តុលារការកំពូលចេញសេចក្ដីសម្រេចបន្តឃុំខ្លួនមន្ត្រីរបស់គណបក្សជំទាស់
ចេញផ្សាយ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នាព្រឹកនេះ តុលារការកំពូលបានច្រានចោលប្តឹងឧទ្ធរណ៍របស់មន្ត្រីគណបក្សភ្លើងទៀនមួយរូប និងបដិសេធការស្នើសុំឱ្យនៅក្រៅឃុំរបស់មន្រ្តីគណបក្សភ្លើងទៀនមួយរូបទៀត នៅក្នុងសំណុំរឿងពីរផ្សេងគ្នា ដែលធ្វើឱ្យពួកគេនៅបន្តជាប់ពន្ធនាគារ។
តុលារការបានច្រានចោលប្តឹងឧទ្ធរណ៍របស់លោក តូច ថឹង ជាប្រធានប្រចាំខេត្តម្នាក់របស់គណបក្សភ្លើងទៀន ដែលត្រូវបាន
ផ្តន្ទាទោសពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែងក្លាយ កាលពីដើមឆ្នាំនេះ។ តុលារការកំពូល ក៏បានសម្រេចបន្តឱ្យឃុំខ្លួនបណ្តោះអាសន្នលេីលោក ចៅ វាសនា ជាអតីតចៅសង្កាត់ប៉ោយប៉ែត និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សភ្លើងទៀន ដែលកំពុងរងចាំការជំនុំជម្រះក្តីពីបទញុះញុង។ មន្រ្តីទាំងពីររូបនេះត្រូវបានបញ្ជូនទៅពន្ធនាគារវិញបន្ទាប់ពីសវនាការរួច។
លោក តូច ថឹង អាយុ ៧៤ ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទក្លែងបន្លំ និងបទចោទប្រកាន់ពាក់ព័ន្ធ ជាមួយនឹងចុងចោទ ១២ នាក់ផ្សេងទៀតនៅក្នុងខែមីនា ឆ្នាំ២០២៣។ ការផ្តន្ទាទោសទាំងនេះពាក់ព័ន្ធនឹងការគាំទ្ររបស់ពួកគេចំពោះការចុះបញ្ជីគណបក្សនយោបាយថ្មីមួយ ដែលហៅថា គណបក្សបេះដូងជាតិ នៅចុងឆ្នាំ ២០២១។ លោក ថឹង ត្រូវបានដាក់ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល (ប្រមាណ ១,២៥០ ដុល្លារអាមេរិក)។
លោក វាសនា អាយុ ៥៩ ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការអះអាងថាបានបង្ហោះរូបភាពសន្លឹកឆ្នោតដែលគូសខ្វែងរបស់គាត់នៅលើបណ្តាញសង្គម និងត្រូវបានចោទប្រកាន់ពីបទញុះញុងឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទញុះញុងឱ្យមានការអើសរើង ស្ថិតក្រោមមាត្រា ៤៩៤-៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក វាសនា ត្រូវបានដោះលែងពីមណ្ឌលអប់រំកែប្រែទី ៤ (ដែលគេហៅថា គុកត្រពាំង ផ្លុង) នៅខែកុម្ភៈ ឆ្នាំ២០២២ ដែលបានជាប់ឃុំឃាំងអស់រយៈពេលប្រាំឆ្នាំពីការផ្តន្ទាទោសទៅលើបទល្មើសផ្សេងៗជាច្រើន។ លោក វាសនា នៅពេលនោះត្រូវបានជ្រើសតាំងជាប្រធានឃុំ និងជាអតីតសមាជិករបស់គណបក្សសង្គ្រោះជាតិ។ ការជំនុំជម្រះសំណុំរឿងក្តីបច្ចុប្បន្នរបស់គាត់ នៅមិនទាន់កំណត់ថ្ងៃនៅឡើយទេ។
ទាំងលោក ថឹង និង លោក វាសនា ត្រូវបានគេរាយការណ៍ថាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដែលត្រូវការការព្យាបាលនៅក្រៅឃុំ។ តុលារការកំពូលនៅថ្ងៃនេះបានសម្រេចថាស្ថានភាពរបស់លោក ថឹង មិនអាចអនុញ្ញាតឱ្យគាត់នៅក្រៅឃុំបានឡើយ ខណៈដែលគាត់អាចស្នើសុំបញ្ជូនទៅព្យាបាលនៅមន្ទីរទេព្យ បើសិនជាស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរ។ តុលារការមិនបានផ្តល់ដំណោះស្រាយជាក់លាក់ចំពោះបញ្ហាសុខភាពរបស់លោក វាសនា នោះទេ។
- ចំណងជើង & មូលបទ
- ការបោះឆ្នោត