មេដឹកនាំគណបក្សជំទាស់ម្នាក់ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ចេញផ្សាយ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នៅព្រឹកនេះ ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនៅឯការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង នៅពេលដែលលោកទើបត្រឡប់មកពីជួបអ្នកគាំទ្ររបស់លោកនៅឯប្រទេសជប៉ុន ។
លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនដោយកងកម្លាំងនគរបាល កាលពីម៉ោង ៩ ព្រឹកនេះ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា ការចាប់ខ្លួនលោក ចន្ធី គឺតាមដីកាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពីសំណុំរឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ដីកាបញ្ជាឱ្យចូលខ្លួនមួយ ត្រូវបានចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែឧសភា ដោយបង្គាប់ឱ្យនគរបាល ចាប់ខ្លួនលោក ចន្ធី និងនាំខ្លួនលោក នៅមុខការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដីកាបញ្ជាឱ្យចូលខ្លួន ត្រូវបានចុះហត្ថលេខាដោយព្រះរាជអាជ្ញា ច្រឹង ខ្មៅ នៅថ្ងៃតែមួយដែលគណបក្សកម្លាំងជាតិបង្ហោះវីដេអូមួយនៅលើគេហទំព័របណ្តាញសង្គមរបស់លោក ចន្ធី ដែលកំពុងនិយាយទៅកាន់អ្នកគាំទ្ររបស់លោក នៅឯប្រទេស ជប៉ុន ។
គណបក្សកម្លាំងជាតិត្រូវបានបង្កើតឡើង នៅខែតុលា ឆ្នាំ២០២៣ ក្រោយពេលដែលគណបក្សភ្លើងទៀន ត្រូវបានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធ ដោយមិនអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ២០២៣ ។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សកម្លាំងជាតិជាច្រើន មកពីគណបក្សភ្លើងទៀន ដែលរួមមានអតីតសកម្មជនសិទិ្ធការងារ និងអតីតអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ។ លោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ ។ ថ្នាក់ដឹកនាំចំនួន បីនាក់ នៃគណបក្សកម្លាំងជាតិ បច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារ ៕
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម