សេចក្តីថ្លែងការណ៍

ក្រមព្រមទណ្ឌថ្មីរាំង​ស្ទះ​បញ្ហា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ

ចេញផ្សាយ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១០
F T M

ពាក់​កណ្តាល​ឆ្នាំ២០១០ ឧត្តម​ស្នង​ការ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោកស្រី ណាវី ភីឡាយ បាន​ទទួល​នូវ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​រាជ​រដ្ឋាភិ​បាល​កម្ពុជា នៅ​ពេល​ដែល​លោក​ស្រី​ធ្វើ​រិះ​គន់​លើ​ប្រព័ន្ធ​តុលាការ​ចំពោះ​រឿង​ក្តី​របស់​លោក​ស្រី មួរ សុខហួ តំណាង​រាស្រ្ត​មក​ពី​គណបក្ស សម រង្សី។

អំពើ​រិះ​គន់​ខាង​លើ​នេះ​លោក​ស្រី ណាវី ភីឡាយ អាច​នឹង​ត្រូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ប្រសិន​បើ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ចូល​ជាធរ​មាន​នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១០នេះ។

មាត្រា​៥២៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ដាក់​ឲ្យ​អនុវត្ត​នៅ​ថ្ងៃ​ស្អែក បាន​ចែង​ថា អំពើ​រិះ​គន់​លិខិត ឬ​សេច​ក្តី​សម្រេច​របស់​តុលា​ការ ក្នុង​គោល​ដៅ​បង្ក​ឲ្យ​មាន គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១(មួយ) ខែ ទៅ ៦(ប្រាំមួយ)ខែ និង​ពិន័យ​ជា​ប្រាក់ពី​១០០,០០០(មួយ​សែន) រៀល ​ទៅ ១,០០០,០០០ ( មួយលាន ) រៀល។

នេះ​ គឺ​ជា​មាត្រា​មួយ​ក្នុង​ចំណោម​មាត្រា​ផ្សេង​ទៀត ដែល​អង្គការ​លីកាដូ​បាន​សង្កត់​ធ្ងន់​ក្នុង​ការ​សិក្សា វិភាគ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ ហើយ​ដែល​អាច​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

ការវិភាគនេះនឹងបង្ហាញនៅចំនុចកត់សម្គាល់មួយចំនួនដែលមាននៅក្នុងក្រមព្រហ្មទណ្ឌថ្មី​ដែល​នឹង​ត្រូវ​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

អង្គការលីកាដូ សូមបង្ហាញជូនបទល្មើសព្រហ្មទណ្ឌចំនួន៩មាត្រា ដែលបានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌថ្មី ដែលអាចបង្កឲ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិនៃការបញ្ចេញមតិនៅកម្ពុជានាពេលអនាគត។ ក្រមព្រហ្មទណ្ឌថ្មីនេះ ត្រូវបានអនុម័តតាំងពីឆ្នាំ២០០៩ ហើយនឹងចូលជាធរមាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០ ខាងមុខនេះ។

នាយិកាអង្គការលីកាដូ កញ្ញា ណាលី ពីឡូក បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១០ កន្លងមកនេះ ប្រទេសកម្ពុជាបានបោះជំហានថយក្រោយរួចទៅហើយ នូវសេរីភាពក្នុងការបញ្ចេញមតិ។បន្ថែមជាងនេះទៅទៀត ជាអកុសល ក្រមព្រហ្មទណ្ឌថ្មី អាចនឹងអោយយើងឃើញនូវការស្រុតចុះនៃសេរីភាពបញ្ចេញមតិទ្វេដងទៀតនៅឆ្នាំ២០១១។

មានការវិភាគប្រៀបធៀបទៅលើអត្តបទច្បាប់ពីរ ដូចដែលបានភា្ជប់ក្នុងសេចក្តីថ្លែងការណ៍នេះ។ អត្ថបទច្បាប់ទីមួយ គឺបញ្ញាតិស្ថិតក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលឆ្នាំ១៩៩២ ដែលជារឿយៗ បានគាបសង្កត់លើសេរីភាពក្នុងការបញ្ចេញមតិ។ បញ្ញាតិច្បាប់ទីពីរវិភាគលើក្រមព្រហ្មទណ្ឌថ្មីដែលអាចត្រូវបានគេប្រើដើម្បីគាបសង្កត់លើសេរីភាពក្នុង​ការ​បញ្ចេញ​មតិ​នា​ពេល​អនាគត។

មាត្រាដូចដែលបានរៀបរាប់ខាងក្រោម ក្នុងក្រមព្រហ្មទណ្ឌថ្មី ភាគច្រើន គឺតំរូវអោយដាក់ពន្ធនាគារ
- បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ (មាត្រា ៤៩៥) អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម...។ ឃ្លាដែលមានលក្ខណៈស្រពិចស្រពិលនេះ ធ្វើឲ្យមាត្រា៤៩៥ មានភាពស្រដៀងនឹងបទល្មើសផ្សាយព័ត៌មានមិនពិត ដែលបានចែងអំពី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម (ច្បាប់ព្រហ្មទណ្ឌអន្តរកាល មាត្រា៦២) ។
- បទប្រមាថ (មាត្រា៥០២) ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬ វត្ថុ ដែលប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ធាតុផ្សំទាំងនេះ មានលក្ខណៈស្រពិចស្រពិល ហើយមានភាពងាយរងគ្រោះខ្លាំង។ មាត្រានេះបង្ហាញឲ្យបង្ហាញនូវទង្វើទាំងឡាយដែលប៉ះពាល់ដល់អារម្មណ៍នៃមន្ត្រីសាធារណៈ។
- បទផ្សព្វផ្សាយនូវកាអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ (មាត្រា៥២២) មាត្រានេះបង្កជាឧបសគ្គលើការតស៊ូមតិជាសាធារណៈ របស់អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នដទៃ ដែលបានធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៍។ ចូរមើលមាត្រា ៥២៣ ផងដែរ ដែលហាមប្រាមមិនឲ្យមានការរិះគន់លិខិត ឬ សេចក្តីសម្រេចរបស់តុលាការ ក្រោយព្រឹត្តិការណ៍។ មាត្រាទាំងនេះនឹងចាត់ទុកថាខុសច្បាប់នូវរាល់សកម្មភាពយុទ្ធនាការតស៊ូមតិ។ឧទាហរណ៍ដូចជាយុទ្ធនាការមួយ ដែលនាំឲ្យមានការដោះលែងលោក ប៊ន សំណាង នឹង លោក សុខ សំអឿន ដែលអ្នកទាំងពីរមិនមែនជាឃាតករពិត នៅក្នុងអំពើឃាតកម្មលើមេដឹកនាំសហជីពលោក ជា វិជ្ជា ឡើយ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូបានមានប្រសាសន៍ថា មាត្រាទាំងអស់នេះ គឺជាដកហូតសេរីភាពបញ្ចេញមតិយ៉ាងជាក់ច្បាស់ ដូច មាត្រា ៥២២ និងមាត្រា ៥២៣ ជាឧទាហរណ៍ វាអាចធ្វើឲ្យមានការចោទប្រកាន់ទៅលើជនណា ដែលហ៊ានធ្វើការរិះគន់អំពីប្រព័ន្ធយុត្តិធម៌។

ក្រមព្រហ្មទណ្ឌថ្មីនេះក៍បានកំណត់នូវការផ្តន្ទាទោសបន្ថែមទៀតនូវការពិន័យជាប្រាក់លើ​ទោស​ដាក់​ពន្ធនា​គារ​ដែល​មាន​ស្រាប់​ដែល​នេះ​ជា​ឧបករណ៍​មួយ​ក្នុងការគំរាមកំហែងចំពោះសេរីភាពក្នុងការបញ្ចេញមតិ៖

- ស្ទើរតែគ្រប់បទល្មើសទាំងអស់នៃក្រមព្រហ្មទណ្ឌថ្មីនេះ ការពិន័យជាប្រាក់ក៍មានផងដែរ។ ហើយចំពោះជនណាដែលខកខានឬគ្មានសមត្ថភាពបង់ការពិន័យជាប្រាក់នេះ ជននោះនឹងត្រូវប្រឈមដាក់ពន្ធនាគាររហូតដល់២ឆ្នាំ។ ដូចនេះបើបុគ្គលណាមួយ ត្រូវបានរកឃើញថាមានទោសលើបទបរិហារកេរ្តិ៍ ដែលជាបទល្មើសមួយគ្រាន់តែពិន័យជាប្រាក់ប៉ុណ្ណោះមិនតំរូវអោយមានជាប់ពន្ធនាគារឡើយ។ ក៍ប៉ុន្តែជននោះនឹងត្រូវប្រឈមជាប់ពន្ធនាគារដដែល ប្រសិនបើគាត់សមត្ថភាពបង់ប្រាក់ពិន័យនោះ។
- ស្ទើរតែគ្រប់មាត្រា ដែលកំណត់នៃបទល្មើសទាំងអស់ក្នុងក្រមព្រហ្មទណ្ឌថ្មី ត្រូវបានកំណត់នូវការផ្តន្ទាទោសបន្ថែមផ្សេងៗទៀត ដែលវាជាហេតុផ្តល់ឪកាសអោយមានការរំលោភធ្ងន់ធ្ងរផ្សេងទៀត ដូចជា៖
- ការបណ្តេញចោលពីការងារ ដែលអាចត្រូវបានគេប្រើជម្រុះចោល គ្រូបង្រៀន មេធារី អ្នកសារព័ត៌មានជាដើមដែលជាអ្នកហ៊ានបញ្ចេញយោបល់ពាក់ព័ន្ធនឹង នយោបាយខ្វែងគំនិតគ្នា នៅក្នុងមុខការរបស់ពួកគេ។
- ការដកសិទ្ធិពលរដ្ឋ ដែលមិនបានកំណត់ជាក់លាក់ក្នុងនោះមានរួមបញ្ចូលទាំងអស់នូវសិទ្ធិបោះឆ្នោះ សិទ្ធិក្នុងការថ្លែងសុន្ទរកថា ជាសាធារណៈការដើរហើរជាដើម។
- រិបអូសយកទ្រព្យសម្បត្តិ ទៅលើបទល្មើសជាក់លាក់ណាមួយ ជាពិសេសបទល្មើសដែលពាក់ព័ន្ធនឹងការថ្លែងសុន្ទរកថា ការយល់ឃើញ អាចត្រូវបានប្រើបា្រស់ ដើម្បីធ្វើការរឹបអូសយកកុំព្យូរទ័រ ម៉ាស៊ីនបោះពុម្ភផ្សាយព័ត៌មាន និងសម្ភារៈផ្សេងទៀត។ ដែលសម្ភារៈទាំងអស់នេះ វាជាតំរូវការជាប្រចាំក្នុងប្រតិបត្តិការងាររបស់អង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នផ្សេងទៀត។

ការវិភាគរបស់អង្គការលីកាដូ អំពីក្រមព្រហ្មទណ្ឌថ្មីនេះ នឹងត្រូវបានរួមបញ្ចូលទាំងរបាយការណ៍របស់អង្គការលីកាដូដែលត្រូវចេញផ្សាយនាពេលខាងមុខនេះផង គឺសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា និងការបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រូវចេញផ្សាយនៅខែធ្នូនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 កញ្ញា ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ ទូរស័ព្ទលេខ: ០១២ ៨០៣ ៦៥០
 លោក ហម ស៊ុនរិទ្ធិ នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ ទូរស័ព្ទលេខ : ០១២ ៩៨៨ ៩៥៩

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា