សេចក្តីថ្លែងការណ៍

អាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្តមិនអាចនៅលើច្បាប់នោះទេ

ចេញផ្សាយ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០១១; ក្រុមសង្គមស៊ីវិល
F T M

ម.ស.ម.ក លីកាដូ និង ម.អ.ច.ស សូមថ្កោលទោសចំពោះការព្យាយាម​របស់​មន្ត្រី​ស្រុក​សណ្តាន់ និង​មន្ត្រី​ខេត្ត​កំពង់​ធំ ដែល​បាន​ដាក់​លក្ខខណ្ឌលើសកម្មភាពសិទ្ធិមនុស្សហួសកម្រិត និងដែល​មិន​មាន​ចែង​ក្នុង​ច្បាប់។ លក្ខ​ខណ្ឌ​ទាំង​នេះ​គឺ​គ្មាន​មូល​ដ្ឋាន​គតិ​យុត្ត ហើយ​ការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់លក្ខខណ្ឌ​ទាំង​នោះ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់​លាស់​មក​លើ​សិទ្ធិ​មនុស្ស​របស់​​ប្រជាពល​រដ្ឋ​ខេត្ត​កំពង់ធំ ក៍ដូចជាប្រជាពលរដ្ឋដទៃទៀត​ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​ដើម្បី​លើក​កម្ពស់​ និង​ការ​ពារ​សិទ្ធិ​មនុស្ស។

កាលពីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១១ អ្នកតំណាងមកពី ម.ស.ម.ក លីកាដូ និង ម.អ.ច.ស និង​តំណាង​​មក ពី​​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ដើម្បីសិទ្ធិមនុស្សនៅកម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយមន្ត្រីស្រុកសណ្តាន់​ក្នុង​ខេត្ត​កំពង់​ធំ។ កិច្ច​ប្រ​ជុំ​ដែល​ត្រូវ​បានធ្វើឡើង បន្ទាប់ពីវគ្គបណ្តុះបណ្តាលមួយដែលគ្រោងនឹងរៀបចំឡើងដោយ ម.ស.ម.ក និង អង្គ​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ (អ.ក.ធ.ធ) ត្រូវបានរារាំងដោយមន្ត្រីរដ្ឋាភិបាលអមដោយកម្លាំង​នគរ​បាល​ប្រ​ដាប់​អា​វុធ។

មូលហេតុលើកឡើងដោយមន្ត្រីស្រុក ក្នុងការរារាំងវគ្គបណ្តុះបណ្តាល គឺថាអ្នករៀប​ចំ​កម្ម​វិធី​មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន​ស្តី​ពីវគ្គបណ្តុះបណ្តាលនេះ ទោះជាការពិត ច្បាប់ស្តីពីការធ្វើបាតុកម្ម​ដោយសន្តិវិធីបានលើក​លែង​ដល់​អ្នក​រៀប​ចំ “សកម្មភាព​អប់រំ​ផ្សព្វ​ផ្សាយ” ដោយ​មិន​ចាំបាច់​ត្រូវជូនដំណឹងអំពីសកម្មភាពទាំងនេះ ដែលរៀប​ចំ​ឡើង​នៅ​កន្លែង​ឯក​ជន ឬ​សាធារ​ណៈ​តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី អ្នក​រៀប​ចំ​ក៍​បាន​ជូន​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ជា​លាយ​លក្ខណ៍​អក្សរ​តាម​ការ​គួរ​សម​ផង​ដែរ។

ប៉ុន្តែ​ការព្រួយបារម្ភដ៍ចម្បងជាងនេះ គឺលក្ខខណ្ឌដែលមន្ត្រីស្រុកបានកំណត់ក្នុងកិច្ចប្រជុំ​សម្រាប់​សកម្មភាព​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​កំពង់ធំ​នា​ពេល​អនាគត ដែល​មាន​ដូចជា អង្គការដែលគ្មានការិយា​ល័យ​ក្នុង​ខេត្ត​កំពង់​ធំ​មិន​អាច​រៀប​ចំ​សកម្មភាព​ណា​មួយ​ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរនោះទេ។ ប្រសាសន៍របស់​មន្ត្រី​ស្រុក បាន​ឆ្លុះ​បញ្ចាង​ពី​ទស្សនៈ​របស់​អភិ​បា​ល​រង​ខេត្តកំពង់ធំ អ៊ូច សំអន ក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញ។ ក្នុង​អត្ត​បទ​នោះ លោក​អភិ​បាល​រង​ក៍​បាន​បញ្ជាក់​ផង​ដែរ​ថា នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋមក​ពីខេត្ត​ដទៃ​ចូល​រួម​ក្នុង​សកម្មភាព​ក្នុង​ខេត្ត​កំពង់ធំ​នោះ​ទេ។

លក្ខខណ្ឌទាំងពីរនេះ រំលោភលើគោលការណ៍សិទ្ធិមនុស្ស ដែលធានាដោយរដ្ឋធម្មនុញ្ញនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ច្បាប់​អន្តរ​ជាតិ មាន​ដូច​ជា​មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ ជាដើម ហើយលិខិតបទដ្ឋាន​ទាំង​នោះ បង្កើត​បាន​ជា​ផ្នែក​មួយ​នៃ​ច្បាប់​កម្ពុជា​។ សិទ្ធិ​ទាំង​នេះ​រួម​មានដូចជា សិទ្ធិសេរីភាពបញ្ចេញមតិ (មាត្រា ៤១ នៃ​រដ្ឋ​ធម្ម​នុញ្ញ) សិទ្ធិ​សេរីភាព​នៃ​ការ​ប្រជុំ​(មាត្រា ៤២ នៃ​រដ្ឋ​ធម្មនុញ្ញា) សិទ្ធិ​សេរី​ភាព​ក្នុងការដើរឆ្ងាយជិត (មាត្រា ៤០ នៃ​រដ្ឋ​ធម្មនុញ្ញ) និង សិទ្ធិ​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ជីវ​ភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់សង្គមជាតិ (មាត្រា ៣៥ នៃ​រដ្ឋ​ធម្ម​នុញ្ញ)។

លោក អ៊ូ វីរៈ ដែលបានចូលរួមក្នុងការប្រជុំជាមួយនឹងអាជ្ញាធរស្រុកសណ្តាន់ផងដែរនោះ បាន​មាន​ប្រសាសន៍​ថា៖
“ យើង​បាន​ព្យា​យាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ច្បាប់​បានតម្រូវឲ្យយើងគោរពតាម ក្នុងការរៀបចំវគ្គបណ្តុះ​បណ្តាល​នេះ និង​ការ​ងារ​ផ្សេង​ទៀត​ៗ។ ដើម្បី​ជា​សេច​ក្តី​សមគួរ យើងបានសរសេរលិខិតជូនដល់អាជ្ញាធរខេត្ត​កាល​ពី​ខែ​មុន ដើម្បី​ជម្រាប​ជូន​ដល់​អាជ្ញាធរ​ អំពី​វគ្គ​បណ្តុះ​បណ្តាល ដែល​នឹង​ត្រូវ​រៀប​ចំឡើង​បើទោះណាជាច្បាប់​ពុំបានតម្រូវឲ្យយើងធ្វើការ​ជូន​ដំណឹង​បែប​នេះ​ឡើយ​ ចំពោះ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សិទ្ធិ​មនុស្ស។ អ្វី​ដែល​ជា​អាជ្ញាធរ​ស្រុក និងអាជ្ញាធរខេត្តកំពុងតែ​លើក​ឡើង​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេគឺនៅពីលើច្បាប់ ហើយពួកគេអាចដាក់លក្ខខណ្ឌគ្រប់បែបយ៉ាងមក​លើ​ប្រជា​ពល​រដ្ឋ និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល។”

ដោយពិនិត្យទៅលើការវិវត្តន៍ថ្មីៗ ប្រឆាំងការរីកធំធាត់នៃស្ថានភាព របស់អង្គការមិនមែនរដ្ឋាភិបាល​នៅ​កម្ពុជា នា​យិ​កា អង្គ​ការ​លី​កា​ដូ លោកស្រី Naly Pilorge បាន​មាន​ប្រសាសន៍​ថា ៖

“នេះគឺ​ជា​ការវិវត្តន៍ថ្មីទៀត​នៃការគាបសង្គត់ជាបន្តបន្ទាប់មកលើសកម្មភាពរបស់​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​នៅ​កម្ពុជា។ អ្វី​ដែល​ខ្ញុំ​បារម្ភ​បំផុត​នោះ​ គឺថាសេចក្តីសម្រេចរបស់អាជ្ញាធរដែល​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពល​រដ្ឋ​ដោយ​បំពាន​បែប​នេះ គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​ជម្រុញ​ឲ្យល្បឿននៃការអនុម័តច្បាប់ស្តីពី អង្គការ និង​សមា​គម បាន​លឿន​និង​គឺ​ជា​បង្ហាញ​ពី​បំណងរបស់រដ្ឋាភិបាលក្នុងការគាបសង្គត់លើសិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន។”

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អជ្ញាធរស្រុក និង អាជ្ញាធរខេត្ត លោក យ៉េង វីរៈ នា​យក​ប្រតិ​បត្តិ ម.អ.ច.ស បាន​លើក​ឡើង​ថា ៖

“សហគមន៍ទាំងនេះ កំពុងតែស្វែងរកនូវដំណោះស្រាយចំពោះការរំលោភបំពានមក​លើ​សិទ្ធិ​មនុស្ស​របស់​ពួក​គេ។ ម.ស.ម.ក អប់​រំ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ដើម្បីប្រើច្បាប់ជាមធ្យោបាយក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​ដោយ​សន្តិ​វិធី​។ ប្រ​សិន​បើ​អាជ្ញា​ធរ​មាន​បំណង​ចង់ឃើញបញ្ហាទាំងអស់ត្រូវបានដោះស្រាយ ពួកគេគួរតែផ្តល់កិច្ចស​ហការ​ជា​មួយ ម.ស.ម.ក និង​អង្គការ​ដទៃ​ទៀតជាជាងរារាំងពួកគេអនុវត្ត​នូវ​សកម្មភាព​ស្រប​ច្បាប់​ដើម្បី​ជួយ​ដល់​សហគមន៍​ទាំង​នោះ។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អ៊ូ វីរៈ ប្រធាន ម.ស.ម.ក តាមរយៈទូរស័ព្ទលេខ ០១២ ៤០ ៤០ ៥១
 លោកស្រី Naly Pilorge នាយិកា លីកាដូ តាមរយៈទូរស័ព្ទលេខ ០១២ ៨០ ៣៦ ៥០
 លោក យ៉េង វីរៈ នាយកប្រតិបត្តិ ម.អ.ច.ស តាមរយៈទូរស័ព្ទ ០១២ ៨០ ១២ ៣៥

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា