អត្ថបទខ្លីៗ

តំណាង​សហគមន៍​នៅខេត្ត​ព្រះវិហារ​ដែលបាត់ខ្លួន​ ត្រូវបាន​រកឃើញ

ចេញផ្សាយ ថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៩
F T M
​ប្រជាពលរដ្ឋ​ឈរ​មើល​ផ្ទះ​ដែល​ត្រូវបាន​ដុតក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ។

លោក​ ស៊ុម ម៉ឺន​ តំណាង​សហគមន៍​នៅខេត្ត​ព្រះវិហារ​ដែលបាន​បាត់ខ្លួន​អស់រយៈពេល​ជាង២ខែ​ ត្រូវបាន​ក្រុមគ្រួសារ​រកឃើញ​នៅខេត្ត​ព្រះសីហនុ។​

លោក​ ស៊ុម ម៉ឺន ​បានបាត់ខ្លួន​នៅការិយាល័យ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ កាលពីថ្ងៃ​ទី២១ ​ខែមករា​ ឆ្នាំ២០១៩​ គឺមួយ​ថ្ងៃ​បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន​និង​ទទួលរង​អំពើហិង្សា​ដោយ​ក្រុម​ទាហាន​ដែល​ត្រូវបាន​ជួល​ឱ្យធ្វើជា​សន្ដិសុខ​ការពារ​ដីសម្បទាន​ ដែល​ក្រុមហ៊ុន​មេត្រីភាព​កសិ-ឧស្សាហកម្ម​ទទួលបាន​ ស្ថិតក្នុង​ឃុំយាង​ ស្រុកជាំក្សាន្ត។​ ដីសម្បទាន​នេះ​មានជាប់​​ពាក់ព័ន្ធ​ជាមួយ​លោកឧកញ៉ា ​អាន ម៉ាឌី។

តំណាង​សហគមន៍​រូបនេះ​ត្រូវបាន​ឃើញ​លើកចុងក្រោយ​ដោយកូនប្រុស​របស់លោក​ឈ្មោះ ​ម៉ឺន មាន​ ដែលត្រូវបាន​ចាប់ខ្លួន​ជាមួយគ្នា។​ លោកបាន​ចាកចេញ​ពីខេត្ត​ព្រះវិហារ​ក្នុងខែមករា​ ដោយសារ​មានការ​ភ័យខ្លាច​ពីសុវត្ថិភាព​ផ្ទាល់ខ្លួន។​ អាជ្ញាធរ​ខេត្តព្រះវិហារ​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី៣១​ ខែមីនា ​ថ្មីៗនេះ ​ដោយបញ្ជាក់ថា​ អាជ្ញាធរ​បាន​ជួបជាមួយ​លោក​ ស៊ុម ម៉ឺន​ នៅរាជធានី​ភ្នំពេញ​ នៅថ្ងៃចុង​សប្ដាហ៍។​

លោក​អភិបាល​ស្រុកជាំក្សាន្ត​ បាន​ជួបជាមួយ​លោក​ ស៊ុម ម៉ឺន​ នៅភ្នំពេញ​ និងបាន​មាន​ប្រសាសន៍​ថា ​ដីកា​ចាប់ខ្លួន​ចំពោះ​តំណាង​សហគមន៍​រូបនេះ ​ដែលត្រូវបាន​ចេញភ្លាមៗ​ក្រោយពី​ការបាត់ខ្លួន​របស់លោក​ នឹង​មិនត្រូវបាន​អនុវត្តនោះទេ។​

ការបាត់ខ្លួន​របស់លោក​ ស៊ុម ម៉ឺន​ បានកើតឡើង​ ខណៈពេល​ដែលមានការ​ចាប់ខ្លួន​ជាបន្តបន្ទាប់​រហូតដល់​មាន​មនុស្ស១៤នាក់​ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ដែល​ក្នុងនោះ​មានកូនប្រុស​របស់​លោក​ផងដែរ។​ អ្នកទាំងនោះ​ត្រូវបាន​ចោទប្រកាន់​តាមបញ្ញត្តិ​មាត្រា៦២​ និងមាត្រា៥៤​ នៃច្បាប់ស្ដី​ពី​តំបន់​ការពារ​ធម្មជាតិ​ ពាក់ព័ន្ធ​នឹងការ​កាប់ឆ្ការព្រៃ ​ដោយ​ត្រូវប្រឈម​នឹងការ​ជាប់ពន្ធនាគារ​រហូត​ដល់១០ឆ្នាំ ​និងពិន័យ​ជាប្រាក់​ចំនួន​១៥០លានរៀល។​

ការចាប់ខ្លួន​ទាំងនេះ ​ធ្វើឡើង​បន្ទាប់ពី​មានការ​ធ្វើទុក្ខបុក្ខម្នេញ​ពីសំណាក់​អាជ្ញាធរ​អស់ជាច្រើន​ឆ្នាំ ដែល​ក្នុងនោះ​រួមមាន​ ការដុត​កម្ទេចផ្ទះ ​ការចាប់ខ្លួន​ដោយ​មិនត្រឹមត្រូវ​ ក៏ដូចជា​ការបន្ត​គំរាមកំហែង​ទៅលើ​អ្នកភូមិ​ ដែល​ជាប់គាំង​នឹងទំនាស់​ដីធ្លីនេះ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា