អត្ថបទខ្លីៗ

សមាជិក​សហគមន៍ជាច្រើន​តវ៉ាប្រឆាំង​នឹងការចាប់ខ្លួន​តំណាងសហគមន៍

ចេញផ្សាយ ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០១៩
F T M
ប្រជាពលរដ្ឋ​មកពី​ស្រុកតំបែរ​ អង្គុយ​នៅមុខ​សាលាដំបូង​ខេត្តត្បូងឃ្មុំ​ ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគាត់​ដែល​ត្រូវបាន​ចាប់ខ្លួន។

ថ្ងៃនេះ​ ប្រជាពលរដ្ឋ​ប្រមាណជាង​១០០នាក់​ ត្រូវបាន​រារាំង​ដោយ​កងកម្លាំង​សន្ដិសុខ​ចម្រុះនៅ​ខេត្តត្បូងឃ្មុំ​ ខណៈពេល​ដែល​ពួកគាត់​ធ្វើដំណើរ​ដើម្បី​ទៅតវ៉ា​ប្រឆាំង​នឹងការ​ចាប់ខ្លួន​តំណាង​សហគមន៍​ពីររូប​កាលពីសប្ដាហ៍មុន​ និង​ដើម្បី​ឃ្លាំមើល​សវនាការ​សំណុំរឿង​រដ្ឋប្បវេណី​មួយ ដែល​ក្រុមហ៊ុន​ចំការកៅស៊ូ​បានប្តឹង​ស្នើសុំ​ឱ្យតុលាការ​ចេញដីកា​រក្សាការពារ​ ដើម្បី​រារាំង​ប្រជាពលរដ្ឋ​ទាំងនោះ​មិនឱ្យ​ចូលទៅ​កាន់ដី​សហគមន៍។

នាព្រឹកនេះ​ សមាជិក​សហគមន៍​បានបង្ហោះ​ព័ត៌មាន​ក្នុងទំព័រ​ហ្វេសប៊ុក​មួយ ដោយ​បាន​រៀបរាប់ថា​ ប្រជាពលរដ្ឋ​មកពីស្រុកតំបែរ​បានកំពុង​ធ្វើដំណើរ​ទៅកាន់​សាលាដំបូង​ខេត្តត្បូងឃ្មុំ ​ដើម្បី​ធ្វើការ​ឃ្លាំមើល​ដំណើរការ​របស់​តុលាការ​ ប៉ុន្តែ​អ្នកទាំងនោះ​ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ​នៅតាម​ផ្លូវធ្វើដំណើរ។​ បន្ទាប់ពី​កងកម្លាំង​សន្ដិសុខ​ប្រមាណ​ជា១០០នាក់​ បានបញ្ឈប់​ការធ្វើដំណើរ​របស់សហគមន៍​ និង​ដាក់របាំងបិទ​ផ្លូវនៅ​ចម្ងាយជាង​២០គីឡូម៉ែត្រ​ពីតុលាការ​ អ្នកទាំងនោះ​ត្រូវបង្ខំចិត្ត​បន្តដំណើរ​ដោយថ្មើរជើង​ ហើយ​បន្ទាប់ពី​ទៅដល់​តុលាការ​ ពួកគាត់​ក៏ត្រូវ​ស្ថិតនៅ​ក្រោមការ​ឃ្លាំមើលរបស់​កងសន្ដិសុខ​ជាង៥០នាក់​ផ្សេងទៀត។​

ប្រជាពលរដ្ឋ​ទាំងនេះ​បានទៅ​ឃ្លាំមើល​សវនាការ​ក្នុងសំណុំរឿង​រដ្ឋប្បវេណីមួយ​ ដែលត្រូវបាន​ប្ដឹងដោយ​តំណាងក្រុមហ៊ុន​ ហាម៉ឹនី វីន​ អ៊ិនវេសមេន​ ជាក្រុមហ៊ុន​ចំការកៅស៊ូ​មានម្ចាស់​ជាជនជាតិចិន​ ដែលជាប់​ពាក់ព័ន្ធ​នឹងជម្លោះ​យូរឆ្នាំមួយ​ជាមួយ​សហគមន៍​ ចំពោះ​បញ្ហា​ដីព្រៃ​សហគមន៍។​ អ្នកទាំងនោះ​បានស្នើសុំ​ម្ដងហើយ​ម្ដងទៀត​ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​និង​អាជ្ញាធរ​ថ្នាក់ជាតិ​ ដើម្បីឱ្យជួយ​ដោះស្រាយ​ជម្លោះនេះ ​ដែលប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ប្រមាណជាង​៦០០គ្រួសារ។​ ពួកគាត់​ក៏ស្នើសុំ​ឱ្យមានការ​ដោះលែង​តំណាងសហគមន៍​ទាំងពីររូប​ ដែល​ជាប់ពាក់ព័ន្ធ​នៅក្នុងបញ្ហានេះ ​គឺលោក ​ផុន ឈឿន​ និងលោក​ សែម សាង​ ដែលត្រូវបាន​ចាប់ខ្លួន​កាលពី​សប្ដាហ៍មុន​ និងកំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុងពន្ធនាគារ​ខេត្តកំពង់ចាម​ ដោយមាន​បទចោទឧក្រិដ្ឋ និងបទមជ្ឈិមជាច្រើន កើតចេញពីជម្លោះដីធ្លីនេះ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា