អត្ថបទខ្លីៗ

សហគមន៍​បឹងកក់​ធ្វើ​ពិធីសាសនា​​បួងសួង សូមឱ្យ​ដោះលែង​អ្នកស្រី ​ទេព វន្នី​

ចេញផ្សាយ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៨
F T M

សហគមន៍​នៅក្នុង​រាជធានី​ភ្នំពេញ​មួយចំនួន​ គ្រោង​នឹង​ធ្វើពិធី​សាសនា​ដោយ​អុជទៀន​បួងសួង​ ​នៅ​សហគមន៍​បឹងកក់​ នៅល្ងាច​ថ្ងៃពុធស្អែកនេះ ដើម្បី​បួងសួង​សុំឱ្យ​មានការ​ដោះលែង​សកម្មជន​ដីធ្លី​ដ៏មាន​ប្រជាប្រិយភាព​ និងជា​អ្នកការពារ​សិទ្ធិមនុស្ស​ គឺ​អ្នកស្រី​ ទេព​ វន្នី​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​២ឆ្នាំ។​

អ្នកស្រី​ ទេព វន្នី​ ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃ​ទី១៥​ ខែសីហា​ ឆ្នាំ២០១៦​ និង​ត្រូវបាន​ចោទ​ប្រកាន់​ ដោយសារ​​អ្នកស្រី​ចូលរួម​ក្នុងការ​តវ៉ា​អហិង្សាមួយ​ ដើម្បី​គាំទ្រ​អ្នកការពារ​សិទ្ធិមនុស្ស​៥នាក់​ដែល​កំពុង​ជាប់ឃុំ នាពេលនោះ​។​ ក្រោយមក​ អ្នកស្រី​ត្រូវ​បាន​រកឃើញ​ថាមាន​ពិរុទ្ធ​ពី ​ “បទប្រមាថ​មន្រ្តី​រាជការ​សាធារណៈ”​ និងត្រូវបាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៦ថ្ងៃ។​ នេះ​មិនមែន​ជាលើក​ទីមួយ​ទេ​ ​ដែល​អ្នកស្រី​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ដោយសារ​តែការ​ចូលរួមរបស់អ្នកស្រី​​ក្នុងការ​តវ៉ា​ដោយ​អហិង្សា ​​ដើម្បី​ជំទាស់​ទៅនឹង​ការ​រំលោភ​យកដីធ្លី​ និង​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ។​

ខណៈពេល​អ្នកស្រី​ត្រូវបាន​ឃុំខ្លួន​ សំណុំរឿង​ចាស់ៗ​ចំនួន៣ដែលអសកម្ម​អស់រយៈពេល​យូរ​មក​ហើយ​​​ពាក់ព័ន្ធ​នឹងការ​តវ៉ា​ដោយ​សន្ដិវិធី​ផ្សេងទៀត​ ត្រូវបាន​សើរើ ​ហើយស្រ្តី​ដែល​មាន​កូនពីរនាក់​ក្នុង​បន្ទុក​នេះ ​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​៣០ខែ។​

កាលពី​ឆ្នាំមុន​ ក្រុម​សង្គមស៊ីវិល​និង​អ្នក​ឃ្លាំមើល​អន្តរជាតិ​មួយចំនួន​ បាន​ចូលរួម​ជាមួយ​ប្រជាសហគមន៍​​រាប់រយនាក់​ ដោយបាន​ធ្វើពិធី​បួងសួង​មួយ​ ស្នើសុំ​ឱ្យមាន​ការ​ដោះលែង​អ្នកស្រី​ ទេព ​វន្នី។​ សមាជិក​សហគមន៍​បឹងកក់​ក៍បាន​ដាក់​ញត្តិ​ ទៅ​ស្ថាន​ទូត ​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ផងដែរ។​

ទីតាំងប្រារព្ធពិធីបួងសួង៖ ​ផ្លូវលេខ១៨១b ផ្លូវលេខ៨៦ ភូមិ២២​ សង្កាត់ស្រះចក​ ខណ្ឌ ដូនពេញ​ រាជធានីភ្នំពេញ​
ពេល​វេលា៖ ចាប់ពី​ម៉ោង៥​ល្ងាច​តទៅ​
ព័ត៌មានបន្ថែម​សូមទាក់ទង៖​
លោក ​ច័ន្ទ ពុទ្ធិស័ក្ដ,​ ទូរស័ព្ទលេខ​ ០១២ ៩១០ ០២៣​
អ្នកស្រី ​បូវ សោភា​, ទូរស័ព្ទលេខ​ ០៨៥ ៤៦២ ២២២​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា