សេចក្តីថ្លែងការណ៍

ការ​លុបបំបាត់​ទាសភាព​នៅក្នុង​ប្រទេសកម្ពុជា

ចេញផ្សាយ ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ សូម​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​របាយការណ៍​បង្ហាញ​ពី​ការ​កើតឡើង​យ៉ាងច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មានការ​ធ្វើពលកម្ម​ដោយបង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា នៅក្នុង​ប្រទេស ។ ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​បណ្តាញ​សង្គម​របស់​ជនរងគ្រោះ​ជាច្រើន ដែល​ចងក្រង​ដោយ​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​បង្ហាញថា មនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់​ក្នុង​ស្ថានភាព​ទាំងអស់​នេះ ។ យើងខ្ញុំ សូម​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​រួមគ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​ឆ្លើយតបទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទាំងនេះ ក៏ដូចជា​ស៊ើបអង្កេត​ភាព​ស្មុគស្មាញ​ដែល​ត្រូវ​បាន​លើកឡើង​រវាង​អាជ្ញាធរ រដ្ឋ និង​សហគ្រាស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ ។

ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​របស់​ជនរងគ្រោះ បង្ហាញថា​ការរំលោភ​បំពាន​ទាំងនេះ ពាក់ព័ន្ធ​នឹង​ជនបរទេស​ដែល​ត្រូវ​បាន​ចាប់ជំរិត លក់ ជួញដូរ ឬត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ទទួល​បានការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា ។ នៅពេល​មកដល់​ប្រទេស​កម្ពុជា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​បរិវេណ​អគារ​ធំៗ និង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ ដែល​ជា​ញឹកញាប់​ជា​ការងារ​ទាក់ទង​នឹង​ប្រតិបត្តិ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ដាក់​គោលដៅ​លើ​ជនបរទេស​រស់នៅ​ខាងក្រៅ​ប្រទេស​កម្ពុជា ។ បុគ្គលិក​ដែល​រត់គេច​ខ្លួន បាន​រាយការណ៍​ថា ពួក​គេ​បាន​ប្រឈមមុខនឹង​ការ​គំរាមកំហែង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត និង​អំ​ពើ​ហឹង្សា​ដែល​ប្រព្រឹត្ត​ដោយ​អ្នកចាប់​បង្ខាំង​ពួក​គេ ។ របាយការណ៍​មួយចំនួន​បង្ហាញថា ភាគច្រើន​នៃ​បរិវេណ​អគារ​ទាំងនោះ​គឺ​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ក៏​មានការ​រំលោភបំពាន​ស្រដៀងគ្នា​នេះ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ផ្សេងទៀត​ផង​ដែរ ។

ការពិត​ដ៏​គ្រោះថ្នាក់​មួយ​នេះ ត្រូវ​បាន​ទទួលស្គាល់​ដោយស្ថាន​ទូត​បរទេស​ជាច្រើន ។ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចេញ​ការព្រមាន​មួយ​ទាក់ទង​នឹង​ស្ថានភាព​ក្នុង​ខែមករា ឆ្នាំ២០២១ ។ ប្រទេស​វៀតណាម​បាន​ព្រមាន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​អំពី​ប្រតិបត្តិ​ការ​បែបនេះ​នៅក្នុង​ខែមិថុនា ឆ្នាំ២០២១ ។ រដ្ឋាភិបាល​ថៃ​បាន​ចេញ​ការព្រមាន​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០២១ ។ ស្ថានទូត​ប៉ាគីស្ថាន ក៏បាន​រាយការណ៍​ថា​ខ្លួន​បាន​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បួន​នាក់​ក្នុង​ខែមករា ឆ្នាំ២០២២ ។ ហើយ​ស្ថានទូត​ចិន​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍ និង​ការព្រមាន​ជាច្រើន​ទាក់ទង​នឹង​ប្រតិបត្តិ​ការ​ទាំងនេះ ។ អាជ្ញាធរ​ថៃ​ក៏បាន​សម្តែង​ការ​ព្រួយបារម្ភ ហើយ​ថ្មីៗនេះ​ពួក​គេ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​អន្តរាគមន៍​ករណី ដែល​ប្រជាពលរដ្ឋ​ថៃ​ត្រូវ​បាន​គេ​ជួញដូរ និង​ជាប់​ក្នុង​បរិវេណ​អគារ​ទាំងនេះ ។

អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​អន្តរជាតិ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បើក​កកាយ​វិបត្តិ​សិទ្ធិមនុស្ស​ទាំងនេះ ក៏ដូចជា​ការ​រាយការណ៍​អំពី​ជនរងគ្រោះ ជនល្មើស និង​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិ​ការ​ទាំងអស់​នេះ ។ របាយការណ៍​មួយចំនួន​បាន​រាយការណ៍​ពី​ការ​ជាប់ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ខ្មែរ​ដ៏​ល្បីឈ្មោះ​មួយ​រូប និង​សមាជិកព្រឹទ្ធសភា​នៃ​គណបក្ស​កាន់អំណាច​មួយ​រូប ដែល​ជាប់ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​មួយចំនួន ។

ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា​មួយចំនួន​បាន​ឆ្លើយតប​នឹង​ពាក្យ​បណ្តឹ​ងរ​បស់​បុគ្គល​មួយចំនួន​តូច ក៏​វិបត្តិ​នេះ​នៅតែ​មិន​អាច​ដោះស្រាយ​ម្ដង​មួយ​ករណី​បែបនេះ​បានទេ ។ ការ​ឆ្លើយតប​រួមគ្នា និង​កំណត់​គោលដៅ​ច្បាស់លាស់ គឺ​ត្រូវការ​ជាបន្ទាន់​ពី​អាជ្ញាធរ​កម្ពុជា អង្គការ​ជាតិ និង​អន្តរជាតិ ស្ថាប័ន​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​ផ្សេងទៀត ដើម្បី​ឆ្លើយតបទៅនឹង​ទំហំ​ដ៏​ធំ​នៃ​វិបត្តិ​នេះ ។ យើងខ្ញុំ​ ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការទទួលខុសត្រូវ​របស់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ​នូវ​ការ​រំលោភបំពាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​ព្រមទាំង​លុបបំបាត់​រាល់​ទីតាំង​ទាំងអស់​ដែល​ជាប់​ទាក់ទង​នឹង​ល្បែងស៊ីសង​ខុសច្បាប់​ ​និង​ប្រតិបត្តិការ​បោកបញ្ឆោត​ ​ក៏ដូចជា​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ ​ទាសភាព​ ​ឬ​ការ​ធ្វើ​ទារុណកម្ម​ ​។​ ​សូម​ធានា​ផង​ដែរ​ថា​ ​អ្នក​ដែល​ជាប់​បង្ខាំង​ខ្លួន​ត្រូវ​បាន​ដោះលែង​ ​និង​ផ្តល់​សុវត្ថិភាព​ជូន​ពួកគាត់​ ​ហើយ​កាត់ទោស​អ្នកទទួលខុសត្រូវ​ទាំងអស់​តាមច្បាប់​កម្ពុជា​ ​។​

ការ​បន្ត​ឱ្យ​កើតមានឡើង​នៃ​ប្រតិបត្តិ​ការ​ទាំងនេះ​គឺជា​សោកនាដកម្ម​មួយ ហើយ​យើង​ពិត​សោក​ស្តាយ​យ៉ាង​ខ្លាំង ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ភាព​អមនុស្សធម៌​បែបនេះ ។ តួអង្គ​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ធា​នា​ភ្លាមៗថា គ្មាន​អ្នកណា​ម្នាក់​ត្រូវ​ប្រឈម​នឹង​អំពើ​ទាសភាព ឬការ​ធ្វើទារុណកម្ម នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ៕

(阅读中文版)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
២. សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
៣. Asian Forum for Human Rights and Development (FORUM-ASIA)
៤. Bytes for All, Pakistan
៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៩. Centre for Human Rights and Development, Mongolia
១០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
១១. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១២. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៣. មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
១៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. Defense of Human Rights & Public Service Trust, Pakistan
១៧. អង្គការសមធម៌កម្ពុជា (EC)
១៨. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២០. Initiativ Kambodja (IK)
២១. International Justice Mission (IJM)
២២. អង្គការ ម្លប់តាប៉ាង
២៣. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
២៤. Odhikar, Bangladesh
២៥. អង្គការស្ពានសន្តិភាព (PBO)
២៦. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
២៧. People's Empowerment Foundation, Thailand
២៨. អង្គការសមាគមធាងត្នោត (STT)
២៩. Society for the Protection of the Rights of the Child (SPARC), Pakistan
៣០. អង្គការតម្លាភាពកម្ពុជា (TI)
៣១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (NGO-CEDAW)
៣២. Suara Rakyat Malaysia (SUARAM), Malaysia
៣៣. Women’s Rehabilitation Centre (WOREC), Nepal
៣៤. Think Centre, Singapore
៣៥. Banglar Manabadhikar Suraksha Mancha (MASUM), India
៣៦. Progressive Voice, Myanmar

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត នាយក​ផ្នែក​កិច្ចការ​ទូទៅ​នៃ​អង្គការ លី​កាដ​ូ, លេខទូរស័ព្ទ៖ (+855) 10 327 770 (ភាសាខ្មែរ)
 លោក Jake Sims នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ International Justice Mission, លេខទូរស័ព្ទ៖ (+855) 12 901 446 (ភាសាអង់គ្លេស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា