សិទ្ធិដីធ្លី
អត្ថបទខ្លីៗ | ពលរដ្ឋមួយគ្រួសារនៅខេត្តសៀមរាប ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងជម្លោះដីធ្លី
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
នាព្រឹកនេះ សាលាដំបូងខេត្តសៀមរាប បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសពលរដ្ឋជាជនជាតិដើមភាគតិច កួយ ចំនួន ៣ នាក់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ជាមួយនឹងមន្ទីរបរិស្ថានខេត្តសៀមរាប និងក្រុមយោធា នៅលើដីដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០០០ មក ដែលគាត់បានរស់នៅ និងដាំដំណាំរហូតមកចាប់តាំងពីពួកគាត់កាន់កាប់រហូតដល់បច្ចុប្បន្ន ប៉ុន្តែត្រូវបានមន្ត្រីបរិស្ថានអះអាងថាជាដីសហគមន៍តំបន់ការពារធម្មជាតិ “ជប់សោម” ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព ។
កាលពីខែសីហា ឆ្នាំ២០២៣ មន្ត្រីមកពីមន្ទីរបរិស្ថាន រួមជាមួយនឹងអាជ្ញាធរក្នុងតំបន់ និងក្រុមយោធា បានទៅធ្វើការហាមឃាត់ពួកគាត់មិនឱ្យដាំស្វាយ និងដកយកកូនស្វាយដែលពួកគាត់កំពុងដាំនៅលើដីចម្ការរបស់អ្នកទាំងពីរនាក់ គឺអ្នកស្រី សាន ស្រែ និងលោក ប្រែង ហ៊ីង ។ នៅខណៈនោះលោក សាន សិទ្ធ ដែលជាប្អូនប្រុសរបស់អ្នកស្រី សាន ស្រែ បានថតវីដេអូ Live ពីព្រឹត្តការណ៍នេះ និងសួរនាំទៅកាន់មន្ត្រីដែលចុះមកហាមឃាត់ ។ សមាជិកគ្រួសារទាំងបីនាក់ ជាជនជាតិដើមភាគតិច កួយ និងសកម្មក្នុងការការពារដីធ្លី និងសិទិ្ធដីធ្លីរបស់ពលរដ្ឋជាង ២៥០ គ្រួសារ ។ ប៉ុន្មានសប្តាហ៍ក្រោយមក អ្នកទាំងបីរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌពីតុលាការ ។
សេចក្តីថ្លែងការណ៍ | ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់
ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤
សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិយើង ។ ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់ ។
អាជ្ញាធរមានសមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និងសកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើយុវជនវ័យក្មេងដែលក្លាហាន និងមានឆន្ទៈខ្ពស់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់កម្ពុជា ។
អត្ថបទខ្លីៗ | សកម្មជនដីធ្លីខេត្តកោះកុងត្រូវបានផ្ដន្ទាទោស ជុំវិញការព្យាយាមទៅដាក់ញត្តិ
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
សកម្មជនខេត្តកោះកុងចំនួន១២នាក់ត្រូវបានសាលាដំបូងខេត្តកោះកុងផ្តន្ទាទោសពីបទ ញុះញង់ បន្ទាប់ពីបានព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ ក្នុងគោលបំណងដាក់ញតិ្តទៅកាន់អាជ្ញាធរ ដើម្បីរកដំណោះស្រាយលើបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ ។
កាលពីថ្ងៃពុធ តុលាការខេត្តកោះកុង បានរកឃើញថាជនជាប់ចោទទាំង១២នាក់មានពិរុទ្ធពីបទញុះញង់ ហើយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៦ខែ តែទោសនេះត្រូវបានព្យួរ ។ សកម្មជនទាំងនោះរួមមាន អ្នកស្រី ដេត ហ៊ួ លោក ហេង ជៃ អ្នកស្រី អ៊ិន ធូ លោក ឡាំង ចៀវ អ្នកស្រី ផាវ ញ៉ើង អ្នកស្រី សេង លីន លោក សុខ ជៃ លោក សួង ថេង អ្នកស្រី ទិន តាំង អ្នកស្រី យី គន្ធា អ្នកស្រី យឿន ខ្មៅ និងលោកស្រី រ៉ិក សិង ។
កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រុមសកម្មជនដីធ្លីដែលមកពីសហគមន៍ចំនួន៣ ត្រូវបានរារាំងនៅក្នុងស្រុកស្រែអំបិល ខេត្ត កោះកុង ក្នុងការធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក កើត រិទ្ធ ។ ជនជាប់ចោទភាគច្រើនដែលរួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី សេង លីន លោក ហេង ជៃ និងលោក សុខ ជៃ ក៏ប្រឈមមុខក្នុងការផ្តន្ទាទោសលើករណីដាច់ដោយឡែកផ្សេងទៀតផងដែរ ។
អត្ថបទខ្លីៗ | សំណើសុំនៅក្រៅឃុំរបស់ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានបដិសេធ
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបានសាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ លោកត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី១ (ម១) វិញ ។
នៅថ្ងៃនេះ សកម្មជនជាយុវជនប្រមាណជាង ១០ នាក់ បានប្រមូលផ្តុំគ្នានៅមុខតុលាការ ដើម្បីគាំទ្រ លោក សារ៉ាយ ដែលបានជាប់ពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនក្នុងខែមេសា ឆ្នាំ ២០២៤ ។ លោក ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយក្នុងខេត្តព្រះវិហារ ។
លោក សារ៉ាយ ត្រូវបានចោទប្រកាន់បន្ថែមពីបទ "មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម" ដោយសារតែលោកធ្លាប់ត្រូវបាន ផ្តន្ទាទោសលើបទញុះញង់ កាលពីឆ្នាំ ២០២១ ជុំវិញការជួបជុំដោយសន្តិវិធី អំពាវនាវឱ្យមានការដោះលែងអតីតប្រធានសហជីព លោក រ៉ុង ឈុន ។ បន្ថែមពីនេះ បទចោទអាចធ្វើឱ្យទោសកើនទ្វេដង ចំពោះបទចោទញុះញង់ថ្មីនេះ ដែលអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៤ឆ្នាំ ប្រសិនបើត្រូវបានតុលាការកាត់ទោស ៕
អត្ថបទខ្លីៗ | សហគមន៍ដីធ្លីនៅខេត្តក្រចេះ ដាក់ញត្តិទៅកាន់រាជរដ្ឋាភិបាល សូមឱ្យបញ្ឈប់ការឈូសឆាយដី
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
សមាជិកសហគមន៍ប្រមាណជាង ៦០ នាក់ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយដែលពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច នៅក្នុងខេត្តក្រចេះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំឱ្យអាជ្ញាធរ អន្តរាគមន៍ទៅក្រុមហ៊ុន បញ្ឈប់ការឈូសឆាយដី និងដំណាំរបស់ប្រជាពលរដ្ឋ ។
នាព្រឹកថ្ងៃពុធនេះ ពលរដ្ឋជាច្រើនគ្រួសារ មកពីស្រុកសំបូរ បានធ្វើដំណើរតាមរឺម៉កកង់បី ឬតុកតុក នៅក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងមហាផ្ទៃ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ អាជ្ញាធរបានធ្វើហាមឃាត់មិនឱ្យសហគមន៍ដើរដោយថ្មើរជើងជាក្បួនទៅកាន់ស្ថាប័នទាំងបីខាងលើនេះទេ ។
ប្រជាពលរដ្ឋដែលជាអ្នកតំណាងឱ្យពលរដ្ឋចំនួន ១.៣១៨ គ្រួសារមកពីភូមិចំនួនពីរក្នុងខេត្តក្រចេះ បានលើកឡើងថាក្រុមហ៊ុនក្នុងស្រុកមួយ ឈ្មោះថា កសិកម្ម យុវជន ស្វាយរៀង (ខូអិលធីឌី) បានឈូសឆាយដីធ្លី ដំណាំរបស់ពួកគាត់ ដែលដីនេះស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដែលមានម្ចាស់ជាជនជាតិសិង្ហបុរី ឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមប៊ូឌា) ដែលទទួលបានដីនេះកាលពីឆ្នាំ ២០០៩ មកម្ល៉េះ ។
អត្ថបទខ្លីៗ | សមាជិកសហគមន៍សំរោងត្បូង រងការបៀតបៀន ក្រោយទទួលការជូនដំណឹងពីការបណ្តេញចេញ
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
កងកម្លាំងនគរបាល និងកងសន្តិសុខខណ្ឌជាច្រើននាក់ បានបិទផ្លូវ រារាំងការដើរក្បួនរបស់សមាជិកសហគមន៍សំរោងត្បូងចំនួនប្រមាណ ៦០ នាក់ ដែលកំពុងរស់នៅក្នុងបឹងតាមោក ដែលឋិតនៅភាគខាងជើងរាជធានីភ្នំពេញ ។ នាព្រឹកនេះ អាជ្ញាធរប្រើអំពើហិង្សា និងរុញច្រានសមាជិកសហគមន៍ ដែលកំពុងដើរឆ្ពោះទៅកាន់សាលាខណ្ឌព្រែកព្នៅ ដើម្បីជួបមន្ត្រីខណ្ឌ ក្រោយពេលដែលពលរដ្ឋចំនួន ៦ គ្រួសារ ក្នុងសហគមន៍ ទទួលបានការជូនដំណឹងពីការបណ្តេញចេញពីលំនៅឋាន ។ ការជូនដំណឹងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឱ្យគ្រួសារទាំងនោះចាកចេញ ដើម្បីទុកដីសាងសង់ផ្លូវ ។
កងកម្លាំងនគរបាល និងកងសន្តិសុខប្រមាណជាង ៦០ នាក់ បានរារាំងសមាជិកសហគមន៍ទាំងនោះ ដោយបានរុញច្រានអ្នកទាំងនោះ ឱ្យថយក្រោយ ប្រើប្រាស់អំពើហិង្សាសមាជិកសហគមន៍មួយចំនួន និងរារាំងអ្នកទាំងនោះ មិនឱ្យដើរក្បួនឆ្ពោះទៅកាន់សាលាខណ្ឌ ។ ពលរដ្ឋទាំងនោះ ត្រូវបានអាជ្ញាធរបង្ខំឱ្យដើរត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ដោយមានការអមដោយកងកម្លាំងសន្តិសុខជាច្រើន ។
សមាជិកសហគមន៍សំរោងត្បូងជាច្រើននាក់ បានប្រឈមនឹងការរំលោភបំពានពីសំណាក់កងកម្លាំងនគរបាល ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើន និងការគំរាមកំហែងនៃការបណ្តេញចេញដោយបង្ខំ នៅខណៈដែលរាជរដ្ឋាភិបាលបានកាត់ដី និងលុបមួយភាគធំនៃផ្ទៃបឹងតាមោក ដោយប្រគល់ទៅឱ្យក្រសួងមួយចំនួន មន្ត្រីរាជការមួយចំនួន និងបុគ្គលឯកជនជាច្រើនដែលមានទំនាក់ទំនងជិតស្និតនឹងអ្នកមានអំណាច ។
អត្ថបទខ្លីៗ | ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤
នៅថ្ងៃនេះ លោក កេីត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានចៅក្រមស៊េីបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម ១) ក្រោមបទចោទ "មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម" និងបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" យោងតាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡេីងពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីមួយដែលកំពុងកេីតមានឡេីងនៅខេត្តព្រះវិហារ ។
កាលពីថ្ងៃទី០៦ ខែមេសា ប្រហែលម៉ោង ៣ និង ៣០ នាទី រសៀល មន្ត្រីនគរបាលបានបញ្ជាក់ថា លោក សារ៉ាយ ត្រូវបានបញ្ជូនខ្លួនចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មុននឹងបញ្ជូនខ្លួន លោកត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋានអស់មួយយប់ ចាប់តាំងពីម៉ោង ៤ រសៀល ថ្ងៃទី០៥ ខែមេសា ដោយមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រហែល ១០ នាក់ នាំខ្លួនលោក ចេញពីការិយាល័យរបស់សមាគមនៅរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡេីង តាមដីកា ដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួនលោក សារ៉ាយ មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធនឹងការចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ។
ព្រះសង្ឃមួយអង្គ និងយុវជនប្រមាណជាង ១០ នាក់ មកពីក្រុមផ្សេងៗគ្នា និងតំណាងសង្គមស៊ីវិល បានឈរនៅមុខស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរង់ចាំមេីលស្ថានការណ៍នេះ ។ នៅខណៈនោះដែរ អាជ្ញាធរស្លៀកពាក់ស៊ីវិលពីរបីនាក់ ត្រូវបានដាក់ពង្រាយនៅក្បែរនោះ ដេីម្បីថតរូប និងវីដេអូ នៃអ្នកដែលទៅឈរឃ្លាំមេីលនៅទីនោះ ។ មន្ត្រីនគរបាលដែលយាមច្រកទ្វារចូលស្នងការដ្ឋាន ក៏មិនអនុញ្ញាតឱ្យក្រុមគ្រួសារយកម្ហូបជូនលោក សារ៉ាយផងដែរ ។
អត្ថបទខ្លីៗ | ពលរដ្ឋ ២៥នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរឿងជម្លោះដីធ្លីនៅខេត្តព្រះវិហារ
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន ២៩នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារចោទប្រកាន់ ប្រជាពលដ្ឋទាំងនោះត្រូវបានចោទប្រកាន់ពីបទ "កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ" យោងតាមមាត្រា ៩៧ កថាខណ្ឌទី ១ ចំណុច ៦ នៃច្បាប់ស្តីពីព្រៃឈើ ។ ៤នាក់ក្នុងចំណោម២៩នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយ២៥នាក់ទៀតត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ ។ ក្នុងចំណោមពួកគេទាំងនោះ មាន ១៣នាក់ជាបុរស និង១២នាក់ជាស្រ្តី ។
ពួកគេទាំងនោះត្រូវបានចាប់ខ្លួននៅដើមខែនេះ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធមួយក្រុម រួមជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន ចូលទៅកាន់ទីតាំងដីដែលមានជម្លោះនោះដោយមានគ្រឿងចក្រសម្រាប់ឈូសឆាយមួយចំនួនចូលមកជាមួយផងដែរ ។ អាជ្ញាធរបានបាញ់គ្រាប់កាំភ្លើងពិត ប្រើប្រាស់គ្រាប់បែកផ្សែង និងចាប់ខ្លួនអ្នកភូមិផងដែរ ។
ការចោទប្រកាន់នេះជាការវិវត្តចុងក្រោយបង្អស់នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃដែលពាក់ព័ន្ធនឹងក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ។ គ្រួសារដែលប៉ះពាល់រស់នៅក្នុងភូមិម្រេច ភូមិស្រយង់ត្បូង និងភូមិក្តាក់ ហើយនិងពលរដ្ឋមួយចំនួនទៀតដែលទើបមកតាំងទីលំនៅនៅក្នុងតំបន់នោះ ។ ក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល កាលពីខែមីនា ឆ្នាំ២០១១ នៅក្នុងឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ៕
អត្ថបទខ្លីៗ | កងកម្លាំងប្រើប្រាស់អាវុធ និងចាប់ខ្លួនអ្នកភូមិមួយចំនួន អំឡុងពេលប៉ះទង្គិចគ្នាក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងខេត្តព្រះវិហារ
ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
កងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន បានប្រមូលផ្តុំគ្នាកាលពីព្រឹកមិញនេះ ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះនៅក្នុងខេត្តព្រះវិហារ ដោយមានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋមួយចំនួន ។
អ្នកភូមិមួយចំនួន ត្រូវបានគេរាយការណ៍ថា ត្រូវបានអាជ្ញាធរចាប់ និងបញ្ជូនខ្លួនទៅកាន់ក្រុងព្រះវិហារ ។ ទីតាំងជាក់លាក់នៃការឃុំខ្លួន មិនទាន់ដឹងនៅឡើយ ។
អ្នកភូមិមួយចំនួនបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បានចូលទៅក្នុងតំបន់ជម្លោះនោះតាំងពីមុនទៀបភ្លឺ ហើយមានគ្រឿងចក្រសម្រាប់ឈូសឆាយមួយចំនួនចូលមកជាមួយផងដែរ ។ ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិរបស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំងនោះអាចនឹងត្រូវបានកងកម្លាំងទាំងនោះបណ្តេញចេញដោយបង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នា ទាមទារឱ្យកងកម្លាំង និងអាជ្ញាធរទាំងនោះចាកចេញពីតំបន់នោះ ។ សកម្មភាពប្រឈមមុខដាក់គ្នានេះ ត្រូវបានអ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំងប្រដាប់អាវុធបាញ់គ្រាប់កាំភ្លើងពិតជាច្រើនដង និងមានការប្រើប្រាស់គ្រាប់បែកផ្សែងផងដែរ ។
អត្ថបទខ្លីៗ | សហគមន៍សំរោងត្បូង រាយការណ៍ថាមានអំពើហិង្សា នៅពេលអាជ្ញាធរកំពុងឈូសឆាយដីតំបន់បឹងតាមោក
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
នាព្រឹកនេះ សមាជិកសហគមន៍សំរោងត្បូងមួយចំនួន ត្រូវបានគេរាយការណ៍ថា បានរងរបួសពីការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរជាច្រើននាក់ និងសមាជិកសហគមន៍មួយចំនួន នៅពេលដែលអាជ្ញាធរកំពុងចាក់ដីលុបតំបន់មួយក្នុងបឹងតាមោក ក្នុងរាជធានីភ្នំពេញ ។ តំបន់មួយចំនួនក្នុងផ្ទៃបឹងតាមោក ត្រូវបានរាជរដ្ឋាភិបាល កាត់ និងផ្តល់ទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនមួយចំនួន ដែលមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សមាជិកមួយចំនួននៃសហគមន៍សំរោងត្បូង បានប្រមូលផ្តុំគ្នា កាលពីម្សិលមិញ និងនៅព្រឹកនេះ ដើម្បីតវ៉ាជំទាស់នឹងការឈូសឆាយរបស់អាជ្ញាធររដ្ឋដែលប៉ះពាល់ដល់ដីធ្លីរបស់សមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន ក៏កំពុងប្រឈមមុខទៅនឹងបណ្តឹងនៅតុលាការផងដែរ ដែលយ៉ាងតិចណាស់មានបណ្តឹងចំនួន ៤ ករណី កំពុងដំណើរការ ចាប់តាំងពីឆ្នាំ ២០២២ ដោយផ្អែកលើភាពសកម្មនិយមលើរឿងដីធ្លីរបស់ពួកគេ ។
ការប្រឈមមុខដាក់គ្នានៅពេលនេះ ដែលពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន ៣គ្រឿង ជាមួយនិងសន្តិសុខចំនួន ១០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន បានប្រមូលផ្តុំគ្នា និងព្យាយាមបញ្ឈប់ការឈូសឆាយនោះ ។ ក្រោយមកកងកម្លាំងនគរបាលមួយចំនួន បានមកដល់ និងឈរឃ្លាំមើលសកម្មភាពរបស់សហគមន៍ ។ ការឈូសឆាយ បានបន្តនាព្រឹកនេះ ដោយមានវត្តមានកងកម្លាំងនគរបាលច្រើនជាងកាលពីម្សិលមិញ ដោយមានចំនួនប្រហែលជាង ២០០ នាក់ រួមមាននគរបាលប្រមាណជាង ៥០ នាក់ និងលោកអភិបាលរងខណ្ឌព្រែកព្នៅ មួយនាក់ផងដែរ ។ អាជ្ញាធរមួយចំនួន បានឈរមើលការឈូសឆាយ ហើយអាជ្ញាធរមួយចំនួនទៀត ដែលរួមមាននគរបាល និងអាជ្ញាធរស្លៀកពាក់ស៊ីវិល បានថតរូប និងវីដេអូអំពីសកម្មភាពតវ៉ារបស់សមាជិកសហគមន៍ដែលមានចំនួនប្រមាណជាង ១០០ នាក់ កំពុងប្រមូលផ្តុំគ្នានៅតំបន់នោះ ។
អត្ថបទខ្លីៗ | តុលាការកំពូលសម្រេចឱ្យសកម្មជនបឹងកក់ពីររូបរួចផុតពីបទចោទ
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
តុលាការកំពូលនៅព្រឹកនេះបានសម្រេចឱ្យសកម្មជនដីធ្លីពីររូបមកពីសហគមន៍បឹងកក់ រួចផុតពីបទចោទ ។ សកម្មជនទាំងពីរ មានលោកយាយ ង៉ែត ឃុន អាយុ៨៣ឆ្នាំ (ហៅយាយម៉ាមី) និងអ្នកស្រី ឆេង លាភ អាយុ៥៨ឆ្នាំ ត្រូវបានសាលាដំបូង និងសាលាឧទ្ធរណ៍ផ្តន្ទាទោសពីបទគំរាមកំហែងថានឹងសម្លាប់ក្នុងខែមីនា ឆ្នាំ២០១២ ។
សមាជិកសហគមន៍បឹងកក់នៅរាជធានីភ្នំពេញ បានប្រឈមនឹងជម្លោះដីធ្លីដ៏រាំរ៉ៃ បន្ទាប់ពីរាជរដ្ឋាភិបាលបានជួលបឹងកក់ ទៅឱ្យក្រុមហ៊ុនឯកជនក្នុងឆ្នាំ ២០០៧ ។ សមាជិកសហគមន៍ជាច្រើននាក់ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ និងត្រូវបានកាត់ទោសពីបទល្មើសទាក់ទងនឹងការការពារផ្ទះរបស់ពួកគេ និងហ៊ាននិយាយតវ៉ាទៅនឹងការបណ្ដេញចេញដោយបង្ខំ ។
ការចោទប្រកាន់នេះ គឺពាក់ព័ន្ធនឹងហេតុការណ៍ដែលមានក្រដាសសរសេរជាច្រើនសន្លឹក គំរាមថានឹងសម្លាប់អតីតសមាជិកសហគមន៍ម្នាក់ឈ្មោះ លី មុំ ដែលត្រូវបានរកឃើញនៅរាយប៉ាយនៅខាងមុខផ្ទះរបស់នាង។ អ្នកស្រី លី មុំ បានដាក់ពាក្យបណ្ដឹងទៅលើសមាជិកសហគមន៍បឹងកក់ប្រាំមួយនាក់ ដែលក្នុងនោះរួមទាំង លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភផងដែរ ។ ស្រ្ដីទាំងប្រាំមួយនាក់នោះបានអះអាងថា ពួកគេមិនទទួលខុសត្រូវចំពោះការគំរាមកំហែងនោះទេ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងបីរូប
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញព្រឹកនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងបីរូប ពីបទ “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” និង “បទធ្វើឱ្យខូចខាតដោយចេតនា” ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ។ សមាជិកសហគមន៍ទាំងបីរូប រួមមាន លោក ញឹម ញឿន (ដែលត្រូវស្គាល់ថាឈ្មោះ ស្ងួន ញឿន) លោក រាជ សីម៉ា និង លោក ភុល សន ។
សហគមន៍ឡពាង បានតស៊ូជាមួយអស់រយៈពេលជាច្រើនឆ្នាំ ប្រឆាំងនឹងការរំលោភយកដីដោយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ (ជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ដែលជាភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម) ។
បទចោទភាគច្រើនត្រូវបានចោទប្រកាន់ ដោយចេញពីព្រឹត្តិការណ៍កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ចាប់ផ្តើមវាស់វែងកំណត់ព្រំដីជុំវិញដី ដែលមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ។ សមាជិកសហគមន៍ឡពាងជាច្រើននាក់បានមកដល់ទីតាំងដី ដើម្បីធ្វើការតវ៉ា ។ ហើយនៅខណៈពេលកំពុងតវ៉ានោះដែរ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុន ត្រូវបានបំផ្លាញ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍ត្បូងឃ្មុំតម្កល់សាលដីកាផ្តន្ទាទោសសមាជិកសហគមន៍ដីធ្លីនៅត្បូងឃ្មុំ
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ បានតម្កល់សេចក្តីសម្រេចរបស់ខ្លួនលើកទីមួយ ដោយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចព្យួរទោសដាក់ពន្ធនាគារ មកលើសមាជិកសហគមន៍ដីធ្លីស្រែប្រាំងចំនួន ៤នាក់ ។ អ្នកទាំង ៤ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តមានបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី” ។
សមាជិកសហគមន៍ទាំង ៤ រូប គឺស្ថិតក្នុងចំណោមជនជាប់ចោទចំនួន ៩ នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ចោទប្រកាន់ថាបានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយមិនឱ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់អ្នកទាំងនោះកាលពីឆ្នាំ ២០១៧ និង ២០២០ ។ អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស និងដាក់ពន្ធនាគារចំនួន ២ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយសាលាដំបូងខេត្តត្បូងឃ្មុំ ។ ក្រោយមក សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចតម្កល់សាលក្រមសាលាដំបូង កាលពីឆ្នាំ ២០២២ ប៉ុន្តែតុលាការកំពូលកាលពីខែសីហា ឆ្នាំ ២០២៣ បានសម្រេចបញ្ជូនសំណុំរឿងនេះ ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី ។
សាលាឧទ្ធរណ៍ តាមរយៈសវនាការជំនុំជម្រះជាលើកទីពីរ បានសម្រេចតម្កល់ការផ្តន្ទាទោសសមាជិកសហគមន៍ទាំង ៤ នាក់ និងតម្កល់ការដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចឱ្យព្យួរទោសទាំងនោះ ។ សមាជិកសហគមន៍ទាំងនោះ រួមមាន លោក ចក់ ជ័យ អ្នកស្រី ឃឹម សុខជាង លោក ពុំ ពេជ្រ និងលោក វឿន វឿ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍ព្រះសីហនុ តម្កល់ការផ្តន្ទាទោសបទ បរិហារកេរ្តិ៍ លើសកម្មជនដីធ្លីខេត្តកោះកុង
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
នាព្រឹកនេះសាលាឧទ្ធរណ៍ព្រះសីហនុ បានសម្រេចតម្កល់ការផ្តន្ទាទោសបទបរិហារកេរិ៍្ត លើសកម្មជនដីធ្លីខេត្តកោះកុងចំនួនពីររូប គឺអ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ តុលាការ ក៏បានសម្រេចឱ្យរួចផុតពីបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ពីអ្នកទាំងពីរផងដែរ ។ នេះជាការសម្រេចឱ្យរួចផុតពីបទចោទមួយ និងតម្កល់បទចោទមួយដែលបទចោទទាំងពីរត្រូវបានដាក់ដោយសាលាដំបូងខេត្តកោះកុង កាលពីខែសីហា កន្លងទៅ ។
អ្នកស្រី ញើង និងអ្នកស្រី លីន គឺជាអ្នកដែលរងការចោទប្រកាន់ពីអ្នកស្រី ឆាយ វី ដែលជាអតីតអ្នកតំណាងសហគមន៍មួយរូប ដែលត្រូវបានអ្នកទាំងពីរបានចោទប្រកាន់ថាបានរំលោភយកដីធ្លី កាលពីឆ្នាំ២០១៩ ។ សកម្មជនដីធ្លីទាំងពីរ ត្រូវបានតុលាការពិន័យជាប្រាក់ក្នុងម្នាក់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ) និងបង្គាប់ឱ្យសងជំងឺចិត្តអ្នកស្រី ឆាយ វី ចំនួន ៤០ លានរៀល (ប្រហែល ១០.០០០ ដុល្លារ) ។
ទាំងអ្នកស្រី ញើង និងអ្នកស្រី លីន ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែតុលា នាឆ្នាំនេះ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ អំឡុងពេលឃុំខ្លួនបណ្តោះអាសន្ន អ្នកស្រី ផាវ ញើង ជាប់ឃុំក្នុងពន្ធនាគារខេត្តជាមួយនឹងកូនប្រុសតូចរបស់អ្នកស្រីដែលជាទារកនៅឡើយនាពេលនោះ ។
អត្ថបទខ្លីៗ | សកម្មជនដីធ្លីនៅខេត្តកោះកុង ត្រូវបានដោះលែង
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
នាថ្ងៃនេះ សកម្មជនដីធ្លីខេត្តកោះកុង២នាក់ រួមមានអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានដោះលែងពីពន្ធនាគារខេត្តកោះកុង ក្រោយពីសាលាឧទ្ធរណ៍ព្រះសីហនុ បង្គាប់ឱ្យដោះលែងអ្នកទាំង២ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីម្សិលមិញ ។
នៅក្នុងខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានផ្ដន្ទាទោសស្រ្តីទាំង២នាក់ ឱ្យជាប់ពន្ធនាគារ១ឆ្នាំ និងឱ្យសងជំងឺចិត្តចំនួន ៤០លានរៀល (ប្រមាណជា ១ម៉ឺនដុល្លារ) ក្រោយពីរកឃើញអ្នកទាំងពីមានពិរុទ្ធភាពពីបទបរិហារកេរ្ដិ៍ និងបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំង២ត្រូវបានរងបណ្ដឹងមួយដោយអតីតតំណាងសហគមន៍ឈ្មោះ ឆាយ វី ដែលត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ពីការរំលោភយកដីធ្លី ។
ទាំងអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីការចាប់ខ្លួនអ្នកទាំង២នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ កូនប្រុសតូចរបស់អ្នកស្រី ផាវ ញ៉ើង បានរស់នៅជាមួយអ្នកស្រីនៅក្នុងពន្ធនាគារ តាំងពីថ្ងៃចាប់ខ្លួននោះ ។
អត្ថបទខ្លីៗ | សកម្មជនការពារព្រៃឈើ ត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានប្រកាសសាលដីកា ទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងសកម្មជនការពារព្រៃឈើនៅខេត្តរតនគិរីចំនួន ៥រូប រួមមានលោក ឆន ផល្លា សកម្មជនបរិស្ថានជាយូរឆ្នាំមកហើយ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ក្រោយពីមានការចាប់ខ្លួនលោក ក្នុងខែកញ្ញា ឆ្នាំ២០២១ ។ លោក ឆន ផល្លា ត្រូវបានដោះលែងនៅថ្ងៃនេះ បន្ទាប់ពីអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចមិនប្តឹងសាទុក្ខ ។
លោក ផល្លា ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៦ឆ្នាំ ក្នុងខែកក្កដា ឆ្នាំ២០២២ ខណៈដែលសកម្មជន៤នាក់ទៀតដូចជា លោក ខាំ ម៉ាសូក លោក ស៊ីថាន់ ញ៉ាន់ លោក ថ្វែ ហុក និងលោក ឡាត់ ប្រាញ់ ដែលជាជនជាតិដើមភាគតិចទំពួន ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែមិនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទេ ដោយរង់ចាំការប្ដឹងឧទ្ធរណ៍ ។ បទចោទទាំងនេះ ពាក់ព័ន្ធនឹងកិច្ចប្រជុំមួយដែលអ្នកទាំងប្រាំបានចូលរួមក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងការពារដីធ្លី និងដីព្រៃរបស់ពួកគេ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
អ្នកទាំង៥ ធ្លាប់ត្រូវបានសាលាដំបូងខេត្តរតនគិរី ផ្ដន្ទាទោស ដោយចោទប្រកាន់ថា ពួកគេ “កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ” តាមបញ្ញត្តិមាត្រា២៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា៥៦(៤) និងមាត្រា៦២(១) នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ៕
អត្ថបទខ្លីៗ | សកម្មជនដីធ្លីខេត្តកោះកុង៩នាក់ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ុន្តែ២នាក់នៅបន្តជាប់ឃុំក្នុងពន្ធនាគារ
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
នាថ្ងៃនេះ សកម្មជនដីធ្លីខេត្តកោះកុងចំនួន៩នាក់ ត្រូវបានសាលាឧទ្ធរណ៍ព្រះសីហនុ អនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែពួកគេ នឹងត្រូវដាក់ឱ្យស្ថិតក្រោមលក្ខខណ្ឌមួយចំនួននៃការត្រួតពិនិត្យតាមផ្លូវតុលាការ ។ សកម្មជនទាំងនេះ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន អស់រយៈពេល ២ខែមកហើយ នៅក្នុងពន្ធនាគារខេត្តកោះកុង ក្រោយពីការចាប់ខ្លួនពួកគេ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។
សកម្មជនទាំង៩នាក់ បានបង្ហាញវត្តមាននៅក្នុងសវនាការសុំនៅក្រៅឃុំ នៅព្រឹកនេះ ដែលមានការគាំទ្រដោយសមាជិក និងតំណាងសហគមន៍មកពីខេត្តកោះកុងដូចជា សហគមន៍ដីធ្លី១៩៧ សហគមន៍ដីធ្លី១៧៥ និងសហគមន៍ដីធ្លី៩៥៥ ។ អាជ្ញាធរ បានស្នើឱ្យអ្នកគាំទ្ររង់ចាំនៅខាងក្នុងបរិវេណតុលាការ ប៉ុន្តែពួកគេសម្រេចចិត្តរង់ចាំនៅក្រៅតុលាការ ដើម្បីអំពាវនាវជាសាធារណៈឱ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេ ។
សកម្មជនទាំង៩នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេតហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជៃ លោក ហេង ជៃ អ្នកស្រី ទិន តាំង លោក ឡាំង ចៀវ អ្នកស្រី សេង លីន និងលោក យឿន ខ្មៅ ។ ពួកគេម្នាក់ៗ ត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីបានព្យាយាមធ្វើដំណើរដោយសន្តិវិធីទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។
របាយការណ៍ | ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
នាថ្ងៃនេះ អង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយរបាយការណ៍មួយស្ដីពី ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ ។ របាយការណ៍នេះ បង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ខ្នងផ្ទះ ។
ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅទូទាំងខេត្តកំពង់ស្ពឺ ។ អ្នកខ្ចីប្រាក់ កំពុងធ្វើការលះបង់ដោយមិនសមស្របជាច្រើន ដើម្បីបង់សងកម្ចីដែលតម្រូវឱ្យដាក់ធានានូវប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ច្រើនលើសលប់ ហើយជារឿយៗ វាតែងតែលើសពីប្រាក់ចំណូល និងសមត្ថភាពរបស់អ្នកខ្ចី ក្នុងការបង់សង ។
អត្ថបទខ្លីៗ | សកម្មជនដីធ្លីខេត្តកោះកុង១០នាក់ ត្រូវបានផ្ដន្ទាទោស
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
សាលាដំបូងខេត្តកោះកុង នារសៀលនេះ បានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១០នាក់ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះមានសកម្មជន៣នាក់ ដែលកំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងពន្ធនាគារ តាំងពីខែមិថុនា ឆ្នាំ២០២៣មក នៅក្នុងសំណុំរឿងមួយទៀត ។ សមាជិកសហគមន៍ប្រមាណជា ៦០នាក់ មកពីសហគមនដីធ្លី១៩៧ និងសហគមន៍ដីធ្លី៩៥៥ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ដើម្បីសម្ដែងការគាំទ្រចំពោះសកម្មជនទាំងនេះ អំឡុងពេលប្រកាសសាលក្រម ។
សកម្មជនទាំង១០រូបរួមមាន លោក ឆាន់ ឈឿន អ្នកស្រី ដេតហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ ។ អ្នកទាំង១០រូប ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០លានរៀល (ប្រមាណជា ៩.៦០០ដុល្លារ) ទៅកាន់ឧកញ៉ា ហេង ហ៊ុយ ។ ការផ្ដន្ទាទោសរបស់អ្នកស្រី អើប វី ត្រូវបានព្យួរទាំងស្រុង ខណៈដែលសកម្មជន៩នាក់ទៀត គ្រោងប្ដឹងជំទាស់នឹងសាលក្រមនេះ ។
អ្នកស្រី ដេត ហ៊ួ លោក ហេង ជៃ និងលោក សុខ ជៃ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុងស្រាប់ទៅហើយ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ព្រមទាំងត្រូវបានដឹកបញ្ជូនទៅតុលាការដោយរថយន្តនគរបាលដែលបិទរបាំងជិតខាងក្នុង ។ ពួកគេ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារចំពោះបទចោទដាច់ដោយឡែកទាំងនោះ ខណៈដែលពុំមានការចេញដីកាចាប់ខ្លួន សម្រាប់សកម្មជន៦នាក់ទៀត ដែលមិនបានទទួលការព្យួរទោសនោះទេ ។ នេះបង្ហាញថា ពួកគេនឹងបន្តនៅក្រៅឃុំរង់ចាំការប្ដឹងជំទាស់ ។
អត្ថបទខ្លីៗ | សកម្មជនដីធ្លីខេត្តកោះកុង៣នាក់ ដែលកំពុងជាប់ឃុំ ត្រូវបានផ្ដន្ទាទោស
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
នៅក្នុងសប្តាហ៍នេះ សកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន៣នាក់ ត្រូវបានរកឃើញថាមានទោសពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដូចជា បទបរិហារកេរិ៍្ត បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ដោយសារភាពសកម្មនិយមក្នុងការការពារដីធ្លីសហគមន៍របស់ពួកគេ ។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានផ្ដន្ទាទោសសកម្មជនពីរនាក់ ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ និងពិន័យជាប្រាក់ ៤០លាន រៀល (ប្រមាណជា៩,៦០០ដុល្លារ) ជាសំណងជំងឺចិត្តទៅដើមបណ្តឺង ។ អ្នកទាំងពីរ ត្រូវបានប្តឹងដោយអតីតតំណាងសហគមន៍ឈ្មោះ ឆាយ វី ដែលពួកគាត់បានចោទប្រកាន់ពីការរំលោភយកដីធ្លី នៅអំឡុងឆ្នាំ២០១៩ ។ បទចោទទាំងនេះ ត្រូវបានទម្លាក់ចោលសម្រាប់ស្ត្រីជាប់ចោទម្នាក់ទៀតឈ្មោះ ខន ផុន ដែលបានជាប់ពាក់ព័ន្ធផងដែរ ។
នាព្រឺកនេះ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ប្រឆាំងនឹងសកម្មជនដីធ្លីខេត្តកោះកុងម្នាក់ទៀត គឺ អ្នកស្រី ដេត ហ៊ួ ។ អ្នកស្រី ដេត ហួរ ត្រូវបានផ្ដន្ទាទោសពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទបរិហារកេរ្តិ៍ តាមរយៈបណ្ដឹងមួយ ដែលធ្វើឡើងដោយ លោកឧកញ៉ា ហេង ហុយ ពាក់ព័ន្ធនឹងការបង្ហោះសារ ដែលអ្នកស្រីបានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីខែកញ្ញា ឆ្នាំ២០២១ ។ អ្នកស្រី ដេត ហ៊ួ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ២លាន រៀល (ប្រមាណជា៥០០ដុល្លារ) ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០២២ អ្នកស្រីត្រូវបានសាលាឧទ្ធរណ៍ព្រះសីហនុ កាត់បន្ថយទោសឱ្យជាប់ពន្ធនាគារ ត្រឹម៦ខែ និងពិន័យជាប្រាក់ ១លាន រៀល ដោយទោស និងការពិន័យជាប្រាក់ ត្រូវបានព្យួរវិញ ។ សាលដីកាស្ថាពររបស់តុលាការកំពូលបានតម្ដល់សេចក្ដីសម្រេចនេះ ។