សេចក្តីថ្លែងការណ៍

ពេល​ដែល​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ៖ បញ្ឈប់​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មិន​ចាំ​បាច់

ចេញផ្សាយ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៥
F T M

ចំនួនអ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​កំរិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ភាព​ចង្អៀត​ណែន​​នៃ​​អ្នក​​ជាប់​​ពន្ធនាគារ បាន​​ក្លាយ​​ជា​​បញ្ហា​​ដ៏​​សំខាន់​​មួយ ដែល​បង្ក​ផល​ប៉ះពាល់​មិន​ត្រឹម​តែ​ទៅ​លើ​អ្នក​ជាប់​ឃុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ផល​វិបាក​ដល់​មន្ត្រី​ពន្ធនាគារ និង​សង្គម​ជាតិ​ទាំង​មូល។ ចំនួន​ស្ត្រី​ដែល​មាន​កូន​អាយុ​ក្រោម ៣ឆ្នាំ រស់​នៅ​ជាមួយ ក្នុង​ពន្ធនាគារ មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ មណ្ឌល​អប់រំ​កែប្រែ​ទី១ (ម១) គឺ​ជា​ពន្ធនាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ឃុំ​ខ្លួន​អ្នក​ទោស​ជាបុរស ហើយ​បាន​ឃុំ​ខ្លួន​អ្នក​ជាប់​ឃុំ បី​ដង​លើស​ពី​ចំនួន​អ្នក​ជាប់​ឃុំ​ដែល​ពន្ធនាគារ​នេះ​អាច​ដាក់​បាន។

របាយការណ៍ថ្មីនេះ "ពេល​ដែល​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ៖ បញ្ឈប់​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មិន​ចាំ​បាច់" ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ អង្គការលីកាដូ ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​តួនាទី​របស់​តុលាការ​កម្ពុជា នៅ​ក្នុង​ការ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​នេះ និង​បង្ហាញ​ពីរ​បៀប​ដែល​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅ​កម្ពុជា អាច​មាន​ភាព​ប្រសើរ​ឡើង ដោយ​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ចំនុច​តូចៗ​ដែល​អាច​ធ្វើបាន​មួយ​ចំនួន។

នៅកម្ពុជា ទោះបីជាមានច្បាប់ រឹងមាំ ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​កម្រិត​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មុន​ពេល​សវនាការ និង​ដើម្បី​គោរព​គោលការណ៍​នៃ​ការ​សន្មត់​ជាមុន​ថា​គ្មានទោស ប៉ុន្តែ​តាមរយៈ​ការ​ស្រាវជ្រាវ​របស់​អង្គការ លីកាដូ បុគ្គល​ដែល​ត្រូវបាន​ចោទ​ប្រកាន់​នៅ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ទោះ​ជា​ក្នុង​កម្រិត​បទល្មើស​មជ្ឈឹម​កម្រិត​ស្រាល​ក៏​ដោយ ក៏កម្រ​នឹង​ទទួល​បាន​កា​រដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ។ ក្នុង​ពន្ធនាគារ​ទាំង ១៨​កន្លែង ដែល​អង្គការ​លីកាដូ បាន​ឃ្លាំ​មើល (១៨ ពន្ធនាគារ ក្នុង​ចំណោម​ពន្ធនាគារ​សរុប២៨ កន្លែង ទូទាំង​ប្រទេស) អ្នក​ជាប់​ពន្ធនាគារ​ច្រើន​ជាង​មួយ​ភាគបី គឺ​ជាអ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ (៩.៥២៧ នាក់ ក្នុង​ចំណោម​ ២៥.៩២៦នាក់)។ នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន មាន​អ្នក​ជាប់​ឃុំ​ច្រើន​ជាង​ពាក់​កណ្តាល មិន​ទាន់​ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​នៅ​ឡើយ។ ជន​ជាប់​ចោទ​ពីបទ​ល្មើស​ព្រហ្មទណ្ឌ អាច​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ជាប់​ឃុំ​ឃាំង​មុន​សវនាការ​មិន​ឲ្យ​លើស​ពី​រយៈ​ពេល​ ២២ខែ​ ឡើយ។​

ការ​ប្រើប្រាស់​ការឃុំខ្លួន​បណ្តោះ​អាសន្ន​​រង់​ចាំសវនាការ​ច្រើន​ហួស​ហេតុ នឹង​ធ្វើឲ្យស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ស្រាប់​ ធ្ងន់ធ្ងរ​ឡើង និង​ធ្វើ​ឲ្យ​ធនធាន​សម្រាប់​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​ ដែល​មាន​តិច​តួច​ស្រាប់ កាន់​តែខ្វះខាត​។ ដែល​នេះ នឹង​ផ្តល់ផល​ប៉ះពាល់​ដល់​ជន​ងាយ​រង​គ្រោះ​មួយ​ចំនួន​ដូចជា កុមារ​ដែល​រស់នៅ​ជាមួយម្តាយ​ក្នុងពន្ធនាគារ ឬ​ស្រ្តី​មាន​ផ្ទៃពោះ​ដែល​សម្រាល​កូន​និង​កូនរបស់​នាង​ក្នុងពន្ធនាគារ។ បច្ចុប្បន្ន​នេះ​មាន​ស្ត្រីមាន​ផ្ទៃពោះចំនួន ៣០​នាក់​ ហើយ​និង​ម្តាយ​ចំនួន​ប្រហែលជា ១៣៥នាក់ កំពុង​រស់នៅជា​មួយ​កូន​ដែល​មាន​អាយុក្រោម​ ៣ឆ្នាំ ចំនួន​ប្រហែល​ជា​ ១៣៨នាក់ ក្នុង​ពន្ធនាគារ ដែល​អង្គការ​លីកាដូ កំពុង​ធ្វើការ​ជាមួយ​។ ប្រហែលជា​ពាក់កណ្តាល​នៃស្ត្រី​ដែល​បានជាប់ពន្ធនាគារ​ទាំង​អស់​នោះ មិនទាន់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​ល្មើស​ជាក់លាក់​ណាមួយ​ឡើយ។ នៅអំឡុង​ពេល​នៃការ​វិវឌ្ឍរបស់កុមារ​ ស្ត្រីមាន​ផ្ទៃពោះ និង​ស្ត្រីដែល​ត្រូវបំបៅដោះកូន​ មិន​សូវទទួល​បានអាហារ​រូបត្ថម្ភ​បន្ថែម​នោះ​ទេ។

អ្នក​នាង​ ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ក្រុមគ្រួសារ​របស់​អ្នកជាប់​ពន្ធនាគារ​ទាំង​នោះ បាន​ធ្លាក់​ក្នុងភាព​ក្រីក្រ​ ហើយការរស់​នៅរបស់​កុមារ​ក៏ស្ថិត​ក្នុង​ហានិភ័យ ដោយសារ​ការ​មិនសូវ​បាន​ពិចារណា ទៅ​លើ​ក្រប​ខណ្ឌ​​ច្បាប់​នៃការ​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​តុលាការ​កម្ពុជា។ ក្រៅពី​ករណី​លើក​លែង​មួយ​ចំនួន​ ការដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន គឺជា​សិទ្ធិ​របស់​មនុស្សទូ​ទៅ។”

អ្នកនាង​ បានបន្តទៀតថា៖ “ប៉ុន្តែ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ដែល​ត្រូវ​បាន​គេចោទ​ប្រកាន់​ពីបទល្មើស ជា​ញឹក​ញាប់​អ្នកទាំង​នោះ តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុកថា​ ជាជនជាប់ពិរុទ្ធ រហូត​ទាល់​តែ​រក​ឃើញ​ថា​ជន​នោះ​គ្មាន​កំហុស។ ​យុត្តិធម៌​អាច​នឹង​កើត​មាន​ ប្រសិន​បើច្បាប់​ត្រូវបាន​យក​មក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ។”

ការប្រើប្រាស់​នីតិវិធី​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ឲ្យ​បាន​ត្រឹម​ត្រូវ​ សម្រាប់​បទ​ល្មើស​តូចៗ​ដែល​មិន​មាន​ហិង្សា នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ជារួម។ នេះ នឹង​លើក​ទឹកចិត្ត​ឲ្យមាន​ការចាត់​អាទិភាព​នៃរឿងក្តី ទៅតាម​ភាពធ្ងន់ធ្ងរ​របស់ករណី​នីមួយៗ​ និង​កាត់​បន្ថយ​ការ​ងារ​ច្រើន​ហួស​ហេតុ​របស់​ស្ថាប័ន​តុលាការ​។ វិធី​នេះ ក៏​អាច​ផ្តល់​ផលវិជ្ជមាន​ដល់​សង្គម​ផង​ដែរ
ដោយ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ ថែ​រក្សា​ចំណង​គ្រួសារ​ឲ្យ​នៅ​ល្អ និងការ​ពារ​កុមារ​ពីការ​ទទួល​យក​ឥទ្ធិពល​អវិជ្ជមាន​ពីការ​រស់​នៅក្នុង​ពន្ធនាគារ​។

ចៅ​ក្រម​ស៊ើប​សួរ មាន​សិទិ្ធ​ក្នុងការ​សម្រេច​ដោះលែង​ជនជាប់​ចោទ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ គ្រប់​ពេល​វេលារ​ហូត​ដល់​ថ្ងៃ​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តីជននោះ។ សិទិ្ធអំណាច​នេះ គួរ​ត្រូវ​បាន​តុលាការ​អនុវត្ត​ ដើម្បី​គោរ​ព​នូវ​សិទិ្ធ​របស់​ពលរដ្ឋ​គ្រប់​រូប និង​កាត់​បន្ថយ​សំពាធ​ទៅ​លើ​ជន​ជាប់​ឃុំ​រាប់​ពាន់​នាក់​ និង​មន្ត្រី​ពន្ធនាគារ​ជា​ច្រើន ដែល​កំពុង​ជួប​ប្រទះ​ស្ថាន​ភាព​លំបាក និង​យ៉ាប់​យឺន​ជារៀង​រាល់​ថ្ងៃ នៅ​ក្នុង​ពន្ធនាគារ​ទាំង​អស់​នៅ​កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក​ អំ សំអាត ​ប្រធាន​ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ៖​ ០១០​ ៣២៧​ ៧៧០​ (ជា​ភាសាខ្មែរ​)
 អ្នកនាង​ ណាលី ពីឡូក​ នា​យិកា​អង្គការ​លីកាដូ​៖ (WhatsApp​ or Signal​) ០១២​២១៤​៤៥៤​ (ជា​ភាសារ​អង់​គ្លេស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា