សេចក្តីថ្លែងការណ៍

តំណាងប្រជាពលរដ្ឋមកពីបណ្តាខេត្ត​នា​នាក្នុង​ប្រទេស​កម្ពុជា ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​បញ្ឈប់ ការ​សម្ប​ទាន​ដី និង​ការ​​គំរាម​កំហែង បំភិត​បំភ័យ និង​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់ក្រុម​ហ៊ុន និង​អ្នក​មាន​អំណាច​មួយ​ចំនួន

ចេញផ្សាយ ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០០៨; ក្រុមសង្គមស៊ីវិល
F T M

“បច្ចុប្បន្នមិនត្រឹមតែដីរបស់យើងទេដែលត្រូវគេយកទៅឲ្យអ្នកដទៃនោះទេ ប៉ុន្តែ​យើង​​ថែម​ទាំង​កំពុង​ប្រឈម​មុខ​ការ​បំភិត​បំភ័យ និង​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើងៗថែមទៀតផង ។​ បញ្ហា​​​នេះ​កំពុង​តែ​​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ ។ យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ប្រមូល​ផ្តុំ​គ្នា​ និង​បញ្ចេញ​សម្លេង​រួម​គ្នា​នោះ​ទេ ។” តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា

១. លោក សំឆេង ខេត្ត ព្រះវិហារ
២. លោក សារ៉ែន កែត ខេត្ត ក្រចេះ
៣. លោក រចំ ទ្វេង ខេត្ត រតនៈគីរី
៤. លោកស្រី ឡោន ស៊ីវី ខេត្ត ពោធិ៍សាត់

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានសម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស (លីកាដូ) បាន​មាន​ប្រសាសន៍​ថា “ការ​គំរាម​កំហែង អំពើ​ហឹង្សា និង​ការ​បំភិត​បំភ័យ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ជា​ពិ​សេស​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ។ ដំណោះ​ស្រាយ​នឹង​កើត​មាន ប្រសិន​បើ​មាន​ការ​ពិគ្រោះ​យោបល់​គ្នា​ពិត​ប្រាកដ និង​ការ​ចូល​រួម​របស់​សហគមន៍​ដែល​ទទួល​រង​គ្រោះ ។” លោកស្រី​វេជ្ជ​បណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​លីកា​ដូ

កន្លែងៈ អាគារនៃអង្គការ World Vision នៅលើដំបូល (ជាន់ទី៤)
អាស័យដ្ឋាន ផ្ទះលេខ ២០. ផ្លូវលេខ៧១. សង្កាត់ទន្លេបាសាក់. ខណ្ឌចំការមន. រាជធានីភ្នំពេញ
កាលបរិច្ឆេទៈ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៨
ម៉ោងៈ ១៤:០០ ដល់ ១៦:០០
អ្នកចូលរួមៈ តំណាងបណ្តាសហគមន៍មកពីទូទាំងខេត្ត-ក្រុងព្រះរាជាណាចក្រកម្ពុជា (ជាង១០០នាក់)

នៅ​ខែមិថុនា ឆ្នាំ២០០៨ បណ្តាសហគមន៍នានា​មក​ពី​៥​ខេត្ត-ក្រុង ដែល​បាន​ដាក់​បណ្តឹង​ជា​សាធារណៈ​អំពី​សម្បទាន​ដី និង​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​យក​ដីធ្លី​បាន​ទទួល​រងនូវ​ការ​យាយី​រំខាន​​ពីសំណាក់​អាជ្ញាធរ​​ដូចជា ការ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ និង​លទ្ធភាព​នៃ​ការ​ជួប​ជុំ​គ្នា. និង​ការ​គំរាម​ទប់​ស្កាត់​ពី​សំណាក់​នគរបាល​មិន​ឲ្យ​សហគមន៍​ដាក់​ពាក្យ​បណ្តឹង​ទៅ​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។ ទន្ទឹម​នឹង​នេះ ក៏​មាន​របាយការណ៍​ដែល​រាយការណ៍​មក​ថា មាន​ការ​បំពាន​លើ​រាង​កាយ ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ ដល់​តំណាង​សហគមន៍​ដែល​រៀប​ចំ​ពាក្យ​បណ្តឹង​ថែម​ទៀត​ផង ។ នៅ​ក្នុង​ខែនេះ ការ​ព្យា​យាម​បើក​វេទិ​កាសា​ធារណៈមួយ​ដើម្បី​ពិ​ភាក្សា​អំពី​ការ​រៀប​ចំ ពាក្យ​បណ្តឹង​ក៏​ត្រូវ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​បាន​​ដែរ ។

នៅពេលនោះ បណ្តឹងសំខាន់ៗមកពីប្រាំខេត្ត ត្រូវបានដាក់ជូនរដ្ឋាភិបាល ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ និងនេសាទ បានបញ្ជាក់ថា ក្រសួងបានសន្យាថានឹងចុះស៊ើបអង្កេត ចាត់ការលើបញ្ហានោះ ។ ប៉ុន្តែតាំងពីពេលនោះមកសហគមន៍មិនទទួលបាននូវដំណោះស្រាយលើពាក្យបណ្តឹងរបស់ពួកគាត់ទេ តាមការពិតសហគមន៍ឃើញយ៉ាងជាក់ស្តែងថា ចំនួននៃសម្បទានដី ឬការរំលោភយកដីធ្លីកាន់តែកើនឡើង ។

តាម​សញ្ញា​នៃសាមគ្គីភាព​ក្នុង​ចំណោម​សហគមន៍​ទាំង​អស់​ដែល​ប្រឈម​នឹង ការបណ្តេញ​ចេញ. ការ​បាត់​បង់​ដីធ្លី និង​ការ​យាយី​រំ​ខាន​នៅ​តែ​មាន​បន្ត តំណាង​សហគមន៍​មក​ពី១១​ខេត្ត-ក្រុង​នឹង​នាំ​គ្នា​បង្ហាញ​បញ្ហា​ដែល​ពួក​គាត់​មាន នៅ​ពេល​ព្រឹក​ដោយ​ដាក់​បណ្តឹង​របស់​ខ្លួន​ទៅ​រដ្ឋាភិ​បាល ។ តំណាង​មក​ពីៈ រតនៈគីរី មណ្ឌល​គីរី​កំពត ពោធិ៍សាត់ ឧត្តរមានជ័យ ក្រចេះ កោះកុង កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ និងរាជធានីភ្នំពញ ។

ពាក្យ​បណ្ដឹងទាំងនេះភាគច្រើនទាក់​ទង​នឹង​ការ​ផ្តល់​សម្បទាន​ដី ដែល​ជា​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​នានា ឬ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរ​ដី​ឯក​ជន ទៅ​ក្រុម​ហ៊ុន​ឯក​ជន ទៅ​តាម​លក្ខណៈ​ដែល​មិន​បាន​អនុវត្ត​តាម​ច្បាប់​ភូមិបាល ។

របាយការណ៍ថ្មីៗនេះរបស់អង្គការសហប្រជាជាតិ បានអធិប្បាយស្ថានភាពនេះថាៈ
ឬសគល់នៃកង្វល់​ទាំង​នេះ​គឺ ការ​ពង្រឹង និង​ការ​អនុវត្ត​មិន​បាន​ល្អ នូវ​លក្ខ​ខណ្ឌ​​នៃ​​ច្បាប់​​ភូមិបាល និង​​អនុ​ក្រឹត្យ​​ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​គ្រប់​គ្រង​លើ​ការ​ផ្តល់ និង​រៀប​ចំ​សម្បទាន​ដីសេដ្ឋកិច្ច ។ លក្ខខណ្ឌ​តម្រូវ​ជា​មុន​សំខាន់ៗ​ក្នុង​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ដូច​ជា​ការ​ចុះ​បញ្ជី​ដី ជា​ដី​ឯក​ជន​របស់រដ្ឋ និង​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ និង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​សង្គម មិន​ត្រូវ​បាន​បំពេញ​ទេ ។ ដូចគ្នា​នេះ​ដែរ កម្រិត​អំពី​ទំហំ និង​អំពី​កម្ម​សិទ្ធិ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ក៏​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​ដែរ ។ ផ្ទុយ​ទៅវិញ សម្ប​ទាន​ដី​សេដ្ឋកិច្ច​នោះ​មិន​បាន​ជំរុញ​ការ​អភិវឌ្ឍន៍​ជន​បទ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ទេ ប៉ុន្តែ​បែរ​ជា ការ​ធ្វើ​ឲ្យ​សិទ្ធិ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា កាន់​តែ​ចុះ​ខ្សោយ​ទៅ​វិញ ។
ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា. សម្បទាន​ដី សេដ្ឋកិច្ច​នៅ​កម្ពុជា. ទស្សនៈ​អំពី​សិទ្ធិ​មនុស្ស

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក សេង សុខហេង. ទូរស័ព្ទលេខៈ ០៩២ ៣២៤ ៦៦៨
 លោក ហោ សំអាត. ទូរស័ព្ទលេខៈ ០១២ ៦៨៦ ០៧៤
 កញ្ញា ភឿង គីមហួយ. ទូរស័ព្ទលេខៈ ០៩២ ២៦៦ ៤៥៤

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា