/នាក់ មកពីស្ថាប័នអង្គការ សហជីព សមាគម និងក្រុមយុវជន ។ ព្រះសង្ឃបានសម្តែងធម៌ទេសនា និងថ្លែងសាររំឭកពីការចងចាំចំពោះលោក ឈុត វុទ្ធី ដើម្បីអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយចំពោះករណីឃាតកម្មលើរូបលោក និងបន្តរំឭកនូវភាពសកម្មនិយមរបស់លោក ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ៕
- ចំណងជើង & មូលបទ
- បញ្ហាបរិស្ថាន ឃាតកម្ម ឈុត វុទ្ធី