សិទ្ធិការងារ
កម្រងរូបភាព | ការអំពាវនាវរកយុត្តិធម៌ចំពោះឃាតកម្មលើលោក ជា វិជ្ជា៖ ២០ឆ្នាំដែលគ្មានការវិវត្តន៍ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
មនុស្សប្រហែលជាង ១០០ នាក់បានជួបជុំគ្នានៅលើសួនច្បារមុខវត្តលង្កាក្នុងរាជធានីភ្នំពេញព្រឹកនេះ ដើម្បីធ្វើការទាមទាររកយុត្តិធម៌ចំពោះឃាតកម្មលើប្រធានសហជីព លោក ជា វិជ្ជា ។ លោក ជា វិជ្ជា ដែលជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ត្រូវបានគេបាញ់សម្លាប់ នៅឯតូបលក់កាសែតមួយខាងក្រៅជាប់របងវត្តលង្កា កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៤ ។
នាថ្ងៃនេះ ដែលជាគម្រប់ខួប២០ឆ្នាំ មានអ្នកចូលរួមមកពី ក្រុមសកម្មជន យុវជន និងតំណាងសង្គមស៊ីវិលជាច្រើនរូបបានជួបជុំគ្នា ដើម្បីអំពាវនាវរកនូវយុត្តិធម៌ចំពោះករណីឃាតកម្មនេះ ។ លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា និងបច្ចុប្បន្នជាអនុប្រធានគណបក្ស កម្លាំងជាតិ រួមទាំងតំណាងរបស់សម្ព័ន្ធសហជីពសេរីកម្មករជាច្រើនរូបទៀត បានអាននូវសេចក្តីថ្លែងការណ៍ស្តីពីករណីឃាតកម្មលើសហជីពនេះ ។ បន្ទាប់មកអ្នកចូលរួមក៏ដាក់ញត្តិជូនទៅខុទ្ធកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បីអំពាវនាវរកយុត្តិធម៌ជូនចំពោះលោក ជា វិជ្ជា ក៏ដូចជាសកម្មជនផ្សេងទៀតដែលត្រូវបានគេសម្លាប់ផងដែរ ។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
នៅព្រឹកនេះ ក្រុមប្រជាពលរដ្ឋ និងសហជីពប្រហែល ៥០ នាក់បានជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទី ២ (ម២) ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ។
ការជួបជុំនេះមានអ្នកចូលរួមមកពី សហព័ន្ធសហជីពកម្ពុជា (CATU) សហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ។ អ្នកចូលរួមភាគច្រើននាំគ្នាកាន់បដា ប៉េងប៉ោង និងឧបករណ៍ឃោសនាស័ព្ទ ។ នៅខណៈនោះដែរ អាជ្ញាធរដែលស្លៀកពាក់ស៊ីវិល ប្រហែលជាង ១០ នាក់ បានឃ្លាំមើល និងថតរូប ថតវីដេអូ នូវសកម្មភាពរបស់អ្នកចូលរួមទាំងនោះផងដែរ ។
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ នៅតែបន្តរីករាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋ នៅកម្ពុជា ខណៈដែលអាជ្ញាធររដ្ឋនៅតែបន្តភាពអសកម្មអស់ជាច្រើនទសវត្សរ៍ ហើយវិស័យសំណង់ និងអចលនទ្រព្យ បានអនុញ្ញាតឱ្យអំពើរំលោភបំពានលើសិទ្ធិមនុស្សនៅតែបន្តមានដោយគ្មានការត្រួតពិនិត្យក្នុងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ។
ថ្ងៃនេះ ជាទិវាកុមារពិភពលោកឆ្នាំ២០២៣ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) សូមស្នើសុំសារជាថ្មីដល់តួអង្គទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការអនុវត្តអវិជ្ជមានទាំងនេះ ។ កម្មករត្រូវរួចផុតពីការផ្តល់កំលាំងពលកម្មដើម្បីតែដោះបំណុល ។ ច្បាប់ទាក់ទងពលកម្មកុមារត្រូវ តែពង្រឹង និងអនុវត្តឱ្យបានត្រឹមត្រូវ ។ ម៉ាកសម្លៀកបំពាក់អន្តរជាតិត្រូវបញ្ឈប់ការដុតកាកសំណល់ របស់ពួកគេនៅតាមសិប្បកម្មឡឥដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពកម្មករ និងកូនៗរបស់ពួកគេ ។
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
សំណល់រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិ រួមចំណែកបង្កហានិភ័យដល់សិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា ។ ដូចមានលំអិតនៅក្នុងរបាយការណ៍ ក្នុងឆ្នាំនេះ អង្គការលីកាដូ បានរកឃើញសំណល់កម្ទេចក្រណាត់ពីរោងចក្រកាត់ដេរនៅសិប្បកម្មផលិតឥដ្ឋដែលកំពុងដំណើរការចំនួនប្រាំកន្លែង និងសិប្បកម្មផលិតឥដ្ឋដែលបានបិទអាជីវកម្មជាអចិន្ត្រៃយ៍ចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានប្រើកម្ទេចក្រណាត់ចេញពីរោងចក្រកាត់ដេរសម្រាប់បញ្ឆេះឡឥដ្ឋ ។ អង្គការលីកាដូ បានរកឃើញនូវសំណល់ដែលមានម៉ាកយីហោលំដាប់អន្តរជាតិចំនួន ១៩ ដែលមានបង្ហាញក្នុងរូបថតដូចខាងក្រោម ។
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
នាថ្ងៃនេះ សាលាឧទ្ធណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសអតីត និងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ។
សកម្មជនសហជីពចំនួន ៩នាក់ ដែលរួមមាន កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែឧសភា ឆ្នាំ២០២៣ ។ ក្នុងនោះ សកម្មជនសហជីពចំនួន ៨ នាក់ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចខាងលើ ។ អ្នកទាំង ៨ នាក់ រួមមាន កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានសាលាដំបូងផ្តន្ទាទោសពន្ធនាគារអតិបរមា ២ ឆ្នាំ អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា ស៊ុន ស្រីពេជ្រ និងអ្នកនាង ទូច សិរីមាស ដែលអ្នកទាំងនោះត្រូវបានសាលាដំបូងផ្តន្ទាទោសពន្ធនាគារចំនួន ១៨ ខែ លោក សុខ ណារិទ្ធ និងអ្នកស្រី រី សុវណ្ណឌី ដែលអ្នកទាំងពីរត្រូវបានសាលាដំបូងផ្តន្ទាទោសចំនួន ១ ឆ្នាំ ប៉ុន្តែព្យួរ ។
សវនាការសាលាឧទ្ធរណ៍បានចាប់ផ្តើមកាលពីព្រឹកមិញនេះ ។ តុលាការបានសម្រេចប្រកាសសាលដីកា នាល្ងាចថ្ងៃដដែល ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទាំងស្រុង ក្រោយពេលចូលក្នុងបន្ទប់ពិចារណាអស់រយៈពេលជាង ៣០ នាទី ។ លោក សុខ គង្គា ដែលជាអតីតសមាជិកសហជីពមួយរូប ហើយត្រូវសាលាដំបូងផ្តន្ទាទោសពន្ធនាគារចំនួន ១ ឆ្នាំ ប៉ុន្តែព្យួរ មិនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនោះទេ ។
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣
នាព្រឹកនេះ ពលរដ្ឋជាង ១០០ នាក់ មកពីបណ្តាសហជីព និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលរួមមានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាអន្តរជាតិនៃគ្រូបង្រៀន ។ ការប្រារព្ធទិវានេះត្រូវបានឃ្លាំមើលដោយអាជ្ញាធរប្រមាណ ២០ ដែលរួមមានទាំងអ្នកស្លៀកពាក់ស៊ីវិល និងអ្នកស្លៀកពាក់ឯកសណ្ឋាន ហើយដែលអាជ្ញាធរទាំងនោះព្យាយាមរារាំងអ្នកចូលរួម ដោយមិនអនុញ្ញាតឱ្យដើរក្បួនចេញពីទីលានប្រជាធិបតេយ្យនោះទេ ។ អ្នកចូលរួមបានសម្រេចចិត្តបន្តឈរនៅក្នុងទីលាន ដោយរង់ចាំអ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា មកទទួលញត្តិរបស់អ្នកទាំងនោះ ។
អ្នកចូលរួមជាច្រើនឈរកាន់បដា ដោយអំពាវនាវឱ្យរាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយនៅក្នុងវិស័យអប់រំនៅក្នុងប្រទេស បើកឱ្យមានសេរីភាពក្នុងការចូលរួម ឬបង្កើតជាសមាគមពីសំណាក់គ្រូបង្រៀន និងតំឡើងប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងទៀតដល់គ្រូបង្រៀន ។ បដាមួយចំនួនផ្សេងទៀត បានលើកឡើងដោយអំពាវនាវសុំឱ្យមានការដោះលែងប្រធាន សហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) កញ្ញា ឈឹម ស៊ីថរ និងសកម្មជននយោបាយ អ្នកនាង សេង ធារី ។
អ្នកចូលរួមមួយចំនួន ដែលរួមមានអ្នកតំណាងមកពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ សហភាពការងារកម្ពុជា (CLC) និងសកម្មជននយោបាយមួយចំនួនផ្សេងទៀត ។ វាគ្មិនចំនួន ៨ នាក់ ដែលថ្លែងសារជាសាធារណៈ រួមមាន លោក រុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា (CCU) និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ឡុង រីម ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក អាត់ ធន់ ជាប្រធានសហភាពការងារកម្ពុជា កញ្ញា ម៉ម សុវឌ្ឍិន ជាសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ អ្នកស្រី អ៊ុក ឆាយ៉ាវី ជាប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) លោក ថន ចាន់ថា ជាប្រធានយុវជនគណបក្សភ្លើងទៀន លោក ហេង ជឿន ជាសមាជិកសហភាពការងារកម្ពុជា និងអ្នកស្រី ព្រំ ចាន់ថា ជាសកម្មជននយោបាយ ។
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
នាថ្ងៃនេះសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាដោយសម្រេចតម្កល់បទចោទប្រកាន់ទៅលើអ្នកទាំងបួននាក់ ក្នុងចំណោមមនុស្សទាំង ដប់នាក់ ដែលត្រូវបានចាប់ខ្លួន នៅមុខរោងចក្រ យាក់ជីង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ មួយថ្ងៃមុនពេលដែលកើតមាននូវអំពើហិង្សានៅលើផ្លូវវេងស្រេង ។ ការធ្វើបាតុកម្ម ត្រូវបានអាជ្ញាធរបង្ក្រាបយ៉ាងហិង្សា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅពេលដែលកងកម្លាំងចម្រុះ បានបើកការបាញ់ប្រហារទៅលើក្រុមកម្មករដែលកំពុងតវ៉ា ។
កម្មករចំនួន ១០នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស កាលពីឆ្នាំ២០១៤ ពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស ដោយយោងតាមមាត្រា ២៨ និង ២១៨ នៃក្រមព្រហ្មទណ្ឌ ។ ក្នុងចំណោមមនុស្សទាំង ១០នាក់ មានតែបួននាក់ប៉ុណ្ណោះ គឺលោក ចាន់ ពុទ្ធិស័ក្ត សកម្មជនដីធ្លីតំបន់បឹងកក់ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក សុគន្ធ សម្បត្តិពិសិដ្ឋ អតីតសមាជិកមជ្ឈមណ្ឌលសម្រាប់សិទិ្ធការងារកម្ពុជា និងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់សាលាដំបូង ។
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣
នាព្រឹកនេះ ប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៣ នៅ២ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ។ កម្មករ-កម្មការិនី សហជីព និងសមាជិកសង្គមស៊ីវិល បានជួបជុំគ្នា នៅវត្តភ្នំ និងនៅខាងមុខរដ្ឋសភា ដើម្បីអំពាវនាវឱ្យមានការគោរពសិទ្ធិការងារ និងបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនសហជីព ។
កម្មករកាត់ដេរ កម្មករសំណង់ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិករ កម្មករផ្នែកសេវាកម្សាន្ត កម្មករតាមផ្ទះ កម្មករផ្នែកវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត បានជួបជុំគ្នា នាព្រឹកនេះ ។ សកម្មជនសហជីព និងកម្មករ បានដង្ហែក្បួន ពីវត្តភ្នំ ទៅកាន់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាកន្លែងដែលពួកគេ បានសម្ដែងមតិ ច្រៀងចម្រៀង និងចែករំលែកមតិយោបល់ផ្សេងៗ នៅក្នុងវេទិកា សាធារណៈមួយ ។ មនុស្សមួយក្រុមទៀត បានដង្ហែក្បួនពីរដ្ឋសភា ទៅកាន់ រូបសំណាកលោក ជា វិជ្ជា ជាកន្លែងដែលពួកគេ ជួបជុំគ្នា និងសម្ដែងមតិ ។
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូល បានបដិសេធបណ្ដឹងសារទុក្ខរបស់ស្ត្រីសហជីពចំនួន ៧រូប ដែលជាតំណាងសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយរួមមានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព ផងដែរ ។ តាមសាលដីការបស់តុលាការកំពូល កញ្ញា ស៊ីថរ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារ នៅក្នុងដំណាក់កាលនៃសវនាការសំណុំរឿងញុះញង់ដែលកំពុងបន្តនេះ ដែលបានចាប់ផ្ដើមនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ស្ត្រីចំនួន៦រូបទៀត រួមមាន អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ស៊ុន ស្រីពេជ្រ និងទូច សិរីមាស នឹងត្រូវបន្តដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ សាលដីការបស់តុលាការកំពូល ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានថា ពុំមានលិខិតផ្ទេរសិទ្ធិឱ្យមេធាវី ត្រូវបានដាក់ជូន នៅក្នុងបណ្ដឹងសារទុក្ខនេះទេ ។
បច្ចុប្បន្ន ស្ត្រីទាំង៧រូប កំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះពីបទញុះញង់ (រួមជាមួយជនជាប់ចោទពីរនាក់ផ្សេងទៀត) ដោយសារតែសកម្មភាពកូដកម្មអហិង្សារបស់ពួកគេ ។ ពួកគេ បានប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២២ ដែលបានបង្គាប់ឱ្យកញ្ញា ឈឹម ស៊ីថរ បន្តស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ។ ចៅក្រមស៊ើបសួរ ក៏បានសម្រេចដាក់ស្ត្រី៦រូបទៀតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ ។
សមាជិកសហជីពណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្ម តាំងពីខែធ្នូ ឆ្នាំ២០២១ ក្រោយពេលមានការបញ្ឈប់ បុគ្គលិកទ្រង់ទ្រាយធំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ដែលរួមមានថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំងស្រុង និងសមាជិកមួយចំនួនធំនៃសហជីពនេះ ។ ស្រ្តីសហជីពទាំង៧រូប ត្រូវបានចាប់ខ្លួនដំបូងពីបទញុះញង់ នៅចុងខែធ្នូ ឆ្នាំ២០២២ និងដើមខែមករា ឆ្នាំ២០២២ ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល២ខែ ។ ពួកគេ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារម្ដងទៀត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកំពុងវិលត្រលប់មកពីចូលរួមសន្និសីទសិទ្ធិការងារមួយនៅប្រទេសអូស្ត្រាលី ។ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្ដងទៀត ដោយសារការចោទប្រកាន់ថា កញ្ញាបានបំពានលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ទោះបីជាទាំងកញ្ញា និងមេធាវីការពារសិទ្ធិឱ្យកញ្ញា មិនធ្លាប់ទទួលបានការជូនដំណឹងអំពីលក្ខខណ្ឌណាមួយក៏ដោយ ។ កញ្ញា ស៊ីថរ កំពុងនៅបន្តឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញ ៕
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានបដិសេធ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបង្គាប់ឱ្យកញ្ញាស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការដដែល នៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) ។ ពុំមានការផ្ដល់ហេតុផលក្នុងការបដិសេធការនៅក្រៅឃុំនេះទេ ។
ដំបូងឡើយ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួន ក្នុងខែមករា ឆ្នាំ២០២២ និងបានចំណាយពេល២ខែ ក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ក្រោយពីត្រូវបានចោទប្រកាន់ពីបទញុះញង់ រួមជាមួយសមាជិកដទៃទៀតនៃសហជីពកញ្ញា ។ កញ្ញា ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានចាប់ខ្លួនម្ដងទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយនគរបាលអន្តោប្រវេសន៍ នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈដែលកញ្ញា ទើបត្រឡប់មកពីចូលរួមសន្និសីទសិទ្ធិការងារមួយ នៅប្រទេសអូស្ត្រាលី ។
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
នៅក្នុងរយៈពេល ១៦ ថ្ងៃ នៃយុទ្ធនាការនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ អង្គការ លីកាដូ នឹងធ្វើការចេញផ្សាយនូវវីដេអូខ្លីៗ អំពីសកម្មជនជាស្ត្រីទាំងនោះនិយាយអំពីភាពក្លាហានងើបឈរឡើងដើម្បីលក្ខខណ្ឌការងារល្អប្រសើរ និងតស៊ូឱ្យបញ្ឈប់អំពើហិង្សាដោយផ្អែកលើយេនឌ័រនៅកន្លែងការងារ ។ សកម្មជនជាស្ត្រីនីមួយៗ មានប្រវត្តិខុសៗគ្នា ប៉ុន្តែអ្នកទាំងនោះសុទ្ធតែជាអ្នកតំណាងឱ្យកម្មករក្នុងវិស័យរោងចក្រ កម្មករប្រកបរបរផ្លូវភេទ សេវាកំសាន្ត បុគ្គលិកកាស៊ីណូ គ្រូបង្រៀន អ្នកបើរ៉ឺម៉កកង់បី អ្នកបម្រើតាមផ្ទះ និងកម្មករក្នុងវិស័យដទៃទៀត ។
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
នាថ្ងៃនេះ កញ្ញា ឈឹម ស៊ីធរ ប្រធានសហជីព ត្រូវបានឃាត់ខ្លួន និងសាកសួរដោយនគរបាលអន្តោប្រវេសន៍ នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីអស់រយៈពេល ១២ថ្ងៃ ។ កញ្ញា ត្រូវបានឃាត់ខ្លួននៅការិយាល័យអន្តោប្រវេសន៍ វេលាម៉ោងប្រមាណជា ១០៖៣០នាទី ព្រឹកនេះ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
មេធាវីរបស់កញ្ញា ស៊ីធរ ដែលបានមានវត្តមាននៅអាកាសយាន្តដ្ឋាន មិនត្រូវបានអនុញ្ញាតឱ្យចូលជួបកញ្ញា ស៊ីធរ អំឡុងពេលសាកសួរនោះទេ ព្រមទាំងមិនអាចទាក់ទងកូនក្ដីរបស់ខ្លួន ជាច្រើនម៉ោងផងដែរ ។
កញ្ញា ស៊ីធរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវបានចោទប្រកាន់ពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមករា ឆ្នាំ២០២២ ក្រោយពេលសហជីពកញ្ញាចាប់ផ្ដើមធ្វើកូដកម្ម ។ កញ្ញាត្រូវបានចាប់ខ្លួនយ៉ាងហិង្សា អំឡុងពេលព្យាយាមចូលរួមធ្វើកូដកម្មជាមួយកូដករផ្សេងទៀត ហើយត្រូវបានជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេល២ខែ ជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន មុនពេលមានការដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីខែមីនា ឆ្នាំនេះ ។ ក្រោយពីការដោះលែង ទាំងកញ្ញា ស៊ីធរ និងមេធាវីកញ្ញា មិនត្រូវបានជូនដំណឹងពីការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឬលក្ខខណ្ឌសាកល្បង ដូចជាការរឹតត្បិតលើការធ្វើដំណើរនោះទេ ។
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ក្នុងឱកាសនៃយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ អង្គការ លីកាដូ សូមធ្វើការកោតសរសើរយ៉ាងខ្លាំងក្លាដល់ស្ត្រីទាំងឡាយ ដែលក្លាហានក្នុងការក្រោកឈរដើម្បីសិទិ្ធការងារ និងតស៊ូទាមទារឱ្យបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការងារ ។ នៅក្នុងរបាយការណ៍សង្ខេបដែលមានចំណងជើងថា “ស្ត្រីរួមគ្នាដើម្បីសិទិ្ធការងារនៅកម្ពុជា” អង្គការ លីកាដូ នឹងធ្វើការលើកឡើងនូវរឿងរ៉ាវតស៊ូ និងការផ្តល់យោបល់មួយចំនួនរបស់សកម្មជនជាស្ត្រីចំនួន ៦ រូប ដែលបានតស៊ូក្នុងនាមជាអ្នកដឹកនាំ និងសមាជិកសហជីព សមាគម និងសហព័ន្ធសហជីព ។
អ្នកទាំងនោះ ជាអ្នកតំណាងឱ្យកម្មកររោងចក្រ អ្នកប្រកបរបរផ្លូវភេទ សេវាកំសាន្ត បុគ្គលិកកាស៊ីណូ គ្រូបង្រៀន អ្នកបើករ៉ឺម៉កកង់បី (តុតុ) អ្នកធ្វើការងារតាមផ្ទះជាច្រើននាក់ និងកម្មករក្នុងវិស័យផ្សេងៗទៀត ។ ពួកគេអំពាវនាវឱ្យមានការបញ្ឈប់អំពើហិង្សា និងការរំលោភបំពានផ្លូវភេទ ដែលសមាជិករបស់អ្នកទាំងនោះតែងតែទទួលរងនៅកន្លែងធ្វើការងារ ។
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
កូដករណាហ្គាវើលដ៍ម្នាក់ជាស្ត្រី ត្រូវបានអាជ្ញាធរម្នាក់ដាល់ចំច្រមុះ បណ្តាលឱ្យសន្លប់បាត់ស្មារតីមួយរយៈខ្លី ហើយហូរឈាម ក្រោយពេលដែលអាជ្ញាធរមួយក្រុមបានរារាំងយ៉ាងហិង្សាមកលើក្រុមកូដករប្រមាណ ៨០នាក់ ដែលព្យាយាមដើរទៅមុខកាស៊ីណូណាហ្គាវើលដ៍នារសៀលនេះ ។
អំពើហិង្សានេះ បានកើតឡើងនៅពេលដែលក្រុមកូដករនៃសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានព្យាយាមដើរឆ្លងកាត់របាំងបិទផ្លូវ ដែលអាជ្ញាធរបានដាក់ ដើម្បីរារាំងអ្នកទាំងនោះពីការទៅឈរនៅមុខអគារកាស៊ីណូ ។ នគរបាល និងកម្លាំងចម្រុះប្រមាណ ៨០ នាក់ បានចាប់ផ្តើមប្រើហិង្សា វាយ ទាត់ធាក់ និងរារាំងហើយរុញច្រានសមាជិកសហជីពទាំងនោះ ដែលភាគច្រើនជាស្ត្រី ដើម្បីមិនឱ្យអ្នកទាំងនោះឆ្លងកាត់របាំង ។
មិនដល់ពីរសប្តាហ៍មុននោះទេ កាលពីថ្ងៃទី ២២ ខែកក្កដា អាជ្ញាធរបានប្រើហិង្សារុញច្រានកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍ជាច្រើននាក់ ឱ្យដួលទៅលើដីនៅទីតាំងដូចគ្នា នៅកណ្តាលរាជធានីភ្នំពេញ នៅពេលដែលក្រុមកូដករទាំងនោះព្យាយាមដើរទៅកាន់អគារកាស៊ីណូណាហ្គាវើលដ៍ ។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
សមាជិកសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ត្រូវបានអាជ្ញាធរជាច្រើននាក់ប្រើហិង្សារុញច្រានឱ្យដួលទៅលើដី នៅខណៈដែលសមាជិកទាំងនោះព្យាយាមដើរទៅមុខអគារកាស៊ីណូណាហ្គាវើលដ៍នៅកណ្តាលរាជធានីភ្នំពេញនារសៀលនេះ ។
កូដករជាសមាជិកសហជីពប្រមាណ ៨០នាក់ ដែលភាគច្រើនជាស្ត្រី បានប្រមូលផ្តុំគ្នានៅរសៀលនេះ ហើយត្រូវបានអាជ្ញាធរនគរបាល និងកងកម្លាំងចម្រុះប្រមាណ ១០០នាក់ រារាំងនៅកែងមហាវិថីសម្តេចសុធារស និងសម្តេចព្រះសីហនុ ក្បែរអគារកាស៊ីណូណាហ្គាវើលដ៍ ។ កូដករជាច្រើន ត្រូវបានអាជ្ញាធរប្រើហិង្សារុញច្រាន នៅពេលដែលពួកគេព្យាយាមឆ្លងកាត់របាំងបិទផ្លូវ ។ កងសន្តិសុខជាច្រើននាក់ បានរុញកូដករជាច្រើននាក់ឱ្យដួលលើដី ដែលបណ្តាលឱ្យស្ត្រីម្នាក់ និងបុរសម្នាក់រងរបួសដាច់រលាត់ស្បែកនៅលើផ្ទៃមុខ ។
អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្សមួយចំនួន ត្រូវបានអាជ្ញាធរប្រាប់ឱ្យចាកចេញពីកន្លែងប្រមូលផ្តុំ និងប្រាប់ឱ្យឈប់ថតរូប មុនពេលអាជ្ញាធរទាំងនោះប្រើហឹង្សាទៅលើកូដករ ។
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២
នាព្រឹកថ្ងៃអាទិត្យនេះ ព្រឹត្តិការណ៍ជាច្រើន ត្រូវបានរៀបចំឡើង ដោយសហជីពការងារ និងអង្គការសង្គមស៊ីវិល ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិឆ្នាំ២០២២ នៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណជា ១០០០នាក់ ។
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
នាពេលថ្មីៗនេះ អាជ្ញាធរបានបង្កើនការឃាត់ខ្លួន និងការប្រើប្រាស់អំពើហិង្សាគួរឱ្យព្រួយបារម្ភ ទៅលើសមាជិកសហជីព នៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក៏ដូចជាការរឹតត្បិតខ្លាំងឡើងចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលឃ្លាំមើលការបង្ក្រាបកាន់តែអាក្រក់ទៅៗពីសំណាក់អាជ្ញាធរ ។ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្នើសុំរាជរដ្ឋាភិបាលឱ្យបញ្ឈប់ស្ថានភាពតានតឹងនេះ ហើយបញ្ឈប់ការបំភិតបំភ័យលើកូដករម្តងហើយម្តងទៀត ដែលរួមមានការដឹកអ្នកទាំងនោះទៅកាន់កន្លែងដែលឆ្ងាយពីទីក្រុង ហើយទុកពួកគេចោលនៅពេលយប់ជ្រៅស្ងាត់ ។
យើងខ្ញុំ ព្រួយបារម្ភចំពោះវិធានការថ្មីៗនេះពីសំណាក់អាជ្ញាធរ ដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន មិនឱ្យឃ្លាំមើលការបន្តប្រើប្រាស់អំពើហិង្សាទៅលើកូដករអហិង្សា ដែលភាគច្រើនជាស្ត្រី ។ ជាច្រើនលើកច្រើនសារ អាជ្ញាធរបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានពីការថតរូប ឬឈរនៅជិតទីតាំងនៃការឃាត់ខ្លួនបែបហិង្សាទាំងនេះ ។ អ្នកសារព័ត៌មាន ត្រូវបានគំរាមកំហែងចាប់ខ្លួន ដោយសារចុះយកព័ត៌មានស្ដីពីកូដកម្ម ហើយជាច្រើនករណីទៀត អាជ្ញាធរបានបណ្ដេញអ្នកឃ្លាំមើល និងអ្នកសារព័ត៌មានចេញឆ្ងាយ ខណៈដែលអាជ្ញាធរចាប់សែងកូដករទៅកាន់រថយន្តក្រុងយ៉ាងហិង្សា ។ ពួកគេក៏បានគំរាមឃាត់ខ្លួនអ្នកឃ្លាំមើលជាមួយកូដករនៅទីតាំងធ្វើចត្តាឡីស័កកូវីដ-១៩ ផងដែរ ។
ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២
នាព្រឹកនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សេចក្តីសម្រេចសាលាដំបូង ដោយបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ទាំង ៨ រូប ។ ក្រោយពេលប្រកាសសាលដីកា អ្នកទាំង ៨ ត្រូវបានបញ្ជូនខ្លួនត្រឡប់ទៅកាន់ពន្ធនាគារ ម១ និង ម២ វិញ ដើម្បីបន្តឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាកា ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ។
អ្នកទាំង ៨ នាក់ ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ នៅខណៈដែលអ្នកទាំងនោះចូលរួមក្នុងកូដកម្មអហិង្សានៅមុខកាស៊ីណូ ណាហ្គាវើលដ៍ ។ អ្នកទាំង ៨ រួមមាន ថ្នាក់ដឹកនាំ កញ្ញា ឈឹម ស៊ីថរ លេខាសហជីព អ្នកស្រី ឈឹម សុខន និងសមាជិកសហជីពអ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកនាង ស៊ុន ស្រីពេជ្រ និងអ្នកនាង ទូច សេរីមាស ក៏ដូចជាអតីតសមាជិកសហជីព លោក សុខ ណារិទ្ធ ។ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពេលមានកិច្ចប្រជុំអន្តរក្រសួងមួយ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ដើម្បីពិភាក្សាអំពីបញ្ហាវិវាទការងារនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ។
សមាជិកសហជីព ៣ នាក់ បន្ថែមទៀត ដែលរួមមានលោក ជួប ចាន់ណាត លោក សៅ សម្បត្តិ និងលោក សេង វណ្ណារិទិ្ធ ក៏ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន ក្រោយពេលត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទរារាំងដល់ការអនុវត្តវិធានការ ក្រោមច្បាប់កូវីដ ១៩ ។ ទោះជាមានការចាប់ខ្លួនថ្នាក់ដឹកនាំ និងសមាជិក ក៏ដោយ ក៏សមាជិកដទៃទៀតនៅបន្តធ្វើកូដកម្មអហិង្សា អំពាវនាវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ គោរពសិទិ្ធការងារ និងទទួលយកនិយោជិតដែលត្រូវបានក្រុមហ៊ុនបណ្តេញចេញដោយមិនត្រឹមត្រូវ ទោះជាអាជ្ញាធរបន្តធ្វើទុក្ខបុកម្នេញកូដករ និងឃុំខ្លួនកូដករជាច្រើនរយនាក់ នៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័ករបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់ច្បាប់កូវីដ ១៩ ក៏ដោយ ។
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២
ប្រជាពលរដ្ឋជាង ៣០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០២២ នៅក្នុងខេត្តចំនួន១២ និងរាជធានីភ្នំពេញ ។ សហគមន៍ កសិករ សហជីព កម្មករក្រៅប្រព័ន្ធ សកម្មជនដីធ្លី យុវជន សមាជិកសង្គមស៊ីវិល និងអ្នកផ្សេងទៀត បានចូលរួម និងសម្ដែងមតិអំពីបញ្ហាប្រឈមដោយស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ ។
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២
សកម្មជនសហជីពជាស្ត្រី បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ក្នុងការព្យាយាមគំរាមកំហែងពួកគេឱ្យបញ្ឈប់ការធ្វើកូដកម្ម ។ អង្គការលីកាដូ កំពុងចេញផ្សាយវីដេអូមួយ ដែលបង្ហាញពីស្ដ្រីក្លាហានមួយចំនួនទាំងនេះ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ។