អត្ថបទខ្លីៗ

សកម្មជន​ជា​ព្រះសង្ឃ​មិន​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅឃុំ​

ចេញផ្សាយ ថ្ងៃទី​៩ ខែមករា ឆ្នាំ២០១៥
F T M

នៅព្រឹកព្រលឹមថ្ងៃនេះ ព្រះសង្ឃ​ដែល​ត្រូវបាន​ចាប់ផ្សឹក ព្រះ​តេជ​គុណ សឺន ហាយ ព្រះ​តេជ​គុណ ឃីត វណ្ណៈ និង​ព្រះតេជ​គុណ សាង កុសល បាន​មក​ដល់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​សេចក្តី​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ ដោយ​មាន​អ្នក​គាំទ្រ​ចំនួន ៧០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​តុលាការ។ ព្រះ​តេជ​គុណ ឃីត វណ្ណៈ និង​ព្រះ​តេជ​គុណ សាង កុសល បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ក្រោយ​ពី​មាន​ការ​ពន្យា​ពេល​សវនាការ​របស់​ព្រះ​អង្គកាល​ពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹម​តែ​រយៈ​ពេល ១៥​នាទី។

នៅ​ក្នុង​រយៈ​ពេល​ មួយ​ម៉ោងនៃ​ការ​មក​ដល់​តុលាការរបស់ព្រះ​សង្ឃ​ទាំង​បី​អង្គ សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះ​អង្គ ត្រូវ​បាន​បដិសេធ ហើយ​ព្រះ​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ ម១ នៅ​ព្រៃស​វិញ។

ព្រះ​តេជ​គុណ ឃីត​ វណ្ណៈ និង​ព្រះ​តេជ​គុណ សាង កុសល ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៤ នៅ​ខណៈ​ដែល​កំពុង​កាន់​ទង់​ជាតិ និង​ទង់​សាសនាដែល​បាន​ចង​ភ្ជាប់​នឹង​ដំបងប្ញស្សី ក្នុង​គោល​បំណង​ទៅ​គាំទ្រ​សកម្មជន​ដីធ្លី​មក​ពី​ខេត្ត​ព្រះ​វិហារ។ ព្រះ​អង្គ​ទាំងបី​ត្រូវបានចោទ​ប្រកាន់​ពី​បទ​ ចូល​រួម​ក្នុង​សមាគមន៍​ទុច្ចរិត (មាត្រា ៤៩៩ នៃក្រម​ព្រហ្មទណ្ឌ) ហើយ​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៥ឆ្នាំ និង​ពិន័យ​ជាប្រាក់​ ២.៥០០ ដុល្លារ​អាមេរិក ប្រសិន​បើ​ព្រះ​អង្គ​ត្រូវ​បាន​គេ​ផ្តន្ទាទោស។

ព្រះ​តេជ​គុណ សឺន ហាយ ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ក្រៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ខណៈ​ដែល​កំពុង​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​បឹងកក់​ទាំង​ប្រាំពីរ​នាក់។ ព្រះ​អង្គ ត្រូវ​បាន​តុលាការ​​ផ្តន្ទាទោស​ពី​បទ រារាំង​មន្ត្រី​រាជ​ការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស (មាត្រា ៥០៤ នៃក្រម​ព្រហ្មទណ្ឌ) និង​ត្រូវ​បានផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥០០ ដុល្លារ​អាមេរិក។ ឥឡូវ​ព្រះ​អង្គ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ ប្រើ​ប្រាស់​ឯក​សារ​សាធារណៈ​ក្លែង​ក្លាយ (មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ) និង​ស្លៀក​ពាក់​សំលៀក​បំពាក់​ព្រះ​សង្ឃ​ដោយ​ខុស​ច្បាប់ (មាត្រា ៥០៨ នៃក្រម​ព្រហ្មទណ្ឌ)។ ព្រះ​អង្គ​នឹង​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ចំនួន ២.៦២៥ ដុល្លារ​អាមេរិក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា