ឯកសារ

លិខិតរួមជូន​ចំពោះ​ឯកឧត្តម John F. Kerry រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក

ចេញផ្សាយ ខែមករា ឆ្នាំ២០១៦
F T M
ក្រុមសង្គម​ស៊ីវិល​កម្ពុជា​ អំពាវ​នាវ​ឲ្យ​មាន​យុត្តិធម៌​ លទិ្ធ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទិ្ធ​មនុស្ស នៅ​ថ្ងៃទី​១០ ខែ​ធ្នូ នៅ​រាជ​ធានី​ភ្នំពេញ។

ឯកឧត្តមជាទីគោរពរាប់អាន!

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល​កម្ពុជា​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម សំណូម​ពរ​ដល់​ឯកឧត្តម សូម​ឯកឧត្តម​មេត្តា​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សូមឲ្យ​មាន​ការប្តេជ្ញាចិត្ត​ក្នុង​ការ​អនុវត្ត​នូវ​កាតព្វកិច្ច​គោរព​សិទិ្ធ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យបាន​ល្អ ដើម្បី​ឲ្យមាន​ទំនាក់​ទំនង​ដ៏រឹងមាំ​និង​រីក​ចម្រើន​ជាមួយ​សហរដ្ឋអាមេរិក។ អំឡុងពេល​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​មកកាន់​រាជធានី​ភ្នំពេញ នៅមុន​ពេល​កិច្ច​ប្រជុំ​កំពូល​ពិសេស អាស៊ាន-សហរដ្ឋអាមេរិក នៅ Sunnylands យើងខ្ញុំ​សំណូមពរ​សូម​ឯកឧត្តម មេត្តា​ពិចារណា​លើ​សកម្មភាព​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ការប៉ះពាល់​ដល់​គុណ​តម្លៃ​ជាមូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទិ្ធ​របស់​ប្រជាពលរដ្ឋ​និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

យើងខ្ញុំសំណូមពរដល់​ឯកឧត្តម សូម​មេត្តា​ប្រើប្រាស់​គោលជំហរ​តែមួយ​របស់​ឯកឧត្តម ដើម្បី​អំពាវនាវ​ម្តងទៀត​ដល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រាជរដ្ឋាភិបាល​របស់​សម្តេច ថា រដ្ឋាភិបាល​របស់​ឯកឧត្តម ស្នើឲ្យ​មាន​ការ​គោរពសិទិ្ធ​មនុស្ស និង​លទិ្ធ​ប្រជាធិបតេយ្យ ដែលជា​សរសរ​សំខាន់​មួយនៃ​ចំណង​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ឯកឧត្តម និង​ជា​លក្ខខណ្ឌ​នៃការ​រីកចម្រើន​នៃ​ភាព​ជាដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺចំពេល​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា នៅពេល​ដែល​កំពុង​មានការ​កើនឡើង​នៃភាព​តានតឹង​ខាង​នយោបាយ និង​ការ​គម្រាម​កំហែង​ដល់​សិទិ្ធ​មនុស្ស។ បច្ចុប្បន្ន មនុស្ស​ចំនួន ២៤នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​ចាត់​ទុកថា​ជា​អ្នក​ទោស​នយោបាយ។ អ្នកទាំង​នោះ​រួមមាន សមាជិក​ព្រឹទ្ធសភា​ម្នាក់​មកពី​គណបក្ស​ជំទាស់ មន្ត្រី​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​មួយ​ចំនួន និង​ព្រះសង្ឃ​ពីរអង្គ។

មនុស្សម្នាក់ក្នុងចំណោមអ្នកទោសនយោបាយ​ទាំង​នេះ គឺលោក មៀច សុវណ្ណារ៉ា ដែល​ជា​ពលរដ្ឋ​សញ្ជាតិ​អាមេរិកាំង ហើយ​បច្ចុប្បន្ន​កំពុង​ជាប់ក្នុង​ពន្ធនាគារ​រយៈពេល ២០ឆ្នាំ ពីបទ​ចោទ​ដែល​មិន​ត្រឹមត្រូវ​ស្តីពី​ចលនា​កុបកម្ម បន្ទាប់​ពីឆ្លងកាត់​នីតិវិធី​ច្បាប់​មួយ​ដែល​មិនបាន​គោរព​សិទិ្ធ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ និង​មិន​លំអៀង។

អ្នក​ទោស​នយោបាយ​ទាំង ២៤​នាក់ ត្រូវបានចាប់​ឃុំខ្លួន​នៅពេល​ដែល​ពួកគេ​ទាមទារ​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​អំពាវនាវ​ឲ្យមាន​ការ​គោរព​លទិ្ធ​ប្រជាធិបតេយ្យ ដែល​ករណី​ទាំង​នេះ គឺជា​​ឧទារហណ៍ នៃ​ករណី​​សំខាន់​​បំផុត​​មួយ​ចំនួន​​នៃភាព​​អយុត្តិធម៌​ដែល​​ពលរដ្ឋកម្ពុជា​​បាន​​ជួប​ប្រទះ។

មនុស្សទាំង ២៤នាក់ ត្រូវបានចាប់​ឃុំខ្លួន​នៅពេល​ដែល​ពួកគេ​ទាមទារ​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​អំពាវនាវ​ឲ្យមាន​ការ​គោរព​លទិ្ធ​ប្រជាធិបតេយ្យ ដែល​ករណី​ទាំងនេះ គឺជា​ឧទារហណ៍ នៃករណី​សំខាន់​បំផុត​មួយចំនួន​នៃភាព​អយុត្តិធម៌​ដែល​ពលរដ្ឋកម្ពុជា​បាន​ជួបប្រទះ។ការ​ការពារ​គុណ​តម្លៃ​ទាំងនេះ គឺជា​ស្នូល​នៃរដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ទាំងពីរ សហរដ្ឋ​អាមេរិក និង​កម្ពុជា ហើយ​យើង​ខ្ញុំ​សូម​ស្នើ​ដល់​ឯកឧត្តម សូមមេត្តា​អំពាវនាវ​ម្តង​ទៀតថា​ការ​គោរព​សិទិ្ធ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ គឺជា​បុរេ​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​ការ​ទូត​ដ៏រឹងមាំ​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​ទាមទារ​ឲ្យមាន​ការ​ដោះលែង​មនុស្ស​ទាំង ២៤នាក់ តាមរយៈ​នីតិវិធី​ច្បាប់​ដែលត្រឹមត្រូវ​ស្របច្បាប់។

នៅក្នុងបរិយាកាសនយោបាយ​បច្ចុប្បន្ន លទិ្ធ​ប្រជាធិបតេយ្យ​កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់។ ស្របពេល​ដែល​គោលការណ៍​នីតិរដ្ឋ ត្រូវបាន​គេផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​ត្រូវ​បានគេ​ប្រើប្រាស់​រំលោភ​លើ​មេដឹកនាំ​គណបក្ស​ជំទាស់ ឯកឧត្តម សម រង្ស៊ី អ្នក​តំណាង​រាស្ត្រ​ពីរនាក់​មកពី​គណបក្ស​ជំទាស់ ដែល​ក្នុងនោះ​ម្នាក់​មាន​សញ្ជាតិ​អាមេរិកាំង ត្រូវ​បាន​ក្រុម​កង​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​វាយ​ដំ​យ៉ាងខ្លាំង និង​ជាសាធារណៈ​នៅខាង​ក្រៅ​វិមាន​រដ្ឋសភា នៅថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ ទោះបី​ជាក្នុង​បរិបទ​នៃរឿងរ៉ាវ​នយោបាយ​ថ្មីៗ​នេះមាន​ភាព​តានតឹង​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ក៏ដោយ ក៏ព្រឹត្តិការណ៍​នេះក្លាយ​ជាព្រឹត្តិការណ៍​គ្រោះថ្នាក់​ថ្មីមួយ​ផងដែរ។ ការរំលោភ​បំពាន​ទាំងនេះ បាន​កើតឡើង​នៅខណៈ​ពេល​មានការ​តវ៉ា​ដែលត្រូវ​បាន​រៀបចំ​ឡើង និង​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា មេ​ដឹកនាំ​គណបក្ស​ជំទាស់ និង​ជាអនុ​ប្រធាន​ទី១ រដ្ឋសភា ចុះចេញ​ពី​តំណែង។ ត្រឹមតែ​រយៈពេល​បួនថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការតវ៉ា ឯកឧត្តម កឹម សុខា ត្រូវ​បាន​ដកហូត​ចេញពី​តំណែង​ក្នុង​រដ្ឋសភា​ដោយ​អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​កាន់​អំណាច បន្ទាប់ពី​តំណាង​រាស្ត្រ​មកពី​គណបក្ស​ជំទាស់​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត។ ក្នុង​ចំណោម​អ្នកតវ៉ា​ជាច្រើន​ដែល​ត្រូវបាន​ថតជាប់​នៅពេល​ចូលរួម​វាយប្រហារ​លើតំណាង​រាស្ត្រ​ទាំងពីរ​នាក់ នៃគណបក្ស​ជំទាស់ មាន​តែអ្នក​តវ៉ាចំនួន បីនាក់ មកពី​កងយុទ្ធពល​ខេមរ​ភូមិន្ទ ហើយ​បម្រើ​ការងារ​នៅក្នុង​ទីស្នាក់ការ​កណ្តាល​កងអង្គរក្ស​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ បាន​ក្លាយ​ជាជន​សង្ស័យ ហើយ​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹងការ​រំលោភ​បំពាននោះ។ រហូតមក​ដល់ពេល​នេះ អាជ្ញាធរ​បាន​អះអាងថា​នឹង​មិនស៊ើបអង្កេត​បន្ត​ទៀតទេ ទោះជា​មាន​ភស្តុតាង​យ៉ាង​ច្បាស់​បង្ហាញថា​ការរំលោភ​បំពាន​នោះត្រូវ​បានគេ​រៀបចំ​និង​បញ្ជា​ក៏ដោយ។

យើងខ្ញុំ សូមស្នើសុំឯកឧត្តម សូមមេត្តា​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ដើម្បី​ធានាថា​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​បាន​ស៊ើប​អង្កេត​ឲ្យបាន​ពេញលេញ​និង​មិន​លំអៀង ហើយ​គ្រប់​ជនល្មើស​ទាំងអស់​ដែល​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​គម្រោង បញ្ជា និង​ប្រព្រឹត្ត​អំពើល្មើស​នេះ ត្រូវ​ប្រឈមមុខ​នឹង​យុត្តិធម៌​ពិត​ប្រាកដ និង​មិន​លំអៀង ហើយ​ត្រូវគោរព​និង​ការពារ​គ្រប់​អ្នក​នយោបាយ និង​ស្ថាប័ន​នានា​នៃលទ្ធិ​ប្រជាធិបតេយ្យ។

បន្ថែមលើនេះ គឺជាការព្រួយបារម្ភ​យ៉ាង​ខ្លាំង ដែល​កង​យុទ្ធពល​ខេមរភូមិន្ទ​បាន​ចូលរួម​ជា​សាធារណៈ​នៅក្នុង​ការតវ៉ា​ដែល​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា ចុះចេញ​ពីតំណែង។ នៅខណៈ​ដែល​មេទ័ព​ជាន់ខ្ពស់​ពីររូប បាន​ចេញ​នូវលិខិត​ផ្លូវការ​មួយប្រឆាំង​ជា​ឱឡារិក​លើ​ឯកឧត្តម កឹម សុខា កងទ័ព​ជាច្រើន​បានចេញ​មុខតាម​ទូរទស្សន៍​ជាតិ ដោយ​មានការ​ដើរក្បួន និង​លើក​បដា​អំពាវនាវ​ឲ្យ​ឯកឧត្តម កឹម សុខា ចុះ​ចេញ​ពីតំណែង។ ការប្រកាស​ក្រោយ​មកទៀត​បាន​សន្យាថា កងទ័ព​នឹង​គាំទ្រ​គណបក្ស​កាន់​អំណាច។ កងទ័ព គឺមាន​ការជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ដែល​ជាបញ្ហា​កំពុង​កើត​មាន​ឡើង​ស្ទើរ​ទូទាំង​ប្រទេស និង​ជាមួយ​នឹងការ​ប្រកប​អាជីវកម្ម​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ កង​យោធា​ដែលមាន​ពាក់ព័ន្ធ​នឹង​នយោបាយ គឺមិន​ត្រូវ​កើត​មាន​នោះទេ​នៅក្នុង​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។ យើងខ្ញុំសូម​សំណូមពរ​ដល់​ឯកឧត្តម សូម​មេត្តា​ផ្តោត​ទៅលើ​ចំណុច​នេះ នៅក្នុង​អំឡុង​ពេលការ​ពិភាក្សា​របស់​ឯកឧត្តម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។

នៅមុនពេលកិច្ចពិភាក្សាអាស៊ាន គឺមាន​សារៈ​សំខាន់​ដែល​សិទិ្ធមនុស្ស នៅតែ​ជាចំណុច​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ យើងខ្ញុំ សំណូមពរ​ដល់​ឯកឧត្តម សូម​មេត្តា​លើក​ឡើង​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ថាការ​គោរព​សិទិ្ធ​មនុស្ស គឺជា​លក្ខខណ្ឌ​តម្រូវ​ដែល​មិន​អាច​ចែក​ដាច់​បាន​សម្រាប់​ការរីក​ចម្រើន​នៃលទិ្ធ​ប្រជាធិបតេយ្យ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។ ច្បាប់ថ្មី​ជាច្រើន​ដែល​មានលក្ខណៈ​គាប​សង្កត់ រួមមាន​សេចក្តីព្រាង​ច្បាប់​ស្តីពី​សហជីព​ពាណិជ្ជកម្ម នឹង​បង្កើត​ឲ្យមាន​ស្ថានភាព​រឹតត្បិត ដោយ​មិន​ត្រឹមតែ​នឹង​បង្ក​ផលវិបាក​ដល់​កម្មករ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​នឹង​ធ្វើឲ្យ​មាន​ការរារែក​ពីអ្នក​វិនិយោគ​ទុន​នៅក្នុង​ទីផ្សារ​ការងារ ដែល​ជាផ្នែក​សំខាន់​មួយក្នុង​ចំណោម​ផ្នែក​សំខាន់​ជាច្រើន​ទៀត​ក្នុងវិស័យ​សេដ្ឋកិច្ច​កម្ពុជា។ ប្រទេស​កម្ពុជា ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​នៅ​ពេល​ដែល​មានការ​តវ៉ា​របស់​កម្មករ​កើតឡើង​ស្ទើរ​តែរាល់​ថ្ងៃនា​ពេល​បច្ចុប្បន្ន​នេះ ស្ថាន​ភាព​នេះ​មាន​សារៈ​សំខាន់​ដែល​រដ្ឋាភិបាល​របស់​ឯកឧត្តម ប្រើប្រាស់​ឋានៈ​របស់​ឯកឧត្តម​ដើម្បី​ប្រកាស​ជាថ្មី​ថា សកម្មភាព​គាប​សង្កត់​របស់​អាជ្ញាធរ​រដ្ឋ ការប្រកប​មុខ​ជំនួញ​ខុស​ច្បាប់​ជាច្រើន និង​លក្ខខណ្ឌ​ការងារ​មិនល្អ មិន​អាច​នាំមក​នូវការ​វិនិយោគ ឬកំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តភាព​នោះទេ។

យើងខ្ញុំសូមសំណូមពរម្តងទៀត សូម​ឯកឧត្តម​ប្រើប្រាស់​ឥទ្ធិពល​របស់​ឯកឧត្តម​ក្នុង​ឋានៈ​ជារដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​តំណាង​ឲ្យដៃគូ​ពាណិជ្ជកម្ម​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​កាតព្វកិច្ច​របស់​ខ្លួន​តាម​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ជា​លក្ខខណ្ឌ​មូលដ្ឋាន​មួយ​នៃទំនាក់ទំនង​ការ​ទូតដ៏រឹងមាំ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា។

សូមឯកឧត្តម មេត្តា​ទទួល​នូវ​ការ​រាប់​អាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​អំពី​យើងខ្ញុំ។

សហគមន៍បន្ទាយស្រី (BS)
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
សហភាពការងារកម្ពុជា (CLC)
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
បណ្តាញកសាងសន្តិភាព (CPN)
អង្គការសមធម៌កម្ពុជា (EC)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
អង្គការស្ពានសន្តិភាព (PBO)
សមាគមធាងត្នោត (STT)
សហគមន៍សាមគ្គី
អង្គការធម្មទានសង្គម (SDDO)
គណៈកម្មាធិការនៃអង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ (NGO-CEDAW)
បណ្តាញព្រះសង្ឃវត្តថាន់

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា