សេចក្តីថ្លែងការណ៍

អនុក្រិត្យ​ថ្មី​ស្តី​ពីការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​តាម​រយៈទី​ភ្នាក់​ងារ​ជ្រើស​រើស​ឯកជន

ចេញផ្សាយ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០១១
F T M

យោងតាមការវិភាគរបស់អង្គការលីកាដូ អនុក្រិត្យថ្មីស្តីពីការគ្រប់គ្រងលើ​ការ​បញ្ជូន​​ពល​ករខ្មែរ​​ទៅធ្វើការ​នៅ​បរទេស​ដែល​ទើប​​តែ​​បាន​​អនុម័ត​នា​ពេល​ថ្មីនេះៗរបស់​ប្រទេស​កម្ពុជា គឺ​ជា​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ពលករ​ខ្មែរ ហើយ​គួរ​លុប​ចោល​អនុក្រិត្យនេះ។

អនុក្រិត្យស្តីពីការ “គ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅបរទេស តាម​រយៈ​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ឯក​ជន” អនុ​ក្រិត្យ លេខ ១៩០ បាន​បង្កើត​ឡើងដោយរាជ​រដ្ឋាភិបាលដើម្បី​ជំរុញឲ្យភ្នាក់ងារ​ជ្រើស​រើស​ពលករ​កាន់​តែ​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស។ ទី​ភ្នាក់​ងារ​ជាង ៣០ កន្លែង​បាន​ចុះ​បញ្ជីជា​ផ្លូវការ​ជា​មួយ​ក្រសួង​ការងារ ដែល​ស្រ្តីខ្មែរភាគច្រើនធ្វើជាស្ត្រីជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី។

ទាំងស្រ្តី និងក្មេងស្រីខ្មែរមិនទាន់គ្រប់​អាយុ ប្រមាណ ៥០,០០០ (ប្រាំម៉ឺន) នាក់ បាន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​​នៅប្រទេស​ម៉ាឡេ​ស៊ី ចាប់​តាំង​ពី​ឆ្នាំ២០០៨។

អង្គការលីកាដូបានចងក្រងករណីរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងវិស័យ​ខាង​លើនេះ អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មក​នេះ រួម​មាវិធីផ្តល់ប្រាក់​កម្ចី​ជាប់បំ​ណុល ការ​ស្លាប់​ក្នុងមណ្ឌលបណ្តុះ​បណ្ថាល​ការ​ជ្រើស​រើស​ពលករ​មិន​ទាន់​គ្រប់​អាយុ ការ​បង្ខាំងមនុស្សខុសច្បាប់ ការសម្រប​សម្រួល​ផ្តល់​មធ្យោ​បាយ​ក្លែង​ឯក​សារ និង​ការ​មិន​បើក​ប្រាក់​ខែ​ដល់​ពលករ។ ចំណុចទាំងនេះមិនមានចែងនៅក្នុង​អនុ​ក្រិត្យ​ថ្មី​នេះ​ទេ។ចំណែក​ឯ​វិធាន​ការ​ការពារ​ពល​ករ នៅ​មាន​លក្ខណៈ​មិនទាន់​ច្បាស់​លាស់ និង​ក្នុងករណី​មួយ​ចំនួន អនុ​ក្រិត្យ​នេះ​មិន​សូវ​តឹង​រឹង​ដូច​អនុក្រិត្យ​​លេខ ៥៧ ដែល​បាន​សម្រេច​កាល​ពីឆ្នាំ ១៩៩៧។

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ រាជរដ្ឋាភិបាលមិន​បាន​បង្កើត​ឲ្យ​មាន​ការ​ប្រឹក្សា​យោបល់​ប្រកប​ដោយ​អត្ថន័យ​ជា​មួយ​នឹង​សង្គម​ស៊ីវិល ក្នុង​កំឡុង​ដំណើរ​ការ​ពង្រាង​ច្បាប់ និងបដិសេដ​មិន​ព្រម​ចែក​រំលែក​ពង្រាង​ច្បាប់​ជា​មុន​លក្ខណៈ​ប្រព័ន្ធ​ទៀត​ផង។

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេក​ទេស​របស់​អង្គការ​លីកា​ដូមាន​ប្រសាសន៍​ថា អ្នក​ពង្រាង​អនុ​ក្រិត្យ​ថ្មី​នេះ មិន​បាន​អើ​ពើ​លើ​ករ​ណី​រំលោភ​បំពានទាំងនៅក្នុងមណ្ឌលជ្រើស​រើស​ពលករ នៅ​កម្ពុជា​នឹង​នៅ​កន្លែង ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ា​ឡេស៊ី។ ជំ​នួស​មក​វិញ វា​ទំនង​ជា​ថា​ពួក​គេ​ផ្តោត​តែ​បញ្ហា​ជីវិត​រស់​នៅ​ស្រួល​សម្រាប់​ទី​ភ្នាក់​ងារ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ។

អ្នកនាង ណាលី ពីឡួក នាយិកាអង្គការលីកាដូ បានមាន​ប្រសាសន៍​ថា កង្វៈ​ខាត​ខ្លឹម​សារ​ចំពោះ​អនុក្រិត្យ​នេះ​ហាក់​ដូច​ជា​ផ្តល់​វិញ្ញា​បន​បត្រ “ផ្កាយ​មាស” ដល់​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​ឯក​ជន​ដែល​វាជា​ការ​ចំអក​ទៅ​ដល់​ពលករ​ខ្មែរ​ដែល​បាន​រង​គ្រោះ។ ការ​ចែង​នេះ​គ្រាន់​តែ​ជា​ឧបករណ៍​ទំនាក់ទំនង​សាធារ​ណៈមួយ​ដែល​អនុញ្ញាតិ​ឲ្យ​រាជ​រដ្ឋា​ភិបាល​តុបតែងរូបភាពភ្នាក់ងារដែល​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់ លើ​ការ​រំលោភ​បំពាន​សិទ្ធិ​ពលករ​ច្រើន​ឆ្នាំ។

ក្នុងចំនោមករណីធ្ងន់ធ្ងរបំផុត ដែលបានរកឃើញ​អំពី​បញ្ហា​ផ្តល់​ប្រាក់​កម្ចី​ជាប់​បំណុល​និង​ការ​ជ្រើស​រើស​ពលករ​ថ្មីដែល​មាន​សភាព​ជាទាសករដាច់ថ្លៃ មិនបានចែងក្នុង​អនុ​ក្រិត្យ​ថ្មី​នេះ។ ការ​អនុវត្ត​របៀប​សម្រប​សម្រួល​ផ្តល់​មធ្យោ​បាយ​ឯក​សារ​បែប​នេះ ពុំអាចត្រួតត្រាបាន​ឡើយ​ក្នុង​វិស័យ​ខាង​លើ​នេះ ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​មុន​ក្លាយ​ជា​ឧបករណ៍​ទាក់​ទាញ​ទឹក​ចិត្ត ដើម្បី​អាច​ចាប់​ផ្តើម​ធ្វើ​ការងារ។ ពលករ​ច្រើន​លើស​លុប​មក​ពី​គ្រួសារ​ក្រី​ក្រ​តាម​ជន​បទ ត្រូវបានយកទៅដាក់នៅក្នុង​មណ្ឌល​ក្រុម​ហ៊ុន ដើម្បី​ទទួល​ការ​បណ្តុះ​បណ្ថាល​មុនចេញ​ដំ​ណើរ ដែល​ពួក​គេ​ទទួល​រង​នូវ​ការ​ជំពាក់​បំណុលបន្ថែមទៀត លើ​ការ​ហូប​ចុក ការ​ស្នាក់​នៅ ឯក​សារ​សម្រាប់​ធ្វើ​ដំណើរ និង​ការ​ធ្វើ​ដំណើរ​ជាដើម។ វាមិនមែនជារឿង​ធម្មតា​នោះ​ទេ សម្រាប់​ពល​ករ​ដែល​ត្រូវ​ជាប់​បំណុល រហូត​កើនឡើងជាង១ពាន់ដុល្លា​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។

ជាធម្មតា ពលករមិនបានទទួលការអនុញ្ញាតឲ្យចេញពី​មណ្ឌល​បណ្តុះបណ្តាល ដរាប​ណា​ពួក​គេ​បាន​សង​បំណុល​។ ប៉ុន្តែ​ការ​សង​មិន​អាច​ធ្វើទៅបានទេ ពីព្រោះពលករទាំងនោះ​មិនទាន់​រក​លុយ​សង​បាន​នៅ​ឡើយ​។ ករណី​មួយ​ចំនួន ពល​ករ​មិន​បាន​ទទួល​ការ​អនុញ្ញាតិ​ឲ្យ​ទាក់​ទងទៅក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ឡើយ។ ជា​លទ្ធ​ផល ពល​ករ​ខ្លះ​បាន​ធ្វើ​សកម្ម​ភាព​ដែល​អស់​សង្ឃឹម។ ឧទាហរណ៍ កាល​ពី​ខែ​មីនា ពល​ករ​ម្នាក់​ប៉ុន​ប៉ង​រត់​គេច​ពី​ការ​កា​ចាក​ចេញ​ពី មណ្ឌលតាមបង្អួចជាន់ទីបី។ គាត់​បាន​ធ្លាក់ និង​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ។ ពល​ករ​នោះ​បាន​ដាក់​សំណើរ​សុំ​ចេញពីមណ្ឌល ដើម្បីឲ្យគាត់អាចទៅជួបជុំ​កូន​ចៅ​របស់​គាត់​វិញ។ សំ​ណើរ​ទាំង​អស់​ទទួល​ការ​បដិសេធ។

តែប៉ុន្មានថ្ងៃក្រោយមក សិក្ខាកាមម្នាក់ទៀតបានស្លាប់​នៅ​ក្នុង​មណ្ឌល​ដដែល បន្ទាប់​ពី​មាន​ជំងឺ​យូរ​មក​ហើយ​។​ គាត់​បាន​សុំ​ចេញ​ពី​មណ្ឌល​ជា​ច្រើន​ដង ប៉ុន្តែ​បុគ្គលិក​នោះ​បាន​បដិសេធ​ដោយ​ទាម​ទារ​ឲ្យ​គាត់​ត្រូវ​បង់​ប្រាក់​ ១៥០០ ដុល្លា​សហ​រដ្ឋ​អាមេ​រិក​ជា​មុនសិន។

លោក អំ សំអាត បានមានប្រសាសន៍ថា ប្រាក់​កម្ចី​ជាប់​បំណុល​គឺ​ជា​បញ្ហា​ប្រឈម​ដ៍​ធ្ងន់​ធ្ងរ​បំផុត​សម្រាប់​ពល​ករ​ចំណាក​ស្រុក​បម្រើ​ការ​ងារ​តាមផ្ទះនាពេលបច្ចុប្បន្ននេះ។ គួរឲ្យអាម៉ាសណាស់​ដែល​អនុ​ក្រិត្យ​ថ្មី​នេះ មិន​បាន​បង្ហាញ​ពី​បញ្ហា​នេះ។

បញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតនៅក្នុងអនុក្រិត្យថ្មីនេះរួមមាន៖
* បរាជ័យក្នុងការហាមឃាត់នូវទង្វើ ក្រៅច្បាប់របស់ភ្នាក់ងារជ្រើសរើសពលករ​ដែល​គ្មាន​​អាជ្ញា​ប័ណ្ណ ដែល​បាន​​ខ្ចី​អាជ្ញាប័ណ្ណ​ពី​ភ្នាក់​ងារ​ដទៃ​ទៀត ដែលបង្កការលំបាកក្នុងការអន្តរាគមន៍ករណីរំលោភបំពានទៅលើពលករ និង​លំបាកក្នុង​ការ​ស្គាល់​អត្ត​សញ្ញាណ​​ជន​ប្រព្រឹត្ត។
* បរាជ័យមិនបង្គាប់ឲ្យកិច្ចសន្យានោះ ត្រូវបញ្ចូលការបើកប្រាក់ខែក្នុងថ្ងៃ​ឈប់​សម្រាក​សម្រាប់​ពល​ករ (មាត្រា​ ១០ នៃ​ច្បាប់​ចាស់​ដែល​តម្រូវ​ឲ្យ​ឈប់​សម្រាកមួយថ្ងៃកន្លះក្នុងមួយខែ)
* បរាជ័យចំពោះកិច្ចសន្យាមិនមានព័ត៌មានជាក់លាក់ រួម​មាន​ប្រាក់​ខែ ចំណែក​នៃ​ប្រាក់​ខែ​ដែល​ត្រូវ​ផ្ញើរ​ទៅ​គ្រួសារ​ពលករ ខ​ចែង​អំពី​ការ​វិល​ត្រលប់​មក​ស្រុក​កំណើរតវិញរបស់ពលករ មុនកាល​បរិច្ឆេទ​កំណត់ ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​និង​ប្រាក់​បង់​ឲ្យ​ក្រុម​ហ៊ុនធានារ៉ាប់រង (ទាំងអស់នេះតម្រូវឲ្យមាន ក្នុង​មាត្រា ៩ នៃ​ច្បាប់​ចាស់)។
* ពុំមានខចែងណាមួយធានាថា សមាជិកគ្រួសាររបស់ពលករអាច​ទទួល​បាន ព័ត៌មាន​អំពី​កន្លែង​ស្នាក់​នៅ​របស់​ពល​ករ ឬ ធានា​ថាគ្រួសារទទួលព័ត៌មាន បើ​ពលករបាត់​ខ្លួន​នោះ​ឡើយ។
* គុណវិបត្តិធ្ងន់ធ្ងរក្នុងខចែងអំពីការដាក់ទោសទណ្ឌ។ ទោះបីជាមានទោស​ទណ្ឌ​បី​ថ្នាក់​ក៍​ដោយ ក៍​ពុំ​មាន​ការ​ឆ្លើយ​តប​ដោយ​ស័្វយ​ប្រវត្តិលើការផ្តន្ទាទោស។ហេតុដូច្នេះ ដោយ​ផ្អែក​លើ​ទ្រឹ​ស្តី ភ្នាក់​ងារ​អាច​ទទួល​យក​ការ​ព្រមាន​ជា​លាយ​ល័ក្ខអក្សរឥត​កំណត់។ ច្បាប់​នេះ​មិន​បាន​កំណត់​ច្បាស់​អំពី​ការ​ណែ​នាំ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ធ្ងន់​ធ្ងរ​ជាង​នេះ ដូចជាព្យួរអាជ្ញាប័ណ្ណមិន​ឲ្យ​ប្រតិ​បត្តិការ​ណ៍។

យោងតាមគុណវិបត្តិនៃអនុក្រិត្យថ្មីនេះ អង្គការលីកាដូ មានជំនឿថា អនុក្រិត្យ​នេះ​មិន​អាច​ជួយ​ស្រោច​ស្រង់​បាន​ទេ។ រាជ​រដ្ឋាភិបាលគួរតែពិនិត្យ​ឡើង​វិញ ដើម្បីតាក់តែងអំពីទោស​ទណ្ឌ​ដោយ​សុក្រិត​ចំពោះ​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ និង​ផ្តល់​ការ​ការពារ ជាក់ស្តែងដល់ពលករចំណាក​ស្រុក​ពីការរំលោភ​បំពាន​លើ​ឯក​សារ​ស្រប​ច្បាប់។ លើស​ពី​នេះ​ទៀត ដំណើរការព្រាងច្បាប់ថ្មីនេះគួរ​ធ្វើ​ឡើង​ដោយ​តម្លា​ភាព និង​មានការ​ប្រឹក្សា​យោបល់​លើ​ប្រ​កប​ដោយ​ខ្លឹម​សារ​ដោយ​មាន​ការ​ចូល​រួមពីក្រុមអង្គការសង្គម​ស៊ីវិល​ដែល​ពាក់​ព័ន្ធ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូ ០១២ ៨០៣ ៦៥០
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការលីកាដូ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា