ការកើនឡើងជាថ្មីនៃជម្លោះដីធ្លី គួរតែត្រូវបានដោះស្រាយជាបន្ទាន់
ចេញផ្សាយ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស “លីកាដូ” មានការព្រួយបារម្ភជាខ្លាំងអំពីការកើនឡើងនៃជម្លោះដីធ្លី ដែលតាមរយៈការចងក្រងឯកសារពីការិយាល័យតាមបណ្តាខេត្តនានារបស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ឃើញថា មានការកើនឡើងបីដងនៃចំនួនគ្រួសារដែលទើបទទួលរងផលប៉ះពាល់ថ្មីដោយសារជម្លោះដីធ្លីនៅក្នុងអំឡុងឆ្នាំ២០១៤ ដោយប្រៀបធៀបទៅនឹងឆ្នាំ ២០១៣។
គ្រាន់តែនៅក្នុងឆ្នាំ ២០១៤ អង្គការ លីកាដូ បានរកឃើញថាមានគ្រួសារចំនួន ១០.៦២៥ គ្រួសារ ឬប្រហែល ៤៩.៥១៩ នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី (បញ្ជីលំអិតនៃករណីនីមួយៗ អាចទាញយកបាន ជាភាសាខ្មែរ និងភាសាអង់គ្លេស។ សូមមើលការធ្វើបច្ចុប្បន្នភាពខាងក្រោម) ។ ចំនួននេះ ភាគច្រើនកើតឡើងនៅក្នុងខេត្តចំនួន ១៣ ដែលអង្គការ លីកាដូ បានធ្វើការ ហើយច្រើនជាងបីដងនៃចំនួនគ្រួសារដែលត្រូវបានចងក្រងទុកកាលពីឆ្នាំ ២០១៣ - ៣.៤៧៥ គ្រួសារ - ដោយចំនួនកាលពីឆ្នាំ ២០១២ មានត្រឹមតែ ៥.៦៧២ គ្រួសារ។
ការកើនឡើងនៃជម្លោះដីធ្លី គឺបានកើតមានរួចទៅហើយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០១៤ ហើយត្រូវបានអង្គការ លីកាដូ បង្ហាញការសោកស្តាយ និងការព្រួយបារម្ភតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ដែលមានចំណងជើងថា៖ “ឆ្នាំ ២០១៤ នាំមកនូវរលកថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា”។ ការឆ្លើយតបរបស់អាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មានមួយថ្ងៃបន្ទាប់ពីការចេញផ្សាយនូវសេចក្តីថ្លែងការណ៍ បានអះអាងថា ការរកឃើញនោះ គឺ “មិនពិត”។ ការបដិសេធនេះ គឺជាការគួរឲ្យសោកស្តាយយ៉ាងខ្លាំង ហើយការមិនមានការចាត់នូវវិធានការណាមួយ ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ នឹងនាំមកនូវផលវិបាកយ៉ាងធំសម្បើម។ មិនដល់ ៤ខែផង ក្រោយពេលសន្និសីទសារព័ត៌មាននោះ កុមារកម្ពុជាអាយុ ១៩ឆ្នាំ ម្នាក់ ត្រូវបានបាញ់សម្លាប់ ដោយយោធាកងពលតូចលេខ ៤១ ដែលបានបាញ់ទៅលើកសិករមួយក្រុម ដែលមានជម្លោះដីធ្លីជាមួយកងយោធានៅខេត្តព្រះវិហារ។
គ្រាន់តែនៅក្នុងឆ្នាំ ២០១៤ អង្គការ លីកាដូ បានរកឃើញថាមានគ្រួសារចំនួន ១០.៦២៥ គ្រួសារ ឬប្រហែល ៤៩.៥១៩ នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី។
ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ជាការគួរឲ្យសោកស្តាយណាស់ ដែលអាជ្ញាធររដ្ឋ នៅតែធ្វើការសន្យាដដែលៗ ម្តងហើយម្តងទៀតទៅលើបញ្ហាដីធ្លី”។ អ្នកនាង បានបន្តទៀតថា៖ “អាជ្ញាធររដ្ឋ គួរតែដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់ តាមរយៈដំណោះស្រាយរយៈពេលយូរ”។
រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយថា នៅឆ្នាំ ២០១៥ នឹងមានអ្វីប្រសើរឡើងនោះទេនៅពេលដែលការបំផ្លិចបំផ្លាញនៅបន្តមាន ហើយប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងៗត្រូវបានបណ្តេញចេញដោយបង្ខំពីផ្ទះសម្បែងរបស់អ្នកទាំងនោះ។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “មូលហេតុនានានៃជម្លោះដីធ្លី ត្រូវបានចងក្រងទុកយ៉ាងច្បាស់លាស់៖ អំពើពុករលួយ និងប្រព័ន្ធតុលាការដែលមាននិន្នាការនយោបាយ ការប្រើប្រាស់កងកំលាំងប្រដាប់អាវុធខុសច្បាប់ ដែលរួមមានកងយោធា និងការចូលពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋ និងដោយអាជ្ញាធររដ្ឋផ្ទាល់។ សកម្មភាពទាំងនេះ បានបង្កឲ្យកើតមាននូវជម្លោះដីធ្លីកាន់តែខ្លាំងឡើងៗពាសពេញផ្ទៃប្រទេសអស់រយៈពេលយូរឆ្នាំមកហើយ។”
ឆ្នាំ ២០១៥ បានបើកទំព័រជាមួយនឹងការកើនឡើងនៃការបំផ្លិចបំផ្លាញ ដោយប្រជាពលរដ្ឋកម្ពុជានៅតែបន្តត្រូវបានគេបណ្តេញចេញដោយបង្ខំពីផ្ទះសម្បែងរបស់អ្នកទាំងនោះ។ សកម្មភាពជាបន្ទាន់ គឺចាំបាច់ត្រូវតែមាន ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ។ ជាថ្មីម្តងទៀត អង្គការ លីកាដូ សូមអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ សូមលោកមេត្តាទទួលស្គាល់នូវបញ្ហាទាំងនេះ ហើយចាត់វិធានការណ៍សមរម្យដោះស្រាយជាបន្ទាន់។
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥៖ បន្ទាប់ពីចេញនូវសេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាលបានជំទាស់នឹងលទ្ធផលរកឃើញនៅក្នុងរបាយការណ៍នោះ ហើយមិនទទួលស្គាល់តួលេខទាំងនោះនោះទេ ដោយអះអាងថា ទិន្នន័យផ្ទាល់ពីក្រសួង មានតួលេខនៃជម្លោះដីធ្លីតិចជាងកាលពីឆ្នាំមុន។ ក្រសួងដែនដី បានធ្វើលិខិតផ្លូវការមួយច្បាប់ ស្នើសុំទិន្នន័យរបស់អង្គការ លីកាដូ។ ទិន្នន័យអាចរកបានទីនេះជាភាសាខ្មែរ និងភាសាអង់គ្លេស។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ អ្នកនាងណាលី ពីឡូក, នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០
▪ លោក អំ សំអាត, អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី