អត្ថបទ

យុទ្ធនាការ​១៦ថ្ងៃ​ ទប់​​ស្កាត់​​អំពើ​​ហិង្សា​​លើ​​ស្រី្ត​​ភេទ៖ អ្នកស្រី​ អ៊ុំ សុភី

ចេញផ្សាយ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៨
F T M

ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦​ថ្ងៃ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​ភេទ អង្គការ​លីកាដូ ផ្តោត​សំខាន់​ទៅ​លើ​អ្នក​ធ្វើ​យុទ្ធនាការ​សិទិ្ធ​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាស្រ្តី ដែល​បាន​ប្រឈម​មុខ និង​ទទួល​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​នៅ​កម្ពុជា។

ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​កន្លះ​លាន​នាក់​បាន​បាត់បង់​ដីធ្លី និង​ផ្ទះ​សម្បែង ដោយ​សារ​ការ​បណ្តេញ​ដោយ​បង្ខំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ។ ពលរដ្ឋ​ទាំង​នោះ ដែល​ភាគ​ច្រើន​ជាស្រ្តី បាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា ដើម្បី​ទាមទារ​យុត្តិធម៌ និង​សំណង​សមរម្យ។ ភាព​សកម្ម​និយម​របស់​អ្នក​ទាំង​នោះ ជា​ញឹក​ញាប់​ត្រូវ​បាន​ទទួល​រង​ដោយ​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ពី​សំណាក់​កង​សន្តិសុខ ក៏​ដូចជា​ការ​គំរាម​កំហែង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ការ​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ផង​ដែរ។

នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាង​មុខ (១៦​ថ្ងៃ) អង្គការ​លីកាដូ នឹងចេញ​ផ្សាយ​ពី​ប្រវត្តិ​តស៊ូ និង​វីដេអូ​ខ្លី​មួយ​ចំនួន ស្តី​ពី​ស្រ្តី​កម្ពុជា ដែល​កំពុង​បន្ត​ទាមទារយុត្តិធម៌ ទោះ​បី​អ្នក​ទាំង​នោះ​បាន​ជួប​ប្រទះ​នឹង​ផល​លំបាក​យ៉ាង​ណា​ក្តី។

អ្នកស្រី អ៊ុំ សុភី ដែល​មាន​អាយុ ៣៩ ឆ្នាំ បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ រួម​ទាំង​ការ​រំលោភ​បំពាន​តាម​ផ្លូវ​តុលាការ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ថែម​ទាំង​បាត់បង់​ការងារ​ជា​គ្រូ​បង្រៀន​ទៀត​ផង ដោយសារ​តែ​ភាព​សកម្ម​និយម​របស់​អ្នក​ស្រី ដើម្បី​ការពារ​ដីធ្លី​របស់​អ្នកស្រី និង​សហគមន៍​អ្នកស្រី ពីការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុមហ៊ុន​ដែល​មាន​ខ្នង​បង្អែក​ជា​អ្នក​មាន​អំណាច។

ពួកគេ​គិត​ថា យើង​ទាំង​អស់​គ្នា​ប៉ះបោរ​ប្រឆាំង​នឹង​ពួកគេ។ ប៉ុន្តែ​ពួក​យើង​គ្រាន់​តែ​តវ៉ា ដើម្បី​ការពារ​ដីធ្លី ជីវភាព​រស់​នៅ និង​ផ្ទះ​សម្បែង​របស់​យើង​តែ​ប៉ុណ្ណោះ។

អ្នកស្រី រស់នៅភូមិ ឡ ពាង ក្នុង​ខេត្ត​កំពង់​ឆ្នាំង តាំង​ពីឆ្នាំ ២០០៤។ នៅ​ឆ្នាំ ២០០៦ អ្នក​តំណាង​ម្នាក់​មក​ពី​ក្រុមហ៊ុន ខេឌីស៊ី អ៊ិន​ធើ​ណាស់​សិន​ណាល់ (ជា​ក្រុមហ៊ុន​របស់​លោក​ស្រី ជា ខេង ដែល​ជា​ភរិយា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម) បាន​ធ្វើការ​ជា​មួយ​អាជ្ញាធរ​ក្នុង​តំបន់ ដើម្បី​បណ្តេញ​ពលរដ្ឋ​ចេញ​ពីដីធ្លី​ដោយបង្ខំ តាម​រយៈ​ការ​ទិញដី​ដោយ​បង្ខិតបង្ខំ​នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី។ ការ​បង្ខិតបង្ខំ​នេះ​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ទោះបី​ជា​ពលរដ្ឋ​ប្រមាណ​ជាង ៥០ គ្រួសារ (រួម​ទាំង​គ្រួសារ​របស់​អ្នកស្រី​ផងនោះ) មិន​ដែល​យល់ព្រម​លក់ដី​ទាំង​នោះ​ក៏ដោយ។

អ្នកស្រី បានមានប្រសាសន៍​ថា៖ “ពួក​គេ (អាជ្ញាធរ) គិត​ថា យើង​​ទាំង​អស់​​គ្នា​​ប៉ះ​បោរ​​ប្រឆាំង​​នឹង​​ពួក​​គេ។ ប៉ុន្តែ​ពួក​​យើង​​គ្រាន់​​តែ​​តវ៉ា ដើម្បី​​ការពារ​​ដីធ្លី ជីវភាព​​រស់​នៅ និង​​ផ្ទះ​​សម្បែង​​របស់​យើង​តែ​​ប៉ុណ្ណោះ។”

នៅឆ្នាំ ២០០៩ អ្នកស្រី ត្រូវ​​បាន​​សាលា​​ដំបូង​​ខេត្ត​​កំពង់ឆ្នាំង ចោទ​​ប្រកាន់​​ពី​បទ​​ញុះញង់ ហើយ​​អ្នក​ស្រី​​បាន​រត់​ភៀស​​ខ្លួន​​ទៅ​​ប្រទេស​ថៃ រយៈ​​ពេល ពីរឆ្នាំ ដោយ​​បារម្ភ​​អំពី​​សុវត្ថិភាព​​របស់​​អ្នកស្រី។

នៅ​ពេល​អ្នកស្រី​​ត្រឡប់​មក​វិញ អ្នកស្រី បាន​បន្ត​​ដឹកនាំ​​ក្នុង​​ការ​​តស៊ូ​មតិ​​ទាមទារ​​សិទិ្ធ​​ដីធ្លី​​សម្រាប់​​សហគមន៍​អ្នកស្រី។ ក្រោយមក អ្នកស្រី ទទួល​​បាន​​លិខិត​​មួយ​​ច្បាប់​បិទ​​នៅ​លើ​​ផ្ទះ​អ្នក​ស្រី ដោយ​​បាន​​ព្រមាន​​អ្នកស្រី​​ថា ប្រសិន​​បើ​​អ្នកស្រី​នៅ​​បន្ត​តវ៉ា ទាំង​​អ្នកស្រី និង​​ស្វាមី​​អ្នកស្រី នឹង​​ត្រូវ​​ចាប់​ខ្លួន ឬ​​សម្លាប់​​ចោល។ អ្នកស្រី បាន​បដិសេធ ដោយ​​មិន​​ធ្វើ​​តាម​​ការ​​ព្រមាន​​ឲ្យ​​នៅ​​ស្ងៀម​ស្ងាត់​​នេះ ហើយ​​បាន​​បន្ត​​ធ្វើ​​ជា​​អ្នក​​ដឹកនាំ​​ម្នាក់​​នៅ​​ក្នុង​សហគមន៍​​របស់​​អ្នក​ស្រី។

ការចរចាររវាងអ្នកភូមិ និងក្រុមហ៊ុន បាន​ចាប់​ផ្តើម​ឡើង​ម្តង​ទៀត​នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ​មិន​បាន​លទ្ធផល​ល្អ​នោះ​ទេ។ ជាថ្មីម្តង​ទៀត ក្រុម​ហ៊ុន បាន​ប្រើប្រាស់​ហិង្សា និង​ការ​គម្រាម​កំហែង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ទៅ​លើ​អ្នកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត។

ស្ត្រី នៅទូទាំង​ពិភពលោក ត្រូវ​តែ​ក្រោក​ឡើង​តស៊ូ​ទាំង​អស់​គ្នា ហើយ​តស៊ូ​ដើម្បី​ជ័យ​ជំនះ​របស់​យើង សិទិ្ធ​របស់​យើង និង​សេរីភាព​របស់​យើង។

អ្នកស្រី អ៊ុំ សុភី ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ម្តង​ទៀត នៅ​ឆ្នាំ ២០១៧ ពី​បទ​ល្មើស បរិហា​កេរ្តិ៍​ជា​សាធារណៈ។ នៅ​ខែ​មករា ឆ្នាំ​២០១៨ ក្រុមហ៊ុន ខេឌីស៊ី បាន​ចាប់ផ្តើម​ឈូស​ឆាយ​ដីធ្លី ដែល​អ្នក​ស្រី​កំពុង​រស់​នៅ ដោយ​បាន​បំផ្លាញ​ផ្ទះ​ចំនួន ១៤​ខ្នង និង​ដំណាំ​របស់​អ្នក​ភូមិ​ជា​ច្រើន​ទៀត។

អ្នកស្រី បានតស៊ូយ៉ាងខ្លាំង ដើម្បី​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី។ អ្នកស្រី បាន​បន្ត​ថា៖ “ជីវភាព​របស់​យើង មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើង ដោយសារ​ភាព​សកម្ម​និយម​របស់​យើង​នោះ​ទេ។ ជីវភាព​របស់​សកម្មជន​ដទៃ​ទៀត ក៏​ដូចគ្នា ដោយ​អ្នក​ទាំង​នោះ​មិន​មាន​ការងារ​ធ្វើ​នោះ​ទេ។”

ប៉ុន្តែ អ្នកស្រី នៅតែ​បន្ត​សកម្មភាព​តស៊ូ​មតិ​ដើម្បី​សិទិ្ធ​របស់​អ្នកស្រី ហើយ​អ្នក​ស្រី​ចង់​ផ្ញើសារ​មួយ​ទៅកាន់​សាធារណៈជន​ថា៖ “ស្ត្រី គឺ​ក្លាហាន និង​រឹងមាំ!”

“ស្ត្រី ត្រូវ​តែ​រឹងមាំ ទោះ​ជា​មនុស្ស​ជា​ច្រើន គិត​ថា​ស្ត្រី បង្វិល​ចង្ក្រាន​មិន​ជុំក៏​ដោយ។ ស្ត្រី នៅ​ទូទាំង​ពិភពលោក ត្រូវ​តែ​ក្រោកឈរ​ឡើង​ទាំងអស់​គ្នា ហើយ​តស៊ូ​ដើម្បី​ជ័យជំនះ​របស់​យើង សិទិ្ធ​របស់​យើង និង​សេរីភាព​របស់​យើង។”

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា