អត្ថបទ

រឿង​រ៉ាវ​ស្ត្រី​បី​នាក់​នៅ​ក្នុង​ពន្ធ​នាគារ​ជា​មួយ​កូន​តូច

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២០
F T M

កាលពីឆ្នាំមុន ក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ប្រឆាំងនឹងអំពើ​​​ហឹង្សា​​​លេី​ស្ត្រី អង្គការលីកាដូ បានផ្សព្វផ្សាយកម្រង​វីដេអូ​ខ្លី​ចំនួន​ ៣ ដែលបង្ហាញពីបទពិសោធន៍របស់ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ម្តាយ​ដែល​មាន​កូន​តូចនៅជាមួយក្នុងពន្ធនាគារកម្ពុជា ។ ជាច្រើនខែក្រោយមក គឺមានការវិវឌ្ឍន៍ជាវិជ្ជ​មាន​តិចតួច បានកើតឡើង ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ស្ត្រី និងកូនរបស់អ្នកទាំងនោះ ។ កាលពីខែមករា​កន្លង​ទៅ​ មាន​ករណីស្លាប់ទារកម្នាក់អាយុ ៥​ខែ​យ៉ាង​​អ​ណោច​អធម៌​ ដែល​រស់​នៅក្នុងពន្ធនាគារជាមួយម្តាយក្នុងពន្ធនាគារ ម២ ។

ដើម្បីប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធនារី ៨ មីនា អង្គការ លីកាដូ នឹងធ្វើការចែករំលែករឿងរ៉ាវរបស់ស្ត្រីទាំងបីនាក់ ដែលមាន​កូន​តូ​ច​​នៅជាមួយក្នុងពន្ធនាគារ ដែលអ្នកទាំងនោះស៊ូទ្រាំរស់នៅក្នុងពន្ធនាគារ ដែលមានស្ថានភាព​យ៉ាប់​យ៉ឺន ​ដូចជាភាព​​​ចង្អៀត​ណែន​ កង្វះ​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់​​ ​​​និ​​ង​ក​ង្វះ​ការ​​ថែទាំ​​ផ្នែក​វេជ្ជ​សាស្ត្រ ​កង្វះ​ខាត​​ឱកា​ស​​​ក្នុង​​ការ​ទាក់​ទង​​ជា​​មួយ​​ក្រុម​​គ្រួ​សារ​រប​ស់​អ្នក​​ទាំង​​នោះ ​ការ​​កម្រិត​​ពេ​ល​វេលា និង​ទី​ធ្លា​​សម្រាប់​​លំហែរ​​របស់​​​កុមារ​នៅ​​ក្រៅ​ព​​ន្ធនាគារ ។

ស្ត្រីដែលជាប់ពន្ធនាគារជាមួយកូនតូច និងស្ត្រីមានផ្ទៃពោះជាច្រើន មានសិទិ្ធទទួលបានការដោះលែងឲ្យ​នៅក្រៅ​​ឃុំ​បណ្តោះ​អា​សន្នរង់ចាំសវនាការ ប៉ុន្តែអ្នកទាំងនោះ តែងតែត្រូវបានតុលាការដាក់ឲ្យនៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ និងមិន​មានការទទួលបាននូវមេធាវីការពារក្តីដល់អ្នកទាំងនោះ ។ គិតត្រឹមខែមករា ឆ្នាំ២០២០ ស្ត្រីមានផ្ទៃពោះចំនួន ៤៣ នាក់ និងកូនតូចចំនួន ១០៣នាក់ កំពុងរស់នៅជាមួយម្តាយនៅក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជា ។

អង្គកា លីកាដូ បន្តអំពាវនាវដល់រាជរដ្ឋាភិបាល សូមលោកមេត្តាពិចារណានូវអនុសាសន៍ខាងក្រោម៖
● មនុស្សគ្រប់រូប ទទួលបានសិទិ្ធសុំនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការ ជាពិសេសជនដែលងាយរងគ្រោះ ដូចជាស្ត្រីដែលមានកូនតូចក្នុងពន្ធនាគារ និងអនីតិជនដែលជាប់ឃុំ ។
● ធានាថា ការឃុំខ្លួនបណ្តោះអាសន្ន ត្រូវបានតុលាការប្រើប្រាស់ តែក្នុងករណីជាជម្រើសចុងក្រោយ ដោយយោងតាមគោលការណ៍សន្មតជាមុនថាគ្មានទោសរបស់ជនជាប់ចោទ ។
● ធានាថា នឹងមានការពិចារណាត្រឹមត្រូវ ស្របតាមការការពាររបស់ច្បាប់ ទៅលើស្ថានភាពផ្ទាល់ខ្លួនរបស់ជនជាប់ចោទទាំងអស់ ជាពិសេសជនដែលងាយរងគ្រោះ មុនពេលសម្រេចចិត្តថានឹងដាក់ឲ្យជាប់ឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ។
● ធានាថារ គ្រប់ជនជាប់ចោទ មានសិទិ្ធ និងការការពារតាមផ្លូវច្បាប់ក្នុងពេលឃុំខ្លួនបណ្តោះអាសន្ន រួមមានសិទិ្ធទទួលបានមេធាវី សិទិ្ធទទួលបានការជូនដំណឹងអំពីបទចោទប្រកាន់ និងនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំនិងការទទួលបានការនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយនិងលទ្ធភាពដែលអាចស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ជាពិសេស​ទៅ​លើ​ជនដែល​ងាយ​រង​គ្រោះ ​​។​ ​​នី​តិ​វិធីទាំងនេះ គួរត្រូវបានពន្យល់ឲ្យបានច្បាស់ និងអនុវត្តឲ្យទាន់ពេលវេលា ។
● ផ្តល់អាទិភាពដល់សវនាការលើការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នលើសំណុំរឿងរបស់ជនងាយរងគ្រោះ ដូចជា​ស្ត្រី​​មា​​ន​​​​​ផ្ទៃ​​​​ពោះ​​ និងស្ត្រីមានកូនតូចនៅជាមួយក្នុងពន្ធនាគារ ជនជាប់ឃុំជាអនីតិជន និងអ្នកការពារសិទិ្ធមនុស្ស ។ ដូចនេះអ្នកទាំងនោះ នឹងមិននៅក្នុងការជាប់ឃុំបណ្តោះអាសន្នរយៈពេលយូរពេក ឬដោយមិនមានកំណត់ពេលនោះទេ ។

មករា*
មុនពេលដែលប្ដីរបស់ខ្ញុំ និងខ្ញុំត្រូវបាននគរបាលចាប់ខ្លួន យើងបានជួយរកស៊ីជាមួយគ្នា ។ ខ្ញុំលក់លៀសហាល តែរក​ចំ​ណូ​ល​​​​​មិ​​ន​​​​សូ​វ​បាន​ច្រើននោះទេ ដូច្នេះហើយទើបខ្ញុំមិនដឹងថាគួរប្រកបរបរអ្វីទើបចេះតែតាមប្ដីរបស់ខ្ញុំ រហូតដល់ត្រូវបាន​ន​គរ​បាលចាប់ខ្លួនបែបនេះ ។ យើងត្រូវបាននគរបាលចាប់ខ្លួន នៅពេលខ្ញុំកំពុងធ្វើការងារជាអ្នកលាងចាននៅ​ឯស្រុកកំណើត ។ នគរបាលចាប់ខ្លួនយើង នៅពេលដែលប្ដីរបស់ខ្ញុំកំពុងប្រើប្រាស់គ្រឿងញៀន តែ​ខ្ញុំ​មិន​បានប្រើ​ប្រាស់​នោះ​​ទេ​ ​។ ខ្ញុំមានកូន ៤​នាក់ ។ បន្ទាប់ពីខ្ញុំត្រូវបានបញ្ជូនទៅពន្ធនាគារ កូនរបស់ខ្ញុំដែលតូចជាងគេបានមករស់នៅជាមួយខ្ញុំក្នុងពន្ធនាគារ ហើយចំ​ណែកឯ៣នាក់ទៀតរស់នៅជាមួយម្តាយរបស់ខ្ញុំនៅខាងក្រៅ ។


មើល​វីដេអូ​នេះ
ជីវិតជាម្ដាយក្នុងពន្ធនាគារ

ខ្ញុំមានផ្ទៃពោះមួយខែពេលដែលគេចាប់ខ្លួន ។ ខ្ញុំទើបតែបានដឹងថាមានផ្ទៃពោះ នៅពេលដែលខ្ញុំត្រូវបាននគរបាលបញ្ជូនទៅ​នៅ​ពន្ធ​នា​គារ ។ ខ្ញុំពិតជាបារម្ភពីកូនក្នុងផ្ទៃរបស់ខ្ញុំណាស់ ។ ខ្ញុំគិតអ្វីមិនចេញទេអារម្មណ៍ស្ទើរឆ្កួតម្តងៗទៅហើយ ។ ខ្ញុំមិនដឹ​ង​​ថាត្រូវធ្វើយ៉ាងណាទេ ទោះចង់ចេញ​ពី​ពន្ធ​នា​គារ​ ក៏ចេញមិនបាន ។ ខ្ញុំព​ពោះ​ក្នុង​ពន្ធនាគារ​បាន​រយៈពេល​៨ខែ ទើប​​ខ្ញុំសម្រាល​កូន ។ ហើយពេលដែលខ្ញុំត្រូវបានតុលាការដោះលែង កូនរបស់ខ្ញុំមានអាយុជាង​ ១ឆ្នាំ ។ រឿងដែលខ្ញុំពិបាកជាងគេនោះ​គឺ​បញ្ហា​អាហារ​ហូប​ចុក​ និងសុខភាពកូនរបស់ខ្ញុំ ។ ខ្ញុំពិតជាពិបាកវេទនាខ្លាំងណាស់ នៅអំឡុងពេលរស់នៅក្នុងព​ន្ធនា​គារ​ ។ ពេល​ខ្លះខ្ញុំពិបាកចិត្តខ្លំាងពេក រហូតគិតខ្លីចង់សម្លាប់ខ្លួន​ទៀត​ផង​​ ។

មិនសូវ​មានអ្នក​ណាយក​ចិត្តទុក​ដាក់មើល​ថែយើង​នៅក្នុង​ពន្ធនាគារទេ បើទោះបី​ជាយើង​មានផ្ទៃ​ពោះក៏ដោយ ។

ខ្ញុំត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៨ខែ ។ ខ្ញុំមិនមានមេធាវីការពារក្តីទេ ចាប់តាំងពីពេលចាប់ខ្លួនរហូតដល់ពេលបើកសវនាការ ។ តុលាការបានសម្រេចផ្តន្ទាទោសខ្ញុំឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ទោះបីជាខ្ញុំមានកូនតូចនៅជាមួយក៏ដោយ ។ បើសិនខ្ញុំមិនមានកូន ខ្ញុំទទួលយកបានការផ្តន្ទាទោសនេះ ។ តែនេះខ្ញុំមានកូន ដូច្នេះការណ៍ដែលតុលាការផ្តន្ទាទោសឱ្យខ្ញុំជាប់ពីរឆ្នាំនេះ ខ្ញុំគិតថាទោសនេះច្រើនពេកហើយ ។ វាបានធ្វើឱ្យជីវិតខ្ញុំ និងកូនរស់នៅយ៉ាងវេទនាក្នុងពន្ធនាគារ ។

ពេលដែលខ្ញុំជិតសម្រាលកូន ខ្ញុំមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនោះទេ ។ មន្ត្រីពន្ធនាគារពន្យារពេលរហូតទាល់​តែខ្ញុំឈឺខ្លាំងទើបគេបញ្ជូនទៅ ។ ខ្ញុំធ្លាប់បានមន្ត្រីពន្ធនាគារបញ្ជូនទៅមន្ទីរពេទ្យបានតែមួយដងគត់ គឺនៅ​ពេល​ដែលខ្ញុំ​សម្រាល​កូន​ ។ មិនសូវមានអ្នក​ណា​យក​ចិត្ត​ទុក​ដាក់មើលថែយើងនៅក្នុងពន្ធនាគារទេ បើទោះបីជាយើងមានផ្ទៃពោះក៏ដោយ ។ គេឱ្យខ្ញុំគេង​សម្រាកនៅមន្ទីរពេទ្យបានពីរបីថ្ងៃដែរ ។ ​ពេល​មក​ដល់ពន្ធនាគារវិញ អ្នកជាប់ឃុំនៅ​រួមបន្ទប់ជា​មួយ​ខ្ញុំ​ ​បាន​ជួយ​មើលថែខ្ញុំ​បាន​​បួន​ប្រាំថ្ងៃ​បន្ថែម​ទៀត ។ បន្ទាប់​ពី​នោះ ​គឺ​ខ្ញុំ​ត្រូវ​មើល​កូន និងធ្វើម្ហូប​ដោយ​ខ្លួន​ឯង ដោយ​សារ​តែ​អ្នក​ទាំង​នោះត្រូវធ្វើកិច្ចការរបស់គេដែរ ព្រោះគេក៏មានកូនដូចយើងដែរ ។

ខ្ញុំរស់នៅក្នុងបន្ទប់ដែលមានអ្នកជាប់ឃុំប្រហែល២០នាក់ ។ បន្ទប់នោះហប់ និងចង្អៀត ដោយសារតែអ្នកជាប់ឃុំ​ជា​ស្ត្រី​មានផ្ទៃ​ពោះ​ ត្រូវរស់នៅលាយគ្នាជាមួយនឹងអ្នកមានកូនដែរ ។ ខ្ញុំពិបាកចិត្តណាស់នៅពេលដែលកូនខ្ញុំយំហើយ​​បាន​ធ្វើ​ឱ្យរំខាន​ដល់​អ្នក​ជាប់ឃុំដទៃ ។ អ្នកជាប់ឃុំខ្លះមិនបានប្រកាន់ខឹងអ្វីទេ ហើយពេលខ្លះក៏ចេះជួយគ្នាទៀត តែអ្នក​ជាប់​ឃុំ​ខ្លះ​ក៏មានអារម្មណ៍មិនល្អនឹងយើង គេខឹង គេស្តីឱ្យ ពេលដែលកូនខ្ញុំយំរំខានគេគេង ។ ខ្ញុំពិបាកចិត្ត ហើយក៏ខ្លាចចិត្តគេ​ដែរ តែ​ខ្ញុំ​មិន​ដឹង​គួរ​ធ្វើយ៉ាងណានោះទេ ។

ចំពោះការរស់នៅក្នុងពន្ធនាគារនេះ ខ្ញុំមិនសូវរស់នៅបានសុខស្រួលទេ ព្រោះមន្ត្រីពន្ធនាគារតែងតែចូលទៅបន្ទប់ដែលយើងរស់នៅ ដើម្បីឆែកឆេរនៅពេលដែលសង្ស័យថា មានអ្នកលួចប្រើប្រាស់ទូរស័ព្ទដៃ ។ ពេលខ្លះគេចូលទៅដើម្បី​ប្រ​មូល​យក​ខោអាវ ​និងរបស់របរចាស់ៗចេញ ។ ហើយពេលខ្លះទៀតមន្ត្រីទាំងនោះចូលទៅអន្តរាគមន៍នៅពេលមានអ្នកជាប់ឃុំឈ្លោះគ្នា ហើយជួនកាលមានអ្នកជាប់ឃុំស្លាប់កាន់តែធ្វើឱ្យខ្ញុំភ័យខ្លាច ។ កូនរបស់ខ្ញុំតែងតែភ័យខ្លាចនៅពេលគេបានឃើញជម្លោះ ឬអំពើហិង្សាកើតឡើងក្នុងពន្ធនាគារនោះ ។

ជារៀងរាល់ថ្ងៃ មន្ត្រីពន្ធនាគារអនុញ្ញាតឱ្យយើងចេញពីបន្ទប់រយៈពេល២ម៉ោងនៅពេលព្រឹក និង២ម៉ោងនៅពេល​ថ្ងៃ ដើ​ម្បី​ហាត់ប្រាណ ​ធ្វើម្ហូប បោកគក់ខោអាវ និងមើលកូន ។ ចំពោះខោទឹកនោម ថ្ងៃខ្លះក៏មានប្រើគ្រប់គ្រាន់ ថ្ងៃខ្លះ​ក៏​មិន​មាន ។ ខ្ញុំបោកខោអាវ និងខោទឹកនោមកូននៅម៉ោងដែលគេឱ្យចេញក្រៅបន្ទប់ ។ ពេលខ្លះខ្ញុំស៊ីឈ្នួល​បោក​ខោ​អាវ​ឱ្យអ្នកជាប់​ឃុំផ្សេង ដើម្បីដូរយកសាប៊ូ ឬក៏យកលុយដើម្បីទិញម្ហូបឬទិញនំឱ្យកូនហូប ។

ពេលដល់ម៉ោងគេឱ្យចេញក្រៅបន្ទប់ ខ្ញុំដាក់កូនខ្ញុំឱ្យលេងជាមួយក្មេងៗដ៏ទៃ ។ ពេលខ្លះខ្ញុំទុកកូនរបស់ខ្ញុំចោលឱ្យនៅលេងម្នាក់ឯង ព្រោះខ្ញុំត្រូវទៅធ្វើម្ហូបនិងធ្វើកិច្ចការផ្សេងទៀត ។ ពេលដល់ម៉ោងត្រូវចូលក្នុងបន្ទប់វិញ ពេលខ្លះគាត់យំព្រោះចង់នៅលេងបន្តទៀត ។ ខ្ញុំព្យាយាមលួងគាត់ តែគាត់នៅតែចង់នៅលេងខាងក្រៅ ។

បន្ទាប់ពីខ្ញុំត្រូវបានបញ្ជូនទៅពន្ធនាគារ កូនៗរបស់ខ្ញុំដែលនៅខាងក្រៅពន្ធនាគារ គឺម្តាយរបស់ខ្ញុំជាអ្នកចិញ្ចឹមមើលថែ ។ គាត់តែងតែទិញម្ហូប ថ្នាំ និងយកលុយកាក់ខ្លះមកឱ្យខ្ញុំក្នុងពន្ធនាគារ ។ គាត់មកបានតែមួយខែម្តងទេ ព្រោះគាត់មិនសូវមានប្រាក់ ។ ខ្ញុំពិតជាអាណិតគាត់ណាស់ ដែលគាត់ត្រូវមកពិបាកវេទនាដោយសារតែជួយខ្ញុំ និងចិញ្ចឹមកូនខ្ញុំបែបនេះ ។ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់ដែលគាត់តែងតែលើកទឹកចិត្ត និងទំនុកបំរុងខ្ញុំ នៅពេលដែលខ្ញុំជាប់នៅក្នុងពន្ធនាគារ ។

ពេលដែល​កូនឈឺម្តងៗ គេ​មិនមើល​កូនយើងទេ ។ ដែល​ស្ថានភាព​នេះ ធ្វើឱ្យ​យើងពិបាក​ចិត្តនិងគិត​ច្រើនស្ទើរ​តែចង់​ឆ្កួតម្តង​ៗហើយ ។ យើងមិន​ដឹងថា​ទៅណាទេ ទោះ​ពឹង​គ្រូពេទ្យ​នៅក្នុង​ពន្ធនាគារ​ហ្នឹងក៏គេមិនព្យាបាល​ដែរ ។

នៅក្នុងពន្ធនាគារ ខ្ញុំត្រូវធ្វើម្ហូបដោយខ្លួនឯង ។ ខ្ញុំពិបាកហូបបាយរបបក្នុងពន្ធនាគារព្រោះពេលខ្លះបាយដាំឆៅ​ ចំ​ណែក​​ឯសម្លវិញគឺស្លដដែលៗ ហើយគ្មានជីវជាតិទេ ។ ខ្ញុំហូបអាហារពន្ធនាគារមិនសូវបានទេ ម៉្យាងខ្ញុំត្រូវការបំបៅដោះកូន អី​ចឹង​ហើយខ្ញុំត្រូវហូបអាហារដែលមានជីវជាតិ ។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនមានទឹកដោះគ្រប់គ្រាន់ឱ្យកូនបៅនោះទេ ហើយ​កូនខ្ញុំអាចមានសុខភាពទន់ខ្សោយ និងស្គមស្គាំងផងដែរ ។

ពេលខ្ញុំត្រូវធ្វើម្ហូប កូនខ្ញុំអត់មានអ្នកណាមើលថែទេ ។ ដូចនេះខ្ញុំត្រូវពរកូនដៃម្ខាង និងធ្វើម្ហូបដៃម្ខាង ។ ចំណែកឯកន្លែង​សម្រាប់យើងធ្វើម្ហូបនោះគឺក្តៅ ព្រោះមិនមានម្លប់ទេ ត្រូវធ្វើនៅក្រោមថ្ងៃក្តៅរាល់ថ្ងៃ ។ ពេល​ណា​មាន​លុយ​ ខ្ញុំក៏ទិញម្ហូបគេយកមកធ្វើ ឬពេលខ្លះខ្ញុំយកបាយសម្លរបបនោះមកច្នៃថែមទៀតទើបហូបបាន ។ ពេលខ្លះក៏យើងចែក​រំលែក​​គ្នាទៅ​​វិញទៅមកជាមួយអ្នកជាប់ឃុំដូចគ្នា ។ ពេលគេមានអី គេចែកយើង ពេលយើងមានយើង​ក៏​ចែកទៅគេវិញ ។ ខ្ញុំ​​បានទទួល​ជំនួយពីអង្គការដែរ មានដូចជាអង្ករ ម្ហូប និងទឹកដោះគោសម្រាប់កូនខ្ញុំ ។ វាបានផ្តល់នូវអាហា​រូបត្ថម្ភ​គ្រាប់​គ្រាន់សម្រាប់​ខ្ញុំនិងកូន ។ បើពួកគាត់មិនផ្តល់ឱ្យទេ ខ្ញុំមិនដឹងថាស្ថានភាពខ្ញុំ និងកូនកាន់តែលំបាកយ៉ាងណានោះទេ ។

ពេលដែលកូនខ្ញុំកើត មន្ត្រីពន្ធនាគារបានបញ្ចូនកូនខ្ញុំឱ្យទៅចាក់វ៉ាក់សាំង ។ ប៉ុន្តែបន្ទាប់ពីនោះ មន្ត្រីពន្ធនាគារមិនបានបញ្ជូនទៅចាក់ឱ្យបានទៀងទាត់ទេ ។ ពេលខ្លះរំលងហួសដល់បួនប្រាំខែក៏មាន ក៏គេនៅតែមិនយកទៅពេទ្យ ។ ហើយបើទោះបីជាយើងស្នើសុំ​ ឬកូនយើងឈឺយ៉ាងណាក៏ដោយ​​​​​​​​ ក៏គេមិនយកទៅដែរ ។

ពេលដែលកូនឈឺម្តងៗ គេមិនមើលកូនយើងទេ ។ ដែលស្ថានភាពនេះ ធ្វើឱ្យយើងពិបាកចិត្តនិងគិតច្រើនស្ទើរតែចង់ឆ្កួតម្តងៗហើយ ។ យើងមិនដឹងថាទៅណាទេ ទោះពឹងគ្រូពេទ្យនៅក្នុងពន្ធនាគារហ្នឹងក៏គេមិនព្យាបាលដែរ ។ ខ្ញុំបារម្ភខ្លាចកូនខ្ញុំមានជម្ងឺគ្រុនឈាម ហើយខ្ញុំចង់ឱ្យគេធ្វើការពិនិត្យរកមើលជម្ងឺនេះ ។ កូនខ្ញុំធ្លាប់ឈឺភាគច្រើនគឺគ្រុនក្តៅ ក្អក និងរលាកបំពង់ក ។ គ្រូពេទ្យក្នុងពន្ធនាគារកម្រនឹងព្យាបាល ឬបញ្ជូនយើងទៅពេទ្យខាងក្រៅណាស់ ។ ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងម៉េចទេ រហូតដល់ពេលខ្លះទុកទាល់តែជម្ងឺវាជាទៅវិញ​ដោយខ្លួនឯងក៏មាន ។ ទោះបីជាយើងឈឺខ្លាំងយ៉ាងណាក៏ដោយ ក៏ពេទ្យ​ពន្ធនាគារឱ្យតែថ្នាំប៉ារ៉ាសេតាមុល(paracetamol)តែប៉ុណ្ណឹង ។ ថ្នាំសម្រាប់មនុស្សធំក៏ផ្ដល់ឱ្យក្មេងតូចប្រើដែរ ។

បទពិសោធន៍​នៃការរស់​នៅក្នុង​ពន្ធនាគារ បាន​ធ្វើឱ្យ​ខ្ញុំស្គាល់​ច្បាស់ថា​ជីវិតរស់នៅ​ក្នុងពន្ធនា​គារនេះ គឺលំបាក​វេទនា ។ វា​បាន​ធ្វើឱ្យ​ខ្ញុំលំបាក និង​មានបញ្ហា​ផ្លូវចិត្ត​រហូតដល់​ពេលខ្លះស្ទើ​រតែចង់​គិតខ្លី​សម្លាប់ខ្លួន​ក៏មាន ។

អ្នកជាប់ឃុំមួយចំនួន ក៏បានទទួលការព្យាបាលដោយសារតែអ្នកទាំងនោះមានប្រាក់ ប៉ុន្តែសម្រាប់អ្នកដែលមិនមានប្រាក់ ត្រូវពិបាកវេទនា ទម្រាំតែអ្នកទាំងនោះទទួលបានការព្យាបាល ម្តងៗ ។ ពេលខ្លះអ្នកជាប់ឃុំដូចគ្នាបានរៃលុយគ្នាម្នាក់បន្តិចៗ ដើម្បីឱ្យខ្ញុំយកទៅទិញថ្នាំឱ្យកូន ។ នៅពេលដែលកូនខ្ញុំឈឺរហូតដល់បួនប្រាំថ្ងៃ ខ្ញុំពិតជាបារម្ភពីអការៈរបស់កូនខ្ញុំណាស់ ។ ប្រសិនបើមិនបានម្តាយខ្ញុំទិញថ្នាំយកមកឱ្យ ខ្ញុំមិនដឹងថាកូនខ្ញុំនឹងទៅជាយ៉ាងណានោះទេ ។

អំឡុងពេលដែលជាប់នៅពន្ធនាគារ មន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យខ្ញុំជួបគ្នាជាមួយប្ដីរបស់ខ្ញុំនោះទេ(ជាប់ពន្ធនាគារដែរ) ។ ខ្ញុំធ្វើលិខិតស្នើសុំ ទើបមន្ត្រីពន្ធនាគារអាចឱ្យពួកយើងជួបគ្នាបាន ។ យើងអាចមើលមុខគ្នាត្រឹមតែពីចម្ងាយប៉ុណ្ណោះ ហើយមើលគ្នាមិនច្បាស់ទេ ។ ពេលខ្លះមន្ត្រីពន្ធនាគារបានដេញ មិនឱ្យយើងនៅមើលគ្នាយូរនោះទេ ។ ពេលខ្លះមន្ត្រីពន្ធនាគារបដិសេធមិនឱ្យយើងបានជួបគ្នាទេ ។
បទ​​​ពិសោធ​ន៍​​នៃការរស់នៅក្នុងពន្ធនាគារ បានធ្វើឱ្យខ្ញុំស្គាល់ច្បាស់ថាជីវិតរស់នៅក្នុងពន្ធនាគារនេះ គឺលំបាកវេទនាខ្លាំងណាស់ ។ ជីវិតក្នុងពន្ធនាគារបានធ្វើឱ្យខ្ញុំជួបប្រទះការលំបាក និងមានបញ្ហាផ្លូវចិត្តរហូតដល់ពេលខ្លះស្ទើរតែគិតខ្លីចង់សម្លាប់ខ្លួនទៀតផង ។

មុនពេលខ្ញុំត្រូវបានដោះលែង កូនស្រីរបស់ខ្ញុំមិនធ្លាប់រស់នៅក្រៅពន្ធនាគារពីមុនមកទេ ។ ពេលដែលយើងត្រូវបានមន្ត្រីពន្ធនាគារដោះលែងនោះ កូនខ្ញុំមានអាយុមួយឆ្នាំជាង ។ កូនរបស់ខ្ញុំទទួលការប៉ះពាល់ផ្នែកស្មារតីយ៉ាងខ្លាំង ដោយសារគាត់បានកើតក្នុងបរិយាកាសមួយយ៉ាងអាប់អ៊ួ ហើយ មានរាងកាយស្គមស្គាំងនិងមិនសូវមានកម្លាំងទេ ។ បន្ទាប់ពីចេញ​ពី​​ពន្ធ​​នា​​គា​រ កូនខ្ញុំ​មានអាការៈភ័យខ្លាច និងមិនចង់ញុំាអ្វីទេក្រៅពីបៅទឹកដោះឡើយ ។ គាត់ខ្លាចពេលឃើញអ្វីដែលគាត់មិនធ្លាប់បានឃើញពីមុនមក ដូចជាម៉ូតូជាដើម ។

ពេលនេះ កូនរបស់ខ្ញុំបីនាក់រស់នៅជាមួយខ្ញុំ ចំណែកកូនម្នាក់ទៀតនៅផ្ទះឯស្រុកកំណើត ។ ក្នុងចំណោមពួកគេទាំងអស់ បានទៅរៀនតែម្នាក់ទេ ។ ខ្ញុំចង់មានមុខរបរលក់ដូរអីវ៉ាន់បន្តិចបន្ទួច និងចង់មានផ្ទះមួយរស់នៅដូចគេ ប៉ុន្តែឥឡូវខ្ញុំមិនទាន់មានលទ្ធភាពនោះទេ ។

ខ្ញុំបានស្គាល់ច្បាស់ហើយថាការរស់នៅក្នុងពន្ធនាគារ គឺលំបាកវេទនាប៉ុណ្ណា ។ ទោះបីជាយើងមានកូនតូចនៅជាមួយក៏ដោយ នៅពេលដែលឈឺក៏ខាងពន្ធនាគារមិនយកចិត្តទុកដាក់ព្យាបាល ឬផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដែរ ។ វាជារឿងដែលធ្វើឱ្យម្តាយដែលមានកូនតូចដូចខ្ញុំមានការលំបាក និងកើតទុក្ខយ៉ាងខ្លាំង ។ បទពិសោធន៍ឈឺចាប់ទាំងនេះបានធ្វើឱ្យខ្ញុំរាងចាល និងមិនចង់ដឹងមិនចង់ឭពីជីវិតក្នុងពន្ធនាគារទៀតទេ ។

ពេលនេះខ្ញុំបានចេញពីពន្ធនាគារហើយ ប៉ុន្តែខ្ញុំធ្លាប់បាននៅក្នុងពន្ធនាគារ ខ្ញុំដឹងថាវាពិបាកណាស់ ដូច្នេះខ្ញុំសូម​សំ​ណូម​ពរ​ទៅ​រាជ​រដ្ឋា​ភិបាល ​មេត្តាជួយដល់អ្នកជាប់ក្នុងពន្ធនាគារផង ជាពិសេសគឺអាហារហូបចុក ពេល​ខ្លះ​មិន​មាន​អា​ហារ​គ្រប់​គ្រាន់​ក្នុងពន្ធនាគារនោះទេ ។ សូមមេត្តាជួយផ្តល់ឱ្យបានគ្រប់គ្រាន់ផង ។ ស្ថានភាពនេះ​បាន​ធ្វើ​ឱ្យមានផល​ប៉ះ​ពាល់​បញ្ហា​សតិ​អា​រម្មណ៍របស់អ្នកជាប់ឃុំទាំងនោះ ជាពិសេសគឺអ្នកដែលមានផ្ទៃពោះ និងអ្នក​ដែល​មាន​កូន​តូច​ ។ ខ្ញុំ​សូម​ស្នើសុំទៅតុលាការ សូមជួយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវផង ហើយក៏ស្នើសុំទៅរាជរដ្ឋាភិបាល សូម​ជួយ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ជាប់ឃុំឱ្យមានការរស់នៅល្អប្រសើរជាងនេះផង ។

កញ្ញា

នៅពេលដែលខ្ញុំត្រូវបាននគរបាលចាប់ខ្លួន ខ្ញុំពិតជាបារម្ភចំពោះកូនរបស់ខ្ញុំណាស់ ខ្ញុំបារម្ភខ្លាចមិនមានអ្នកមើលថែកូនរបស់ខ្ញុំ ព្រោះនៅពេលនោះគាត់ទើបតែមានអាយុ១ឆ្នាំប៉ុណ្ណោះ ។ ម្ដាយរបស់ខ្ញុំជាអ្នកចិញ្ចឹមកូនរបស់ខ្ញុំនៅឯផ្ទះផង និងផ្គត់ផ្គង់ខ្ញុំនៅក្នុងពន្ធនាគារផង ។ ជីវភាពរបស់គាត់នៅខាងក្រៅមានការលំបាក ដោយគាត់ធ្វើជាកម្មករកាត់ដេរនៅក្នុង​រោង​ចក្រ​ ហើយ​ពេលខ្លះគាត់នៅតែខំប្រឹងរកប្រាក់ដើម្បីផ្គត់ផ្គង់យើង ទោះបីជាគាត់ឈឺក៏ដោយ ។


មើល​វីដេអូ​នេះ
ជីវិតជាម្ដាយក្នុងពន្ធនាគារ

នគរបាលបានចាប់ខ្លួនខ្ញុំ នៅពេលដែលខ្ញុំកំពុងលក់គ្រឿងញៀន ដើម្បីយកលុយទៅទិញទឹកដោះគោឱ្យកូនរបស់ខ្ញុំ ប៉ុន្តែលុយទាំងនោះគឺមិនគ្រាប់គ្រាន់ទេ ។ នៅពេលនោះខ្ញុំមិនទាន់មានអត្តសញ្ញាណប័ណ្ណនៅឡើយ ដូច្នេះខ្ញុំមិនអាចរកការងារធ្វើបានទេ ។ ពេលខ្ញុំត្រូវបានចាប់ខ្លួន ខ្ញុំមិនបានដឹងថាខ្ញុំមានផ្ទៃពោះនោះទេ ។

ខ្ញុំពិតជាភ័យណាស់នៅពេលដែលគេចាប់ខ្លួន ។ បើសិនជាគ្រួសាររបស់ខ្ញុំមានជីវភាពធូរធារ ខ្ញុំចង់ឱ្យគ្រួសាររបស់ខ្ញុំជួយដោះស្រាយជាមួយនឹងនគរបាល ដើម្បីដោះលែងខ្ញុំ ។ ប៉ុន្តែយើងមិនមានប្រាក់គ្រប់គ្រាន់នោះទេ ដោយសារតែគេទាមទារឱ្យបង់ជាទឹកប្រាក់ចំនួន ១៥០០ ដុល្លារអាមេរិក ។ បន្ទាប់ពីបួន ទៅប្រាំថ្ងៃ នគរបាលក៏បានបញ្ចូនខ្ញុំទៅតុលាការ រួចបញ្ជូនទៅពន្ធនាគារ ។ ពេលនោះហើយដែលខ្ញុំបានធ្វើតេស្ដទឹកនោម ទើបខ្ញុំដឹងថា ខ្ញុំមានផ្ទៃពោះមួយខែរួចទៅហើយ ។ បន្ទាប់មក ខ្ញុំត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរយៈពេលប្រមាណជាប្រាំបីខែ ទើបមានការបើកសវនាការផ្តន្ទាទោសលើរូបខ្ញុំ ។

ខ្ញុំទទួលបានមេធាវីការពារក្ដីពីអង្គការមិនមែនរដ្ឋាភិបាល ។ គាត់បានជួយខ្ញុំប្ដឹងឧទ្ធរណ៍ប្រឆាំងនិងសាលក្រមសាលាដំបូងទៅលើការផ្តន្ទាទោសរបស់ខ្ញុំ ។ ចុងក្រោយ តុលាការបានសម្រេចផ្តន្ទាទោសខ្ញុំ ឲ្យជាប់ពន្ធនាគារត្រឹមតែរយៈពេលតែពីរឆ្នាំ ។

ម្ហូបអាហារ​ដែល​ខ្ញុំបរិភោគ​រាល់ថ្ងៃ គឺមិនមាន​ជីវជាតិ​គ្រប់គ្រាន់​ក្នុងការ​ជួយឱ្យខ្ញុំ​សម្បូរ​ទឹក​​ដោះ​នោះ​ទេ​ ខ្ញុំឱ្យកូនរបស់ខ្ញុំ​បៅតែទឹក​ដោះគោខាប់​តែប៉ុណ្ណោះ ព្រោះ​ខ្ញុំមិនមាន​ថវិកាដើម្បី​ទិញទឹក​ដោះគោ​ម្សៅឱ្យ​គាត់​នោះ​ទេ ។ ​គាត់​ពិត​ជា​​ស្គមខ្លាំង​ណាស់ ហើយក៏​មិនសូវ​ឡើងទម្ងន់​ដែរ ។

មុនដំបូងខ្ញុំត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនទៅកាន់បន្ទប់មួយដែលតូចចង្អៀត និងមានអ្នក​ជាប់​ឃុំ​ច្រើន ​។ នៅក្នុងបន្ទប់នោះមានអ្នក​ជាប់​ឃុំ​ប្រហែល​ជា​ ១០០នាក់ ដូច្នេះយើងអាចគេងបានតែ​មួយ​ចំហៀង​ខ្លួន​ប៉ុណ្ណោះ​ ហើយយើងមិនអាចរើ ឬកំរើកខ្លួនបាននោះទេ ។ នៅក្នុង​បន្ទប់​គឺ​ក្ដៅ​ហើយ​គ្នាន​ខ្យល់​ចេញ​ចូល​ និង មានមូសច្រើន ។

ពីរសប្ដាហ៍ក្រោយ ដោយបានធ្វើតេស្ដដឹងថាខ្ញុំមានផ្ទៃពោះ មន្ត្រី​ពន្ធ​នា​គារ​ក៏​បាន​​បញ្ចូនខ្ញុំទៅកាន់អាគារខាងពេទ្យវិញ ។ នៅ​ក្នុង​បន្ទប់​នោះ​ ខ្ញុំ​ត្រូវស្នាក់នៅជាមួយអ្នកជាប់ឃុំជាស្រ្តីនិងកូនតូចរបស់អ្នក​ទាំង​នោះ​ប្រហែល​ជាង​ ២០នាក់ ។ បន្ទប់នោះតូចចង្អៀតណាស់ ដូច្នេះ​ខ្ញុំ​ត្រូ​វដាក់​អោយ​កូន​គេង​នៅ​ខាងក្រោមដៃរបស់ខ្ញុំ ហើយពេលខ្លះទៀតកូនរបស់ខ្ញុំត្រូវបានគេគេងសង្កត់ពីលើដោយសារមនុស្​សច្រើន​ពេក​នៅ​ក្នុង​បន្ទប់ ។

មានអ្នកជាប់ឃុំខ្លួនជាច្រើន មិនមានប្រាក់គ្រប់គ្រាន់ក្នុងការបង់ថ្លៃទឹក និងភ្លើងនោះទេ ដូច្នេះអ្នកទាំងនោះក៏បានបង្ខំចិត្តលក់នូវអាហាររូបត្ថម្ភដែលអង្គការបានចែកឱ្យយើង ទោះបីជាគេដឹងថាកូនរបស់ខ្លួនអាចនឹងខ្វះអាហាររូបត្ថម្ភក៏ដោយ ។ បន្ទប់ពីខ្ញុំសម្រាលកូនរួច ខ្ញុំបានបំបៅដោះកូនរបស់ខ្ញុំ ហើយពេលដែលកូនខ្ញុំមានអាយុប្រាំមួយខែ ខ្ញុំមិនអាចបំបៅដោះគាត់បានទៀតទេ ដោយសារម្ហូបអាហារដែលខ្ញុំបរិភោគរាល់ថ្ងៃ គឺមិនមានជីវជាតិគ្រប់គ្រាន់ក្នុងការជួយឱ្យខ្ញុំសម្បូរទឹក​ដោះ​នោះ​ទេ​ ខ្ញុំឱ្យគាត់បៅតែទឹកដោះគោខាប់តែប៉ុណ្ណោះ ព្រោះខ្ញុំអត់មានថវិកាដើម្បីទៅទិញទឹកគោ​ម្សៅ​ឱ្យគាត់​នោះទេ​ ។ គាត់ពិតជាស្គមខ្លាំងណាស់ ហើយក៏មិនសូវឡើងទម្ងន់ដែរ ។

ពេលខ្លះគាត់ឃ្លានខ្លាំង ប៉ុន្តែខ្ញុំមិនមានអ្វីឱ្យគាត់ញុំានោះទេ ។ ដូច្នេះខ្ញុំក៏បានលក់សម្ភារៈមួយចំនួនដែលទទួលបានពីអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបានលុយទិញអាហារសម្រាប់កូន អាហារទាំងនោះមិនគ្រប់គ្រាន់ទេ យើងត្រូវរង់ចាំរហូតដល់មន្ត្រីពន្ធនាគារផ្ដល់ម្ហូបឱ្យយើង ។ ម្តាយរបស់ខ្ញុំតែងតែជួយខ្ញុំ គាត់បានព្យាយាមរកប្រាក់ទិញទឹកដោះគោឱ្យកូនរបស់ខ្ញុំ ហើយពេលខ្លះគាត់បានខ្ចីប្រាក់គេពេលដែលគាត់មិនទាន់បើកប្រាក់ខែ ។ ប្រាក់ខែរបស់គាត់ស្ទើតែទាំងអស់ត្រូវចំណាយមកលើយើង។

ខ្ញុំពិតជាអាណិតកូនរបស់ខ្ញុំខ្លាំងណាស់ ។ ខ្ញុំបារម្ភខ្លាំងជាងគេនៅពេលដែលគាត់ឈឺ ហើយនៅពេលខ្ញុំទៅសុំថ្នាំ ខាងមន្ត្រីពន្ធនាគារគ្រាន់តែឱ្យថ្នាំប៉ារ៉ាសេតាមុល ឱ្យខ្ញុំ ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពឡើយ ។ មន្ត្រីពន្ធនាគារ មិនបានបញ្ជូនយើងទៅកាន់មន្ទីពេទ្យនោះទេ លើកលែងតែយើងឈឺធ្ងន់ ហើយម្ដងនោះកូនរបស់ខ្ញុំរាគរយៈពេលរហូតដល់បួនថ្ងៃ ។

ក្រោយពេល​ដែលខ្ញុំត្រូវ​បានតុលាការ​ដោះលែង កូន​របស់ខ្ញុំ​ខ្លាច​ប​រិ​យា​កាស​​ខាង​ក្រៅ​ខ្លាំងណាស់ ។ សឹងតែ​ពេញមួយ​ខែដំបូង គាត់​យំ​គ្រប់​ពេល​​ដែល​​គាត់​​បាន​ឃើញម៉ូតូ ឬឡាន​បើកឆ្លងកាត់ ។

នៅពេលដែលកូនរបស់ខ្ញុំប្រើខោទឹកនោមអស់ ខ្ញុំត្រូវងើបសម្អាតគាត់ជារៀងរាល់យប់។ ជួនកាលពេលដែលខ្ញុំគេងលក់និងភ្លេចលាងសម្អាតទឹកនោមដែលសើមនោះ ធ្វើអោយគាត់រលាក ។ នៅក្នុងបន្ទប់ពន្ធនាគារក្តៅខ្លាំងណាស់ធ្វើឱ្យកូនរបស់ខ្ញុំយំជាញឹកញាប់ ។

ក្រោយពេលដែលខ្ញុំត្រូវបានតុលាការដោះលែង កូនរបស់​ខ្ញុំខ្លាច​ប​រិ​យា​កាស​ខាង​ក្រៅខ្លាំងណាស់ ។ សឹងតែពេញមួយខែដំបូង គាត់​យំ​គ្រប់​ពេល​ដែល​គាត់បានឃើញម៉ូតូ ឬឡានបើកឆ្លងកាត់ ។ បន្ទាប់ពីខ្ញុំត្រូវ​បាន​តុលា​ការ​ដោះលែង ខ្ញុំមានក្តីស្រមៃមួយថាចង់រកលុយឱ្យបានគ្រប់​គ្រាន់ ដើម្បី​សាង​សង់​ផ្ទះ​មួយសម្រាប់រស់នៅជាមួយគ្រួសាររបស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ក្តីស្រមៃចង់បញ្ជូនកូនរបស់ខ្ញុំទៅសាលារៀនដែលល្អប្រសើរ ដើ​ម្បី​អាច​ទទួល​បានការងារល្អ ។

ឥឡូវនេះខ្ញុំកំពុងតែធ្វើការងារនៅរោងចក្រជាមួយម្តាយរបស់ខ្ញុំ ហើយខ្ញុំនឹងខិតខំធ្វើការងារដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ ប៉ុន្តែស្ថានភាពរស់នៅបច្ចុប្បន្ននៅតែពិបាកនៅឡើយ ។

វិច្ឆិកា

មុនពេលដែលខ្ញុំត្រូវបានគេចាប់ខ្លួន ខ្ញុំបានរស់នៅជាមួយម្ដាយ និងបងប្អូនបង្កើតរបស់ខ្ញុំ ។ នៅពេលដែលនគរបាលចាប់ខ្លួនខ្ញុំបញ្ចូនទៅតុលាការ រួចទៅពន្ធនាគារ ខ្ញុំមានផ្ទៃពោះ ៣ខែ និងកូនមួយទៀត ដែលរស់នៅជា​មួយ​នឹង​សាច់ញាតិរបស់ខ្ញុំ ។ ខ្ញុំត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ អស់រយៈពេល​ប្រហែល​ជា ប្រាំមួយ​ ទៅ​ប្រាំពី​រខែ​ ។ ខ្ញុំមិនបានដឹងអំពីការស្នើសុំឲ្យនៅក្រៅឃុំបណ្តោះអាសន្នទេ ដោយសារតែយល់ថា ខ្ញុំបានប្រព្រឹត្តខុស ។ ខ្ញុំទទួលបានមេធាវីការពារក្ដីពីអង្គការមួយ ដែលគាត់បានចុះមកជួប និង សាកសួរនៅពេលដែលខ្ញុំស្ថិតក្នុ​​​​​​​​​​​ងការឃុំខ្លួនបណ្តោះអាសន្នដើម្បីរង់ចាំសវនាការ ។ នៅក្នុងសវនាការ ខ្ញុំត្រូវបានតុលាការកាត់ទោសទាក់ទងនឹងបទល្មើសគ្រឿងញៀន ហើយផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ។ នៅ​ក្នុង​សវនាកា​រ មេធាវីកា​រពារក្ដីរបស់ខ្ញុំ​បានជួយ ឲ្យតុលាសម្រាលទោសដល់ខ្ញុំ ដោយសារតែខ្ញុំមានផ្ទៃពោះ ។ ការពពោះនៅក្នុងពន្ធនាគារពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំមិនអាចពិនិត្យសុខភាព និង ថតអេកូរគ្រប់ពេលដែលខ្ញុំត្រូវការបានទេ ។ ក្រោយពីសវនាការកាត់ទោសមក ខ្ញុំបានសម្រាលកូនរបស់ខ្ញុំនៅមន្ទីពេទ្យខាងក្រៅ ។


មើល​វីដេអូ​នេះ
ជីវិតជាម្ដាយក្នុងពន្ធនាគារ

បន្ទាប់ពីសម្រាលកូនរួច ខ្ញុំបានសម្រេចចិត្តទុកកូនឲ្យរស់នៅក្នុងពន្ធនាគារជាមួយខ្ញុំ ខ្ញុំពិតជាចង់ចិញ្ចឹមកូនរបស់ខ្ញុំដោយខ្លួនឯង និងមិនចង់ឲ្យកូនខ្ញុំរស់នៅខាងក្រៅដោយគ្នានអ្នកមើលថែនោះទេ ។ នៅក្នុងពន្ធនាគារ កន្លែងដែលខ្ញុំគេងប្រហែល ១ម៉ែត្រ ខ្ញុំត្រូវដាក់ឲ្យកូនគេងផង និងសម្ភារៈរបស់កូនផង នៅទីនោះមិនស្រួលដូចដែលយើងនៅផ្ទះរបស់យើងឡើយ ។ នៅទីនោះកាន់តែពិបាកនៅពេលដែល ក្មេងៗចេះ ដើរ និងលេងច្រើន ។ ក្មេងតូចៗយំ ពីព្រោះពួកគេចង់ទៅលេងនៅខាងក្រៅបន្ទប់ ជាពិសេសនៅពេលព្រឹក ឬពេលថ្ងៃ ។ ខ្ញុំពិតជាអាណិតកូនរបស់ខ្ញុំខ្លាំងណាស់ គេមិនគួរណាមករស់វេទនានៅក្នុងពន្ធនាគារជាមួយខ្ញុំឡើយ ។ នៅក្នុងពន្ធនាគារ ក្មេងតូចៗត្រូវការខ្យល់អាកាសល្អ ការផ្គត់ផ្គង់គ្រប់គ្រាន់ និងជាពិសេសគឺអាហារដែលមានជីវជាតិ ប៉ុន្តែរបស់ទាំងនេះខាងពន្ធនាគារមិនអាចផ្ដល់ឲ្យយើងគ្រប់គ្រាន់ទេ ។

ពេលដែល​យើងនាំ​ក្មេងៗ​ត្រឡប់​មកវិញ ពួក​គេបាន​យំហើយ​មិនចង់​ត្រឡប់​ចូល​ទៅក្នុង​បន្ទប់​វិញទេ ព្រោះ​ពួកគេ​ចង់លេង​នៅខាងក្រៅ ។

គ្រួសាររបស់ខ្ញុំមិនអាចមកសួរសុខទុក្ខខ្ញុំបានញឹកញាប់នោះ​ទេ ដោយ​សារ​តែ​ជីវភាព​របស់​ពួក​គាត់ក៏លំបាកដែរ ។ ជាធម្មតាក្នុងរយៈពេល១ខែ ទៅ២ខែទើបគាត់អាចមកសួរសុខទុក្ខម្ដង ។ នៅពេលដែលមកសួរសុខទុក្ខ ពួកគាត់តែងតែយកខោទឹកនោម ម្សៅទឹកដោះគោ និង ម្ហូបអា​ហារ​មក​ឱ្​យខ្ញុំ ប៉ុន្តែអាហារមួយចំនួន មិនត្រូវបានមន្ត្រីពន្ធនាគារអនុញ្ញាតឲ្យយកចូលនោះទេ ។ ខ្ញុំនិងកូនរបស់ខ្ញុំ អាចមានអាហារបរិភោគគ្រប់គ្រាន់ ដោយសារតែមានម្ហូបអាហារដែលខាងអង្គការមិនមែន​រដ្ឋា​ភិបាល​ចែក​ឱ្យ ដូច​ជា សាច់ ត្រី បន្លែ និង បបរគ្រប់គ្រឿងសម្រាប់ក្មេង ។ ចំពោះទឹកស្អាត គឺយើង​អាច​ទិញ​ទឹក​ដែលគេលក់នៅខាងក្នុងពន្ធនាគារ ឬ អាចដាំខ្លួនឯងបានដោយសារតែយើងមានកំសៀវទឹកដែលខាងអង្គការផ្ដល់ឲ្យ ។ សម្រាប់សម្លៀកបំពាក់ និងខោទឹកនោមកូន គឺខាងអង្គការបានកំណត់ពេលវេលាក្នុងការផ្ដល់ឲ្យ ដូច្នេះប្រសិនបើយើងប្រើប្រាស់ច្រើន យើងត្រូវការឲ្យគ្រួសាររបស់យើងទិញឲ្យបន្ថែម ។ សម្រាប់ខ្ញុំគឺមានសម្ភារៈប្រើគ្រប់គ្រាន់ ប៉ុន្តែចំពោះអ្នកដែលគាត់មិនមានគ្រួសារជួយផ្គត់ផ្គង់ គឺអ្នកទាំងនោះមិនមានសម្ភារៈគ្រប់គ្រាន់សម្រាប់កូនរបស់ពួគាត់ឡើយ ។

នៅក្នុងពន្ធនាគារ មានប្រដាប់ប្រដាក្មេងលេងពីរឬបី ហើយនិងកន្លែងដែលទំនេរបន្តិចដើម្បីឲ្យកូនប្រុសរបស់ខ្ញុំលេង ។ ពេលខ្លះខ្ញុំបាននាំកូនខ្ញុំទៅមណ្ឌលថែទាំ ដែលមានសួនសម្រាប់កុមារលេង មានប្រដាប់ប្រដាក្មេងលេងខ្លះ និងមានកន្លែងសម្រាប់ក្មេងៗគេង ។ ពេលដែលយើងនាំក្មេងៗត្រឡប់មកវិញ ពួកគេបានយំហើយមិនចង់ត្រឡប់ចូលទៅក្នុងបន្ទប់វិញទេ ព្រោះពួកគេចង់លេងនៅខាងក្រៅ ។ ពេលខ្លះកូនក្មេងមួយចំនួនងងុយគេង ហើយពួកគេក៏បានស្រែកយំធ្វើឲ្យភ្ញាក់កូនក្មេងដ៏ទៃទៀតដែលកំពុងដេកលក់ក្នុងបន្ទប់ពន្ធនាគារ ។ វាពិបាកនិងមិនងាយស្រួលនោះទេសម្រាប់ម្តាយទាំងអស់នៅក្នុងបន្ទប់តែមួយនៅពេលដែលកូនៗយំនៅពេលយប់ ។

នៅពេលកូនប្រុសរបស់ខ្ញុំឈឺ គាត់ត្រូវសម្រាកក្នុងបន្ទប់ និងព្យាបាលដោយគ្រូពេទ្យនៅពន្ធនាគារ ។ ប្រសិនបើគាត់មិនទាន់ធូរស្បើយទេ មន្រ្តីពន្ធនាគារនឹងនាំយើងទៅមន្ទីរពេទ្យ ។ ក្នុងមួយសប្តាហ៍គាត់អាចមានពេលសម្រាកនៅមន្ទីរពេទ្យកុមារជាតិពីរឬបីដង ។

នៅពេល​ដែលតុលាការ​បានដោះលែង​ខ្ញុំចេញ​ពីពន្ធនាគារ កូន​ប្រុសរបស់​ខ្ញុំមានអាយុ​មួយឆ្នាំហើយ ។ នៅតាម​ផ្លូវត្រឡប់​មកផ្ទះគាត់​បានយំរហូត ។ កូន​ប្រុសខ្ញុំ​មិនដែលចេញ​ទៅខាង​ក្រៅពន្ធនាគារ​ពីមុននោះទេ ។

ពេលខ្ញុំរស់នៅក្នុងពន្ធនាគារ វាពិតជាមានការលំបាកខ្លាំងណាស់ ។ ឥឡូវនេះខ្ញុំត្រូវបានតុលាការដោះលែងហើយ ទោះបីជាខ្ញុំហត់បន្តិចក៏ខ្ញុំមានសេរីភាពដែរ ។ ខ្ញុំមានអារម្មណ៍ថាមានសេរីភាពក្នុងការបរិភោគ និងធ្វើអ្វីៗដែលខ្ញុំចង់បាន។ ខ្ញុំមានសេរីភាពក្នុងការនាំកូនខ្ញុំទៅដើរលេង ។ សូម្បីតែពេលគាត់យំ ឬឈឺខ្ញុំអាចមើលថែគាត់បានគ្រប់គ្រាន់ ។

នៅពេលដែលតុលាការបានដោះលែងខ្ញុំចេញពីពន្ធនាគារ កូនប្រុសរបស់ខ្ញុំមានអាយុមួយឆ្នាំហើយ ។ នៅតាមផ្លូវត្រឡប់មកផ្ទះគាត់បានយំរហូត ។ គាត់មិនដែលចេញទៅខាងក្រៅពន្ធនាគារពីមុននោះទេ ។ កូនរបស់ខ្ញុំខុសគ្នាពីក្មេងដទៃទៀត ដែលបានកើតនៅខាងក្រៅពន្ធនាគារ ។ គាត់មានការភ័យខ្លាច ចូលចិត្តស្ងៀមស្ងាត់ ហើយក៏មិនដែលលេងជាមួយក្មេងដទៃទៀតនោះដែរ ។ ឥឡូវនេះគាត់ឈប់មា​នអារម្មណ៍ភ័យខ្លាច ហើយបានចាប់ផ្តើមលេង និងនិយាយជាមួយក្មេងៗដទៃទៀត ។

ឥឡូវនេះខ្ញុំបានរស់នៅជាមួយម្តាយរបស់ខ្ញុំម្តងទៀត ប៉ុន្តែគាត់គឺជាមនុស្សតែម្នាក់គត់នៅក្នុងគ្រួសារដែលធ្វើការងារ ដើម្បីជួយផ្គត់ផ្គង់កូនបួននាក់រួមទាំងខ្ញុំផង ។ ខ្ញុំមិនទាន់មានការងារធ្វើនោះទេ ព្រោះខ្ញុំមានផ្ទៃពោះ៨ខែហើយ ដូច្នេះខ្ញុំនៅតែផ្ទះធ្វើកិច្ចការផ្ទះនិងមើលថែកូនៗរបស់ខ្ញុំ ។ កូនទីមួយរបស់ខ្ញុំរស់នៅជាមួយប្តីរបស់ខ្ញុំដែលខ្ញុំបានលែងលះគ្នាបន្ទាប់ពីត្រូវបានតុលាការដោះលែងពីពន្ធនាគារ ។ បន្ទាប់ពីខ្ញុំសម្រាលកូននេះរួច ខ្ញុំនឹងស្វែងរកការងារធ្វើដើម្បីរកថវិកាដែលអាចផ្គត់ផ្គង់កូនៗរបស់ខ្ញុំបាន ហើយបញ្ជូនពួកគេទៅសាលារៀន ។ខ្ញុំមានក្តីស្រមៃចង់បើកអាជីវកម្មតូចមួយនៅផ្ទះ ព្រោះបើខ្ញុំទៅធ្វើការ ខ្ញុំនឹងមិនមានពេលវេលាដើម្បីមើលថែកូនៗរបស់ខ្ញុំនោះទេ ។ ប៉ុន្តែប្រសិនបើខ្ញុំមានអាជីវកម្មតូចមួយនៅផ្ទះខ្ញុំនឹងចំណាយពេលវេលាឲ្យបានច្រើនជាមួយកូនៗរបស់ខ្ញុំ ។

ខ្ញុំសូមស្នើឱ្យរាជរដ្ឋាភិបាល សូមផ្តល់អាទិភាពដល់ស្ត្រីមានផ្ទៃពោះក៏ដូចជាម្តាយដែលមានកូនតូចៗ និងកាត់បន្ថយទោសឲ្យពួកគាត់ផង ព្រោះពួកគេក៏ចង់បានឱកាសផ្លាស់ប្តូរជីវិត និងមើលថែទាំកូនៗរបស់ពួកគេដែរ ។ ព្រោះក្មេងៗមិនបានប្រព្រឹត្តិបទល្មើសអ្វីនោះទេ ។ វាពិបាកខ្លាំងណាស់សម្រាប់ក្មេងៗដែលរស់នៅឆ្ងាយពីម្តាយ ហើយវាពិតជាលំបាកខ្លាំងណាស់ក្នុងការរស់នៅក្នុងបន្ទប់តូចចង្អៀតនៅពន្ធនាគារ ។ ខ្ញុំសូមស្នើឱ្យតុលាការបន្ធូរបន្ថយទោស ឬផ្តល់ប្រាក់ឧបត្ថមដល់ស្ត្រីមានផ្ទៃពោះ និងម្តាយដែលមានកូនតូចៗកំពុងជាប់ឃុំក្នុងពន្ធនាគារ ។

*ឈ្មោះទាំងអស់ ត្រូវបានផ្លាស់ប្តូរ ដើម្បីការពារអត្តសញ្ញាណស្ត្រីទាំងបីនាក់។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា