សេចក្តីថ្លែងការណ៍

កម្ពុជា៖ បញ្ឈប់សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​បង្កើត​នីតិវិធី​ពង្រាង​ច្បាប់​ឲ្យមាន​តម្លាភាព

ចេញផ្សាយ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

ថ្ងៃនេះ អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និងអង្គការដែលជាសមាជិករួមមានសមាគមអាដហុកការពារ​សិទិ្ធ​មនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) បានលើកឡើងថា​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​​អង្គការ​​មិន​មែន​​រដ្ឋា​ភិ​បាល (LANGO)​និង​បង្កើត​នីតិ​វិធី​ព្រាង​ច្បាប់​ក្នុង​​ប្រទេស​​​ឲ្យ​មាន​តម្លាភាព។

លោក Karim Lahidji ប្រធាន​របស់​អង្គការ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) បានមាន​ប្រសាសន៍ថា “ច្បាប់ដែល​ផ្តល់ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់សមត្ថភាព​របស់​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងការ​ប្រត្តិបត្តិការងារ​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា គួរតែ​ត្រូវបាន​ព្រាងឡើង​តាមនីតិវិធី​មួយពិតប្រាកដ ដែល​រាប់បញ្ចូល និង​អនុញ្ញាតឲ្យ​មានការប្រឹក្សា​យោល់ជាមួយ​អ្នកដែលជាប់​ពាក់ព័ន្ធ​ទាំងអស់”។ លោកបាន​បន្ថែមទៀតថា “សម្លេងនៃ​ស្ថាប័ន​ដែលមិនរកប្រាក់​ចំណេញ ដែលជា​ស្ថាប័នដ៏​សំខាន់សម្រាប់​ការ​លើកស្ទួយ និងការការពារ​លិទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅកម្ពុជា គួរតែ​ត្រូវបានគេ​ទទួលស្គាល់ និង​យកចិត្ត​ទុកដាក់”។

​ សម្តេច​នាយក​រដ្ឋមន្រ្តី គួរតែ​​អនុវត្ត​នូវ​អ្វី​ដែល​​លោក​បាន​មាន​ប្រសាសន៍។ លោក​​បាន​មាន​​ប្រសាសន៍​ថា គោល​បំណង​​នៃច្បាប់​ស្តីពី​​សមាគម និង​អង្គការ​​មិនមែន​​​​រដ្ឋាភិបាល (LANGO) គឺបង្កើត​​ឡើង​ដើម្បី​ធានា​ឲ្យ​​មាន​​តម្លាភាព ប៉ុន្តែ​នីតិវិធី​​នៃ​ការ​បង្កើត​ច្បាប់​នេះ​​ហាក់​​ដូចជា​មិនមាន​​តម្លាភាព​​នោះ​ឡើយ។

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ត្រូវបាន​បញ្ជូន​ដល់ទីស្តីការគណៈរដ្ឋមន្រ្តី ហើយអាច​នឹងត្រូវបាន​អនុម័តនៅ​ចុងខែ​ឧសភានេះ ដោយ​សភា​​ដែលមាន​សម្លេងភាគច្រើន​មកពី​គណបក្ស​កាន់អំណាច។ សេចក្តីព្រាងច្បាប់​ចុងក្រោយ​ដែលអង្គការ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) សមាគម​អាដហុក​ការពារ​សិទិ្ធ​មនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជា (ADHOC) និងអង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន និងការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) បានទទួលគឺ​មានលក្ខណៈ​ដូចទៅនឹង​ឯកសារ​ដែលរាជ​រដ្ឋាភិបាល​បានចេញ​ផ្សាយកាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១។ អង្គការ​ទាំងបី បានរិះគន់​ម្តងហើយ​ម្តងទៀត​ចំពោះ​ឯកសារនោះ ដែល​​ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា​ “សេចក្តី​ព្រាង​ច្បាប់​លើក​​ទី​បួន” ដោយ​សារ​​តែ​សេច​ក្តី​​ព្រាង​ច្បាប់​​នេះ​មាន​ការ​​រឹត​បន្តឹង​​លើ​សេរីភាព​​ខាង​សមា​គម និង​​ជា​លក្ខខណ្ឌ​​ធ្ងន់​ធ្ងរ​​មួយ​ក្នុង​ការ​​ចុះ​បញ្ជី​​សម្រាប់​អង្គការ​សង្គម​​ស៊ីវិល​​មួយ​ចំនួន ដោយ​​ផ្តល់​អំណាច​​ច្រើន​ហួស​​កំណត់​ដល់​​មន្ត្រី​របស់​អង្គ​នីតិ​​ប្រត្តិ​បត្តិ​​ដែល​មិន​មែន​​កើត​ពី​​ការ​បោះ​ឆ្នោត និង​​ការ​រឹត​បន្តឹង​​ដែល​មិន​សម​ហេតុ​​ផល​​លើ​អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិ​បាល​​អន្តរ​ជាតិ​​មួយ​ចំនួន។

ប្រធានសមាគមអាដ​ហុក​ការពារ​សិទិ្ធ​​មនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជា (ADHOC) លោក ធន សារ៉ាយ បានមាន​ប្រសាសន៍​ថា៖ “ទីស្តីការគណៈ​រដ្ឋមន្រ្តី​ត្រូវ​តែ​​បញ្ជូន​សេច​ក្តី​​ព្រាង​ច្បាប់​​នេះ​ទៅ​​ធ្វើ​ការ​​ពង្រាង​​ម្តង​ទៀត និង​​បើក​ផ្លូវ​​ឲ្យ​មាន​​នីតិ​វិធី​ក្នុង​​ការ​បង្កើត​​ច្បាប់​ ដែល​​អនុវត្ត​តាម​​កា​តព្វ​កិច្ច​​របស់​កម្ពុជា​​យោង​តាម​ច្បាប់​​អន្តរ​ជាតិ”។

ថ្ងៃទី២ ខែមេសា ក្នុងការឃ្លាំមើលក្នុងសេចក្តីបញ្ចប់របស់ខ្លួន បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​របាយ​ការណ៍​ជា​ទៀង​ទាត់​របស់​កម្ពុជា​ គណ​កម្មា​ធិការ​សិទិ្ធ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជាជាតិ (HRC) បាន​បង្ហាញ​ពី​ទុក្ខ​កង្វល់​លើ​ការ​ខ្វះ​ខាត​ពី​តម្លាភាព​ក្នុង​នីតិ​វិធី​បង្កើត​ច្បាប់​របស់​ប្រទេស​កម្ពុជា។ គណ​កម្មា​ធិការ​សិទិ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ ជំរុញ​កម្ពុជា​ឲ្យ “ពិចារណា​លើ​ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ទាំង​អស់​ជា​សាធារ​ណៈ ដើម្បី​សម្រប​សម្រួល​ឲ្យ​មាន​ការ​ពិភាក្សា និង​សន្ទនា​ជា​សារណៈ​ជា​មួយ​នឹង​អ្នក​តំណាង​ប្រជា​ពល​រដ្ឋ”។ គណ​កម្មា​ធិការ​សិទិ្ធ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​នូវ​អនុ​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទិ្ធ​ពលរដ្ឋ និង​សិទិ្ធ​នយោបាយ (ICCPR) ដែល​កម្ពុជា គឺ​ជា​រដ្ឋ​ភាគី។ មាត្រា​ ២៥​នៃ​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទិ្ធ​ពល​រដ្ឋ និង​សិទិ្ធ​នយោបាយ​ធានា​សិទ្ធិ​​របស់​ប្រជា​ពល​រដ្ឋ​ទាំ​ងអស់ “ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ចការ​​សាធារណៈ”។

នាយិការអង្គការ លីកាដូ អ្នកនាង ណាលី ពីឡូក បានមានប្រសាសន៍ថា៖ “សម្តេចនាយករដ្ឋមន្រ្តី គួរ​តែ​អនុវត្ត​នូវ​អ្វី​ដែល​លោក​មាន​ប្រសាសន៍​។ លោក​បាន​មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ច្បាប់​ស្តី​ពី​សមាគម និង​ច្បាប់​ស្តី​ពី​អង្គការ​មិន​មែន​រដ្ឋាភិ​បាល (LANGO) គឺ​បង្កើត​ឡើង​ដើម្បី​ធានា​ឲ្យ​មាន​តម្លា​ភាព ប៉ុន្តែ​នីតិ​វិធី​នៃ​ការ​បង្កើត​ច្បាប់​នេះ​គឺ​ហាក់​បី​ដូច​ជា​មិន​មាន​តម្លាភាព​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ រដ្ឋា​ភិបាល​បែរ​ជា​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ជា​ច្រើន ដោយ​ឯក​តោ​ភាគី និង​សម្ងាត់​ទៅ​វិញ។”

សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្ម​លើប្រព័ន្ធបចេ្ចកវិទ្យា ដែលត្រូវបានព្រាងឡើងដោយក្រសួងប្រៃសណីយ៍ និង​ទូរ​គមនា​គមន៍ (MPTC) ដោយ​មាន​ការ​អះ​អាង​ថា មានការ​ព្រួយ​បារម្ភ​ពី​សន្តិ​សុខ​ជាតិ ត្រូវ​បាន​លេច​ចេញ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធើណិត កាល​ពីខែ​មេសា ឆ្នាំ២០១៤។ សេច​ក្តី​ព្រាង​ច្បាប់​នេះ ធ្វើ​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ និង​ការ​ដាក់​ពិន័យ​លើ​បទ​ល្មើស​ដែល​មាន​ភាព​មិន​ច្បាស់​លាស់ ដូចជា ការ​ចេញ​ផ្សាយ​នូវ​មាតិកា​ព័ត៌​មាន​តាម​ប្រព័ន្ធ​អ៊ីធើណិត ដែល​និយាយ​បរិហារ​កេរិ៍្ត ឬ ប៉ះ​ពាល់​ដល់​កិត្តិ​យស​របស់​រាជ​រដ្ឋា​ភិបាល ញុះ​ញង់​ឲ្យ​ប្រ​ព្រឹត្ត​អំពើ​ហិង្សា ឬ ញុះ​ញង់​ដល់​ប្រជា​ពលរដ្ឋ ឬ បង្ក​ឲ្យ​មាន​ភាព​អសន្តិ​សុខ និង​អស្ថិរ​ភាព។ ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ២០១៤ មន្រ្តី​របស់​រាជ​រដ្ឋា​ភិបាល​ម្នាក់ បាន​អះ​អាង​ថា ច្បាប់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​លើ​ប្រព័ន្ធ​បចេ្ចក​វិទ្យា​នេះ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អា​សន្ន​។​

សេច​ក្តីព្រាងច្បាប់ស្តីពី​ទូរគមនាគមន៍មានចំនួន ១០០មាត្រា ដែលត្រូវបានព្រាងឡើងដោយក្រសួងប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បាន​លេច​ចេញ​ឡើង​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០១៤។ ឯកសារ​នេះ​ត្រូវ​បាន​លេច​ចេញ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន បន្ទាប់​ពី​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរ​គមនាគមន៍​បាន​ទុក​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ក្រុម​ហ៊ុន​ទូរគមនា​គមន៍​ក្នុង​ការ​ផ្តល់​នូវការ​ឆ្លើយ​តប​មក​វិញ​លើ​អត្ថបទ​ជា​ភាសា​ខ្មែរ។ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ច្បាប់​ស្តី​ពី​ទូរ​គមនា​គមន៍​នេះ នឹង​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​មាន​អំណាច​ឆន្ទានុ​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង និង​បិទ​ក្រុម​ហ៊ុន​អ្នក​ផ្តល់​សេវាកម្ម​អ៊ីន​ធើណិត។

នៅក្នុងខែ​កក្កដា ឆ្នាំ២០១៤ ច្បាប់សំខាន់ៗចំនួនបី ស្តីពីប្រព័ន្ធតុលាការ ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​ត្រូវ​បាន​ព្រាង​ឡើង​អស់​រយៈពេល​ជាង​មួយ​ទស្សវត្សន៍។ ច្បាប់​ទាំង​អស់​នេះ បាន​អនុម័ត​ឡើង​ដោយ​គណបក្ស​តែ​មួយ​គត់​ក្នុង​រដ្ឋ​សភា មិន​មាន​ការ​ប្រឹក្សា​យោ​បល់​ជា​សាធារណៈ ឬ​ការ​ពិភាក្សា​ពិត​ប្រា​កដ​ណា​មួយ​ឡើយ ដែល​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិ​បាល​​មាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​គ្រប់​គ្រង​លើ​រាល់​កិច្ច​ការ​ទាំង​អស់​របស់​តុលា​ការ រួម​ទាំង​ការ​តម្លើង​ឋានៈ​ដល់​ចៅ​ក្រម​ ក៏​ដូច​ជា​កិច្ច​ការ​របស់​ចៅ​ក្រម និង​សំណុំ​រឿង​ផង​ដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ៖ លោក Andrea Giorgetta (ភាសាអង់គ្លេស), លេខទូរស័ព្ទ៖ +66 886117722 (ទីក្រុងបាងកក)
 អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ៖ លោក Arthur Manet (ភាសាបារាំង ភាសាអង់គ្លេស ភាសាអេស្ប៉ាញ), លេខទូរស័ព្ទ៖ +33 6 72 28 42 94 (ទីក្រុងប៉ារីស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា