អត្ថបទ

តំណាង​សហគមន៍​ដី​ធ្លី​ខេត្ត​ព្រះ​វិហា​រ​បាត់​ខ្លួន​រយៈ​ពេល​ពីរ​ខែ​

ចេញផ្សាយ ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៩
F T M
តំណាង​សហគមន​ដី​ធ្លី​ខេត្ត​ព្រះ​វិហារ​ ស៊ុម ម៉ឺន (​ឆ្វេង​) ​និង​កូន​ប្រុស​របស់​គាត់​ដែល​ត្រូវ​បានថត​ពី​ខាងក្រៅ​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពីថ្ងៃទី​២០ ខែមករា។ (​ប្រ​ភព​៖ សមាជិក​សហគមន៍​)

ថ្ងៃ​នេះ​ គឺ​គម្រប់​រយៈ​ពីរខែ​ហើយ​ ចាប់តាំង​ពីតំណាង​សហគមន៍​ដីធ្លី​ខេត្ត​ព្រះវិហារ​ឈ្មោះ ស៊ុម ម៉ឺន បាន​បាត់​ខ្លួន បន្ទាប់​ពី​សាក្សី​ជា​ច្រើន​បាន​អះអាង​ថា គាត់​ត្រូវ​បាន​វាយ​​ដំ​និង​ចាប់​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវតាម​ច្បាប់​ពី​សំណាក់​មន្ត្រី​យោធា។ ការបាត់​ខ្លួននេះ​បាន​កើតឡើង​ស្របពេល​ដែលមាន​ការចាប់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​កាលពីជាង​ពីរ​សប្តាហ៍​ក្នុង​ខែ​មករា​ ជាប់ទាក់ទងនឹងទំនាស់ដីសម្បទានផ្តល់ទៅឲ្យក្រុមហ៊ុន មេត្រីភាព កសិ-ឧស្សាហ៍កម្ម។ ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយនឹង ឧកញ៉ា អាន ម៉ាឌី។

តាម​ព័ត៌មាន​ដែល​ទទួល​បា​ន​ ស៊ុម ម៉ឺន មានអាយុ ៥៤ឆ្នាំ និង​កូន​ប្រុស​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​កំពុង​បើក​គោយន្ត​ដឹក​សម្ភារៈ​លក់​ដូរកាល​ពីថ្ងៃទី២០ ខែមករា ដោយ​យោធា​មក​ពី​ទី​បញ្ជាការវរៈ​សេនា​តូច​អន្តរាគមន៍​លេខ ២៦១ ស្ថិត​នៅ​ក្រោម​ទី​បញ្ជាការកង​ពល​តូច​អន្តរាគមន៍​លេខ​៦ នៃ​កង​យុទ្ធពល​ខេម​រភូមិន្ទ (យោធា​ទំាង​នោះ​ជា​កង​សន្តិ​សុខ​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​នៅ​ឃុំយាង​ ស្រុក​ជំាំ​ក្សាន្ត)។ សាក្សី​មួយ​ចំនួន​បាន​រាយការណ៍​ថា​ ម៉ឺន និង​កូន​ប្រុស​គាត់​ត្រូវ​បាន​វាយ​ដំ​ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់​ខ្លួន។ បន្ទាប់​មក អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ដែនជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ជា​ទី​កន្លែង​ដែលអ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈ​ពេល​មួយ​យប់។

នាព្រឹក​ថ្ងៃទី២១​ ខែ​មករា​ ម៉ឺន​ បាន​បាត់​ខ្លួន​ពី​ការិយាល័យ​ដែនជម្រក​សត្វព្រៃ ហើយកា​រ​បាត់​ខ្លួនរបស់​គាត់បាន​កើត​ឡើង​អស់​រយៈពេល​ពីរខែ​មក​ហើយ។ មន្ត្រី​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​បាន​អះ​អាង​ថា​ បុរស​ដែល​មាន​អាយុ៥៤​ឆ្នាំ​នោះបាន​លោត​ចេញ​ពីរបង​និង​រត់​គេច​ខ្លួន។ ប៉ុន្តែ​ភ្លាមៗ​​នោះ​​មិន​​មាន​​ដីកា​​ចាប់​ខ្លួន​ចោទ​ប្រកាន់​​ទាក់​ទង​​នឹង​​ការរត់​​គេច​​នោះ​ទេ។

​ប្រជាពលរដ្ឋ​ឈរ​មើល​ផ្ទះ​ដែល​ត្រូវបាន​ដុតក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ។

ចាប់តាំង​ពីថ្ងៃ​ទី២១ ខែមករា​ អាជ្ញាធ​រមិន​បានផ្តល់​ភស្តុតា​ង​ដែល​សហគមន៍​អាច​ជឿទុក​ចិត្តបាន​ពីទីតាំង​របស់​ ម៉ឺន នោះ​ទេ ដោយ​បាន​អះអាង​ផ្សេង​ៗគ្នា​ថា គាត់​បាន​នឹង​កំពុង​លាក់​ខ្លួននៅទីតាំង​អាថ៌កំបាំង​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ឬកំពុង​ទទួលការព្យាបាល​សុខភាព​នៅរាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី១៨ ខែមីនា​ ប្រពន្ធរបស់ ម៉ឺន​ បានដាក់​ញត្តិទៅអាជ្ញាធរខេត្ត​និង​ការិយាល័យ​តំណាងរាស្រ្ត​ខេត្ត​ព្រះ​វិហារ ដើម្បី​ជួយ​ស្វែង​រកប្តីរបស់​អ្នកស្រី។

ក្រោយ​​មាន​​ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋជា​ច្រើន​នាក់​ក្នុង​ខែមករានោះ មនុស្ស​ចំនួន​១៤នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះ​អាសន្នរង់​ចំា​សវនាការ​នៅ​ក្នុងពន្ធនាគារ​ខេត្ត​ព្រះវិហារ ក្នុង​នោះ​រួមមានកូន​ប្រុសរបស់​ ម៉ឺន​ ឈ្មោះ​ ម៉ឺន​ មាន​ ផង​ដែរ។ អ្នកទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​តាមមាត្រា៦២​ និងមាត្រា៥៤ នៃ​ច្បាប់​ស្តីពីតំបន់​ការពារ​ធម្មជាតិ​ (ទាក់​ទង​នឹង​ការ​កាប់​គាស់​រុករាន​ដីព្រៃ) ហើយ​អាច​ប្រឈ​មនឹង​ការជាប់​ពន្ធនាគារ​១០ឆ្នាំ និង​ពិន័យ​ជាប្រាក់១៥០លានរៀល។

ការ​ចាប់​ខ្លួននេះ​កើត​ឡើង​បន្ទាប់​ពីមាន​ការធ្វើទុក្ខបុកម្នេញ​ពីសំណាក់​សន្តិសុខ​ក្រុមហ៊ុន​និងអាជ្ញាធរ​ទៅលើអ្នក​ភូមិ​ដែល​រស់​នៅ​ក្នុងសហគមន៍​នេះជា​ច្រើន​ឆ្នាំ​កន្លមក​ហើយ ដោយ​រួមមាន​ការដុត​ផ្ទះ​ប្រជាពល​រដ្ឋ គេចោទ​ថា​មា​នការ​ចាប់​ខ្លួនតាម​អំពើ​ចិត្ត និងការ​បន្ត​គំរាមកំហែង​ប្រជាពលរដ្ឋ​ដែលជាប់​ទាក់ទង​នឹង​ទំនាស់​ដីធ្លីនេះ។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា