សេចក្តីថ្លែងការណ៍

អង្គការលីកាដូ​ថ្កោល​ទោស​អំពើ​ហិង្សា​ក្នុង​ខេត្ត​កំពង់ស្ពឺ

ចេញផ្សាយ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១១
F T M

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១: អង្គការ លីកាដូ សូម​ថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា ចំពោះ​ការ​ប្រឈម​មុខដាក់​គ្នា ដោយ​ហិង្សា កាល​ពីថ្ងៃ​ម្សិល​មិញ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ដែល​នៅទី​នោះ​កម្លាំង​នគរ​បាល​ប្រដាប់​អាវុធ​រាប់​រយនាក់ និង​អ្នក​ភូមិ​បាន​ប៉ះ​ទង្គិច​គ្នា​ទាក់​ទង​នឹង​ទំនាស់​ដី​ធ្លី​មួយ​កន្លែង។ យ៉ាង​តិច​ណាស់​មាន​មនុស្ស​១០​នាក់ មក​ពី​ភាគី​ទាំង​សងខាង​បាន​រងរបួស ដែល​ក្នុង​នោះ​មាន៧នាក់ រង​របួស​ធ្ងន់។

ជាការគួរឲ្យសោកស្តាយណាស់ ឧបទ្ទវហេតុនេះ អាចជាសញ្ញា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​សាមញ្ញា​កាន់​តែ​ច្រើន​ឡើងៗ ត្រូវ​បាន​ផាត់​ចោល ដោយ​ផែន​ការ​អភិវឌ្ឍន៍ ដែល​គ្រោង​ឡើង​សម្រាប់​ធ្វើ​អោយ​ពួក​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​កាន់​តែ​មាន​ទ្រព្យ​ធន​ច្រើន​ឡើងៗ។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា “ជាថ្មីម្តងទៀត យើងមើលឃើញថា កងកម្លាំងប្រដាប់អាវុធត្រូវបានគេកេណ្ឌអោយមកការពារផលប្រយោជន៍ឯកជន ជាជាងផលប្រយោជន៍សាធារណៈ។” “កិច្ចព្រមព្រៀងជំនួញដ៍បន្តិចបន្តួចរបស់អ្នកមានម្នាក់ មានតម្លៃខ្លាំងជាងផ្ទះ ជីវភាពរស់នៅ និងជីវិតរបស់អ្នកភូមិក្រីក្ររាប់រយនាក់។ នេះគឺជារឿងពិតនៃប្រទេសកម្ពុជាបច្ចុប្បន្ន។”

ការប៉ះទង្គិចគ្នា គឺជាលទ្ធផលនៃទំនាស់រយៈពេលយូរអង្វែងមួយលើដីមួយកន្លែងទំហំ៦៥ហិចតា។ មានអ្នកភូមិចំនួន ៨៨គ្រួសារ បានអះអាងថា ពួកគេបានរស់នៅលើដីនោះ តាំងពីដើមទសវត្សឆ្នាំ១៩៨០ មក។ ទំនាស់បានចាប់ផ្តើមឡើងបន្ទាប់ពីមន្ត្រីយោធាបានលក់ដីទៅអោយក្រុមហ៊ុន ម៉េង កែត ដែលមានម្ចាស់ជាជនជាតិតៃវ៉ាន់ ដែលឥឡូវនេះអះអាងថា ខ្លួនជាម្ចាស់ដី។ ទំនាស់ដីធ្លី ត្រូវបានធ្វើតាមការបត់បែន តាមរយៈប្រព័ន្ធតុលាការ តាំងពីឆ្នាំ២០០៤មក រហូតដល់ពេលដែលតុលាការកំពូលបានសម្រេចជាចុងក្រោយ នៅក្នុងខែធ្នូ ឆ្នាំ២០០៩ ប្រឆាំងនឹងអ្នកភូមិ។ ការប៉ះទង្គិចគ្នាកាលពីថ្ងៃម្សិលមិញកើតឡើងបន្ទាប់ពីព្រះរាជអាជ្ញាលោក ឃុត សុភាង បានដឹកនាំកងកម្លាំងនគរបាល និង កងរាជអាវុធហត្ថប្រដាប់អាវុធរាប់រយនាក់ ក្នុងគោលបំណងអនុវត្តសាលដីការបស់តុលាការកំពូល។

អ្នកភូមិបានចាប់ផ្តើមបិទផ្លូវជាតិលេខ៥១ នាព្រឹកព្រលឹម ក្នុងក្តីរង់ចាំថា មុខជានឹងបានជួបជាមួយអាជ្ញាធរ។ ផ្លូវនេះឆ្លងកាត់ជិតភូមិរបស់អ្នកស្រុក។ ការធ្វើដំណើរទៅមុខរបស់កងកម្លាំងនគរបាល បានបញ្ជៀសពីការប្រើផ្លូវត្រង់ទៅកាន់ភូមិអ្នកស្រុក។ កងកម្លាំងនេះ បានធ្វើដំណើរទៅមុខដោយយឺតៗតាមផ្លុវខាងក្រោយ ហើយឆ្លងកាត់តាមវាលស្រែនិងព្រៃគុម្ពោត។

នគរបាល បានចាប់ផ្តើមមកដល់ភូមិ នៅវេលាម៉ោងប្រហែលជា១១ ព្រឹក ហើយ នៅម៉ោង១ រសៀល កងកម្លាំងទាំងអស់បានប្រមូលផ្តុំគ្នានៅខាងចុងភូមិ។ អ្នកភូមិនាពេលនោះ បានប្រមូលផ្តុំគ្នាចម្ងាយ ៣០០ម៉ែត្រ ពីកងកម្លាំងនគរបាល។ មានការប្រឈមមុខដាក់គ្នារយៈពេលខ្លីមួយបានកើតឡើង។ ក្នុងអំឡុងពេលនោះមានលឺនូវសំលេងផ្ទុះអាវុធពីរលើក។ ការប្រយុទ្ធគ្នាដោយដៃ ដែលពេលនោះកើតចេញជាការប្រយុទ្ធគ្នាកាត់ពេញវាលស្រែជាច្រើនហិចតា។ ទីបំផុត នគរបាលបានភៀសខ្លួនចេញ បន្ទាប់ពីបានជួបប្រទះនឹងការតស៊ូដ៍ស្វិតស្វាញពីអ្នកភូមិ។ មុនការចាកចេញរបស់ពួកកងកំលាំងនគរបាលមានលឺសំលេងបាញ់ចំនួន ៥២គ្រាប់។ ចំនួនមនុស្សដែលមានគ្រោះថ្នាក់រួមមាន អ្នកភូមិ៧នាក់រងរបួស ក្នុងនោះ ៥នាក់ ត្រូវចូលសំរាកព្យាបាលនៅមន្ទីរពេទ្យ។ ចំនែកនគរបាលវិញមានចំនួន៣នាក់រងរបួស ដែលក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ត្រូវចូលសំរាកព្យាបាលនៅមន្ទីរពេទ្យដែរ។

អង្គការ លីកាដូ សូមថ្កោលទោស ចំពោះអំពើហិង្សាដែលកើតចេញពីភាគីទំនាស់ទាំងសងខាង និងមានការសោកស្តាយយ៉ាងខ្លាំង ដែលមានបញ្ហាបានកើតឡើងរបៀបនេះ។ អំពើហិង្សា គឺជាការគួរឲ្យសោកស្តាយខ្លាំងណាស់ ដោយសារតែយើងអាចដឹង និងឃើញទុកជាមុនរួចទៅហើយ។ ហើយនៅក្នុងស្ថានភាពនេះ អាជ្ញាធរ ជាពិសេស ព្រះរាជអាជ្ញាទទួលបន្ទុកក្នុងការអនុវត្តន៍សេចក្តីបង្គាប់អោយបណ្តេញចេញ មានកាតព្វកិច្ចខាងផ្លូវច្បាប់ និងផ្លូវសីលធម៌ ដើម្បីជៀសវាងឲ្យបានពីការកើតមានអំពើហិង្សារបៀបនេះ។

ព័ត៌មានអំពីការខិតជិតមកដល់នូវការចាត់វិធានការរបស់នគរបាល បានលឺសុះសាយនៅទូទាំងសហគមន៍នៅថ្ងៃទី៨ ខែមិថុនា ហើយវាក៍មានសេចក្តីរាយការណ៍ជាសាធារណៈថា អ្នកភូមិ ៤០០នាក់បានប្រុងប្រៀបខ្លួនដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ដោយមានកាន់ដុំថ្ម កាំបិត កាំបិតផ្គាក់ និងដំបងផង។ មានសញ្ញាយ៉ាងច្បាស់ ថាការប៉ះទង្គិចគ្នានឹងអាចបង្កទៅជាហិង្សា ប៉ុន្តែព្រះរាជអាជ្ញានៅតែជ្រើសរើសយកការ អនុវត្តន៍សាលដីកានេះ តាមរយៈការបង្ហាញអោយឃើញនូវកម្លាំងនគរបាលប្រដាប់អាវុធឧស្ម័នបង្ហូរទឹកភ្នែក រថយន្តដឹកសម្ភារៈ និងគ្រឿងចក្រសម្រាប់ឈូសឆាយ។

សញ្ញានៃការមកដល់នូវអំពើហិង្សា ក៍ត្រូវបាន មើលឃើញយ៉ាងជាក់ច្បាស់ផងដែរ នៅពេលដែល អាជ្ញាធរបានមកដល់ក្នុងភូមិ។ អ្នកភូមិដែលមានប្រដាប់ ឧបករណ៍ប្រយុទ្ធហើយបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ។ ព្រះរាជអាជ្ញាមានឪកាសមួយទៀតដើម្បីត្រលប់មកក្រោយវិញ។ អង្គការ លីកាដូ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសំណូមពរយ៉ាងទទួចឲ្យព្រះរាជអាជ្ញាបញ្ឍប់ការប្រតិបត្តិការនោះទៅ។ ប៉ុន្តែគួរសោកស្តាយណាស់ លោកព្រះរាជអាជ្ញា លោកបានបដិសេដការសំណូមពរនោះ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ បានមានប្រសាសន៍ថា “អាជ្ញាធរមានឪកាសជាច្រើនក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ដើម្បីជៀសវាងបានពីបញ្ហាបែបនេះ”។ “អាជ្ញាធរ លោកអាចជៀសវាងបាននូវការលក់ដូរដីធ្លី ដែលគួរឲ្យសង្ស័យរបស់អ្នកភូមិ។ អាជ្ញាធរគួរតែបដិសេដចោលនូវការលក់ដូរដីនោះ ទាំងនៅសាលាឧទ្ធរណ៍និងទាំងតុលាការកំពូល។ អាជ្ញាធរអាចផ្តល់នូវសំណងសមស្រប និងយុត្តិធម៌។ ហើយអាជ្ញាធរអាចបបន្តនូវការចរចារ ជាជាងនឹងការបញ្ជូនកងកម្លាំងប្រដាប់អាវុធ។ ប្រសិនបើអាជ្ញាធរ លោកបានធ្វើត្រឹមតែមធ្យោបាយមួយ ក្នុងចំនោមមធ្យោបាយទាំងអស់នេះ នោះអំពើហិង្សាកាលពីម្សិលមិញនេះអាចនឹងជៀសវាងបាន។”

សេចក្តីអស់សង្ឃឹមរបស់អ្នកភូមិ ក៍បានបង្ហាញអោយឃើញផងដែរ អំពីបញ្ហាដ៍ជ្រៅនៅក្នុងប្រទេសកម្ពុជា។ ការខ្វះខាតទាំងស្រុងនូវដំណោះស្រាយតាមផ្លូវច្បាប់សម្រាប់អ្នកទាំងឡាយណា ដែលមិនស្ថិតក្នុងឋានៈនៃសិទ្ធិអំណាច។ តាមការពិត អ្នកភូមិបានព្យាយាមប្រើប្រាស់មធ្យោបាយខាងផ្លូវច្បាប់គ្រប់សព្វ រួមទាំងតុលាការផង ដើម្បីដោះស្រាយទំនាស់ដីធ្លី និងការពារសិទ្ធិរបស់ពួកគេ។ ក៍ប៉ុន្តែអ្នកភូមិទាំងអស់នោះ បានត្រឹមតែត្រូវគេផាត់ចេញ។

កញ្ញា ពីឡូក បានមានប្រសាសន៍បន្តទៀតថា “អ្នកភូមិទាំងអស់នោះ ត្រូវបានទទួលការរំលោភបំពានដោយប្រព័ន្ធនេះ នៅគ្រប់ជំហាន និងមធ្យោបាយ។ ហើយត្រូវបានទទួលការរំលោភបំពានព្រោះតែផលប្រយោជន៍ឯកជន ដោយកងកម្លាំងប្រដាប់អាវុធព្រះរាជអាជ្ញា និងតុលាការ”។ “នេះគឺជាសេចក្តីអស់សង្ឃឹមចុងក្រោយបំផុតរបស់អ្នកភូមិទាំងអស់នោះ។ អ្នកភូមិទាំងអស់នោះ គ្មានអ្វីសេសសល់ទៀតទេ ដែលត្រូវបាត់បង់។តើអ្នកគិតថា អ្នកភូមិទាំងអស់នោះ ត្រូវធ្វើអ្វីតទៅទៀត?”។

ប្រទេសកម្ពុជា បានមើលឃើញនូវការកើនឡើង អំពីហិង្សាពាក់ព័ន្ធនឹងទំនាស់ដីធ្លីនាប៉ុន្នានឆ្នាំថ្មីៗនេះ។ ស្ថានភាពតែងតែដូចគ្នាៗ ប្រជាពលរដ្ឋណាដែលត្រូវបានគេដកហូតសិទ្ធិ បានបាត់បង់អ្វីៗទាំងអស់ និងមិនមានដំណោះស្រាយខាងផ្លូវច្បាប់ ដូច្នេះប្រជាពលរដ្ឋទាំងអស់នោះរកការដោះស្រាយបញ្ហាដោយមធ្យោបាយបែបតឹងតែងបំផុត។ អង្គការ លីកាដូ មានកង្វល់ថា ស្ថានភាពនឹងបន្តយ៉ាប់យឺនទៅៗ លុះត្រាណាតែអាជ្ញាធរធ្វើអ្វីមួយដើម្បីដោះស្រាយដល់ឬសគល់ដែលបង្កនូវបញ្ហានេះ។ នេះមានន័យថា បញ្ឍប់ការបណ្តេញចេញដែលមិនស្របច្បាប់ ស្តាប់សំលេងប្រជាពលរដ្ឋសាមញ្ញា និងអនុវត្តការអភិវឌ្ឍន៍ដើម្បីទាំងអស់គ្នា មិនចំពោះតែមនុស្សមួយក្រុមតូចប៉ុណ្ណោះទេ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍បន្ថែមទៀតថា “យើងបានឆ្លងកាត់អំពើហិង្សាច្រើនណាស់មកហើយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា”។ “ឥឡូវនេះដល់ពេលហើយ ដែលរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ និងសង្គមស៊ីវិលត្រូវធ្វើការជាមួយគ្នាដោយមិនត្រូវប្រើអំពើហិង្សាទៀតទេ។ គោលដៅរបស់រដ្ឋាភិបាល ត្រូវតែធ្វើការអភិវឌ្ឍន៍ឲ្យមានការចុះសម្រុងគ្នាបានល្អសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ មិនមែនសម្រាប់តែក្រុមតូចនោះទេ។”

អង្គការ លីកាដូ សូមសំណូមពរយ៉ាងទទួចដល់អាជ្ញាធរ សូមមេត្តាអោយមានការទប់ចិត្តពីការប៉ុនប៉ងដោះស្រាយទំនាស់ដីធ្លីនេះ តាមរយៈការប្រើអំពើហិង្សាបន្តទៅទៀត។ ផ្ទុយទៅវិញ អង្គការ លីកាដូ សូមលើកទឹកចិត្ត ហើយសូមគាំទ្រដល់ការចរចារទាំងឡាយណា ដែលប្រកបដោយសន្តិវិធីជាមួយនឹងប្រជាពលរដ្ឋទាំង៨៨គ្រួសារនេះ។

អង្គការ លីការដូ សូមអំពាវនាវអោយមានការស៊ើបអង្កេតពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើការអនុវត្តន៍សេចក្តីបង្គាប់របស់តុលាការដែលបានប្រព្រឹត្តិទៅ ទោះបីជាមើលឃើញ និងបានដឹងទុកជាមុនថាអំពើហិង្សានឹងកើតមានឡើងក៍ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 LICADHO President PUNG Chhiv Kek, 012 802 506
 LICADHO Technical Supervisor Am Sam Ath, 012 327 770

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា