អត្ថបទ

ថ្ងៃប្រារព្ធទិវា​ពិភពលោក​ប្រឆាំងពលកម្ម​កុមារ ពលកម្ម​កុមារនៅក្នុង​សិប្បកម្មឡឥដ្ឋ

ចេញផ្សាយ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៥
F T M

ដើម្បីរំលឹកខួបទិវាពិភពលោក​​ប្រឆាំង​​ពលកម្ម​កុមារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៥ នេះ អង្គការ​​លីកាដូ​នឹង​​ផ្សព្វផ្សាយ​នូវ​សាច់​រឿង​​នៃ​ដំណើរ​ជីវិត​​ផ្ទាល់ខ្លួន​របស់​កុមារ ៥ នាក់ និង មនុស្ស​​ពេញ​វ័យ​ម្នាក់ ដែល​បម្រើ​​ការងារ​នៅក្នុង​​សិប្បកម្ម​​ឡឥដ្ឋ ក្នុង​ស្រុក​អូរាំង​ឳ ខេត្ត​ត្បូង​ឃ្មុំ (អតីតផ្នែក​មួយ​​នៃ​ខេត្ត​​កំពង់​ចាម) និង​​ភូមិ​ព្រះ​​ប្រសប់ ក្នុង​ខេត្ត​​កណ្តាល។ សាច់រឿង​នេះ​​ផ្តល់​នូវ​ទិដ្ឋភាព​ខ្លះៗ​នៃ​​ពលកម្ម​​​កុមារ​​នៅ​ក្នុង​​​សិប្បកម្ម​ឡឥដ្ឋ ដែល​ត្រូវ​បាន​ចាត់ទុក​​ជាទម្រង់​​អាក្រក់​បំផុត​​មួយ​នៃ​​ពលកម្ម​កុមារ ហើយ​ដែល​មាន​ឥទ្ធិពល​​ជា​អវិជ្ជមាន​​ចំពោះ​កុមារ។ សាច់រឿង​​របស់​មនុស្ស​​ពេញវ័យ​ម្នាក់​​ត្រូវបាន​​ដាក់បញ្ចូល ដើម្បី​ផ្តល់​​នូវបរិបទ សម្រាប់​សាច់រឿង​របស់​កុមារ និង​​ដើម្បី​បង្ហាញ​ពី​មូលហេតុ​​សំខាន់ៗ​មួយ​ចំនួន ដែល​នាំឲ្យ​​កុមារ​ធ្វើការ​នៅក្នុង​សិប្បកម្ម​​ឡឥដ្ឋ។

កុមារធ្វើការនៅក្នុង​សិប្បកម្ម​ឡឥដ្ឋ ដោយសារ​​តែឳពុក​ម្តាយ​​របស់​កុមារនោះ​ក៏ធ្វើការ​ជាកម្មករ​​នៅក្នុង​សិប្បកម្ម​​ឡឥដ្ឋ​នោះ​ផង​ដែរ។​ ជាពិសេស ឳពុកម្តាយ​​របស់​កុមារ​ចាប់ផ្តើម​​ធ្វើការ​នៅក្នុង​សិប្បកម្ម​​ឡឥដ្ឋ ពីព្រោះ​ពួកគាត់​​ជំពាក់​ប្រាក់​ម្ចាស់​​សិប្បកម្ម​ឡ​ឥដ្ឋ​នោះ។​ ជាធម្មតា បំណុល​ទាំងអស់​នេះ​បាន​កើនឡើង ដោយសារ​​ពួកគាត់​មាន​​ជំងឺ ឬ មាន​របួស។

គ្រួសារមួយធ្វើការនៅឡឥដ្ឋ​​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ ស្រ្តី​ជាម្តាយ​​បាន​បាត់បង់​ដៃស្តាំ​​របស់​គាត់​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ពីគ្រោះ​ថ្នាក់​ដោយ​សារ​ម៉ាស៊ីន​​ផលិត​ឥដ្ឋ​នៅ​ឯ​ឡឥដ្ឋ​មួយ​​កន្លែង​ផ្សេង​ទៀត។ ចំណែក​ឪពុក​​មាន​ជំងឺ​រ៉ាំរ៉ៃ​អស់​រយៈពេល​មួយ​ឆ្នាំ​​មកហើយ ហើយ​ទៅ​មន្ទីរពេទ្យ​​ចំនួន​ពីរទៅ​បីដង​​ក្នុង​មួយ​ឆ្នាំ។ គាត់​មិនអាច​​ធ្វើការ​បាន​ទេ។ ហេតុ​ដូច្នេះ​​ហើយ កូន​តូចៗ​​របស់​គាត់ ត្រូវ​តែ​ជួយ និង​ខិតខំ​​ប្រឹង​ប្រែង​​ធ្វើឥដ្ឋ​ដើម្បី​​រកប្រាក់​ចំណូល។ ប្រាក់​ចំណូល​មួយ​ផ្នែក​របស់​​គ្រួសារ ត្រូវ​ទុកសង​បំណុល​​ម្ចាស់​ឡឥដ្ឋ។ បំណុល​របស់​​គ្រួសារ​នេះ​​កាន់តែ​ច្រើន​ឡើង ដោយសារ​តែ​ការ​ឈឺ និង​ការ​រង​​របួស​របស់​សមាជិក​​គ្រួសារ។

បញ្ញា, បុរសជាកម្មករ​ឡឥដ្ឋ អាយុ ៣៧ ឆ្នាំ ម្នាក់
ខ្ញុំបាន​ធ្វើការ​​នៅក្នុង​ឡឥដ្ឋ​​អស់​រយៈពេល​ជាង ២០ឆ្នាំ មក​ហើយ ពីព្រោះ​នៅឯស្រុក​កំណើត​​របស់​ខ្ញុំ ខ្ញុំអត់​មាន​ដីធ្លី និង​លំនៅ​ឋាន។ ខ្ញុំមិន​ដឹង​​ត្រូវ​ធ្វើអ្វី​នោះទេ។

ខ្ញុំបានចាប់ផ្តើម​ធ្វើការនៅក្នុងឡឥដ្ឋ បន្ទាប់ពីខ្ញុំ​​បាន​ខ្ចីលុយ​ពីម្ចាស់​​ឡឥដ្ឋ​មួយ ដើម្បី​ទូទាត់​ថ្លៃ​​ព្យាបាល​កូន​​របស់ខ្ញុំ។ ចំនួន​ប្រាក់​កម្ចី​នេះ បាន​កើន​ឡើង​​ដល់​ទៅ ១.២០០ ដុល្លារ​អាមេរិក បន្ទាប់​ពីខ្ញុំ​​បាន​ខ្ចីកាន់​តែ​​ច្រើន​ថែម​ទៀត ដើម្បី​ទូទាត់​​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​នានា។ ខ្ញុំបាន​​ធ្វើការ​អស់​​រយៈពេល ១៨ ឆ្នាំ នៅក្នុង​ឡ​ឥដ្ឋ​មួយ​នេះ។

ខ្ញុំបានផ្លាស់មកធ្វើការនៅ​​ឡឥដ្ឋ​បច្ចុប្បន្ននេះ បាន​បីឆ្នាំ​​ហើយ។​ ខ្ញុំ បាន​ស្នើសុំ​ដល់​​ម្ចាស់​ឡថ្មីនេះ ឲ្យជួយ​សង​ប្រាក់​ចំនួន ១.២០០ ដុល្លារ ដែលខ្ញុំ​បាន​​ជំពាក់​ម្ចាស់​​ឡឥដ្ឋ​ចាស់។ ខ្ញុំបាន​ផ្តិត​មេដៃ ដើម្បី​ធ្វើការ​​ខ្ចីប្រាក់​ពីម្ចាស់​​ឡឥដ្ឋ​ថ្មីនេះ។

រាល់ពេលដែលខ្ញុំ​ចង់ចាក​​ចេញពី​ម្ចាស់​ឡ​ឥដ្ឋ​ចាស់ ម្ចាស់​ឡឥដ្ឋ​នេះ ធ្លាប់បាន​ហៅ​​នគរបាល ដូចនេះ​ខ្ញុំ​មិន​អាច​​និយាយ​អ្វី​បាន​ច្រើន​នោះ​ទេ។ ពួកនេះ​តែងតែ​​បន្ថែម​នូវចំនួន​​ប្រាក់កម្ចី តាមតែ​ចិត្តគេ​ចង់។

ខ្ញុំអាចរកបានប្រហែល ១២,៥ ដុល្លារអាមេរិក ក្នុង​មួយថ្ងៃ។ ខ្ញុំអត់​មាន​កិច្ចសន្យា​​ការងារ​នោះទេ។ ប្រសិន​បើខ្ញុំ​​នៅធ្វើការ​ទីនេះ​រយៈ​ពេល ៣ឆ្នាំ ម្ចាស់​ឡឥដ្ឋ​នឹង​​មិន​បន្ថែម​នូវចំនួន​​ប្រាក់​កម្ចី​នោះទេ។ ម្ចាស់​ឡឥដ្ឋ​ថ្មីនេះ មាន​ចិត្តល្អ។ នៅពេល​នរណា​ម្នាក់​ក្នុង​ចំណោម​​ពួក​យើង​មានជំងឺ គាត់​តែងតែ​​បញ្ជូន​យើង​ទៅ​​មន្ទីរ​ពេទ្យ ទោះបី​ជាពេល​យប់​​ក៏ដោយ។ ម្ចាស់​ឡឥដ្ឋ​​ថ្មីនេះ​ជួយបង់​ថ្លៃ​ចំណាយ​ដូចជា ថ្លៃទឹក ថ្លៃផ្ទះ និង​ថ្លៃអគ្គីសនី​​ជាដើម។

នៅទីនេះ ការងារខ្ញុំជីកដីឥដ្ឋ ដឹកឥដ្ឋ និង​ជួយ​ជួស​ជុល​ម៉ាស៊ីន។ ខ្ញុំចំណាយ​​ប្រាក់​ប្រមាណ ៣០.០០០ រៀល (៧,៥ ដុល្លារ) សម្រាប់​កូនៗ និង​​ម្ហូប​អាហារ​​ប្រចាំថ្ងៃ។ កូនរបស់​ខ្ញុំជួយ​​ការងារ​ខ្ញុំ បន្ទាប់ពី​ចេញ​ពី​សាលារៀន ដូចជា​យក​ឥដ្ឋ​ចេញ​ពីឡ និង​ដឹក​ឥដ្ឋ​​ដោយ​រទេះរុញ។ កូនៗ​​របស់ខ្ញុំ​ជួយខ្ញុំ នៅពេល​ដែល​​ពួកគេ​មានពេល​​ទំនេរ​ប៉ុណ្ណោះ។ ខ្ញុំមិនបាន​​បង្ខំ​ពួកគេ​​ឲ្យធ្វើ​ការងារ​នោះ​ទេ។ ខ្ញុំសុំ​ពួក​គេ​ឲ្យជួយ ពីព្រោះ​​មានឡាន​ដឹក​​ឥដ្ឋ​ជាច្រើន​រង់ចាំ​​ដាក់​ឥដ្ឋ។

ចាប់តាំងពីគ្រួសារខ្ញុំ​ធ្វើការ​នៅទីនេះ មិនមាន​​​សមាជិក​​គ្រួសារ​​​ណាម្នាក់ រងរបួស​​នោះទេ។ យើង​​មិនបាន​​​អនុញ្ញាត​​ឲ្យ​កូនៗ​របស់​យើង​​នៅក្បែរ​ម៉ាស៊ីន​​ឡើយ។

ខ្ញុំក៏បានលឺអំពីពលកម្មកុមារដែរ។ ខ្ញុំដឹងថា កុមារអាយុ​​ក្រោម ១៨ឆ្នាំ មិនត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ធ្វើ​​ការងារ​​នោះទេ ដោយ​យោង​តាមច្បាប់។ ខ្ញុំមិន​ចង់​ឲ្យ​កូន​របស់​ខ្ញុំ​ជួយ​ធ្វើការងារ​​នេះ​នោះទេ ប៉ុន្តែខ្ញុំ​ត្រូវការ​​ជំនួយ ដើម្បី​បង្កើន​​ល្បឿន​ការងារ ក្នុងការ​​​ធ្វើ​ឥដ្ឋ​ឲ្យ​​បាន​​គ្រប់​ចំនួន​​​ដែលបាន​កំណត់។

ខ្ញុំអត់បានធ្វើគម្រោងអ្វី​សម្រាប់​អនាគតកូន​​របស់ខ្ញុំ​នោះទេ ប៉ុន្តែ​ខ្ញុំចង់​ឲ្យពួក​គេ​​ចូល​សាលារៀន ដូចនេះ​ពួកគេ​​នឹងមិន​ពឹង​ផ្អែក​លើ​ខ្ញុំទេ ព្រោះខ្ញុំ​មិនមាន​​អ្វីទាល់​តែសោះ។ ខ្ញុំមានភាព​ធុញទ្រាន់​​នឹង​ការងារនេះ បន្ទាប់ពី​ធ្វើការ​​អស់​រយៈពេល​​ជាង ២០​ឆ្នាំ​មក​ហើយ។ ខ្ញុំនឿយ​ហត់ ដូច្នេះ ខ្ញុំមិន​ចង់ឲ្យ​​កូន​របស់ខ្ញុំ​មានការ​​លំបាក​ដូចជា​​ខ្ញុំនោះ​ទេ។ ខ្ញុំបាន​ប្រាប់ឲ្យ​​កូន​របស់ខ្ញុំ​ខិតខំ​​រៀន​សូត្រ។ មធ្យោបាយ​​តែមួយ​គត់​ដែល​ពួក​គេ​អាចនឹង​ឈប់​​ធ្វើការ​នៅក្នុង​ឡឥដ្ឋ​នេះ គឺចូល​​សាលា​រៀន មាន​ចំណេះដឹង និង​ស្វែងរក​ការងារ​ល្អធ្វើ។

នៅពេលដែលខ្ញុំ​សង​ប្រាក់​​កម្ចី​ដល់​ម្ចាស់​ឡឥដ្ឋ​​នេះរួច​រាល់ គ្រួសារ​របស់​យើង​នឹង​ឈប់​​រស់នៅ​ក្នុង​​ឡឥដ្ឋ​ទៀត​ហើយ។

កុមារចូលរួម​នៅក្នុង​គ្រប់​តំណាក់​កាល​នៃ​ដំណើរការ​​ផលិតឥដ្ឋ រួម​មាន​ការ​ជីកដី​ឥដ្ឋពី​​ក្នុង​គំនរដី ដាក់​ដីឥដ្ឋ​ចូលទៅ​ក្នុង​ម៉ាស៊ីន​​ផលិតឥដ្ឋ​​តូចធំ ដឹកឥដ្ឋ​​ដោយ​ប្រើ​រទេះ​​ឈើ ឬរ៉ឺម៉ក់ ឬដោយ​​ប្រើត្រាក់ទ័រ ដាក់​ឥដ្ឋ​ហាល​ថ្ងៃ ដឹក​ឥដ្ឋ​ដែល​​ហាល​ថ្ងៃស្ងួត​​ចូល​ក្នុងឡ ពុះអុស​​សម្រាប់​ដាក់​ដុត​ក្នុងឡ បិទ​ម៉ាត់ឡ​​ដោយ​ដីឥដ្ឋ និង​លើក​ឥដ្ឋ​ដែល​ដុតឆ្អិន​ដាក់​​លើ​រថយន្ត។

ក្មេងប្រុសម្នាក់អូសរទេះ​ឈើមួយដែលផ្ទុក​ទៅដោយដីឥដ្ឋ។

ណាវ៉េត , កុមារអាយុ ១៥ ឆ្នាំ ដែល​ជា​កម្មករ​​ឡឥដ្ឋ​ម្នាក់
ខ្ញុំចាប់​ផ្តើម​​ធ្វើការ​​នៅក្នុង​​ឡឥដ្ឋ​​នេះនៅ​​ម៉ោង ៧ ព្រឹក។ ខ្ញុំធ្វើការ​​ដល់​​ម៉ោង ១០ ព្រឹក។ ខ្ញុំសម្រាក​នា​ពេល​ថ្ងៃត្រង់ ហើយ​ចាប់ផ្តើម​ធ្វើការ​វិញ​នៅ​ម៉ោង ១ រសៀល រហូត​ដល់​​ម៉ោង ៥ ល្ងាច។

ខ្ញុំឈប់រៀន​នៅថ្នាក់​ទី៦ ពីព្រោះ​​ឳពុកម្តាយ​​ខ្ញុំឲ្យ​ខ្ញុំទៅ​​មើលគោ​រ​បស់​​ជីតាខ្ញុំ។ បន្ទាប់មក ខ្ញុំក៏​មក​ធ្វើការ​​នៅក្នុង​​ឡឥដ្ឋ ជា​កន្លែង​ដែល​ឳពុក​ម្តាយ​​ខ្ញុំ​រស់នៅ។ ខ្ញុំមិនចង់​​ទៅ​​សាលា​រៀន​ទេ ព្រោះ​ខ្ញុំ​ខ្មាស់គេ​​ណាស់។

នៅក្នុងឡឥដ្ឋ ខ្ញុំជីកដី ពុះអុស​​សម្រាប់ដុត​​ក្នុងឡ បិទ​មាត់​ឡ​ដោយ​​ប្រើដី​​សើម និង​ចាក់សាំង​​ចូល​ក្នុង​​ម៉ាស៊ីន​​ផលិត​ឥដ្ឋ។ ខ្ញុំជួយ​ឳពុក​ម្តាយ​ខ្ញុំ ព្រោះ​ពួក​​យើង​​ក្រីក្រ ហើយ​ត្រូវការ​​រកប្រាក់។ ការងារ​ដែល​​លំបាក​បំផុត​​សម្រាប់ខ្ញុំ គឺបិទ​មាត់ឡ​​ដោយ​ប្រើ​ដី​សើម។

នៅពេលទំនេរ ខ្ញុំសម្រាក ឬនិយាយ​​ជាមួយ​បងប្អូន​​តាម​ទូរស័ព្ទ

គ្រប់​កុមារ​ទាំងអស់ ដែល​ត្រូវ​បាន​សម្ភាស បានដឹង​អំពី​​លក្ខខណ្ឌ​​ការងារ​ដែល​ងាយ​គ្រោះ​ថ្នាក់​​នៅក្នុង​ឡឥដ្ឋ។ លក្ខខណ្ឌ​​ទាំងនេះ​រួមមាន កំដៅ​​ព្រះអាទិត្យ និង​​កំដៅ​ឡឥដ្ឋ ការធ្វើ​​ការងារ​ច្រើន​ម៉ោង ការភ្ញាក់​ពីដំណេក​ពីព្រលឹម ការប្រើប្រាស់​​ម៉ាស៊ីន​ដែល​​ងាយ​គ្រោះថ្នាក់ ការលើក​វត្ថុធ្ងន់ៗ និង​ការ​បិទ​ឡជាមួយ​​ដីសើម។

ក្មេងប្រុសម្នាក់ជីកដីឥដ្ឋ​ដាក់​​ចូល​ក្នុង​ម៉ាស៊ីន​​ធ្វើ​ឥដ្ឋតូច​មួយ។ ក្មេងៗ និង​មនុស្ស​​​ពេញ​វ័យ ដែល​ធ្វើការ​​ជាមួយ​នឹង​ម៉ាស៊ីន​ធ្វើ​ឥដ្ឋ​ប្រឈម​នឹង​​ការ​រងរបួស​ធ្ងន់ធ្ងរ​ប្រសិន​បើ​អ្នក​ទាំងអស់​នោះ​មិនមាន​ការ​​ប្រុង​ប្រយ័ត្ន។

សុវណ្ណ, កម្មករ​ឡឥដ្ឋ​​ដែលជា​កុមារា​​អាយុ ១៥ឆ្នាំ ម្នាក់
ខ្ញុំក្រោក​ពី​​ដំណេក​​ម៉ោង ៦ ព្រឹក ដើម្បី​ធ្វើ​ការងារ។ ការងារ​របស់​ខ្ញុំ​គឺដឹកឥដ្ឋ​​ទៅ​ហាល​លើ​កម្រាល​​កៅស៊ូ​ក្រោម​​កំដៅថ្ងៃ។ ខ្ញុំក៏​ធ្វើការ​​ជាអ្នក​ជីក​​ដីឥដ្ឋ ដាក់​ដីឥដ្ឋ​​នោះចូល​​ក្នុង​ម៉ាស៊ីន​​ផលិតឥដ្ឋ និង​​ជញ្ជូន​ឥដ្ឋ​ដាក់​លើ​​រថយន្ត​ផង​ដែរ។ ខ្ញុំរក​ប្រាក់​​បាន ១,៥០០ រៀល (០,៤០ដុល្លារអាមេរិក) ក្នុង​មួយថ្ងៃ ប្រសិន​បើខ្ញុំ​​ហាលឥដ្ឋ​បាន​ច្រើន​លើ​កម្រាល​​កៅស៊ូនោះ។ ខ្ញុំធ្វើ​ការងារ​នេះ​​ដោយសារ​តែក្រុម​គ្រួសារ​​របស់ខ្ញុំ​ត្រូវការ​​សង​បំណុល។

កាលពីមុន មានម៉ាស៊ីនសម្រាប់​លាយ​ដីឥដ្ឋ​​បញ្ជូលគ្នា។ ប៉ុន្តែ​ឥឡូវនេះ មិនមាន​​ម៉ាស៊ីន​នោះទេ ហេតុ​ដូច្នេះ វាមាន​​ការ​លំបាក​ជាងមុន ក្នុងការ​ធ្វើ​ដីឥដ្ឋ​ឲ្យក្លាយ​ទៅ​ជា​ឥដ្ឋ។ ខ្ញុំធ្វើការ​នៅទីនេះ ដោយសារ​តែ​ម្តាយ​របស់​ខ្ញុំ​បាន​ខ្ចីប្រាក់​គេ។ ខ្ញុំធ្វើការ​​នៅទីនេះ ដោយសារ​​ក្រុមគ្រួសារ​​របស់ខ្ញុំ​​រស់នៅ​ទីនេះ។

ខ្ញុំមានពេលតិចតួចណាស់​សម្រាប់ការ​កំសាន្ត។ ខ្ញុំចូលចិត្ត​លេង​បាល់​ទាត់​​ដើម្បីជា​ការ​​កំសាន្ត។ ជួនកាល ខ្ញុំលេងល្បែង​​កំសាន្ត​ជាមួយ​នឹង​​ក្មេងៗដ៏ទៃ​ទៀត។ ខ្ញុំនៅរៀន​​នៅសាលា​​នៅឡើយ។ ខ្ញុំរៀន​ថ្នាក់ទី៥។ ខ្ញុំជិះកង់​ទៅ​​សាលារៀន​​​ជា​រៀង​រាល់​​​ថ្ងៃ ហើយ​ខ្ញុំចំណាយ​ពេល​​​​​​​​៥នាទី ប្រសិន​បើខ្ញុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជិះកង់​លឿន។ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាលារៀន ខ្ញុំមិន​ដែល​​បាន​រៀន​អំពី​សិទ្ធិ​កុមារ ឬ ពលកម្ម​​កុមារ​នោះ​ឡើយ។

នៅពេលខ្ញុំធំឡើង ខ្ញុំចង់ធ្វើ​ជាកម្មករ​​សំណង់ ជាង​ផ្សារដែក ឬធ្វើ​លូ​ស៊ីម៉ង់ត៍។ ការងារ​​ទាំងអស់​នេះ​​គឺមាន​ភាព​ងាយស្រួល​ជាង​ការងារ​នៅ​ឡឥដ្ឋ ពីព្រោះ​នៅឡឥដ្ឋ​ខ្ញុំ​ប្រឈម​មុខ​នឹង​ការ​ចូលដៃ​របស់ខ្ញុំ​ទៅ​ក្នុង​ម៉ាស៊ីន និង​អាច​រងរបួស។ ខ្ញុំចង់​ធ្វើការ​នៅ​​ធនាគារ ឬ ក៏ធ្វើ​ជាវេជ្ជបណ្ឌិត ប៉ុន្តែខ្ញុំ​ត្រូវខិតខំ​​រៀន​សូត្រ។

ទោះបីមាន​មហិច្ឆតា​​ចង់មាន​ជីវិត​​ប្រសើរ​ជាង​នេះ​ក៏ដោយ ក៏កុមារ​ជាច្រើន​ពេល​ធំឡើង បន្តធ្វើការ​នៅ​​ក្នុង​ឡឥដ្ឋ ដូច​ឪពុក​ម្តាយ​​​របស់​គេ បន្តរស់​នៅ​ក្នុង​ភាពក្រីក្រ និង​ជំពាក់បំណុល​​ម្ចាស់​ឡឥដ្ឋ។

ក្មេងម្នាក់បានរងរបួសដៃ​ខាងឆ្វេងដែល​បណ្តាលមកពី​គ្រោះថ្នាក់ដោយសារ​ម៉ាស៊ីនធ្វើឥដ្ឋ។

ស្រីមុំ, 14កម្មករឡឥដ្ឋដែលជាកុមារីអាយុ ១៤ឆ្នាំ ម្នាក់
ខ្ញុំគឺជាកូន​ទីបី​នៅក្នុង​​ក្រុម​គ្រួសារមួយ។ ខ្ញុំបាន​ធ្វើការនៅ​ឡឥដ្ឋ​​អស់រយៈពេល ៣ឆ្នាំ​មក​ហើយ។ ជួនកាល​ខ្ញុំធ្វើការ ហើយ​ជួនកាល​ខ្ញុំមិន​ធ្វើការ​នោះទេ។ ព្រឹកឡើង ខ្ញុំក្រោក​​ពីដំណេក ហើយ​សម្អាតផ្ទះ។ នៅឯ​ឡឥដ្ឋ ខ្ញុំជួយ​ម្តាយ​របស់​ខ្ញុំ​ក្នុងការ​ដឹកឥដ្ឋ​ចេញ​ពីម៉ាស៊ីន។ ការងារ​ដែល​ងាយ​គ្រោះថ្នាក់​បំផុត គឺដាក់​ដីឥដ្ឋ​ចូល​ក្នុងម៉ាស៊ីន​​ផលិតឥដ្ឋ។ នៅឯឡ​ឥដ្ឋមុន ជាឡ​ដែល​ក្រុម​គ្រួសារ​របស់ខ្ញុំ​ធ្លាប់​បាន​រស់នៅ មិនមាន​ម៉ាស៊ីន​​ផលិតឥដ្ឋ​នោះទេ។

ការធ្វើការនៅទីនេះគឺមានភាព​ងាយស្រួល ពីព្រោះ​ខ្ញុំមិនត្រូវ​បាន​គេ​បង្ខំឲ្យ​ធ្វើការ​​នោះទេ។ ខ្ញុំធ្វើការ​ប្រហែល ៣ ម៉ោង ក្នុង​មួយថ្ងៃ។ អ្នក​គ្រប់គ្រង​​គឺមាន​សណ្តាន​ចិត្តល្អ។ នៅឡឥដ្ឋ​នេះ អ្នក​ធ្វើការ មាន​ចិត្តល្អ ហើយ​កម្រនឹង​​មាន​ជម្លោះ​ជាមួយ​គ្នា​ណាស់។ មនុស្ស​ចាស់​​ខ្លះ​លេងបៀរ និង​លែងល្បែង ដើម្បី​បានប្រាក់។ ក្មេងប្រុស​តូចៗ​ខ្លះទៀត ចេញ​ទៅ​ស្ទួចត្រី។ ខ្ញុំ​លេង​ល្បែង​កំសាន្ត​​ជាមួយ​នឹង​​មិត្តភក្កិ និង​​បងប្អូន​របស់ខ្ញុំ ពេលខ្ញុំ​មាន​​ពេល​ទំនេរ។

ខ្ញុំទៅសាលារៀន និងរៀនថ្នាក់ទី៤។ ខ្ញុំរៀនពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ព្រឹក។ ខ្ញុំរៀន​ជាប់​​ចំណាត់​ថ្នាក់​លេខ ៥ ក្នុង​ចំណោម​សិស្ស​ចំនួន ២០នាក់។ ខ្ញុំរីករាយ​នឹង​​ការ​ទៅ​សាលារៀន។ ប្រសិន​បើ​ម្តាយ​​របស់ខ្ញុំ​សុំឲ្យ​ខ្ញុំ​ឈប់​ទៅរៀន ខ្ញុំនឹង​តបថា ខ្ញុំ​មាន​ការ​ប្រលង​​មិន​ទាន់​បាន​បញ្ចប់។ ប៉ុន្តែ ប្រសិន​បើម្តាយ​​របស់ខ្ញុំ សុំឲ្យ​ខ្ញុំ​ឈប់រៀន ខ្ញុំ​នឹងរៀន​ឲ្យ​ដល់​ត្រឹម​ថ្នាក់ទី៧។ នៅ​សាលារៀន ខ្ញុំមិន​ដែល​បាន​រៀន​អំពី​សិទ្ធិកុមារ ឬ ពលកម្ម​កុមារ​​នោះទេ។​

ខ្ញុំចង់ក្លាយជាគ្រូ​បង្រៀនអក្សសាស្រ្ត​ខ្មែរម្នាក់។ ប៉ុន្តែ ខ្ញុំមិនដឹងថា ខ្ញុំនឹងធ្វើអី្វនោះទេ ពេលដែលខ្ញុំធំឡើង។ ប្រសិនបើឪពុកម្តាយ​របស់ខ្ញុំមិនធ្វើការ​នៅទីនេះទេ ខ្ញុំនឹងក្លាយជាជំនួយការ​អ្នកបើកបររថយន្ត​ឈ្នូលម្នាក់។

ក្នុងករណីភាគច្រើន ការធ្វើការនៅក្នុង​​ឡឥដ្ឋ​មានផល​​ប៉ះពាល់​ជាអវិជ្ជមាន​ដល់​ការ​អប់រំ​របស់​កុមារ។ កុមារជា​ច្រើន​ដែល​​ត្រូវបាន​សម្ភាស​ដោយ​​អង្គការ លីកាដូ មិនបាន​ទៅ​សាលារៀន​នោះទេ ដោយ​បាន​ឈប់រៀន​ពេលណា​មួយ​​កន្លងមក ដើម្បី​ធ្វើការងារ។ កុមារ​ផ្សេងទៀត​​ទៅសាលារៀន​​នៅ​ពេលព្រឹក ឬ ពេល​រសៀល ហើយ​ជួយ​ការងារ​ឪពុកម្តាយ​របស់​​ពួកគេ ពីរបីម៉ោង​ក្នុងមួយ​ថ្ងៃ។

ក្មេងស្រីម្នាក់ឈរទាំងសំល្លៀក​បំពាក់​ជា​សិស្សនៅ​​មុខ​ឡ​សម្រាប់​ដុត​ឥដ្ឋ ក្នុង​សិប្បកម្ម​ឡឥដ្ឋ​មួយ​ដែល​ក្រុម​គ្រួសារ​​របស់​គាត់​រស់នៅ។ នៅពេល​ដែល​ឪពុកម្តាយ​​របស់គាត់​ត្រូវការ​​ជំនួយ គាត់​ជួយ​រៀប​ឥដ្ឋ​​ក្នុងឡ​ដុត​ឥដ្ឋ​បន្ទាប់​ពី​គាត់​ត្រលប់​ពី​​សាលារៀន។

ឧត្តម, កម្មករឡឥដ្ឋដែល​ជាកុមារាអាយុ ១១ឆ្នាំ ម្នាក់
ខ្ញុំបាន​ធ្វើការ​​នៅ​ឡឥដ្ឋ ចាប់តាំង​​ពីខ្ញុំ​មានអាយុ ៥ឆ្នាំ​មកម្ល៉េះ។ ខ្ញុំជីកដី​ឥដ្ឋ និង​ដាក់ដី​​ចូលក្នុង​ម៉ាស៊ីន​​ផលិតឥដ្ឋ។ ខ្ញុំក៏​ជញ្ជូន​ឥដ្ឋ​តាម​​រទេះ​ឈើ​ផងដែរ។ ខ្ញុំក៏បេះ​បន្លែ​​នៅជុំវិញ​ឡឥដ្ឋ​​នោះ​ផងដែរ។

ខ្ញុំធ្វើការ ដោយសារ ម្តាយរបស់​ខ្ញុំ​សុំឲ្យខ្ញុំ​​ធ្វើ​កិច្ចការនេះ។ ខ្ញុំចង់​ចាក​ចេញ​ពីឡ​ឥដ្ឋ។ ខ្ញុំមិនចង់​​ស្នាក់នៅ​ទី​នេះ​ទៀត​ឡើយ។ ខ្ញុំចង់​ចាកចេញ។ ការងារ​ដែល​​លំបាក​បំផុត គឺការ​ក្រោក​​តាំងពី​ម៉ោង ៣ ព្រឹកជា​រៀង​រាល់​ព្រឹក ដើម្បីឲ្យខ្ញុំ​អាច​ជីក​ដីឥដ្ឋ មុនពេល​កំដៅ​ថ្ងៃក្តៅ​ខ្លាំង។

នៅពេលដែលខ្ញុំមានរបួសតិចតួច ខ្ញុំប្រើស្មៅ​ដើម្បី​ទប់កុំ​​ឲ្យហូរ​ឈាម ប៉ុន្តែខ្ញុំ​ត្រូវទំពារ​​ស្មៅ​នោះជា​​មុន​សិន។ ខ្ញុំបាន​ប្រាប់​ម្តាយ​របស់​ខ្ញុំ ដើម្បីឲ្យ​គាត់​​អាច​ដាក់អ្វី​ម្យ៉ាង​​​លើ​របួសនេះ ដើម្បី​ទប់កុំឲ្យ​​ហូរ​ឈាម​មក​ទៀត។

ខ្ញុំបានឈប់រៀននៅថ្នាក់ទី២ ដោយសារ​មិនមាន​​នរណា​ជួយម្តាយ​របស់​ខ្ញុំ។ ទោះជា​យ៉ាងណា ខ្ញុំនៅតែ​ចង់​ទៅរៀន ដោយសារ​តែ​ខ្ញុំ​ចង់​ចេះ​អាន និង​សរសេរ។ ខ្ញុំ​បាន​លឺថា កុមារ​មាន​សិទ្ធិ​​ចូលរៀន ហើយ​កុមារ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​ឡឥដ្ឋ​នោះ​ទេ ដោយ​សារ​តែវា​​ជា​ការងារ​ងាយ​​គ្រោះ​ថ្នាក់។

កុមារភាគច្រើនដែលត្រូវបាន​សម្ភាសន៍ បាន​ត្អូញត្អែរ​អំពី​​លក្ខខណ្ឌ​ការងារ​នៅក្នុង​ឡឥដ្ឋ និង​បាន​បង្ហាញ​អារម្មណ៍​ទាស់ចិត្ត​យ៉ាងខ្លាំង​​ដោយសារ​ជីវិត​ត្រូវ​ជាប់​នៅក្នុង​ឡឥដ្ឋ។ អ្នកខ្លះ ពិតជា​ចង់ចាក​ចេញ​យ៉ាងខ្លាំង ដោយ​លើកឡើង​ថា ការងារ​សំណង់ ផ្សារដែក ជួសជុល​កង្ហារ ជាង​ម៉ាស៊ីន ឬ ធ្វើ​លូ​ស៊ីម៉ង់ត៍ ជា​ជម្រើស​ការងារ​ដ៏ទៃ​ទៀត​ដែល​អ្នកទាំង​នោះ​ចង់ធ្វើ ជាជាង​ធ្វើការងារ​នៅ​ឡឥដ្ឋ។

ក្មេងប្រុសពីរនាក់ធ្វើការជាមួយគ្នា ក្នុងការ​ដឹក​ឥដ្ឋតាម​ទេះ​ឈើមួយ ហើយ​ដាក់ឥដ្ឋ​ទាំងអស់​នោះ​ហាល​​ក្រោម​កំដៅ​ថ្ងៃ។ ក្មេងៗ​ជាច្រើន​​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​​ចាប់ផ្តើម​ធ្វើការ​តាំង​ពី​ក្មេងមក។ ក្មេង​ទាំងអស់​​នោះ​ថែម​ទាំង​​បាន​ឈប់រៀន ឬមិន​ដែល​​បាន​ចូលរៀន​សោះ​​តែ​ម្តង។

រតនា, កម្មករឡឥដ្ឋដែលជាកុមារាអាយុ ១៣ឆ្នាំ ម្នាក់
ខ្ញុំរស់នៅជាមួយ​ក្រុម​គ្រួសារ​របស់ខ្ញុំ​នៅក្នុង​ឡឥដ្ឋ។ ឳពុកម្តាយ​របស់ខ្ញុំ មានកូន​ចំនួន ៦នាក់។ ខ្ញុំជា​កូនទី​បួន។ ខ្ញុំមើល​ថែទាំបង​ប្អូន​ប្រុសស្រី​រ​បស់ខ្ញុំ។ ខ្ញុំដឹងថា ឪពុកម្តាយ​របស់​ខ្ញុំ​ជំពាក់​បំណុល​​ម្ចាស់​ឡឥដ្ឋ។ យើង​ជំពាក់​បំណុល​​ម្ចាស់​ឡឥដ្ឋ​ចំនួន ៥.០០០.០០០ រៀល (១.២៥០ដុល្លារអាមេរិក)។

នៅឡឥដ្ឋ ខ្ញុំជញ្ជូនឥដ្ឋដាក់លើរទេះ និង​រថយន្ត។ ការងារ​ដែល​​លំបាក​បំផុត គឺថា​ខ្ញុំមិន​មាន​ពេល​​វេលា​ច្រើន ដើម្បី​លេង​ជាមួយ​មិត្តភក្កិ​របស់ខ្ញុំ​នោះទេ។ ពេល​ដែលខ្ញុំ​មាន​​ពេល​ទំនេរ ខ្ញុំលេង​បុក​ប៊ីយ៉ា ឬ លេង​គប់វង់ (ល្បែង​គប់ស្បែក​ជើង)។

ខ្ញុំទៅសាលារៀន។ នៅឯ​សាលារៀន ខ្ញុំបាន​រៀនពី​ចំនុច​​សំខាន់ៗ នៃ​សិទ្ធិ​កុមារ។ ខ្ញុំមិន​ចង់ ធ្វើការ​នៅក្នុង​​ឡឥដ្ឋ​នោះទេ។ ខ្ញុំចង់​ធ្វើអ្វី​ផ្សេង​ក្រៅ​ពី​ការងារ​នេះ។ នៅពេល​ដែល​ខ្ញុំធំ​ឡើង ខ្ញុំចង់​ក្លាយ​ជា​ជាង​ជួស​ជុល​ម៉ូតូ។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា