សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​មិនពេញ​ចិត្ត​ចំពោះ​ការ​បដិសេធ​បែប​រើស​អើង​ចំពោះ​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ដល់​អ្នក​ជាប់​ឃុំ​ក្នុង​​ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

រូបលោក នី សុខា នៅខាងក្រៅតុលាការកំពូល កាលពីខែមិនា ឆ្នាំ២០១៧

យើង​ខ្ញុំ ជាអង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សូម​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការបដិសេធ​ដោយមិនត្រឹមត្រូវ និង​បែប​រើសអើង​ចំពោះ​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​របស់អ្នកជាប់ឃុំ​ទាំង៣ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​៥ "ដោះលែង​អ្នកទាំង៥" នៅ​មណ្ឌល​អប់រំ​កែប្រែទី ១ ឬ​ ម.១ (ព្រៃស) នៅរាជធានី​ភ្នំពេញ។ ចុងក្រោយ​នេះ​ លោក នី​ សុខា លោក ​ណៃ​ វ៉ង់ដា និង​លោក យី សុខសាន្ត ត្រូវ​បាន​អនុញ្ញាត​ឲ្យទទួលបាន​ការ​ថែទាំព្យាបាល​ពីសំណាក់​ក្រុម​គ្រូ​ពេទ្យ​របស់អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿននិង​ការពារ​សិទ្ធិមនុស្ស​ លីកាដូ (អង្គការ​លីកាដូ) បន្ទាប់​ពី​មានការ​រឹតបន្តឹង​លើ​ការ​ចូល​សួរ​សុខទុក្ខ​និង​ការផ្ដល់​សេវា​ថែទាំ​សុខភាព​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧។ អ្នក​ជាប់ឃុំ​ទាំង ៣ នាក់​មាន​បញ្ហា​សុខភាព​ធ្លាក់​ដុនដាប​ អំឡុង​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​នោះ។ ពួកគាត់​ និង​សហការី​ដែល​ធ្វើ​ការ​នៅ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ (អាដហុក)​ ដូចជា​ អ្នកស្រី​ លឹម​ មុន្នី ព្រម​ទាំង​អគ្គលេខាធិការ​រងនៃគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ និងជា​អតីត​បុគ្គលិក អាដហុក លោក នី ចរិយា​ ត្រូវបាន​ជាប់ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធ​នា​គារ​​អស់​រយៈពេល​ ៤២៦​ ថ្ងៃ មក​ហើយ។

​ក្រុម​គ្រូពេទ្យ​អង្គការ​លីកាដូ​បាន​ចូលទៅ​ពិនិត្យ​ និង​ព្យាបាល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥ ដែល​កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​ចំនួនបី​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ (ម.១, ម.២​ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ) ចាប់​តាំង​ពីការ​ឃុំខ្លួន​របស់​អ្នក​ទាំងនោះ​ រហូត​មកទល់​ពេល​ដែល​មាន​ការ​រឹតត្បិត​ការ​ចូលទៅ​សួរ​សុខទុក្ខ ​អ្នក​ទាំង​បី​ដែល​ជាប់ឃុំ​នៅ ម.១​ ចាប់ពី​ខែមេសា​ ឆ្នាំ២០១៧​។ ​រយៈពេល​ពីរសប្ដាហ៍​កន្លង​មកនេះ​ ចៅក្រម​ស៊ើប​សួរ​ និង​ប្រធាន​ពន្ធនាគារ ​ម.១ បាន​អនុញ្ញាត​ចំពោះ​សំណើ​សុំ​ចូល​សួរសុខ​ទុក្ខ​ដាច់​ដោយ​ឡែក​ពីគ្នា​ ក្នុងការ​ចូល​ទៅ​ពិនិត្យ​មើល​ស្ថានភាព​អ្នកជាប់​ឃុំ​ពីរនាក់​ ក្នុង​ចំណោម​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​ទាំងបី ដោយ​សារ​តែ​មានការ​ព្រួយ​បារម្ភ​ជាខ្លាំង​ពីបញ្ហា​សុខភាព​របស់លោក យី​ សុខសាន្ត និង​លោក នី សុខា។ ទើប​តែ​សប្ដាហ៍​មុននេះ​ទេ ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​លីកាដូ​បាន​ចូល​ទៅពិនិត្យ​ និង​ព្យាបាល​អ្នកទាំង​នោះ​ដោយ​ពេញ​លេញ​វិញ។​

យើង​ខ្ញុំមាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំងដោយ​បាន​ទទួល​ដំណឹង​ថា ​អ្នកជាប់ឃុំ​បីនាក់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ជា​ពិសេសគឺ ​លោក នី សុខា ដែលបាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ​ កាលពីថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០១៧។ ​យើង​ខ្ញុំជឿ​ជាក់ថា ​ស្ថានភាព​នេះ​អាច​បណ្តាល​មក​ពី​​ការ​បដិសេធ​ចំពោះ​ក្រុម​គ្រូពេទ្យ​ក្នុងការ​ផ្ដល់​សេវាពិនិត្យ​ និងថែ​ទាំ​​សុខភាព​ឲ្យ​បានជាប់​ជា​ប្រចាំ​ដល់​អ្នកទាំងនោះ​ ​ ព្រមទាំង​ស្ថានភាព​មិន​អំណោយ​ផល​នៅ​ម.១។ កាល​ពីថ្ងៃទី២១​ ខែមិថុនា​ លោក នី សុខា​ លោក ណៃ វ៉ង់ដា​ លោក យី សុខសាន្ត​ និង​ អ្នកស្រី​ លឹម មុន្នី​ បាន​បង្ហាញ​មុខ​នៅ​តុលាការ​កំពូល​ ដើម្បី​ចូលរួម​សវនាការ​​លើ​បណ្ដឹង​សារទុក្ខ​ជំទាស់នឹង​ការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំរបស់​អ្នកទាំងនោះ។​ ​អំឡុង​ពេល​សវនាការ​​ លោក ណៃ វ៉ង់ដា​ បាន​ស្នើ​សុំទៅ​សម្រាក​នៅ​ក្នុ​ងបន្ទប់​ក្បែរ​នោះ​ដោយ​សារ​តែលោក​មាន​អារម្មណ៍​វិលមុខ ចំណែក​ឯ លោក នី សុខា​ និង​ លោក យី សុខសាន្ត ក៏​ត្រូវបាន​រាយការណ៍​ថា​មាន​សភាព​ទន់ខ្សោយ​ដោយ​សារ​តែបញ្ហា​សុខភាព​ធ្លាក់ដុនដាប​ នាពេល​ថ្មីៗនេះ។

ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​គួរ​តែ​ពិចារណា​ពី​​បញ្ហា​សុខភាពរបស់​ពួកគាត់​ដែល​កំពុងតែ​ធ្លាក់ចុះ​ខ្សោយ​ជា​ខ្លាំង និង​បញ្ឈប់​ការ​​អូសបន្លាយ​ឃុំខ្លួន​បណ្ដោះអាសន្ន​លើពួកគាត់​ដោយគ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​តាមរយៈការ​បដិសេធ​សំណើ​សុំនៅ​ក្រៅឃុំ​នេះ​ទៀតទៅ

អ្នកនាង ណាលី​ ពីឡូក​ នាយិការង​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​លីកាដូ បាន​មាន​ប្រសាស​ន៍​ថា “ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​គួរ​តែ​ពិចារណា​ពី​​បញ្ហា​សុខភាពរបស់​ពួកគាត់​ដែល​កំពុងតែ​ធ្លាក់ចុះ​ខ្សោយ​ជា​ខ្លាំង និង​បញ្ឈប់​ការ​​អូសបន្លាយ​ឃុំខ្លួន​បណ្ដោះអាសន្ន​លើពួកគាត់​ដោយគ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​តាមរយៈការ​បដិសេធ​សំណើ​សុំនៅ​ក្រៅឃុំ​នេះ​ទៀតទៅ”​។

សិទ្ធិ​ទទួលបាន​ការ​ថែទាំ​សុខភាព​ឲ្យបានគ្រប់គ្រាន់ ដែល​មាន​ចែង​ក្នុង​មាត្រា ២៥ នៃ​សេចក្ដីប្រកាស​ជា​សាកល​ស្ដីពីសិទ្ធិ​មនុស្ស គឺ​ជា​សិទ្ធិមនុស្ស​​សាកល​របស់​បុគ្គល​គ្រប់​រូប ដែល​មិនអាច​ត្រូវ​បាន​កាត់​បន្ថយ​ ដោយ​គ្រាន់តែ​ពួកគាត់​ត្រូវ​ជាប់​ពន្ធនាគារ​នោះទេ។​​ ទោះបីជា​ពន្ធនាគារម.១ ​មាន​ក្រុមគ្រូ​ពេទ្យ​ក៏ដោយ​ ប៉ុន្តែករណី​នេះ​បង្ហាញ​ថា​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ក្នុង​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន​នេះ ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។ ដូច្នេះ ការ​រារាំង​បែប​​រើស​អើង​នូវ​លទ្ធភាព​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ពីសំណាក់​ក្រុម​គ្រូពេទ្យមក​ពី​អង្គការ​លីកាដូ មានន័យ​ថា អ្នក​ជាប់ឃុំ​មិន​ទាន់ទទួល​បាន​សិទ្ធិ​ថែទាំ​សុខភាព​​ឲ្យបាន​គ្រប់គ្រាន់​នោះទេ​ ខណៈនេះ​ជា​សិទ្ធិ​មួយ​របស់​ពួកគាត់​​ដែលត្រូវ​ទទួលបាន​តាម​​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។​ លក្ខខណ្ឌ​ក្នុង​ពន្ធនាគារ ដែល​នៅ​មិន​ទាន់​សម​ស្រប​តាម​​បទដ្ឋាន​អន្តរជាតិ​ស្រាប់ទៅ​ហើយ​នោះ កាន់តែ​មាន​ស្ថានភាព​មិន​ល្អថែមទៀត ចាប់​តាំង​ពី​ពេលដែល​អាជ្ញាធរ​កម្ពុជាបាន​ចាប់​​ផ្តើម​យុទ្ធនាការ​​បង្ក្រាប​មកលើ​អ្នកប្រើប្រាស់​ថ្នាំញៀនចាប់តាំងពី​ខែមករា ឆ្នាំ២០១៧។ ការ​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​ និង​ការ​អនុវត្ត​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្នរង់ចាំ​សវនាការច្រើន​​ពេក​ បាន​បង្ក​ឲ្យ​ពន្ធនាគារ​ព្រៃ​សកាន់​តែ​​មាន​សភាព​ចង្អៀត​​​ខ្លាំង​ ដែល​ជា​កត្តា​​ធ្វើ​ឲ្យមាន​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​លើ​​សុខភាព​របស់​អ្នក​ជាប់​ឃុំបន្ថែម​ទៀត។

បន្ថែម​ពីលើ​ការ​រារាំង​​លទ្ធភាពរបស់​បុគ្គលិក​ពេទ្យ​ចូល​ទៅ​ពិនិត្យ​ និង​ព្យាបាល​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សំណើ​របស់​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន ក្នុងការ​ស្នើសុំចូល​​ទៅសួរសុខទុក្ខ​អ្នកការពារ​សិទ្ធិ​មនុស្សទាំង​៥ និង​សកម្មជន​ដីធ្លី​ អ្នកស្រី ទេព វន្នី ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផងដែរ​នោះ ត្រូវ​បាន​បដិសេធឬក៏​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​ឡើយ។ ការ​រឹត​បន្តឹងចំពោះ​ទំនាក់ទំនង​ពី​ខាងក្រៅ​បាន​បង្កផល​ប៉ះពាល់​ជាអវិជ្ជមាន​មក​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។

នៅ​ក្នុង​ខែ​វិចិ្ឆកា ឆ្នាំ​២០១៦ ក្រុមការងារ​អង្គការ​សហប្រជាជាតិទទួលបន្ទុកលើ​បញ្ហា​ការឃុំខ្លួនតាមអំពើ​ចិត្ត បាន​ប្រកាសថា​ អ្នកជាប់​ឃុំទាំង​៥ ត្រូវបាន​រើស​អើង​ដោយ​សារ​តែការងារ​ជា​អ្នកការពារ​សិទ្ធិ​មនុស្ស​របស់​ពួកគាត់​ ដែលការ​រំលោភបំពាន​​សិទ្ធិ​របស់​អ្នកទាំង​៥​​ក្នុង​ការ​ទទួលបានសវនា​ការ​ជំនុំជម្រះដោយយុត្តិធម៌ ​សិទ្ធិ​មាន​សេរីភាព និងសេរីភាព​​ខាង​​សមាគម បានធ្វើ​ឲ្យ​ការ​ឃុំ​ខ្លួន​លើ​​អ្នកទាំង៥ជា​ការឃុំខ្លួន “តាមអំពើចិត្ត” និង​អំពាវនាវឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែងអ្នកទាំង​៥ ជា​បន្ទាន់។1​ អស់​រយៈពេល​ជាង ៧ ខែ​ក្រោយ​មក អ្នកទាំង​៥ នៅ​តែ​បន្តជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​​រយៈពេល​នៃ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​លើ​​ពួកគាត់​​ត្រូវ​បាន​ពន្យារ​ដល់​ទៅ ៦ ខែបន្ថែមទៀត​ កាលពីថ្ងៃទី២៧​ ខែមេសា ​ឆ្នាំ២០១៧។

ការ​បន្ត​ឃុំខ្លួន​តាមអំពើចិត្ត​លើ​​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក​ នី ចរិយា ជា​ការ​រំលោភបំពាន​ច្បាប់ជាតិ និងច្បាប់​អន្តរជាតិ ​ ហើយ​យើងខ្ញុំ​ សូមសំណូមពរដោយទទូចដល់​​​អាជ្ញាធរកម្ពុជាឲ្យ​អនុវត្ត​តាម​សេចក្ដីសម្រេចរបស់​ក្រុមការងារអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកលើ​​បញ្ហា​ការ​ឃុំខ្លួនតាម​អំពើចិត្ត​ និង​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។ យើងខ្ញុំ​​​សូម​អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ចាត់វិធានការ​ដើម្បី​ធ្វើឲ្យ​ដំណើរ​ការ​នៃ​ការ​ទទួលបាន​ការពិនិត្យ និង​ថែទាំ​សុខភាពក្នុងពន្ធនាគារប្រកប​ដោយ​​តម្លាភាព ដោយ​សារ​តែ​ការ​រឹត​បន្តឹង​តាម​អំពើចិត្ត និង​មានលក្ខណៈស្មុគស្មាញ​ បានធ្វើឲ្យ​សុខភាព និង​អាយុជីវិត​របស់​អ្នក​ជាប់ឃុំ​ ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់។ យើង​ខ្ញុំ​ក៏​សូម​អំពាវនាវឲ្យ​អាជ្ញាធរ​កម្ពុជាបន្ត​អនុញ្ញាត​ឲ្យ​​ក្រុម​គ្រូពេទ្យ​ និង​អ្នកឃ្លាំមើល​ពន្ធនាគារទាំងឡាយ​អាច​​ចូលទៅ​ពិនិត្យ​សួរសុខទុក្ខ​អ្នក​ជាប់ឃុំទាំង​អស់​ដោយ​ពុំមានការ​រឹតត្បិត​។

សេចក្ដី​ថ្លែងការណ៍រួម​​នេះ​គាំទ្រ​ដោយ ៖ ​ ​

១. អង្គការ​អាក់សិនអេត​កម្ពុជា​
​២. អង្គការ​លើក​លែង​ទោស​អន្តរជាតិ
៣. សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR)
៤. វេទិកាអាស៊ី សម្រាប់ការអភិវឌ្ឍន៍សិទ្ធិ​មនុស្ស​ (FORUM-ASIA)
៥. សហគមន៍​បឹង​កក់
៦. សហគមន៍​បឹង​ត្របែក
៧. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
៨. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
៩. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១០. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១១. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១២. បណ្ដាញយុវជនកម្ពុជា (CYN)
១៣. សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យ​ភាព​សង្គម​ (CISA)
១៤. សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)
១៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង​យុត្តិធម៌នៅកម្ពុជា (COMFREL)
១៦. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៧. អង្គការសមធម៌​កម្ពុជា (EC)
១៨. អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC) ១៩. ក្រុម​ការងារ​ពិសេស​សិទ្ធិលំនៅឋាន (HRTF)
២០. អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (HRW)
២១. សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)
២២. សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ​
២៣. សមាគមឥន្ទ្រទេវី (IDA)
២៤. សហគមន៍​ដី​ធ្លី ភូមិ​១ ខេត្ត​ព្រះសីហនុ
២៥. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
២៦. សហគមន៍​ដីធ្លី ភូមិគ្រួស ខេត្ត​បាត់ដំបង​
២៧. សហគមន៍ដីធ្លី ភូមិស្គន់ ខេត្តសៀមរាប
២៨. សហគមន៍ដីធ្លីឡពាង ខេត្ត​កំពង់ឆ្នាំង
២៩. អង្គការពន្លក​ខ្មែរ​ (PKH)
៣០. សហគមន៍​ផ្លូវ​ភ្លើង​ ទួលសង្កែ A
៣១. សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍​ (SEAPA)
៣២. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៣៣. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា