សេចក្តីថ្លែងការណ៍

ដី​ដែល​មិន​អាច​ដាំ​ដំណាំ​បាន៖ ការ​ពិនិត្យ​លើ​សម្បទាន​ដី​សង្គមកិច្ច

ចេញផ្សាយ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៥
F T M

ជម្លោះដីធ្លីពាក់ព័ន្ធជាមួយនឹងអាជ្ញាធររដ្ឋ បាន​ក្លាយជា​មូលហេតុ​ចម្បង មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បងៗ​ជាច្រើន​នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​មួយ​ទស្សវត្ស​មកនេះ។ ករណី​រំលោភ​បំពាន​ជាច្រើន​ក្នុង​ចំណោម​ការ​រំលោភ​បំពាន​ទាំងអស់​នេះ បាន​កើតចេញ​ពី​ជម្លោះ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច (ELCs) និង​សម្បទាន​ដី​ផ្សេង​ទៀត ដែល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន។ កាល​ពីខែ​មីនា ឆ្នាំ​២០០៣ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​នូវ​គោល​នយោបាយ​ដីធ្លីថ្មី​មួយ​ដ៏មាន​សក្កានុពល ក្នុង​គោល​បំណង​ផ្តល់​ដីធ្លី​ទៅឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ក្រីក្រ​និង​គ្មាន​ដីធ្លី នៅមុន​ពេល​ដែល​រាជរដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​សម្បទាន​ដី​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ការផ្តល់​ដីធ្លី​នោះ​ហៅថា សម្បទាន​ដី​សង្គម​កិច្ច (SLCs)។

ដូចដែលត្រូវបានលើកឡើងក្នុង​របាយការណ៍​គម្រោង​របស់​ធនាគារ​ពិភព​លោក និង​ភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់ GIZ អង្គការ លីកាដូ នាថ្មីៗនេះ បាន​ធ្វើការ​ស៊ើប​អង្កេត​លើ​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១៣ លាន​ដុល្លា​អាមេរិក ដែល​ត្រូវបាន​ផ្តល់​ជាជំនួយ​ដោយ​ទីភ្នាក់ងារ​ទាំងពីរ ដើម្បី​ធ្វើការ​វាយ​តម្លៃ ថាតើ​គម្រោង​ខាងលើ​នេះ ពិតជា​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រីក្រ​នៅ​ទីជនបទ​ប្រាកដ​មែនដែរ​ឬទេ។

អ្នកនាង ណាលី ពីឡូក នាយិកាសម្ព័ន្ធខ្មែរជំរឿន និងការពារ​សិទិ្ធមនុស្ស លីកាដូ បានមាន​ប្រសាសន៍ថា “ការរកឃើញ​របស់យើងពិត​ជាគួរឲ្យភ្ញាក់ផ្អើល​យ៉ាងខ្លាំង”។ អ្នកនាង បានបន្តទៀតថា “មិនត្រឹមតែ​រាជរដ្ឋាភិបាល​មិនសូវមានឆន្ទៈ​ក្នុងការផ្តល់ដីធ្លីដែល​សមរម្យដល់ប្រជាពលរដ្ឋ​កម្ពុជាក្រីក្រ​យ៉ាងពិតប្រាកដ​ប៉ុណ្ណោះទេ ប្រទេសម្ចាស់​ជំនួយក៏មាន​ចេតនាក្នុងការ​បន្ថែមលទ្ធផល​ជាច្រើន ដោយប្រកាស​ថាគម្រោងនេះ ជាគម្រោង​គំរូមួយដែល​ជោគជ័យ សម្រាប់ការ​ឆ្លើយតបនា​ពេលអនាគត​ថែមទៀតផង។”

ការបែងចែកដីធ្លីនៅក្នុងគម្រោងបែង​ចែកដីសម្រាប់​ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច (LASED) បានចាប់​ផ្តើមនៅឆ្នាំ ២០០៨ និងមានគោល​បំណង​បង្ហាញថា សម្បទានដី​សង្គមកិច្ចអាច​ចូលរួមកាត់បន្ថយ​ភាពក្រីក្រ​នៅតាមទីជនបទ​តាមរយៈការផ្តល់ដីធ្លី​ដល់ប្រជាពលរដ្ឋ​កម្ពុជាដែល​គ្មានដីធ្លី ចំនួន ៣.០០០ គ្រួសារ សម្រាប់​គោលបំណង​សាងសង់​លំនៅស្ថាន និង​សម្រាប់ធ្វើ​ស្រែចម្ការ។ គម្រោងនេះ ត្រូវបានអនុវត្ត​ដោយមិនសូវមាន​ការត្រួតពិនិត្យ​ជាសាធារណៈ ហើយការពិពណ៌នា​របស់ធនាគារ​ពិភពលោក និងភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) មានលក្ខណៈ​វិជ្ជមាន​ច្រើនពេក។

ក្នុងរបាយការណ៍ចុងក្រោយ ស្តីអំពីស្ថានភាព​គម្រោងបែងចែក​ដីធ្លីសម្រាប់ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​របស់ធនាគារ​ពិភពលោក ធនាគារនេះ​បានចាត់ទុកថា គម្រោងនេះ​គឺទទួលបាន​ជោគជ័យយ៉ាង​ពេញលេញ ដោយផ្អែក​លើសមិទ្ធផល និងដំណើរ​ការនៃការ​អនុវត្តនានា (ទទួលបាន​លទ្ធផលសំខាន់ៗ​ជាច្រើន លើសពី​គោលដៅជាច្រើន​ដែលបានគ្រោង​ទុកថែមទៀតផង)។ នៅពេល​ជាមួយគ្នា​នេះដែរ ភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) ពិពណ៌នាពី​សមិទ្ធផលនៃ​គម្រោងបែងចែក​ដីធ្លីសម្រាប់ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនេះ ថាជា “គំរូមូយឆ្លើយ​តបប្រកបដោយ​ប្រសិទ្ធភាព នៅពេល​បច្ចុប្បន្ននេះ ហើយមាន​ផលជាវិជ្ជមាន​គួរឲ្យកត់សម្គាល់ ទៅលើជីវភាព​រស់នៅរបស់​ពលរដ្ឋតាមជនបទ។ គំរូនេះ គឺអាចធ្វើការ​ផ្សព្វផ្សាយ និងអាចយក​មកអនុវត្តដើម្បី​ធ្វើឲ្យស្ថានភាព​ជីវភាពពលរដ្ឋ​ល្អប្រសើរឡើង​នៅទូទាំងប្រទេស​បានហើយ។”

ផ្ទុយទៅវិញ នៅពេលដែលអង្គការ លីកាដូ ចុះទៅទស្សនកិច្ច​សិក្សានៅតំបន់នោះ អង្គការ លីកាដូ ប៉ាន់ប្រមាណថា មានពលរដ្ឋតិចជាង ៥០% ក្នុងចំណោមក្រុមគ្រួសារ​ទាំងអស់ដែល​ទទួលបានដីលំនៅស្ថាន​ក្នុងតំបន់ដីសម្បទាន​សង្គមកិច្ច តាមរយៈគម្រោង​បែងចែកដីសម្រាប់ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានធ្វើការ​តាំងទីលំនៅ និងបន្តរស់នៅ​ក្នុងតំបន់នោះ។ ដីធ្លីចំនួនពាក់កណ្តាល​នៃតំបន់ដីសម្បទាន​សង្គមកិច្ច មិនទាន់​ត្រូវបានចាប់ផ្តើម​ដំណើរការ​នៅឡើយទេ ហើយត្រូវការ​ជំនួយជាច្រើន​ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីឲ្យមាន​និរន្តភាព​បន្តិចបន្ទួចទៅមុខ​ទៀត។ អ្នកភូមិជាច្រើននាក់ បានរាយការណ៍​ពីសមត្ថភាពនៅមាន​កម្រិតក្នុងការ​ប្រើប្រាស់​ដីធ្វើស្រែចម្ការ​ដែលបានផ្តល់ឲ្យ និងការមិនមានភាព​ប្រសើរឡើងគួរឲ្យ​កត់សម្គាល់ នូវសន្តិសុខស្បៀង​របស់អ្នកទាំងនោះ​នោះទេ។ ដីធ្លីដែលបានបែងចែក​ឲ្យដោយអាជ្ញាធរ​កម្ពុជា មានយ៉ាងតិចណាស់​មួយផ្នែក គឺមិនមានភាព​សមរម្យសម្រាប់ការ​ធ្វើស្រែចម្ការនោះឡើយ។

ការមិនសូវមានឆន្ទៈនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានា​បាននូវភាពជោគជ័យ​នៃការសម្បទានដី​សង្គមកិច្ចទាំងអស់នេះ បានបង្ហាញឲ្យ​ឃើញយ៉ាងច្បាស់​ថែមទៀតថា ប្រជាពលរដ្ឋដែល​ទទួលបានដីសម្បទាន​សង្គមកិច្ច ហើយទោះបី​ជាមានសំណើ​ជាច្រើនដង បានបំពេញនូវ​រាល់លក្ខខណ្ឌ​តម្រូវតាមច្បាប់ក៏ដោយ ក៏មិនទាន់បានទទួលនូវ​ប័ណ្ណកម្មសិទ្ធិដីធ្លី​ណាមួយនៅឡើយ។ លើសពីនេះទៅទៀត ក្រុមគ្រួសារ​ជាច្រើនដែលទទួល​បានដីធ្លី អាចនឹងបាត់បង់​សិទ្ធិក្នុងការកាន់កាប់​អចលនទ្រព្យ​របស់ខ្លួន ដោយសារការ​អនុវត្តគម្រោងមិនមាន​ប្រសិទ្ធភាព។ ការមិនមាន​ប្រសិទ្ធភាពក្នុងការ​អនុវត្តគម្រោងនេះ ជំរុញឲ្យប្រជាពលរដ្ឋ​រំលោភបំពាន​លក្ខខណ្ឌតម្រូវ​តាមច្បាប់ ដែលអ្នកទាំងនោះ​ត្រូវតែបំពេញ​ដើម្បីស្នើសុំប័ណ្ណ​កម្មសិទ្ធិដីធ្លី។ ក៏ប៉ុន្តែធនាគារ​ពិភពលោកបាន​ប្រកាសថា “សុវត្ថិភាពនៃភាព​ជាម្ចាស់កម្មសិទិ្ធដីធ្លី គឺត្រូវបានចាត់ទុកថា ជាផលប្រយោជន៍​ដ៏ធំបំផុតដែល​បានមកពី​គម្រោងនេះ” ។

អ្នកនាង ណាលី ពីឡូក បានមានប្រសាសន៍ថា “ធនាគារ​ពិភពលោក និងភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) មិនអាចបន្តបំភ័ន្ត​សាធារណៈជន និងដៃគូពាក់​ព័ន្ធបានទៀតទេ”។ អ្នកនាង បានបន្តទៀតថា “បញ្ហាសំខាន់ៗ​ដែលប៉ះពាល់ដល់​គម្រោងនេះ ជាពិសេសការ​មិនសូវមានឆន្ទៈ​នយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែដោះស្រាយ​សម្រាប់ការសម្បទាន​ដីសង្គមកិច្ចទាំងអស់នេះ ដើម្បីឲ្យគម្រោងនេះ​មានឱកាសក្នុងការទទួល​បានជោគជ័យ និងនិរន្តរភាព។ ការដោះស្រាយបញ្ហា​ទាំងអស់នេះ គឺត្រូវតែចាប់ផ្តើម​ដោយការទទួល​ស្គាល់បញ្ហា​ទាំងអស់នេះ បើមិនដូច្នេះទេ ភ្នាក់ងារទាំងពីរ​នេះនឹងទៅជា​ធ្វើការដើម្បីគាំទ្រនូវ​ទំលាប់អវិជ្ជមាន​របស់រាជរដ្ឋាភិបាល​ទៅវិញ។”

នៅពេលដែលធនា​គារ​ពិភពលោក និងភ្នាក់ងារសហ​ប្រតិបត្តិការអាល្លឺម៉ង់ ប្រារព្ធនូវ​ការទទួល​បានជោគជ័យ​នៃគម្រោងបែងចែក​ដីសម្រាប់​ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាសាធារណៈ អ្នកទាំងអស់​នោះហាក់បី​ដូចជាដឹង​ច្បាស់ណាស់ថា ត្រូវការ​ថវិការាប់លាន​ដុល្លារបន្ថែមទៀត ក្នុងការដោះស្រាយ​បញ្ហាដែលបានកើតឡើង​ក្នុងរយៈពេល ៦ឆ្នាំ ដែលធ្វើឲ្យគម្រោងនេះ​មិនទទួលបានជោគជ័យ​ពិតប្រាកដ។ នៅចុងឆ្នាំ ២០១៤ ធនាគារ​ពិភពលោក បានប្រកាសពី​ការផ្តល់កម្ចីជាថ្មីដល់​ប្រទេសកម្ពុជា​តាមរយៈកម្ចីថ្មីមួយ​ដែលមានទឹកប្រាក់ចំនួន ២៥លាន​ដុល្លារអាមេរិក ដើម្បីបន្តផ្តល់​ជំនួយដល់តំបន់ដី​សម្បទានសង្គមកិច្ច ចំនួន ១៥កន្លែង រួមទាំងតំបន់​ក្រោមគម្រោងបែងចែក​ដីសម្រាប់ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចចំនួន ៨កន្លែងផងដែរ។ ប្រសិនបើកម្ចីនេះ​ត្រូវបានយល់ព្រម កម្ចីនេះនឹង​ក្លាយជាកម្ចីថ្មី​ទីមួយរបស់​ធនាគារពិភពលោក ចាប់តាំងពីធនាគារនេះ​បានផ្អាកការផ្តល់មូល​និធិដល់កម្ពុជាក្នុងឆ្នាំ ២០១១។ ជំនួយនេះ​នឹងត្រូវបានផ្តល់​បន្ថែមជាគម្រោងបន្ត ដែលនឹងជួយ​ទៅលើសន្តិសុខ​ស្បៀង ហើយដែលបាន​ចាប់ផ្តើមដោយ​ភ្នាក់ងារសហ​ប្រតិបត្តិការអាល្លឺម៉ង់។

ដើម្បីបំពេញតាមការសន្យាក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនសន្តិសុខស្បៀង​ដល់ក្រុមគ្រួសារ​ជាច្រើនដែល​ត្រូវផ្តល់ជំនួយ​ដោយគម្រោង​បែងចែកដីសម្រាប់​ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជំនួយបន្ថែម​គឺជាការ​ចាំបាច់ណាស់។ ក៏ប៉ុន្តែគម្រោង​ដែលទាមទារ​ឲ្យមានការវិនិយោគ​ច្រើនក្នុងរយៈពេល​យូរឆ្នាំបែបនេះ មិនអាចត្រូវ​បានចាត់ទុកថាជា គំរូឆ្លើយ​តបមួយសម្រាប់គំនិត​ផ្តួចផ្តើមគម្រោងសម្បទាន​ដីសង្គមកិច្ចនានា នៅពេល​អនាគតនោះទេ។ មុនពេល​ដែលប្រទេស​ម្ចាស់ជំនួយ ផ្តល់ថវិកា​ជាច្រើនចូល​ក្នុងគម្រោងសម្បទាន​ដីសង្គមកិច្ច​ជាច្រើនផ្សេងទៀត អ្នកទាំងនោះ​ត្រូវតែធ្វើការ​សន្និដ្ឋានឲ្យ​បានច្បាស់លាស់ ពីគំរូដែលមិនទទួល​បានជោគជ័យ​របស់គម្រោងបែងចែក​ដីសម្រាប់ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច (LASED) ហើយនិងវិធីសាស្ត្រ​មិនទាន់ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាលក្នុងការ​សម្បទានដីសង្គមកិច្ច ដែល​វិធីសាស្ត្រនេះក៏ជា​បញ្ហាប្រឈមផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង ណាលី ពីឡូក នាយិកាអង្គការ លីកាដូ លេខទូរស័ព្ទ៖ ០១២ ៨០៣ ៦៥០
 លោក អំ សំអាត អ្នកសម្របសម្រួលបចេ្ចកទេសនៃអង្គការ លីកាដូ លេខទូរស័ព្ទ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា