កម្រង​រូបភាព

អាជ្ញាធរ​រារាំង​ក្រុម​យុវជន​ ​ព្រះ​សង្ឃ​ និង​អ្នក​គាំទ្រ មិនឱ្យ​រៀប​ចំ​ពិធី​បុណ្យ​រំលឹក​ខួប ៤​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

ចេញផ្សាយ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២០
F T M

អស់​រយៈ​ពេល​ ៤​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​អ្នក​វិភាគ​នយោបាយ​ និង​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ នៅ​ខណៈ​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ​នៅ​ព្រឹក​មួយដូច​សព្វ​ដង នៅហាងកាហ្វេ​ ស្តារម៉ាត របស់ស្ថានីយ​ប្រេង​ឥន្ធនៈ​ កាល់​តិច ស្តុបបូកគោ ។ នៅ​ថ្ងៃ​នេះ ហាង​កាហ្វេ ស្តារម៉ាត ត្រូវបាន​បិទ​ទ្វារ​ និង​រឹតបណ្តឹង​ដោយ​កង​សន្តិសុខ​ជាច្រើននាក់ ។ ប៉ុន្តែ​ទោះបី​ជា​មាន​ការ​រឹត​ត្បឹត​​មិន​ឱ្យមាន​ការ​រំលឹក​ខួប​ ៤​ឆ្នាំ នៅ​ក្នុង​ហាង​កាហ្វេ​ក៏​ដោយ​ ក៏អតីត​មិត្ត​ភក្តិ​​និង​ក្រុម​ការងារ​របស់​លោក និងអ្នក​ការ​ពារ​សិទិ្ធ​មនុស្ស បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ពីរ​បី​ថ្ងៃ​មុន​ពេល​ថ្ងៃ​ខួប​ ៤​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត ។


កាលពី​ថ្ងៃ​ពុធ​ ​ទី៨​ ខែកក្កដា​ កងកម្លាំង​សន្ដិសុខ​បានស្រាក់ដៃគ្នា ​ដើម្បីរារាំង​ព្រសង្ឃ​ និងសកម្មជន​វ័យក្មេង​ មិនឱ្យប្រារព្ធ​ពិធីបួងសួង​ឧទ្ទិសកុសល​ដោយសន្ដិវិធី​ នៅទីតាំង​ដែលលោក​បណ្ឌិត​ កែម ឡី ​ត្រូវបានបាញ់សម្លាប់​ ។ យុវជន​វ័យក្មេងម្នាក់​ ដែលពាក់អា​វ​រូបលោក​បណ្ឌិត​ កែម ឡី ​ត្រូវបាន​ឃាត់ខ្លួនភ្លាមៗ​ ព្រមទាំង​ឱ្យធ្វើកិច្ចសន្យា​ដោយនគរបាលខណ្ឌ ។



នៅថ្ងៃបន្ទាប់​ កងនគរបាល​ប្រដាប់​ដោយកាំភ្លើង​ជាច្រើននាក់​បានរាំងខ្ទប់ ​ក្រុមសកម្មជន​យុវជន​ មិនឱ្យ​ធ្វើដំណើរ​ទៅកាន់​ផ្ទះគ្រួសារ​លោកបណ្ឌិត​ កែម ឡី ​នៅខេត្តតាកែវ ។​ នៅថ្ងៃនេះដែរ​ កងនគរបាល​ និងមន្ត្រីអាវុធ​ហត្ថជាច្រើន ​ត្រូវបាន​ដាក់ពង្រាយ​ ដើម្បីរារាំង​ក្បួនដង្ហែ​របស់ព្រះសង្ឃ​ សកម្មជន​ និងអ្នកគាំទ្រ​របស់អ្នកវិភាគ​ដែលត្រូវបាន​បាញ់សម្លាប់រូបនេះ ​មិនឱ្យដង្ហែក្បួន​ដោយសន្ដិវិធី ​នៅលើផ្លូវដដែល​នោះទេ ។​ ទោះបីជា​យ៉ាងណាក៏​ដោយ ក៏ពួកគាត់​នៅតែបន្តដំណើរ​ដោយថ្មើរជើង ។



ក្រុមអ្នក​ធ្វើការងារ​សិទ្ធិមនុស្ស​នៅតែបន្តស្នើសុំដោយ​ទទូចឱ្យអាជ្ញាធរ​ បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យមួយ​ ដើម្បីធ្វើការ​ស៊ើបអង្កេត​ឱ្យបានពេញលេញ​ទៅលើឃាតកម្ម​លោកបណ្ឌិត​​ កែម ឡី ​ក៏ដូចជា​បញ្ឈប់ការ​គំរាមកំហែង​ និង​ការធ្វើទុក្ខ​បុកម្នេញ​ទាំងអស់​ទៅលើ​ប្រជាពលរដ្ឋដែល​ធ្វើបុណ្យ​រំលឹកខួប​នៃឃាតកម្មរបស់​​លោកបណ្ឌិត​ដោយសន្ដិវិធី ៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា